ទំនុកតម្កើង 91:1-16

ទំនុកតម្កើង 91:1-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

អ្នក​ណា​ដែល​នៅ​ជាប់​ក្នុង​ទី​កំបាំង នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត នោះ​នឹង​បាន​ជ្រក​នៅ​ក្រោម​ម្លប់​នៃ​ព្រះ​ដ៏​មាន​គ្រប់ ព្រះ‌ចេស្តា។ ឯ​ទូលបង្គំ នឹង​ពោល​ពី​ព្រះ‌យេហូវ៉ា​ថា ទ្រង់​ជា​ទី​ពឹង​ពំនាក់ ជា​បន្ទាយ​នៃ​ទូលបង្គំ គឺ​ជា​ព្រះ​នៃ​ទូលបង្គំ​ហើយ ទូលបង្គំ​ទុក​ចិត្ត​នឹង​ទ្រង់។ ៙ ពិត​ប្រាកដ​ជា​ទ្រង់​នឹង​ជួយ​ឲ្យ​ឯង​រួច ពី​លប់​របស់​នាយ​ព្រាន ហើយ​ពី​សេចក្ដី​វេទនា​ដែល​នាំ​ឲ្យ​អន្តរាយ ទ្រង់​នឹង​ក្រុង​ឯង​ដោយ​ស្លាប​ទ្រង់ ហើយ​ឯង​នឹង​ជ្រក​នៅ​ក្រោម​ចំអេង​ស្លាប​របស់​ទ្រង់ សេចក្ដី​ពិត​របស់​ទ្រង់​ជា​ខែល ហើយ​ជា​អាវ​ក្រោះ ឯង​នឹង​មិន​ភ័យ​ខ្លាច​អ្វី​ឡើយ ទោះ​ទាំង​សេចក្ដី​ស្ញែង​ខ្លាច​នៅ​ពេល​យប់ ឬ​ព្រួញ​ដែល​ហើរ​នៅ​ពេល​ថ្ងៃ ឬ​សេចក្ដី​វេទនា​ដែល​តែង​មាន​នៅ​ក្នុង​ទី​ងងឹត ឬ​សេចក្ដី​ហិន‌វិនាស​ដែល​បំផ្លាញ​នៅ​ពេល​ថ្ងៃ​ត្រង់​ផង នឹង​មាន​មនុស្ស​១​ពាន់​នាក់​ដួល​ស្លាប់​នៅ​ក្បែរ​ឯង ហើយ​១​ម៉ឺន​នាក់​នៅ​ខាង​ដៃ​ស្តាំ​ឯង​ដែរ តែ​សេចក្ដី​នោះ​នឹង​មិន​មក​ជិត​ឯង​ឡើយ ឯង​នឹង​បាន​ក្រឡេក​ឃើញ​ការ​តប​ស្នង ដល់​ពួក​មនុស្ស​អាក្រក់ ដោយ​ភ្នែក​តែ​ប៉ុណ្ណោះ​ទេ ពី​ព្រោះ​ឯង​បាន​ថា ព្រះ‌យេហូវ៉ា​ជា​ទី​ពឹង​ជ្រក​នៃ​ឯង គឺ​បាន​យក​ព្រះ​ដ៏​ខ្ពស់​បំផុត​ជា​ទី​លំនៅ​របស់​ឯង យ៉ាង​នោះ នឹង​គ្មាន​សេចក្ដី​អាក្រក់​ណា​កើត​ឡើង ដល់​ឯង​ឡើយ ក៏​គ្មាន​វេទនា​ណា​មក​ជិត​ទី​លំនៅ​របស់​ឯង​ដែរ ដ្បិត​ទ្រង់​នឹង​បង្គាប់​ដល់​ពួក​ទេវតា​របស់​ទ្រង់ ពី​ដំណើរ​ឯង ឲ្យ​បាន​ថែ​រក្សា​ឯង ក្នុង​គ្រប់​ទាំង​ផ្លូវ​របស់​ឯង ទេវតា​ទាំង​នោះ​នឹង​ទ្រ​ឯង​ដោយ​ដៃ ក្រែង​ជើង​ឯង​ទង្គិច​នឹង​ថ្ម ឯង​នឹង​ជាន់​លើ​ទាំង​សត្វ​សិង្ហ នឹង​ពស់​ហនុមាន​ផង ឯ​សិង្ហ​ស្ទាវ នឹង​នាគ នោះ​ឯង​នឹង​អាច​ជាន់​ឈ្លី​ដោយ​ជើង​បាន។ ៙ ដោយ​ព្រោះ​វា​បាន​យក​អញ​ជា​ទី​ស្រឡាញ់ នោះ​អញ​នឹង​ជួយ​ឲ្យ​រួច អញ​នឹង​តាំង​ឡើង​យ៉ាង​ខ្ពស់ ពី​ព្រោះ​វា​បាន​ស្គាល់​ឈ្មោះ​អញ វា​នឹង​អំពាវ‌នាវ​ដល់​អញ ហើយ​អញ​នឹង​ឆ្លើយ​តប អញ​នឹង​នៅ​ជា​មួយ​នឹង​វា​ក្នុង​គ្រា​ទុក្ខ​លំបាក ក៏​នឹង​ដោះ​ឲ្យ​រួច​ចេញ ហើយ​នឹង​លើក​មុខ​ឲ្យ អញ​នឹង​ឲ្យ​វា​ស្កប់​ចិត្ត​ដោយ​អាយុ​យឺន​វែង ហើយ​នឹង​បង្ហាញ​ឲ្យ​ឃើញ​សេចក្ដី​សង្គ្រោះ​របស់​អញ។

