ទំនុកតម្កើង 69:13-15
ទំនុកតម្កើង 69:13-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
៙ ប៉ុន្តែ ឯទូលបង្គំវិញ ឱព្រះយេហូវ៉ាអើយ ពាក្យអធិស្ឋានរបស់ទូលបង្គំ គឺតម្រង់ទៅឯព្រះអង្គ។ នៅពេលគាប់ព្រះហឫទ័យ ឱព្រះអើយ ដោយព្រះហឫទ័យសប្បុរស ដ៏បរិបូររបស់ព្រះអង្គ សូមឆ្លើយតបមកទូលបង្គំផង ដោយការសង្គ្រោះដ៏ស្មោះត្រង់របស់ព្រះអង្គ។ សូមរំដោះទូលបង្គំឲ្យរួចពីភក់ជ្រាំនេះ សូមឲ្យទូលបង្គំបានរួចពីខ្មាំងសត្រូវរបស់ទូលបង្គំ និងពីទឹកដ៏ជ្រៅនេះផង! សូមកុំឲ្យជំនន់នេះពន្លិចទូលបង្គំ ឬទីជម្រៅលេបទូលបង្គំ ឬរណ្តៅបិទមាត់ គ្របពីលើទូលបង្គំឡើយ។
ទំនុកតម្កើង 69:13-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឱព្រះអម្ចាស់អើយ ទូលបង្គំអង្វររកព្រះអង្គ ឥឡូវនេះ ជាពេលដែលគាប់ព្រះហឫទ័យ ព្រះអង្គហើយ ឱព្រះជាម្ចាស់អើយ ដោយព្រះអង្គមានព្រះហឫទ័យមេត្តាករុណាដ៏ធំធេង ព្រះអង្គពិតជាសង្គ្រោះទូលបង្គំមិនខាន សូមឆ្លើយតបមកទូលបង្គំផង!។ សូមរំដោះទូលបង្គំឲ្យរួចពីភក់ជ្រាំនេះ កុំឲ្យទូលបង្គំផុងខ្លួនទៀតឡើយ! សូមឲ្យទូលបង្គំបានរួចផុត ពីកណ្ដាប់ដៃរបស់អស់អ្នកដែលស្អប់ទូលបង្គំ សូមយកទូលបង្គំចេញពីទឹកដ៏ជ្រៅនេះផង! សូមកុំឲ្យចរន្តទឹកនេះ អាចហូរនាំយកទូលបង្គំទៅបានឡើយ សូមកុំឲ្យទឹកដ៏ជ្រៅនេះ កួចយកទូលបង្គំឲ្យលិចលង់ ហើយក៏សូមកុំឲ្យអណ្ដូងនេះ ឃុំ ទូលបង្គំទុកបានដែរ!
ទំនុកតម្កើង 69:13-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
៙ ប៉ុន្តែឯទូលបង្គំ ឱព្រះយេហូវ៉ាអើយ សេចក្ដីអធិស្ឋានរបស់ទូលបង្គំដំរង់ទៅឯទ្រង់ ក្នុងវេលាដែលទ្រង់សព្វព្រះហឫទ័យ ឱព្រះអង្គអើយ សូមឆ្លើយតបមកទូលបង្គំ ដោយសេចក្ដីសង្គ្រោះដ៏ពិតរបស់ទ្រង់ តាមសេចក្ដីសប្បុរសដ៏បរិបូររបស់ទ្រង់ សូមស្រង់ទូលបង្គំឡើងចេញពីល្បាប់ កុំឲ្យទូលបង្គំផុងចុះទៅឡើយ សូមប្រោសឲ្យទូលបង្គំបានរួចពីពួកដែលស្អប់ទូលបង្គំ ហើយពីទឹកជ្រៅផង សូមកុំឲ្យទឹកជន់មកពន្លិចទូលបង្គំ ឬឲ្យទីជំរៅលេបទូលបង្គំបាត់ ឬឲ្យរណ្តៅបិទមាត់ពីលើទូលបង្គំឡើយ។