ទំនុកតម្កើង 32:1-5

ទំនុកតម្កើង 32:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មាន​សុភមង្គល​ហើយ អស់​អ្នក​ដែល​ព្រះ‌ជាម្ចាស់ លើក‌លែង​ទោស​ឲ្យ ព្រម​ទាំង​ប្រោស‌ប្រណី​ឲ្យ​បាន​រួច​ពី​បាប! មាន​សុភមង្គល​ហើយ អស់​អ្នក​ដែល​ព្រះ‌អម្ចាស់​មិន​ប្រកាន់​ទោស ហើយ​ជា​មនុស្ស​ដែល​គ្មាន​ចិត្ត​វៀច‌វេរ! ដរាប​ណា​ទូលបង្គំ​មិន​សារ‌ភាព​កំហុស​ទេ​នោះ ទូលបង្គំ​កាន់​តែ​រីង‌រៃ​ទៅៗ ទូលបង្គំ​ថ្ងូរ​ជា​រៀង​រាល់​ថ្ងៃ ដ្បិត​ព្រះអង្គ​ធ្វើ​ទោស​ទូលបង្គំ​ទាំង​ថ្ងៃ​ទាំង​យប់ កម្លាំង​ទូលបង្គំ​ខ្សោះ​ល្វើយ ដូច​ទឹក​រីង​ស្ងួត​នៅ​រដូវ​ប្រាំង។ - សម្រាក ទូលបង្គំ​បាន​សារ‌ភាព​អំពើ​បាប​ចំពោះ​ព្រះអង្គ ទូលបង្គំ​មិន​បាន​លាក់‌លៀម​កំហុស របស់​ទូលបង្គំ​ឡើយ ទូលបង្គំ​ពោល​ថា «ខ្ញុំ​នឹង​ទទួល​សារ‌ភាព​អំពើ​បាប របស់​ខ្ញុំ​ចំពោះ​ព្រះ‌អម្ចាស់!» ព្រះអង្គ​ក៏​លើក‌លែង​ទោស​ទូលបង្គំ ឲ្យ​រួច​ពី​បាប។ - សម្រាក

ទំនុកតម្កើង 32:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

មាន​ពរ​ហើយ អ្នក​ដែល​ព្រះ​អត់​ទោស ឲ្យ​អំពើ​រំលង​របស់​ខ្លួន គឺ​ដែល​ព្រះ​បាន​គ្រប​បាំង​អំពើ​បាប​របស់​ខ្លួន។ មាន​ពរ​ហើយ អ្នក​ដែល​ព្រះ‌យេហូវ៉ា មិន​រាប់​ថា​មាន​ទោស ជា​អ្នក​ដែល​គ្មាន​កល‌ឧបាយ​ក្នុង​ចិត្ត។ ពេល​ទូល‌បង្គំ​ចេះ​តែ​នៅ​ស្ងៀម ឆ្អឹង​ទូល‌បង្គំ​បាន​ខ្សោះទៅ ដោយ‌សារ​ទូល‌បង្គំ​ស្រែក​ថ្ងូរ​ជា​រៀង​រាល់​ថ្ងៃ។ ដ្បិត​ព្រះ‌ហស្ត​ព្រះ‌អង្គ​បាន​សង្កត់ លើ​ទូល‌បង្គំ​យ៉ាង​ធ្ងន់ ទាំង​យប់​ទាំង​ថ្ងៃ កម្លាំង​ទូល‌បង្គំ​ខ្សោះ​ល្វើយ ដូចទឹក​រីង​ស្ងួត ដោយ​កម្ដៅ​នៅ​រដូវ​ប្រាំង។ –បង្អង់ ៙ ទូល‌បង្គំ​បាន​សារភាព​អំពើ​បាប របស់​ទូល‌បង្គំ នៅ​ចំពោះ​ព្រះ‌អង្គ ឥត​លាក់​លៀម​អំពើ​ទុច្ចរិត​របស់​ទូល‌បង្គំ​ឡើយ ទូល‌បង្គំ​ពោល​ថា «ទូល‌បង្គំ​នឹង​លន់‌តួ​អំពើ​រំលង របស់​ទូល‌បង្គំ​ចំពោះ​ព្រះ‌យេហូវ៉ា» ហើយ​ព្រះ‌អង្គ​ក៏​បាន​អត់​ទោស​អំពើ​បាប ឲ្យ​ទូល‌បង្គំ។ –បង្អង់

ទំនុកតម្កើង 32:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

មាន​ពរ​ហើយ មនុស្ស​ណា​ដែល​ការ​រំលង ច្បាប់​របស់​ខ្លួន​បាន​អត់​ទោស​ឲ្យ គឺ​ដែល​បាប​របស់​ខ្លួន​បាន​គ្រប​បាំង​ហើយ មាន​ពរ​ហើយ មនុស្ស​ណា​ដែល​ព្រះ‌យេហូវ៉ា​មិន​រាប់​ថា ជា​អ្នក​មាន​ទោស ជា​អ្នក​ដែល​គ្មាន​កល‌ឧបាយ​នៅ​ក្នុង​ចិត្ត​សោះ កាល​ទូលបង្គំ​បាន​ស្ងៀម​នៅ នោះ​ឆ្អឹង​ទូលបង្គំ បាន​ខ្សោះ​ទៅ ដោយ‌សារ​ដំងូរ​ដែល​ទូលបង្គំ​ថ្ងូរ​ជា​ដរាប​រាល់​ថ្ងៃ ដ្បិត​ព្រះ‌ហស្ត​នៃ​ទ្រង់​បាន​សង្កត់​លើ​ទូលបង្គំ​ជា​ធ្ងន់ ទាំង​យប់​ទាំង​ថ្ងៃ ធាតុ​ទឹក​របស់​ទូលបង្គំ​បាន​ត្រឡប់​ទៅ​ជា​រីង​ហួត ដូច​ជា​រដូវ​ក្តៅ។ –បង្អង់ ៙ ទូលបង្គំ​បាន​រ៉ាប់​ទទួល​អំពើ​បាប​របស់ ទូលបង្គំ​នៅ​ចំពោះ​ទ្រង់ ឥត​លាក់​ការ​ទុច្ចរិត​របស់​ទូលបង្គំ​ទុក​ឡើយ ទូលបង្គំ​បាន​និយាយ​ថា ទូលបង្គំ​នឹង​លន់‌តួ​អស់​ទាំង ការ​រំលង​របស់​ទូលបង្គំ​ដល់​ព្រះ‌យេហូវ៉ា ឯ​ទ្រង់​ក៏​បាន​អត់​ទោស​ចំពោះ​អំពើ​បាប​នៃ​ទូលបង្គំ​ទៅ។ –បង្អង់