ទំនុកតម្កើង 91:1-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

អ្នក​ណា​ដែល​រស់​នៅ​ក្រោម​ជម្រក នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត អ្នក​នោះ​នឹង​ជ្រក​នៅ​ក្រោម​ម្លប់​នៃ​ព្រះ​ដ៏​មាន​គ្រប់ ព្រះ‌ចេស្តា ។ ខ្ញុំ​នឹង​ពោល​អំពី​ព្រះ‌យេហូវ៉ា​ថា «ព្រះ‌អង្គ​ជា​ទី​ពឹង​ពំនាក់ ជា​បន្ទាយ​របស់​ទូល‌បង្គំ ជា​ព្រះ​នៃ​ទូល‌បង្គំ ទូល‌បង្គំ​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ»។ ដ្បិត​ព្រះ‌អង្គ​នឹង​រំដោះ​អ្នក​ឲ្យ​រួចពី​អន្ទាក់ របស់​នាយ​ព្រាន និង​ពី​ជំងឺ​រាត​ត្បាត​ដែល​នាំ​ឲ្យ​អន្តរាយ។ ព្រះ‌អង្គ​នឹង​ក្រុង​អ្នក​ដោយ​ស្លាប​របស់​ព្រះ‌អង្គ ហើយអ្នក​នឹង​ជ្រក​នៅ​ក្រោម ចំអេង​ស្លាប​របស់​ព្រះ‌អង្គ ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ​ជា​ខែល និង​ជា​អាវ​ក្រោះ។ អ្នក​នឹង​មិន​ភ័យ​ខ្លាចគ្រោះ​ថ្នាក់ ដែល​គួរ​ឲ្យ​តក់​ស្លុត​នៅ​ពេល​យប់ ឬ​ព្រួញ​ដែល​ហើរ​នៅ​ពេល​ថ្ងៃ ឬជំងឺ​រាតត្បាត​ដែលកើត​មាន​នៅ​ទី​ងងឹត ឬ​មហន្តរាយ​ដែល​បំផ្លាញ នៅ​ពេល​ថ្ងៃ​ត្រង់ឡើយ។ ៙ ទោះ​បើ​មាន​មនុស្ស​មួយ​ពាន់​នាក់ ដួល​ស្លាប់​នៅ​ក្បែរ​អ្នក ហើយ​មួយ​ម៉ឺន​នាក់​នៅ​ខាង​ដៃ​ស្តាំ​អ្នក​ក្ដី ក៏​ការ​នោះ​នឹង​មិន​មក​ជិត​អ្នក​ឡើយ។ អ្នក​នឹង​បាន​ឃើញ​ការ​តប​ស្នង ដល់​មនុស្ស​អាក្រក់ ដោយ​ភ្នែក​តែ​ប៉ុណ្ណោះ។ ៙ ដោយ​ព្រោះ​អ្នក​បាន​យក ព្រះ‌យេហូវ៉ា​ជា​ទី​ពឹង​ជ្រក គឺ​បាន​យក​ព្រះ​ដ៏​ខ្ពស់​បំផុត​ជា​ទី​លំនៅ​របស់​អ្នក នោះ​នឹង​គ្មាន​សេចក្ដី​អាក្រក់​ណា កើត​មាន​ដល់​អ្នក​ឡើយ ក៏​គ្មាន​គ្រោះ​កាច​ណា​មក​ជិត ទី​លំនៅ​របស់​អ្នក​ដែរ។ ៙ ដ្បិត​ព្រះ‌អង្គ​នឹង​បង្គាប់​ពួក​ទេវតា របស់​ព្រះ‌អង្គពី​ដំណើរ​អ្នក ឲ្យ​បាន​ថែ‌រក្សាអ្នក ក្នុង​គ្រប់​ទាំង​ផ្លូវ​របស់​អ្នក។ ទេវតា​ទាំង​នោះ​នឹង​ទ្រ​អ្នក​ដោយ​ដៃ ក្រែង​ជើង​អ្នក​ទង្គិច​នឹង​ថ្ម។ អ្នក​នឹង​ដើរ​ជាន់​សត្វ​សិង្ហ និង​ពស់​វែក ឯ​សិង្ហ​ស្ទាវ និង​នាគ អ្នក​អាច​នឹង​ជាន់​ឈ្លី​ដោយ​ជើង​បាន។ ៙ ព្រះ‌យេហូវ៉ា​មាន​ព្រះ​បន្ទូល​ថា «ដោយ​ព្រោះ​គេ​បាន​យកយើង​ជា​ទី​ស្រឡាញ់ យើង​នឹង​រំដោះ​គេ យើង​នឹង​ការ​ពារ​គេ ព្រោះ​គេ​ទទួល​ស្គាល់​ឈ្មោះ​យើង។ កាល​គេ​អំពាវ‌នាវ​រក​យើង យើង​នឹង​ឆ្លើយ​តបដល់​គេ យើង​នឹង​នៅ​ជា​មួយ​គេ​ក្នុង​គ្រា​ទុក្ខ​លំបាក យើង​នឹង​សង្គ្រោះ​គេ ហើយ​លើក​មុខ​គេ។ យើង​នឹង​ឲ្យ​គេ​ស្កប់​ចិត្ត​ដោយ​អាយុ​យឺន​យូរ ហើយ​នឹង​បង្ហាញ​ឲ្យ​គេ​ឃើញ ការ​សង្គ្រោះ​របស់​យើង»។

ទំនុកតម្កើង 91:1-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

អ្នក​ណា​រស់​នៅ​ក្រោម​ការ​គ្រប់‌គ្រង របស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត អ្នក​នោះ​នឹង​ជ្រក​នៅ​ក្រោម​ម្លប់​បារមី របស់​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​លើ​អ្វីៗ​ទាំង​អស់។ ខ្ញុំ​ទូល​ព្រះ‌អម្ចាស់​ថា: ព្រះអង្គ​ជា​ជម្រក និង​ជា​កំពែង​ការពារ​ទូលបង្គំ ព្រះអង្គ​ជា​ព្រះ​នៃ​ទូលបង្គំ ទូលបង្គំ​ផ្ញើ​ជីវិត​លើ​ព្រះអង្គ! ព្រះ‌អម្ចាស់​រំដោះ​អ្នក​ឲ្យ​រួច​ផុត​ពី​អន្ទាក់ ឲ្យ​រួច​ផុត​ពី​ជំងឺ​រាត‌ត្បាត​ផ្សេងៗ។ ព្រះអង្គ​នឹង​ការពារ​អ្នក អ្នក​អាច​ជ្រក​កោន​ក្រោម​ម្លប់​បារមី​របស់​ព្រះអង្គ ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះអង្គ ប្រៀប​បី​ដូច​ជា​ខែល និង​អាវ‌ក្រោះ​ការពារ​អ្នក។ នៅ​ពេល​យប់ អ្នក​នឹង​មិន​ភ័យ​ខ្លាច គ្រោះ​ថ្នាក់​ដែល​គួរ​ឲ្យ​តក់‌ស្លុត​នោះ​ឡើយ នៅ​ពេល​ថ្ងៃ អ្នក​ក៏​នឹង​មិន​ភ័យ​ខ្លាច​ព្រួញ ដែល​គេ​បាញ់​មក​ដែរ។ អ្នក​នឹង​មិន​ភ័យ​ខ្លាច​គ្រោះ​កាច​នៅ​យប់​ងងឹត ហើយ​ក៏​មិន​ភ័យ​ខ្លាច​មហន្ត‌រាយ នៅ​ពេល​ថ្ងៃ​ត្រង់​ដែរ។ ទោះ​បី​មាន​មនុស្ស​មួយ​ពាន់​នាក់ ដួល​ស្លាប់​នៅ​ជិត​អ្នក ហើយ​មាន​មនុស្ស​មួយ​ម៉ឺន​នាក់ ស្លាប់​នៅ​ខាង​ស្ដាំ​អ្នក​ក្ដី ក៏​គ្មាន​អ្វី​អាច​ប៉ះ‌ពាល់​អ្នក​បាន​ឡើយ។ ចូរ​សម្លឹង​មើល អ្នក​នឹង​ឃើញ​ថា តើ​មនុស្ស​អាក្រក់​ទទួល​ទោស​យ៉ាង​ណា។ ព្រះ‌អម្ចាស់​ជា​ជម្រក​របស់​អ្នក អ្នក​បាន​មក​ជ្រក​កោន​ក្រោម​ម្លប់ របស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។ គ្មាន​ទុក្ខ​វេទនា​ណា​មួយ​កើត​មាន ដល់​អ្នក​បាន​ឡើយ ហើយ​ក៏​គ្មាន​គ្រោះ​កាច​ណា​មួយ ចូល​ទៅ​ជិត​ទី​លំ‌នៅ​របស់​អ្នក​បាន​ដែរ ដ្បិត​ព្រះ‌អម្ចាស់​នឹង​បញ្ជា​ឲ្យ ពួក​ទេវតា​ជួយ​អ្នក ពួក​ទេវតា​នឹង​ការពារ​អ្នក នៅ​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ។ ទេវតា​ទាំង​នោះ​នឹង​ចាំ​ទ្រ​អ្នក មិន​ឲ្យ​ជើង​អ្នក​ប៉ះ​ទង្គិច​នឹង​ថ្ម​ឡើយ ។ អ្នក​នឹង​ដើរ​ជាន់​សត្វ​សិង្ហ និង​ពស់‌វែក អ្នក​នឹង​ជាន់​ឈ្លី​កូន​សិង្ហ និង​នាគ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: «ដោយ​គេ​ស្ថិត​នៅ​ជាប់​នឹង​យើង យើង​នឹង​ជួយ​រំដោះ​គេ យើង​នឹង​ការពារ​គេ ព្រោះ​គេ​ទទួល​ស្គាល់​ថា​យើង​ជា​ព្រះ‌អម្ចាស់! គេ​នឹង​អង្វរ​រក​យើង ហើយ​យើង​នឹង​ឆ្លើយ​តប​មក​គេ​វិញ នៅ​ពេល​គេ​មាន​អាសន្ន យើង​នឹង​ស្ថិត​នៅ​ជា​មួយ​គេ យើង​នឹង​រំដោះ​គេ ព្រម​ទាំង​លើក​តម្កើង​គេ​ផង។ យើង​នឹង​ឲ្យ​គេ​មាន​អាយុ​យឺន‌យូរ ហើយ​យើង​នឹង​ឲ្យ​គេ​ឃើញ​ថា យើង​ពិត​ជា​ព្រះ‌សង្គ្រោះ​មែន»។

ទំនុកតម្កើង 91:1-16

ទំនុកតម្កើង 91:1-16 គខបទំនុកតម្កើង 91:1-16 គខបទំនុកតម្កើង 91:1-16 គខបទំនុកតម្កើង 91:1-16 គខប

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