ទំនុកតម្កើង 18:1-50

ទំនុកតម្កើង 18:1-50 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​ព្រះ‌យេហូវ៉ា ជា​កម្លាំង​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​ស្រឡាញ់​ព្រះ‌អង្គ។ ព្រះ‌យេហូវ៉ា​ជា​ថ្ម​ដា ជា​បន្ទាយ​របស់​ទូល‌បង្គំ និង​ជា​អ្នក​ជួយ​រំដោះ​របស់​ទូល‌បង្គំ ព្រះ​នៃ​ទូល‌បង្គំ ជា​ថ្ម​ដា​ដែល​ទូល‌បង្គំ​ពឹង​ជ្រក ជា​ខែល​នៃ​ទូល‌បង្គំ ជា​ស្នែង​នៃ​ការ​សង្គ្រោះ​របស់​ទូល‌បង្គំ និង​ជា​ជម្រក​ដ៏​មាំ​មួន​របស់​ទូល‌បង្គំ។ ខ្ញុំ​អំពាវ‌នាវ​រក​ព្រះ‌យេហូវ៉ា ដែល​ព្រះ‌អង្គ​ស័ក្ដិ‌សម​នឹង​លើក​សរសើរ យ៉ាង​នោះ​ខ្ញុំ​នឹង​បាន​សង្គ្រោះ រួច​ពី​ពួក​ខ្មាំង​សត្រូវ​របស់​ខ្ញុំ។ ចំណង​នៃ​សេចក្ដី​ស្លាប់​បាន​រួប​រឹត​ខ្ញុំ ហើយ​ជំនន់​នៃ​សេចក្ដី​វិនាស​បាន​បំភ័យ​ខ្ញុំ ចំណង​នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ក៏​រឹត​ជុំ‌វិញ​ខ្ញុំ អន្ទាក់​នៃ​សេចក្ដី​ស្លាប់​បាន​ទាក់​ខ្ញុំ។ ៙ ក្នុង​គ្រា​ដែល​ខ្ញុំ​មាន​ទុក្ខ​វេទនា ទូល‌បង្គំ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ខ្ញុំបាន​ស្រែក​រក​ជំនួយ​ដល់​ព្រះ​នៃ​ខ្ញុំ ពី​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​ឮ​សំឡេង​ខ្ញុំ ហើយ​សម្រែក​ដែល​ខ្ញុំ​ស្រែក​រក​ព្រះ‌អង្គ បាន​ទៅ​ដល់​ព្រះ‌កាណ៌​របស់​ព្រះ‌អង្គ។ ៙ ពេល​នោះ ផែនដី​បាន​កក្រើក ហើយ​រញ្ជួយ គ្រឹះ​ភ្នំ​ទាំង​ឡាយ​ក៏​ញាប់​ញ័រ ហើយ​រំពើក​ឡើង ព្រោះ​ព្រះ‌អង្គ​ក្រោធ។ មាន​ផ្សែង​ហុយ​ចេញ​ពី​ព្រះ‌នាសា​ព្រះ‌អង្គ ហើយ​មាន​ភ្លើង​បញ្ឆេះ ចេញ​ពី​ព្រះ‌ឱស្ឋ​ព្រះ‌អង្គ​មក ក៏​មាន​រងើក​ភ្លើង​ឆេះ ជា​អណ្ដាតមក​ពីព្រះ‌អង្គ​ដែរ។ ព្រះ‌អង្គ​បាន​បន្ទាប​ផ្ទៃ​មេឃ ហើយ​យាង​ចុះ​មក មាន​ងងឹត​យ៉ាង​ក្រាស់ នៅ​ក្រោម​ព្រះ‌បាទ​ព្រះ‌អង្គ ព្រះ‌អង្គ​គង់​លើ​ចេរូ‌ប៊ីម ហើយ​ហោះ​មក ព្រះ‌អង្គ​ហោះ​សំកាំង​នៅ​លើ​ខ្យល់។ ព្រះ‌អង្គ​បាន​យក​ភាព​ងងឹត​ធ្វើ​ជា​ទី​បាំង​អង្គ​ទ្រង់ ជា​ពន្លា​នៅ​ព័ទ្ធ​ជុំ‌វិញ ជា​ពពកខ្មៅ​ក្រាស់​ពេញ​ដោយ​ទឹក។ ឯ​ពន្លឺ​ភ្លឺ​នៅ​ចំពោះ​ព្រះ‌អង្គ មាន​ព្រឹល និង​រងើក​ភ្លើង ចេញ​មក​តាម​ពពក​របស់​ព្រះ‌អង្គ។ ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​មាន​ផ្គរ​លាន់​នៅ​លើ​មេឃ ព្រះ​ដ៏​ខ្ពស់​បំផុត ព្រះ‌អង្គ​បន្លឺ​ព្រះ​សូរសៀង ព្រម​ទាំង​ព្រឹល និង​រងើក​ភ្លើង។ ព្រះ‌អង្គ​បាញ់​ព្រួញ​របស់​ព្រះ‌អង្គ ទៅ​កម្ចាត់‌កម្ចាយ​គេ ព្រះ‌អង្គ​បាញ់​ផ្លេក​បន្ទោរ​ទៅ​បំបាក់​ពួក‌គេ។ ពេល​នោះ បាត​សមុទ្រ​ក៏​លេច​ឲ្យ​ឃើញ ហើយ​គ្រឹះ​ផែន​ដី​លេច​ចេញ​មក ដោយ​ព្រះ‌អង្គ​បន្ទោស ឱ​ព្រះ‌យេហូវ៉ា​អើយ គឺ​ដោយ​ខ្យល់​គំហុក ចេញ​មក​ពី​ព្រះ‌នាសា​ព្រះ‌អង្គ។ ៙ ព្រះ‌អង្គ​បាន​លូក​ព្រះ‌ហស្ដ​ពី​លើ​ស្ថាន​ដ៏​ខ្ពស់ មក​ចាប់​ខ្ញុំ ព្រះ‌អង្គ​ស្រង់​ខ្ញុំ​ចេញ​ពី​ទឹក​ធំ ព្រះ‌អង្គ​បានរំ​ដោះ​ខ្ញុំ ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ​ដ៏​ខ្លាំង​ពូកែ ហើយ​ពី​អស់​អ្នក​ដែល​ស្អប់​ខ្ញុំ​ដែរ ដ្បិត​គេ​មាន​កម្លាំង​ជាង​ខ្ញុំ។ នៅ​ថ្ងៃ​ដែល​ខ្ញុំ​មាន​ទុក្ខ​វេទនា គេ​នាំ​គ្នា​សង្ខុញ មក​លើ​ខ្ញុំ ប៉ុន្តែ ព្រះ‌យេហូវ៉ា​ជា​ជំនួយ​របស់​ខ្ញុំ។ ព្រះ‌អង្គ​បាន​នាំ​ខ្ញុំ​ចេញ​ទៅ​ឯ​ទី​ធំ​ទូលាយ ព្រះ‌អង្គ​រំ​ដោះ​ខ្ញុំ ដ្បិត​ព្រះ‌អង្គ​រីករាយ​នឹង​ខ្ញុំ។ ៙ ព្រះ‌យេហូវ៉ា​បាន​ប្រទាន​រង្វាន់​ដល់​ខ្ញុំ តាម​សេចក្ដី​សុចរិត​របស់​ខ្ញុំ ព្រះ‌អង្គ​បាន​សងខ្ញុំ តាម​អំពើ​បរិសុទ្ធ​ដែល​ដៃខ្ញុំ​ធ្វើ។ ដ្បិត​ខ្ញុំ​បាន​កាន់​តាម អស់​ទាំង​ផ្លូវ​របស់​ព្រះ‌យេហូវ៉ា