ទំនុកតម្កើង 55:12-14
ទំនុកតម្កើង 55:12-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
៙ មិនមែនជាខ្មាំងសត្រូវទេដែលបំបាក់មុខខ្ញុំ បើជាខ្មាំងសត្រូវមែន នោះខ្ញុំអាចទ្រាំទ្របាន ក៏មិនមែនជាអ្នកស្អប់ខ្ញុំ ដែលលើកខ្លួនទាស់នឹងខ្ញុំដែរ បើជាអ្នកស្អប់ខ្ញុំមែន នោះខ្ញុំអាចពួនពីគេបាន។ ប៉ុន្ដែ គឺអ្នកឯងវិញទេតើ ជាមនុស្សស្មើនឹងខ្ញុំ ជាគូកន និងជាសម្លាញ់ស្និទ្ធស្នាលរបស់ខ្ញុំ។ យើងធ្លាប់ប្រឹក្សាគ្នាយ៉ាងផ្អែមល្ហែម ក្នុងដំណាក់ព្រះ យើងធ្លាប់ដើរជាមួយគ្នា ក្នុងចំណោមបណ្ដាជន។
ទំនុកតម្កើង 55:12-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អ្នកដែលបំបាក់មុខខ្ញុំ មិនមែនជាខ្មាំងសត្រូវរបស់ខ្ញុំទេ ប្រសិនបើជាខ្មាំងសត្រូវមែន ខ្ញុំមុខជាទ្រាំទ្របានមិនខាន ហើយអ្នកដែលវាយប្រហារខ្ញុំ ក៏មិនមែនជាអ្នកស្អប់ខ្ញុំដែរ ប្រសិនបើជាអ្នកដែលស្អប់ខ្ញុំមែន ខ្ញុំមុខជាគេចខ្លួនមិនខាន គឺអ្នកឯងទេតើ អ្នកធ្លាប់នៅជាមួយខ្ញុំ ជាអ្នកជិតស្និទ្ធ និងជាមិត្តសម្លាញ់របស់ខ្ញុំ។ យើងធ្លាប់ស្និទ្ធស្នាលជាមួយគ្នា យើងធ្លាប់ទៅថ្វាយបង្គំព្រះជាម្ចាស់ជាមួយគ្នា ក្នុងព្រះដំណាក់របស់ព្រះអង្គ។
ទំនុកតម្កើង 55:12-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
៙ មិនមែនជាខ្មាំងសត្រូវដែលបកកេរខ្ញុំ យ៉ាងនោះខ្ញុំនឹងធន់ទ្រាំបាន ក៏មិនមែនជាអ្នកស្អប់ខ្ញុំដែលលើកខ្លួនទាស់នឹងខ្ញុំ នោះខ្ញុំនឹងបានពួនខ្លួនឲ្យរួចពីគេ គឺជាអ្នកឯងវិញ ជាមនុស្សស្មើគ្នានឹងខ្ញុំ ជាភឿន ហើយជាសំឡាញ់ស្និទ្ធស្នាលនឹងខ្ញុំ យើងបានធ្លាប់ប្រឹក្សាគ្នាយ៉ាងផ្អែមល្ហែម ក៏ដើរជាមួយគ្នា នៅកណ្តាលហ្វូងមនុស្ស ក្នុងដំណាក់ព្រះ