ទំនុកតម្កើង 4:1-8

ទំនុកតម្កើង 4:1-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​ព្រះ​នៃ​សេចក្ដី​សុចរិត​របស់​ទូល‌បង្គំ​អើយ ពេល​ទូល‌បង្គំ​អំពាវ‌នាវ សូម​មាន​ព្រះ‌បន្ទូល​ឆ្លើយ​មក​ទូល‌បង្គំ​ផង! ពេល​ទូល‌បង្គំ​មាន​សេចក្ដី​តាន​តឹង ព្រះ‌អង្គ​ប្រទាន​ឲ្យ​ទូល‌បង្គំ​បាន​ស្បើយ។ សូមប្រណី​សន្ដោស​ទូល‌បង្គំ ហើយ​សូម​ព្រះ​សណ្ដាប់​សេចក្ដី​អធិស្ឋាន របស់​ទូល‌បង្គំ​ផង។ ឱ​ពួក​មនុស្ស​ជាតិ​អើយ តើអ្នក​រាល់​គ្នា​ជាន់​ឈ្លី​កិត្តិយស​ខ្ញុំ ដល់​កាល​ណា​ទៀត? តើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ពាក្យ​ឥត​ប្រយោជន៍ ហើយ​ស្វែង​រកសេចក្ដី​ភូត‌ភរ ដល់​កាល​ណា​ទៀត? -បង្អង់ ប៉ុន្តែ ត្រូវ​ដឹង​ថា ព្រះ‌យេហូវ៉ា​បាន​ញែក​មនុស្ស ដែល​កោត​ខ្លាច​ព្រះ‌អង្គ ទុក​សម្រាប់​ព្រះ‌អង្គ ព្រះ‌យេហូវ៉ា​ព្រះ​សណ្ដាប់ ពេល​ខ្ញុំ​អំពាវ‌នាវ​រក​ព្រះ‌អង្គ។ ចូរ​ខឹង​ចុះ តែ​កុំប្រព្រឹត្ត​អំពើ​បាប​ឡើយ ចូរ​សញ្ជឹង​គិត​ក្នុង​ដំណេក​របស់​អ្នក ហើយ​នៅ​ស្ងៀម​ចុះ។ -បង្អង់ ចូរ​ថ្វាយ​យញ្ញ​បូជា​ដ៏​សុចរិត ហើយ​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា​ចុះ។ មាន​មនុស្ស​ជា​ច្រើន​ពោល​ថា៖ «តើ​អ្នក​ណាបង្ហាញ​ឲ្យ​យើង​ឃើញ​សេចក្ដី​ល្អ? ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ឲ្យ​ពន្លឺ​នៃ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ ភ្លឺ​មក​លើ​យើង​ខ្ញុំ​ផង!» ព្រះ‌អង្គ​បាន​ដាក់​អំណរ​ក្នុង​ចិត្ត​ទូល‌បង្គំ ច្រើន​ជាង​អំណរ​ដែល​គេ​មាន នៅ​ពេល​ស្រូវ និង​ទឹក​ទំពាំង‌បាយ‌ជូរ​របស់​គេ សម្បូណ៌​ទៅ​ទៀត។ ទូល‌បង្គំ​នឹង​សម្រាក​កាយ ហើយ​ដេក​លក់​ដោយ​សុខ​សាន្ត ដ្បិត​ឱ​ព្រះ‌យេហូវ៉ា​អើយ មាន​តែ​ព្រះ‌អង្គ​ទេ ដែល​ធ្វើ​ឲ្យ​ទូល‌បង្គំ​រស់​នៅ ដោយ​សាន្ត‌ត្រាណ។

ទំនុកតម្កើង 4:1-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ឱ​ព្រះ‌ជាម្ចាស់​ដែល​រក​យុត្តិធម៌ ឲ្យ​ទូលបង្គំ​អើយ ពេល​ទូលបង្គំ​ដង្ហោយ​ហៅ​រក​ព្រះអង្គ សូម​ឆ្លើយ​តប​មក​ទូលបង្គំ​ផង! ពេល​ទូលបង្គំ​មាន​ទុក្ខ‌ធុរៈ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ទូលបង្គំ​ធូរ​ស្បើយ ។ សូម​អាណិត​មេត្តា​ទូលបង្គំ សូម​ព្រះ‌សណ្ដាប់​ពាក្យ​អង្វរ​របស់​ទូលបង្គំ​ផង។ មនុស្ស‌ម្នា​ទាំង‌ឡាយ​អើយ តើ​អ្នក​រាល់​គ្នា​ជាន់​ឈ្លី​កិត្តិយស​ខ្ញុំ ដល់​កាល​ណា​ទៀត? តើ​អ្នក​រាល់​គ្នា​ចូល​ចិត្ត​ចោទ​ប្រកាន់ ដោយ​ឥត​បាន​ការ និង​និយាយ​កុហក​មួល​បង្កាច់​ដល់​កាល​ណា​ទៀត? - សម្រាក ត្រូវ​ដឹង​ថា ព្រះ‌អម្ចាស់​តែងតែ​ប្រោស‌ប្រណី មនុស្ស​ស្មោះ​ត្រង់ ពេល​ណា​ខ្ញុំ​ស្រែក​អង្វរ​រក​ព្រះ‌អម្ចាស់ ទ្រង់​ព្រះ‌សណ្ដាប់​ខ្ញុំ​ជានិច្ច។ បើ​អ្នក​រាល់​គ្នា​ច្រឡោត​ខឹង មិន​ត្រូវ​ប្រព្រឹត្ត​អំពើ​បាប​សោះ​ឡើយ តែ​ត្រូវ​ដេក​គិត​ពិចារណា ហើយ​រំងាប់​ចិត្ត​ទៅ។ - សម្រាក ចូរ​ថ្វាយ​យញ្ញ‌បូជា​ដ៏​សុចរិត ហើយ​ពឹង​ផ្អែក​លើ​ព្រះ‌អម្ចាស់​ចុះ។ មនុស្ស​ជា​ច្រើន​ពោល​ថា: តើ​នរណា​នាំ​សុភមង្គល​មក​ឲ្យ​យើង​ខ្ញុំ? ព្រះ‌អម្ចាស់​អើយ សូម​ទត​មក​យើង​ខ្ញុំ ដោយ​ព្រះ‌ហឫទ័យ​សប្បុរស​ផង! ព្រះអង្គ​បាន​ដាក់​អំណរ​នៅ​ក្នុង​ចិត្ត​ទូលបង្គំ ច្រើន​ជាង​អំណរ​ដែល​គេ​មាន​នៅ​ពេល​ច្រូត​ស្រូវ និង​បេះ​ផ្លែ​ទំពាំង‌បាយជូរ​ដ៏​បរិបូណ៌​ទៅ​ទៀត។ ពេល​ទូលបង្គំ​ចូល​ដំណេក នោះ​ទូលបង្គំ​នឹង​ដេក​លក់​ដោយ​សុខ‌សាន្ត​ភ្លាម ឱ​ព្រះ‌អម្ចាស់​អើយ មាន​តែ​ព្រះអង្គ​ទេដែល​ធ្វើ​ឲ្យ​ទូលបង្គំ​រស់​នៅ ដោយ​សុខ‌ដុម‌រមនា។