ហើយ​មិន​បាន​ថយ​ចេញ​ពី​ព្រះ​នៃ​ខ្ញុំ ដោយ​ប្រព្រឹត្ត​អំពើ​អាក្រក់​ឡើយ។ ដ្បិត​អស់​ទាំង​វិន័យ​របស់​ព្រះ‌អង្គ នៅ​ចំពោះ​មុខ​ខ្ញុំ ហើយ​ខ្ញុំ​មិន​បាន​ងាក​ចេញ​ពី​បញ្ញត្តិ របស់​ព្រះ‌អង្គ​ទេ។ ខ្ញុំ​គ្មាន​សៅ​ហ្មង​នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​ខ្ញុំ​បាន​រក្សា​ខ្លួន​មិន​ឲ្យ​មាន​កំហុស​ឡើយ។ ហេតុ​នេះ ព្រះ‌យេហូវ៉ា​បាន​ប្រទាន​រង្វាន់​ដល់​ខ្ញុំ តាម​អំពើ​សុចរិត​របស់​ខ្ញុំ គឺ​តាម​អំពើ​បរិសុទ្ធ ដែល​ដៃ​ខ្ញុំ​ធ្វើ នៅ​ចំពោះ​ព្រះ‌នេត្រ​ព្រះ‌អង្គ។ ៙ ចំពោះ​អ្នក​ដែល​មាន​ចិត្ត​មេត្តា ព្រះ‌អង្គ​សម្ដែង​អង្គ​ទ្រង់​ជា​អ្នក​មាន​ចិត្ត​មេត្តា ចំពោះ​អ្នក​ដែល​មាន​ចិត្ត​ស្មោះ​ស ព្រះ‌អង្គ​សម្ដែង​អង្គ​ទ្រង់​ជា​អ្នក​មាន​ចិត្ត​ស្មោះ​ស ចំពោះ​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ ព្រះ‌អង្គ​សម្ដែង​អង្គ​ទ្រង់​ជា​អ្នក​បរិសុទ្ធ ហើយ​ចំពោះ​អ្នក​ដែល​មាន​ចិត្ត​វៀច​វេរ ព្រះ‌អង្គ​សម្ដែង​អង្គ​ទ្រង់​ជា​អ្នក​ទាស់​ប្រឆាំង។ ដ្បិត​ព្រះ‌អង្គ​សង្គ្រោះ​មនុស្ស​រាប​សា តែ​មនុស្ស​ឆ្មើង‌ឆ្មៃ ព្រះ‌អង្គ​បន្ទាប​គេ​ចុះ។ ដ្បិត​ព្រះ‌អង្គ​អុជ​ប្រទីប​ទូល‌បង្គំ​ឲ្យភ្លឺ​ឡើង ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ទូល‌បង្គំ ព្រះ‌អង្គ​បំភ្លឺ​សេចក្ដីងងឹត​របស់​ទូល‌បង្គំ។ ដ្បិត​ដោយ​សារ​ព្រះ‌អង្គ ទូល‌បង្គំ​អាច​ប្រហារ​សត្រូវ​ទាំង​កង ហើយ​ដោយ‌សារ​ព្រះ​នៃ​ទូល‌បង្គំ ទូល‌បង្គំ​អាច​លោត រំលង​កំផែង​បាន។ ឯ​ព្រះ ផ្លូវ​របស់​ព្រះ‌អង្គ​គ្រប់​លក្ខណ៍ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​នោះ​ពិត​ហើយ ព្រះ‌អង្គ​ជា​ខែល​ដល់​អស់​អ្នក ដែល​ពឹង​ជ្រក​ក្នុង​ព្រះ‌អង្គ។ ៙ ដ្បិត​បើ​មិន​មែន​ជា​ព្រះ‌យេហូវ៉ា​ទេ តើ​អ្នក​ណា​ជា​ព្រះ? ហើយ​ក្រៅ​ពី​ព្រះ​នៃ​យើង តើ​អ្នក​ណា​ជា​ថ្ម​ដា? គឺ​ជា​ព្រះ​ដែល​ក្រវាត់​ខ្ញុំ​ដោយ​កម្លាំង ហើយ​ធ្វើ​ឲ្យ​ផ្លូវ​របស់​ខ្ញុំ​បាន​គ្រប់​លក្ខណ៍។ ព្រះ‌អង្គ​ធ្វើ​ឲ្យ​ជើង​ខ្ញុំ​បាន​ដូច​ជា​ជើង​ក្តាន់ ហើយ​ដាក់​ខ្ញុំ​ឲ្យ​ឈរ​យ៉ាង​មាំ​នៅ​ទី​ខ្ពស់។ ព្រះ‌អង្គ​បង្ហាត់​ដៃ​ខ្ញុំ​ឲ្យ​ស្ទាត់​ជំនាញ​ក្នុង​ចម្បាំង ហើយ​ឲ្យ​ដៃ​ខ្ញុំ​អាច​យឹត​ធ្នូ​លង្ហិន​បាន។ ព្រះ‌អង្គ​បាន​ប្រទាន​ខែលនៃ​ការ​សង្គ្រោះ របស់​ព្រះ‌អង្គ​មក​ទូល‌បង្គំ ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ​បាន​ទ្រ​ទូល‌បង្គំ ហើយ​ព្រះ‌ហឫ‌ទ័យ​ស្រទន់​របស់​ព្រះ‌អង្គ ធ្វើ​ឲ្យ​ទូល‌បង្គំ​បាន​ជា​ធំ។ ព្រះ‌អង្គ​បាន​ប្រទាន​ឲ្យ​ទូល‌បង្គំ មាន​ផ្លូវ​ធំ​ទូលាយ​សម្រាប់​ជំហាន​ទូល‌បង្គំ ហើយ​ជើង​ទូល‌បង្គំ​មិន​បាន​រអិល​ភ្លាត់​ឡើយ។ ទូល‌បង្គំ​ដេញ​តាម​ពួក​ខ្មាំង​សត្រូវ ហើយ​ក៏​ទាន់​គេ ក៏​មិន​ងាក​បែរ​មក​វិញ​ឡើយ រហូត​ទាល់​តែ​គេ​វិនាស​អស់។ ទូល‌បង្គំ​ចាក់​ទម្លុះ​គេ មិន​ឲ្យ​គេ​ក្រោក​ឡើង​វិញ​បាន​ឡើយ គេ​ដួល​នៅ​ក្រោម​ជើង​ទូល‌បង្គំ។ ដ្បិត​ព្រះ‌អង្គ​បាន​ក្រវាត់​ទូល‌បង្គំ​ដោយ​កម្លាំង សម្រាប់​ចម្បាំង ព្រះ‌អង្គ​បាន​បង្ក្រាប​អស់​អ្នក ដែល​លើក​គ្នា​ទាស់​នឹង​ទូល‌បង្គំ ឲ្យ​រាប​នៅ​ក្រោម​ទូល‌បង្គំ។ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ពួក​ខ្មាំង​សត្រូវ របស់​ទូល‌បង្គំ​ដក​ថយ ហើយ​ទូល‌បង្គំ​បាន​ប្រហារ​អស់​អ្នក ដែល​ស្អប់​ទូល‌បង្គំ។ គេ​បាន​ស្រែក​រក​ជំនួយ តែ​គ្មាន​អ្នក​ណា​ជួយ​គេ​សោះ គេ​ស្រែក​រក​ព្រះ‌យេហូវ៉ា តែ​ព្រះ‌អង្គ​មិន​ឆ្លើយ​តប​នឹង​ពួក‌គេ​ឡើយ។ ទូល‌បង្គំ​បាន​កម្ទេច​គេ​ឲ្យ​ហ្មត់ ដូច​ធូលី​ដី​ដែល​ត្រូវ​ខ្យល់​ផាត់ ទូល‌បង្គំ​បាន​ជាន់​គេ ដូច​ជាន់​ភក់​នៅ​តាម​ផ្លូវ។ ៙ ព្រះ‌អង្គ​បាន​រំដោះ​ទូល‌បង្គំ ឲ្យ​រួច​ពី​ការ​ទាស់‌ទែង​របស់​ប្រជាជន ព្រះ‌អង្គ​បាន​តាំង​ទូល‌បង្គំ​ជា​មេ​ដឹក​នាំ លើ​ជាតិ​សាសន៍​នានា ប្រជាជន​មួយ​ដែល​ទូល‌បង្គំ​មិន​ទាន់​ស្គាល់ បាន​មក​ចុះ​ចូល​នឹង​ទូល‌បង្គំ។ ពេល​គេ​បាន​ឮ​ពី​ទូល‌បង្គំភ្លាម នោះ​គេ​ក៏​ស្តាប់​តាម​ទូល‌បង្គំ ពួក​សាសន៍​ដទៃ​គោរព​ចុះ​ចូល​ចំពោះ​ទូល‌បង្គំ។ ពួក​សាសន៍​ដទៃ​បាក់​ទឹក​ចិត្ត ហើយ​ចេញ​ពី​ជម្រក​របស់​គេ​ទាំង​ភ័យ​ញ័រ។ ៙ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌ជន្ម​រស់​នៅ សូម​សរសើរ​តម្កើង​ព្រះ‌អង្គ ដែល​ជា​ថ្ម​ដា​នៃ​ទូល‌បង្គំ សូម​លើក​តម្កើង​ព្រះ​ដ៏​ជួយ​សង្គ្រោះ​របស់​ទូល‌បង្គំ ជា​ព្រះ​ដែល​សង‌សឹក​ជំនួស​ទូល‌បង្គំ ហើយ​បង្ក្រាប​ប្រជាជន​នានា ឲ្យ​ចុះ​ចូល​នឹង​ទូល‌បង្គំ ព្រះ‌អង្គ​បាន​រំដោះ​ទូល‌បង្គំ ឲ្យ​រួច​ពី​ពួក​ខ្មាំង​សត្រូវ អើ ព្រះ‌អង្គ​បាន​លើក​ទូល‌បង្គំ ឡើង​ខ្ពស់​ជាង​អស់​អ្នក ដែល​លើក​គ្នា​ទាស់​នឹង​ទូល‌បង្គំ ព្រះ‌អង្គ​សង្គ្រោះ​ទូល‌បង្គំ ឲ្យ​រួច​ពី​មនុស្ស​ឃោរ‌ឃៅ។ ៙ ហេតុនេះ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំសរសើរ​ព្រះ‌អង្គ ក្នុង​ចំណោម​ជាតិ​សាសន៍​នានា ទូល‌បង្គំ​នឹង​ច្រៀង​សរសើរ​ព្រះ‌នាម​ព្រះ‌អង្គ។ ព្រះ‌អង្គ​ប្រទាន​ជ័យ​ជម្នះ​យ៉ាង​ធំ​ដល់​ស្តេច ដែល​ព្រះ‌អង្គ​បាន​តែង​តាំង ក៏​សម្ដែង​ព្រះ‌ហឫ‌ទ័យ​សប្បុរស ដល់​អ្នក​ដែល​ព្រះ‌អង្គ​បាន​ចាក់ប្រេង​តាំង គឺ​ដល់​ដាវីឌ និង​ពូជ‌ពង្ស​តរៀង​ទៅ។

