ទំនុកតម្កើង 51:1-13
ទំនុកតម្កើង 51:1-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឱព្រះជាម្ចាស់អើយ! សូមប្រណីសន្ដោសទូលបង្គំផង ដ្បិតព្រះអង្គមានព្រះហឫទ័យ មេត្តាករុណាដ៏លើសលុប សូមលើកលែងទោសឲ្យទូលបង្គំផង ដ្បិតព្រះអង្គមានព្រះហឫទ័យ អាណិតមេត្តាដ៏ទូលំទូលាយ។ សូមលុបលាងកំហុសទូលបង្គំ ឲ្យបានស្អាតទាំងស្រុង សូមជម្រះទូលបង្គំឲ្យបានបរិសុទ្ធ រួចពីបាប! ទូលបង្គំទទួលសារភាពថា ទូលបង្គំបានធ្វើខុសហើយ អំពើបាបរបស់ទូលបង្គំដិតជាប់ នៅក្នុងអារម្មណ៍ទូលបង្គំជានិច្ច។ ទូលបង្គំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យ ព្រះអង្គ គឺទាស់នឹងព្រះអង្គតែមួយគត់ ដ្បិតទូលបង្គំបានប្រព្រឹត្តអំពើមួយ ដែលព្រះអង្គចាត់ទុកថាជាអំពើអាក្រក់។ ទោះបីព្រះអង្គកាត់ទោសទូលបង្គំយ៉ាងណាក្ដី ក៏ព្រះអង្គនៅតែសុចរិត ហើយទោះបីព្រះអង្គធ្វើទោសទូលបង្គំយ៉ាងណាក្ដី ក៏ព្រះអង្គនៅតែឥតកំហុសដដែល។ ទូលបង្គំមានកំហុសតាំងពីកំណើតមក ហើយទូលបង្គំមានបាបតាំងពី នៅក្នុងផ្ទៃម្ដាយមកម៉្លេះ! ក៏ប៉ុន្តែ ព្រះអង្គសព្វព្រះហឫទ័យ នឹងសេចក្ដីពិតនៅក្នុងជម្រៅចិត្តមនុស្ស។ សូមប្រោសប្រទានឲ្យទូលបង្គំ មានប្រាជ្ញានៅក្នុងជម្រៅដួងចិត្តផង! សូមជម្រះទូលបង្គំ ដោយស្លឹកហ៊ីសុប* នោះទូលបង្គំនឹងបានបរិសុទ្ធ សូមលាងសម្អាតទូលបង្គំ នោះទូលបង្គំនឹងបានសជាងសំឡីទៅទៀត ។ សូមប្រាប់ឲ្យទូលបង្គំដឹងថា ព្រះអង្គអត់ទោសទូលបង្គំហើយ នោះទូលបង្គំមានអំណរសប្បាយ ហើយចិត្តសោកសង្រេងរបស់ទូលបង្គំ នឹងបានរីករាយឡើងវិញ។ ព្រះអង្គអើយ សូមកុំទតមើល អំពើបាបរបស់ទូលបង្គំឡើយ តែសូមលុបបំបាត់កំហុសទាំងប៉ុន្មាន របស់ទូលបង្គំទៅ។ ឱព្រះជាម្ចាស់អើយ! សូមប្រោសប្រទានឲ្យទូលបង្គំមានចិត្តបរិសុទ្ធ សូមប្រទានចិត្តគំនិតថ្មីដ៏រឹងប៉ឹងមកទូលបង្គំផង។ សូមកុំបោះបង់ទូលបង្គំឲ្យនៅឆ្ងាយពីព្រះអង្គ សូមកុំដកព្រះវិញ្ញាណដ៏វិសុទ្ធ របស់ព្រះអង្គចេញពីទូលបង្គំឡើយ។ សូមប្រោសប្រទានឲ្យទូលបង្គំមានអំណរ ព្រោះតែព្រះអង្គសង្គ្រោះទូលបង្គំ សូមគាំទ្រទូលបង្គំ ដោយប្រទានឲ្យទូលបង្គំ មានចិត្តទូលាយមកពីព្រះវិញ្ញាណ។ ទូលបង្គំនឹងប្រៀនប្រដៅមនុស្សពាល ទាំងឡាយឲ្យស្គាល់មាគ៌ារបស់ព្រះអង្គ នោះពួកគេនឹងបែរចិត្តវិលមករកព្រះអង្គវិញ។
