ទំនុកតម្កើង 28:1-9

ទំនុកតម្កើង 28:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ឱ​ព្រះ‌អម្ចាស់​អើយ! ទូលបង្គំ​ស្រែក​អង្វរ​រក​ព្រះអង្គ ឱ​ព្រះ​ជា​ថ្ម‌ដា​នៃ​ទូលបង្គំ​អើយ សូម​ព្រះ‌សណ្ដាប់​សម្រែក​របស់​ទូលបង្គំ​ផង! ប្រសិន​បើ​ព្រះអង្គ​នៅ​ស្ងៀម មិន​ឆ្លើយ​នឹង​ទូលបង្គំ​ទេ​នោះ ទូលបង្គំ​មុខ​ជា​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ​មិន​ខាន! ពេល​ទូលបង្គំ​ស្រែក​រក​ព្រះអង្គ ពេល​ទូលបង្គំ​លើក​ដៃ​ឆ្ពោះ​ទៅ​កាន់​ទីសក្ការៈ របស់​ព្រះអង្គ សូម​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​ទូល‌អង្វរ របស់​ទូលបង្គំ​ផង។ សូម​កុំ​ឲ្យ​ទូលបង្គំ​ត្រូវ​វិនាស​បាត់​ទៅ ដូច​មនុស្ស​ពាល និង​មនុស្ស​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ដែល​និយាយ​រាក់‌ទាក់​ជា​មួយ​អ្នក​ដទៃ តែ​មាន​កល‌ល្បិច​នៅ​ក្នុង​ខ្លួន​នោះ​ឡើយ។ សូម​ដាក់​ទោស​អ្នក​ទាំង​នោះ ឲ្យ​សម​តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត និង​ល្បិច​កិច្ច‌កល​របស់​គេ សូម​ដាក់​ទោស​គេ​សម​នឹង​ស្នា‌ដៃ​របស់​ខ្លួន សូម​ឲ្យ​គេ​ទទួល​ផល​សម​នឹង​ទោស​របស់​ខ្លួន ដ្បិត​អ្នក​ទាំង​នោះ​មិន​យល់​អំពី​កិច្ចការ របស់​ព្រះ‌អម្ចាស់ ជា​ស្នា​ព្រះ‌ហស្ដ​ដែល​ព្រះអង្គ​បាន​ធ្វើ​នោះ​ទេ។ សូម​ព្រះអង្គ​រំលំ​ពួក​គេ កុំ​ឲ្យ​ងើប​ឡើង​វិញ​បាន​ឡើយ!។ សូម​លើក​តម្កើង​ព្រះ‌អម្ចាស់! ដ្បិត​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​ដែល​ខ្ញុំ​ស្រែក​អង្វរ។ ព្រះ‌អម្ចាស់​ជា​កម្លាំង និង​ជា​ខែល​ការពារ​ខ្ញុំ ខ្ញុំ​ទុក​ចិត្ត​លើ​ព្រះអង្គ ហើយ​ព្រះអង្គ​ជួយ​សង្គ្រោះ​ខ្ញុំ ខ្ញុំ​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង ខ្ញុំ​នឹង​សរសើរ​តម្កើង​ព្រះអង្គ​ដោយ​បទ​ចម្រៀង!។ ព្រះ‌អម្ចាស់​ការពារ​ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ ព្រះអង្គ​ជា​កំពែង​សម្រាប់​សង្គ្រោះ​ស្ដេច ដែល​ព្រះអង្គ​បាន​ចាក់​ប្រេង​អភិសេក។ សូម​សង្គ្រោះ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ សូម​ប្រទាន​ពរ​ដល់​កូន​ចៅ​របស់​ព្រះអង្គ សូម​ទ្រង់​ធ្វើ​ជា​គង្វាល ថែ‌រក្សា​ពួក​គេ​រហូត​ត​រៀង​ទៅ!។