ទំនុកតម្កើង 18:1-50 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​ស្រឡាញ់​ព្រះអង្គ ព្រោះ​ព្រះអង្គ​ជា​កម្លាំង​របស់​ទូលបង្គំ! ព្រះ‌អម្ចាស់​ជា​ថ្ម‌ដា​ការពារ​ទូលបង្គំ ជា​បន្ទាយ​ដ៏​រឹង‌មាំ​របស់​ទូលបង្គំ ជា​ព្រះ​ដែល​ជួយ​រំដោះ​ទូលបង្គំ ព្រះអង្គ​ជា​ព្រះ​នៃ​ទូលបង្គំ ជា​ថ្ម‌ដា​សម្រាប់​ទូលបង្គំ​ពឹង​ជ្រក ព្រះអង្គ​ជា​ខែល ជា​កម្លាំង​ដែល​សង្គ្រោះ​ទូលបង្គំ និង​ជា​ជម្រក​ដ៏​មាំ‌មួន​របស់​ទូលបង្គំ។ ពេល​ខ្ញុំ​ស្រែក​រក​ព្រះអង្គ ព្រះអង្គ​សង្គ្រោះ​ខ្ញុំ​ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ​របស់​ខ្ញុំ សូម​លើក​តម្កើង​ព្រះ‌អម្ចាស់!។ សេចក្ដី​ស្លាប់​រួប​រឹត​ខ្ញុំ រីឯ​សេចក្ដី​វិនាស​អន្តរាយ ធ្លាក់​មក​លើ​ខ្ញុំ ដូច​ទឹក​ហូរ​មក​យ៉ាង​ខ្លាំង។ សេចក្ដី​ស្លាប់​នៅ​ព័ទ្ធ​ជុំ‌វិញ​ខ្ញុំ ដូច​ជា​សំណាញ់​ដែល​គេ​បោះ​មក​លើ​ខ្ញុំ។ នៅ​ពេល​មាន​ទុក្ខ​វេទនា ខ្ញុំ​អង្វរ​រក​ព្រះ‌អម្ចាស់ ខ្ញុំ​ស្រែក​ហៅ​រក​ព្រះ​របស់​ខ្ញុំ ពី​ក្នុង​ព្រះ‌វិហារ​របស់​ព្រះអង្គ ទ្រង់​ព្រះ‌សណ្ដាប់​ឮ​សំឡេង​ខ្ញុំ ហើយ​ស្នូរ​សម្រែក​របស់​ខ្ញុំ​បាន​ឮ​ទៅ​ដល់ ព្រះ‌កាណ៌​របស់​ព្រះអង្គ។ ពេល​នោះ ផែនដី​ក៏​កក្រើក​ញាប់‌ញ័រ ភ្នំ​ទាំង‌ឡាយ​ត្រូវ​រង្គើ​រហូត​ដល់​គ្រឹះ​របស់​វា ហើយ​កក្រើក ដោយ‌សារ​ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ។ មាន​ផ្សែង​ហុយ​ចេញ​មក​ពី​ព្រះ‌នាសា​របស់​ព្រះអង្គ ព្រះអង្គ​ផ្លុំ​ភ្លើង​ដែល​ឆាប‌ឆេះ​ចេញ​មក ហើយ​ក៏​មាន​រងើក​ភ្លើង​ខ្ទាត​ចេញ​មក ពី​ព្រះ‌ឱស្ឋ​របស់​ព្រះអង្គ​ដែរ។ ព្រះអង្គ​បាន​ផ្អៀង​ផ្ទៃ​មេឃ ទ្រង់​យាង​ចុះ​មក ដោយ​មាន​ពពក​យ៉ាង​ក្រាស់ នៅ​ពី​ក្រោម​ព្រះ‌បាទា​ផង។ ព្រះអង្គ​យាង​គង់​លើ​ចេរូប៊ីន* ហើយ​ហោះ​មក ព្រះអង្គ​គង់​នៅ​លើ​វាយោ ដូច​គង់​នៅ​លើ​ស្លាប​បក្សី។ ព្រះអង្គ​យក​ភាព​ងងឹត​ធ្វើ​ជា​កន្លែង​ពួន ហើយ​យក​ពពក​ខ្មៅ​ក្រាស់​ពេញ​ទៅ​ដោយ​ទឹក ធ្វើ​ជា​ព្រះ‌ពន្លា។ មាន​ផ្លេក​បន្ទោរ​ចេញ​មក​ពី​ពពក