ទំនុកតម្កើង 51:1-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រះអើយ សូមអាណិតមេត្តាទូលបង្គំ តាមព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ហើយសូមលុបអំពើរំលងរបស់ទូលបង្គំចេញ តាមព្រះហឫទ័យមេត្តាករុណា ដ៏បរិបូររបស់ព្រះអង្គ។ សូមលាងទូលបង្គំឲ្យបានស្អាត ពីអំពើទុច្ចរិតរបស់ទូលបង្គំ ហើយសូមសម្អាតទូលបង្គំពីអំពើបាបផង! ដ្បិតទូលបង្គំទទួលស្គាល់អំពើរំលង របស់ទូលបង្គំហើយ ឯអំពើបាបរបស់ទូលបង្គំ នៅចំពោះមុខទូលបង្គំជានិច្ច។ ទូលបង្គំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះអង្គ គឺទាស់នឹងព្រះអង្គតែមួយគត់ ហើយបានប្រព្រឹត្តអំពើអាក្រក់ នៅចំពោះព្រះនេត្រព្រះអង្គ ដើម្បីឲ្យដឹងថា ព្រះអង្គសុចរិត ពេលព្រះអង្គមានព្រះបន្ទូល ហើយព្រះអង្គឥតសៅហ្មង ពេលព្រះអង្គជំនុំជម្រះ។ មើល៍ ទូលបង្គំកើតមកក្នុងអំពើទុច្ចរិត ហើយទូលបង្គំមានបាបតាំងពីនៅក្នុងផ្ទៃម្ដាយ។ មើល៍ ព្រះអង្គសព្វព្រះហឫទ័យនឹងសេចក្ដីពិត នៅក្នុងជម្រៅចិត្តមនុស្ស ហើយព្រះអង្គបង្រៀនឲ្យទូលបង្គំមានប្រាជ្ញា នៅក្នុងចិត្តដែលលាក់កំបាំង។ សូមជម្រះទូលបង្គំដោយមែកហ៊ីសុប នោះទូលបង្គំនឹងបានជ្រះស្អាត សូមលាងសម្អាតទូលបង្គំ នោះទូលបង្គំនឹងបានសជាងហិមៈ ។ សូមឲ្យទូលបង្គំបានឮពីសេចក្ដីត្រេកអរ និងសេចក្ដីរីករាយ សូមឲ្យឆ្អឹងដែលព្រះអង្គបានបំបាក់ អរសប្បាយឡើងវិញ។ សូមបាំងព្រះភក្ត្រព្រះអង្គ ចេញពីអំពើបាបរបស់ទូលបង្គំ ហើយលុបបំបាត់អំពើទុច្ចរិតទាំងប៉ុន្មាន របស់ទូលបង្គំទៅ។ ឱព្រះអើយ សូមបង្កើតចិត្តបរិសុទ្ធ នៅក្នុងទូលបង្គំ ហើយកែវិញ្ញាណក្នុងទូលបង្គំឲ្យត្រឹមត្រូវឡើង។ សូមកុំបោះបង់ទូលបង្គំ ចេញពីព្រះវត្តមានព្រះអង្គ ហើយកុំដកយកព្រះវិញ្ញាណបរិសុទ្ធ របស់ព្រះអង្គ ចេញពីទូលបង្គំឡើយ។ សូមប្រោសប្រទានឲ្យទូលបង្គំ មានអំណរចំពោះការសង្គ្រោះ របស់ព្រះអង្គឡើងវិញ ហើយសូមជួយទូលបង្គំ ឲ្យមានវិញ្ញាណដែលព្រមធ្វើតាម។ នោះទូលបង្គំនឹងបង្រៀនពីផ្លូវរបស់ព្រះអង្គ ដល់មនុស្សដែលប្រព្រឹត្តអំពើរំលង ហើយមនុស្សបាបនឹងវិលត្រឡប់មករកព្រះអង្គ។
ទំនុកតម្កើង 51:1-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱព្រះអង្គអើយ សូមអាណិតមេត្តាដល់ទូលបង្គំ តាមសេចក្ដីសប្បុរសរបស់ទ្រង់ ហើយសូមលុបសេចក្ដីរំលងរបស់ទូលបង្គំចេញ ដោយសេចក្ដីមេត្តាករុណាដ៏បរិបូររបស់ទ្រង់ សូមលាងទូលបង្គំឲ្យយ៉ាងស្អាត ពីអំពើទុច្ចរិតរបស់ទូលបង្គំ សូមសំអាតអំពើបាបរបស់ទូលបង្គំផង ដ្បិតទូលបង្គំទទួលស្គាល់អំពើរំលងរបស់ទូលបង្គំហើយ ឯអំពើបាបរបស់ទូលបង្គំ នោះក៏នៅចំពោះមុខទូលបង្គំជានិច្ច ទូលបង្គំបានធ្វើបាបនឹងទ្រង់ហើយ គឺនឹងទ្រង់តែ១ព្រះអង្គ ព្រមទាំងប្រព្រឹត្តសេចក្ដីដែលអាក្រក់នៅព្រះនេត្រទ្រង់ផង ទូលបង្គំទទួលស្គាល់អំពើទាំងនោះ ដើម្បីឲ្យទ្រង់បានរាប់ជាសុចរិត ក្នុងកាលដែលទ្រង់មានបន្ទូល ហើយឲ្យបានឥតសៅហ្មង ក្នុងកាលដែលទ្រង់ជំនុំជំរះ មើល ទូលបង្គំបានកើតមកក្នុងសេចក្ដីទុច្ចរិត ហើយម្តាយទូលបង្គំបានមានទំងន់ បង្កើតទូលបង្គំនៅក្នុងអំពើបាបដែរ មើល ទ្រង់ប្រាថ្នាចង់បានសេចក្ដីពិតនៅចំណែកខាងក្នុង ហើយគឺនៅទីលាក់កំបាំងខាងក្នុង ដែលទ្រង់នឹងធ្វើ ឲ្យទូលបង្គំស្គាល់ប្រាជ្ញាដែរ សូមជំរះទូលបង្គំដោយមែកហ៊ីសុប នោះទូលបង្គំនឹងបានជ្រះស្អាត សូមដុសលាងទូលបង្គំ នោះនឹងបានសជាងហិមៈ សូមឲ្យទូលបង្គំបានឮសេចក្ដីអំណរ នឹងសេចក្ដីរីករាយ នោះអស់ទាំងឆ្អឹងដែលទ្រង់បានបំបាក់បំបែក នឹងបានអរសប្បាយវិញ សូមបាំងព្រះភក្ត្រទ្រង់ចេញពីអំពើបាបរបស់ទូលបង្គំ ហើយលុបគ្រប់ទាំងអំពើទុច្ចរិតរបស់ទូលបង្គំចេញ ឱព្រះអង្គអើយ សូមបង្កើតចិត្តបរិសុទ្ធនៅក្នុងទូលបង្គំ ហើយកែវិញ្ញាណក្នុងទូលបង្គំឲ្យត្រឹមត្រូវឡើង សូមកុំចោលទូលបង្គំចេញពីចំពោះទ្រង់ ហើយកុំដកយកព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ ចេញពីទូលបង្គំឡើយ សូមឲ្យទូលបង្គំមានចិត្តរីករាយចំពោះសេចក្ដីសង្គ្រោះ នៃទ្រង់ឡើងវិញ ហើយទប់ទល់ទូលបង្គំដោយព្រះវិញ្ញាណដ៏សទ្ធានៃទ្រង់ នោះទូលបង្គំនឹងបង្រៀនពីអស់ទាំងផ្លូវនៃទ្រង់ ដល់មនុស្សដែលប្រព្រឹត្តអំពើរំលង ដូច្នេះ នឹងមានមនុស្សបាបប្រែចិត្តត្រឡប់មកឯទ្រង់