ទំនុកតម្កើង 40:1-5

ទំនុកតម្កើង 40:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ខ្ញុំ​បាន​រង់‌ចាំ​ព្រះ‌យេហូវ៉ា​ដោយ​អំណត់ ព្រះ‌អង្គ​ក៏​បាន​ផ្អៀង​ព្រះ‌កាណ៌​ស្តាប់​ខ្ញុំ ហើយ​ព្រះ‌អង្គ​ឮ​សម្រែក​របស់​ខ្ញុំ។ ព្រះ‌អង្គ​បាន​ស្រង់​ខ្ញុំ​ចេញ​ពី​រណ្ដៅ នៃ​សេចក្ដី​វិនាស ចេញ​ពី​ភក់​ជ្រាំ ក៏​ដាក់​ជើង​ខ្ញុំ​នៅ​លើ​ថ្ម​ដា ហើយ​ធ្វើ​ឲ្យ​ជំហាន​ខ្ញុំ​ឈរ​យ៉ាងរឹង​មាំ។ ព្រះ‌អង្គ​បាន​ដាក់បទ​ចម្រៀង​ថ្មី​នៅ​ក្នុង​មាត់​ខ្ញុំ ជា​បទ​ចម្រៀង​នៃ​ការ​សរសើរ​ដល់​ព្រះ​នៃ​យើង មនុស្ស​ជា​ច្រើន​នឹង​ឃើញ ហើយ​កោត​ខ្លាច គេ​នឹង​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា។ មាន​ពរ​ហើយ អ្នក​ណា​ដែល​យក​ព្រះ‌យេហូវ៉ា ជា​ទីទុក​ចិត្ត ជា​អ្នក​ដែល​មិន​បែរ​ទៅ​រក​មនុស្ស​អំនួត ឬ​ទៅ​រក​អស់​អ្នក​ដែលវង្វេង ទៅ​តាម​សេចក្ដី​ភូត‌ភរ។ ៙ ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ ការ​អស្ចារ្យ​ដែល​ព្រះ‌អង្គ​បាន​ធ្វើ មាន​ច្រើន​ណាស់ ហើយ​ព្រះ‌អង្គ​ក៏​មាន​គំនិត​គិត​ដល់​យើង​ខ្ញុំ​ដែរ គ្មាន​អ្នក​ណា​អាច​ប្រៀប​ផ្ទឹម ស្មើ​នឹង​ព្រះ‌អង្គ​បាន​ឡើយ។ ប្រសិន‌បើ​ទូល‌បង្គំ​នឹង​ប្រកាស រៀប​រាប់ពី​ការ​អស្ចារ្យ​ទាំង​នោះ នោះ​មាន​ច្រើន​ឥត​គណនា មិន​អាច​រៀប​រាប់​អស់​ឡើយ។

ទំនុកតម្កើង 40:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ​បាន​ទន្ទឹង​រង់‌ចាំ​ព្រះ‌អម្ចាស់ ព្រះអង្គ​ក៏​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់ សម្រែក​ទូល‌អង្វរ​របស់​ខ្ញុំ។ ព្រះអង្គ​បាន​យក​ខ្ញុំ​ចេញ​ពី​រណ្ដៅ ចេញ​ពី​ភក់​ជ្រាំ មក​ដាក់​នៅ​លើ​ថ្ម‌ដា​ឲ្យ​មាន​ជំហរ​យ៉ាង​រឹង‌ប៉ឹង។ ព្រះអង្គ​បាន​ប្រទាន​ឲ្យ​ខ្ញុំ​ច្រៀង​បទ​ចម្រៀង​ថ្មី ដើម្បី​សរសើរ​តម្កើង​ព្រះ​របស់​យើង មនុស្ស​ជា​ច្រើន​នឹង​ឃើញ ហើយ​កោត​ខ្លាច​ទៀត​ផង គេ​នឹង​នាំ​គ្នា​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់។ មាន​សុភមង្គល​ហើយ មនុស្ស​ណា​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់ គឺ​ជា​អ្នក​មិន​បែរ​ទៅ​រក​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ ដែល​ជា​ព្រះ​បោក​បញ្ឆោត!។ ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ ព្រះអង្គ​បាន​សម្តែង​ការ​អស្ចារ្យ ជា​ច្រើន​ចំពោះ​យើង​ខ្ញុំ ព្រះអង្គ​ក៏​មាន​គម្រោង‌ការ​ជា​ច្រើន សម្រាប់​យើង​ខ្ញុំ​ដែរ។ គ្មាន​នរណា​អាច​ផ្ទឹម​ស្មើ​នឹង​ព្រះអង្គ​បាន​ទេ ការ​អស្ចារ្យ​ទាំង​នោះ​មាន​ចំនួន​ច្រើន​ឥត​គណនា ទូលបង្គំ​មិន​អាច​ពណ៌នា​អស់​ឡើយ។

ទំនុកតម្កើង 40:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ខ្ញុំ​បាន​រង់‌ចាំ​ព្រះ‌យេហូវ៉ា ដោយ​អំណត់ ទ្រង់​ក៏​បាន​ផ្អៀង​ព្រះ‌កាណ៌​មក​ស្តាប់ ហើយ​ទទួល​តាម​សំរែក​របស់​ខ្ញុំ ទ្រង់​បាន​ស្រង់​ខ្ញុំ​ចេញ​ពី​អន្លង់​គួរ​ស្បើម ឲ្យ​រួច​ពី​ភក់​ស្អិត ក៏​ដាក់​ជើង​ខ្ញុំ​លើ​ថ្មដា ព្រម​ទាំង​តាំង​ជំហាន​ខ្ញុំ​ឲ្យ​ខ្ជាប់‌ខ្ជួន ទ្រង់​បាន​បណ្តាល​ឲ្យ​មាន​ទំនុក​ថ្មី​នៅ​ក្នុង​មាត់​ខ្ញុំ គឺ​ជា​សេចក្ដី​សរសើរ​ដល់​ព្រះ​នៃ​យើង​ខ្ញុំ មនុស្ស​ជា​ច្រើន​នឹង​ឃើញ ព្រម​ទាំង​មាន​សេចក្ដី​កោត‌ខ្លាច ហើយ​នឹង​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា​ផង មាន​ពរ​ហើយ អ្នក​ណា​ដែល​យក​ព្រះ‌យេហូវ៉ា​ជា​ទី​ពឹង ឥត​យល់​ដល់​មនុស្ស​ឆ្មើង‌ឆ្មៃ ឬ​ពួក​អ្នក​ដែល​បែរ​ទៅ​ឯ​សេចក្ដី​ភូត‌ភរ​ឡើយ។ ៙ ឱ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ ការ​អស្ចារ្យ​ដែល​ទ្រង់​បាន​ធ្វើ នោះ​មាន​ច្រើន​ណាស់ ព្រម​ទាំង​គំនិត​ដែល​ទ្រង់​នឹក​ដល់​យើង​ខ្ញុំ​ផង គ្មាន​អ្នក​ណា​អាច​នឹង​រៀប‌រាប់​ដោយ​លំដាប់ ពី​ការ​ទាំង​នោះ នៅ​ចំពោះ​ទ្រង់​បាន​ឡើយ បើ​ទូលបង្គំ​នឹង​ចង់​និទាន​ប្រាប់ នោះ​មាន​ច្រើន​ហួស​កំណត់​នឹង​រាប់​បាន

ទំនុកតម្កើង 40:1-5

ទំនុកតម្កើង 40:1-5 គខប