ទំនុកតម្កើង 4:1-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​ព្រះ​នៃ​សេចក្ដី​សុចរិត​របស់​ទូលបង្គំ​អើយ កាល​ណា​ទូលបង្គំ​អំពាវ‌នាវ នោះ​សូម​ទ្រង់​មាន​បន្ទូល​ឆ្លើយ​មក វេលា​ណា​ដែល​ទូលបង្គំ​បាន​កើត​មាន​សេចក្ដី​ចង្អៀត នោះ​ទ្រង់​តែង​បន្ធូរ​ឲ្យ​បាន​ទូលាយ​វិញ ដូច្នេះ សូម​មេត្តា​ប្រោស​ដល់​ទូលបង្គំ ហើយ​ស្តាប់​សេចក្ដី​អធិស្ឋាន​របស់​ទូលបង្គំ​ផង ៙ ឱ​ពួក​មនុស្ស​ជាតិ​អើយ តើ​ឯង​រាល់​គ្នា​នឹង​ធ្វើ​ឲ្យ​កិត្តិយស​របស់​អញ ក្លាយ​ប្រែ​ទៅ ជា​អាប់‌យស ដល់​កាល​ណា​ទៀត តើ​នឹង​ស្រឡាញ់​ការ​ឥត​ប្រយោជន៍ ហើយ​ស្វែង​រក សេចក្ដី​ភូត‌ភរ ដល់​កាល​ណា​ទៀត។ បង្អង់ ៙ ប៉ុន្តែត្រូវ​ឲ្យ​ដឹង​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ញែក​មនុស្ស ដែល​កោត‌ខ្លាច​ដល់​ទ្រង់​ចេញ ទុក​សំរាប់​ទ្រង់ ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ស្តាប់ ក្នុង​កាល​ដែល​អញ​អំពាវ‌នាវ​ដល់​ទ្រង់ ដូច្នេះ ចូរ​មាន​ចិត្ត​ញ័រ​ចុះ តែ​កុំ​ឲ្យ​ធ្វើ​បាប​ឡើយ ចូរ​រំពឹង​គិត​នៅ​ក្នុង​ចិត្ត ក្នុង​កាល​ដែល​ដេក​លើ​ដំណេក ហើយ​នៅ​ស្ងៀម​ចុះ។ បង្អង់ ចូរ​ថ្វាយ​គ្រឿង​បូជា​នៃ​សេចក្ដី​សុចរិត ហើយ​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា​ចុះ មាន​មនុស្ស​ជា​ច្រើន​ដែល​និយាយ​ថា តើ​អ្នក​ណា​នឹង​សំដែង​ឲ្យ​យើង​ឃើញ​សេចក្ដី​ល្អ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​ប្រោស​ឲ្យ​រស្មី​នៃ​ព្រះ‌ភក្ត្រ​ទ្រង់ បាន​ភ្លឺ​មក​លើ យើង​ខ្ញុំ​រាល់​គ្នា ទ្រង់​បាន​ប្រោស​ឲ្យ​ចិត្ត​ទូលបង្គំ​មាន​សេចក្ដី​អំណរ លើស​ជាង​ពួក​ទាំង​នោះ ក្នុង​កាល​ដែល​ស្រូវ នឹង​ទឹក​ទំពាំង‌បាយ‌ជូរ របស់​គេ​បាន​សំបូរ​ផង ទូលបង្គំ​នឹង​សំរាក​កាយ ហើយ​ដេក​លក់​ទៅ ដោយ​សេចក្ដី​ស្ងប់ ដ្បិត​ឱ​ព្រះ‌យេហូវ៉ា​អើយ មាន​តែ​ទ្រង់​ទេ ដែល​ប្រោស ឲ្យ​ទូលបង្គំ​នៅ​ដោយ​សាន្ត‌ត្រាណ​បាន។