ទំនុកតម្កើង 28:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​ព្រះ‌យេហូវ៉ា ជា​ថ្ម​ដា​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​ស្រែក​រកព្រះ‌អង្គ សូម​កុំ​ព្រងើយ​នឹងស្ដាប់​ទូល‌បង្គំ​ឡើយ ដ្បិត​ប្រសិន‌បើ​ព្រះ‌អង្គ​នៅ​ស្ងៀម​នឹង​ទូល‌បង្គំ នោះ​ទូល‌បង្គំ​នឹង​ដូច​ជា​អស់​អ្នក ដែល​ចុះ​ទៅ​ក្នុង​រណ្តៅ​មិន​ខាន។ សូម​ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​សំឡេង ដែល​ទូល‌បង្គំ​ទូល‌អង្វរ ពេល​ទូល‌បង្គំ​ស្រែក​រក​ជំនួយ​ពី​ព្រះ‌អង្គ កាល​ទូល‌បង្គំ​ប្រទូល​ដៃ​ឆ្ពោះ​ទៅ​កាន់ ទី​បរិសុទ្ធ​បំផុត​របស់​ព្រះ‌អង្គ។ សូម​កុំ​ទាញ​ទូល‌បង្គំ​ចេញ​ជា​មួយ​មនុស្សពាល ឬ​ជា​មួយ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់ ជា​អ្នក​ដែល​ពោល​ពាក្យ ដោយ​មេត្រី​នឹង​អ្នក​ជិត​ខាង តែ​មាន​គំនិត​អាក្រក់​នៅ​ក្នុង​ចិត្ត​នោះ​ឡើយ។ សូម​សង​គេ​តាម​ការ​ដែល​គេ​ធ្វើ ហើយ​តាម​សេចក្ដី​អាក្រក់​នៃ​អំពើ​ដែល​គេ​ប្រព្រឹត្ត សូម​ឲ្យ​គេ​ទទួល​តាមអំពើ​ដែល​ដៃ​របស់​គេធ្វើ សូម​តបស្នង​ឲ្យ​សម​នឹង​ទោស​របស់​គេ។ ព្រោះ​គេ​មិន​យក​ចិត្ត​ទុក​ដាក់ នឹង​កិច្ច​ការ​របស់​ព្រះ‌យេហូវ៉ា ឬ​នឹង​ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​ទេ ព្រះ‌អង្គ​នឹង​រំលំ​គេ ក៏​មិន​សង់​គេ​ឡើង​វិញ​ឡើយ។ ៙ សូម​លើក​តម្កើង​ព្រះ‌យេហូវ៉ា! ព្រោះ​ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​សំឡេង ដែល​ខ្ញុំ​ទូល‌អង្វរ។ ព្រះ‌យេហូវ៉ា​ជា​កម្លាំង និង​ជា​ខែល​ការពារ​ខ្ញុំ ខ្ញុំ​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ជួយ​ខ្ញុំ ចិត្ត​ខ្ញុំ​រីក‌រាយ​ជា​ខ្លាំង ខ្ញុំ​អរ​ព្រះ​គុណ​ព្រះ‌អង្គ ដោយ​បទ​ចម្រៀង​របស់​ខ្ញុំ។ ព្រះ‌យេហូវ៉ា​ជា​កម្លាំង​នៃ​ប្រជា‌រាស្ត្ររបស់​ព្រះ‌អង្គ ព្រះ‌អង្គ​ជា​ទី​ពួន​ជ្រក​ដល់​អ្នក ដែល​ព្រះ‌អង្គ​បាន​ចាក់​ប្រេង​តាំង។ សូម​សង្គ្រោះ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ហើយ​ប្រទាន​ពរ​ដល់​មត៌ក​របស់​ព្រះ‌អង្គ សូម​ធ្វើ​ជា​គង្វាល​ដល់​គេ ព្រម​ទាំង​បី​ទ្រ​គេ​ជា​រហូតតរៀង​ទៅ។

