ទំនុកតម្កើង 36:5-7
ទំនុកតម្កើង 36:5-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
៙ ឱព្រះយេហូវ៉ាអើយ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ខ្ពស់ដល់ផ្ទៃមេឃ ព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ ខ្ពស់ដល់ពពក។ សេចក្ដីសុចរិតរបស់ព្រះអង្គ ប្រៀបដូចជាភ្នំនៃព្រះ ការវិនិច្ឆ័យរបស់ព្រះអង្គ ប្រៀបដូចមហាសមុទ្រដ៏ជ្រៅ ឱព្រះយេហូវ៉ាអើយ ព្រះអង្គសង្គ្រោះ ទាំងមនុស្សលោក ទាំងសត្វ។ ឱព្រះអើយ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ថ្លៃវិសេសយ៉ាងណាហ្ន៎! ពួកកូនមនុស្សលោក ជ្រកក្រោមម្លប់នៃស្លាបរបស់ព្រះអង្គ។
ទំនុកតម្កើង 36:5-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឱព្រះអម្ចាស់អើយ! ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ខ្ពស់រហូតដល់ផ្ទៃមេឃ ព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ ខ្ពស់ដល់អាកាសវេហាស៍។ ព្រះហឫទ័យសុចរិតរបស់ព្រះអង្គ មានកម្ពស់ដូចភ្នំដ៏ខ្ពស់បំផុត ព្រះតម្រិះរបស់ព្រះអង្គជ្រៅដូចមហាសាគរ។ ឱព្រះអម្ចាស់អើយ ព្រះអង្គសង្គ្រោះទាំងមនុស្សលោក ទាំងសត្វតិរច្ឆាន!។ ឱព្រះជាម្ចាស់អើយ ព្រះហឫទ័យមេត្តាករុណា របស់ព្រះអង្គ មានតម្លៃដ៏លើសលុបបំផុត! មនុស្សលោកមកជ្រកកោនក្រោមម្លប់ព្រះបារមី របស់ព្រះអង្គ ដូចកូនសត្វជ្រកកោនក្រោមស្លាបមេវា ។
ទំនុកតម្កើង 36:5-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
៙ ឱព្រះយេហូវ៉ាអើយ សេចក្ដីសប្បុរសនៃទ្រង់ខ្ពស់ ដល់ផ្ទៃមេឃ សេចក្ដីស្មោះត្រង់នៃទ្រង់ក៏ដល់ពពកផង សេចក្ដីសុចរិតរបស់ទ្រង់ដូចជាភ្នំនៃព្រះ សេចក្ដីវិនិច្ឆ័យរបស់ទ្រង់ដូចមហាសមុទ្រដ៏ជ្រៅ ឱព្រះយេហូវ៉ាអើយ ទ្រង់ទំនុកបំរុងទាំងមនុស្ស នឹងសត្វផង ឱព្រះអង្គអើយ សេចក្ដីសប្បុរសនៃទ្រង់ថ្លៃវិសេស យ៉ាងណាហ្ន៎ ពួកមនុស្សលោកក៏ជ្រកនៅម្លប់នៃស្លាបទ្រង់