ទំនុកតម្កើង 28:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​នឹង​អំពាវ‌នាវ​ដល់​ទ្រង់ ឱ​ថ្មដា​ទូលបង្គំ​អើយ សូម​កុំ​ព្រងើយ​ចំពោះ​ទូលបង្គំ​ឡើយ បើ​ទ្រង់​នៅ​តែ​ស្ងៀម​នឹង​ទូលបង្គំ នោះ​ក្រែង​ទូលបង្គំ​នឹង​បាន​ដូច​ជា​អស់​អ្នក​ដែល​ចុះ​ទៅ​ក្នុង​រណ្តៅ សូម​ស្តាប់​សំឡេង​ដែល​ទូលបង្គំ​ទូល‌អង្វរ ក្នុង​កាល ដែល​ទូលបង្គំ​អំពាវ‌នាវ​ដល់​ទ្រង់ គឺ​ក្នុង​កាល​ដែល​ទូលបង្គំ​ប្រទូល​ដៃ​ទៅ​ឯ ទី​បរិសុទ្ធ​របស់​ទ្រង់ សូម​កុំ​ទាញ​ទូលបង្គំ​ទៅ​ជា​មួយ​នឹង​មនុស្ស​អាក្រក់ ឬ​ជា​មួយ​នឹង​មនុស្ស​ដែល​ប្រព្រឹត្ត​ការ​ទុច្ចរិត ជា​អ្នក​ដែល​ពោល​ពាក្យ​ដោយ​មេត្រី​នឹង​អ្នក​ជិត​ខាង តែ​មាន​គំនិត​កាច​អាក្រក់​នៅ​ក្នុង​ចិត្ត​វិញ នោះ​ឡើយ សូម​សង​គេ​តាម​ការ​ដែល​គេ​ធ្វើ ហើយ​តាម​សេចក្ដី​អាក្រក់​នៃ​អំពើ​ដែល​គេ​ប្រព្រឹត្ត​នោះ សូម​សង​គេ​តាម​ស្នាដៃ​របស់​គេ ហើយ​តប​ឲ្យ​សំណំ​នឹង​ទោស​របស់​គេ ដ្បិត​គេ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​នៃ​ព្រះ‌យេហូវ៉ា ឬ​នឹង​ស្នាដៃ​នៃ​ព្រះ‌ហស្ត​ទ្រង់​នោះ​ឡើយ ទ្រង់​មិន​ស្អាង​គេ​ឡើង​ទេ គឺ​នឹង​រំលំ​គេ​ទៅ​វិញ។ ៙ សូម​លើក​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ពី​ព្រោះ​ទ្រង់​បាន​ឮ​សំឡេង​ដែល​ខ្ញុំ​ទូល‌អង្វរ ព្រះ‌យេហូវ៉ា​ទ្រង់​ជា​កំឡាំង ហើយ​ជា​ខែល​នៃ​ខ្ញុំ ចិត្ត​ខ្ញុំ​បាន​សង្ឃឹម​ដល់​ទ្រង់ ហើយ​បាន​សេចក្ដី​ជំនួយ ហេតុ​នោះ​ចិត្ត​ខ្ញុំ​មាន​សេចក្ដី​រីក‌រាយ​ជា​ខ្លាំង ខ្ញុំ​នឹង​សរសើរ​ដល់​ទ្រង់ ដោយ​បទ​ចំរៀង​របស់​ខ្ញុំ ព្រះ‌យេហូវ៉ា​ទ្រង់​ជា​កំឡាំង ហើយ​ជា​ទី​មាំ‌មួន សំរាប់​នឹង​ជួយ​សង្គ្រោះ ដល់​ពួក​អ្នក ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ឲ្យ សូម​ទ្រង់​ជួយ​សង្គ្រោះ​រាស្ត្រ​របស់​ទ្រង់ ហើយ​ប្រទាន​ពរ​ដល់​មរដក​នៃ​ទ្រង់ សូម​ធ្វើ​ជា​អ្នក​គង្វាល​ដល់​គេ ព្រម​ទាំង​បី​ទ្រ​គេ​ជា​ដរាប​ត​ទៅ។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