ភ្លឺ​នៅ​ខាង​មុខ​ព្រះអង្គ ហើយ​មាន​ព្រឹល និង​រងើក​ភ្លើង​ធ្លាក់​ចុះ​មក។ ព្រះ‌អម្ចាស់ធ្វើ​ឲ្យ​មាន​ស្នូរ​ផ្គរ‌លាន់​នៅ​លើ​មេឃ ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​បន្លឺ​ព្រះ‌សូរសៀង ។ ព្រះអង្គ​បាញ់​ព្រួញ​របស់​ព្រះអង្គ​ទៅ​លើ​ខ្មាំង​សត្រូវ ដើម្បី​កម្ចាត់‌កម្ចាយ​ពួក​គេ។ ព្រះអង្គ​បាញ់​ផ្លេក​បន្ទោរ ធ្វើ​ឲ្យ​ពួក​គេ​បាក់​ទ័ព។ ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌បន្ទូល​គំរាម​របស់​ព្រះអង្គ និង​ខ្យល់​ព្យុះ ដែល​បក់​ចេញ​មក​ពី​ព្រះ‌នាសា​របស់​ព្រះអង្គ បាន​ធ្វើ​ឲ្យ​បាត​សមុទ្រ​លេច​ចេញ​មក ហើយ​គ្រឹះ​របស់​ផែនដី​ក៏​លេច​មក​ដែរ។ ព្រះអង្គ​បាន​លាត​ព្រះ‌ហស្ដ​ពី​ស្ថាន​លើ​មក​រក​ខ្ញុំ ព្រះអង្គ​ស្រង់​ខ្ញុំ​ចេញ​ឲ្យ​ផុត​ពី​ទឹក​សមុទ្រ ព្រះអង្គ​បាន​រំដោះ​ខ្ញុំ​ឲ្យ​រួច​ផុត​ពី ខ្មាំង​សត្រូវ​ដ៏​ខ្លាំង​ពូកែ ហើយ​ឲ្យ​ខ្ញុំ​រួច​ផុត​ពី​អស់​អ្នក​ដែល​ស្អប់​ខ្ញុំ ព្រម​ទាំង​អស់​អ្នក​ដែល​មាន​កម្លាំង ខ្លាំង​ជាង​ខ្ញុំ​ផង។ នៅ​ពេល​ខ្ញុំ​មាន​ទុក្ខ​វេទនា អ្នក​ទាំង​នោះ​នាំ​គ្នា​មក​វាយ​ប្រហារ​ខ្ញុំ ក៏​ប៉ុន្តែ ព្រះ‌អម្ចាស់​ធ្វើ​ជា​បង្អែក​របស់​ខ្ញុំ។ ព្រះអង្គ​បាន​នាំ​ខ្ញុំ​ចេញ​ឲ្យ​ផុត​ពី​គ្រោះ​ថ្នាក់ ព្រះអង្គ​រំដោះ​ខ្ញុំ មក​ពី​ព្រះអង្គ​ស្រឡាញ់​ខ្ញុំ។ ព្រះ‌អម្ចាស់​បាន​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ ស្រប​តាម​សេចក្ដី​សុចរិត​របស់​ខ្ញុំ ព្រះអង្គ​តប​ស្នង​មក​ខ្ញុំ​វិញ ស្រប​តាម​អំពើ​បរិសុទ្ធ​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត​ដែរ ដ្បិត​ខ្ញុំ​បាន​ប្រតិបត្តិ​តាម​មាគ៌ា​របស់​ព្រះ‌អម្ចាស់ ហើយ​ខ្ញុំ​មិន​បាន​ឃ្លាត​ចេញ​ពី​ព្រះ​របស់​ខ្ញុំ ដោយ​ប្រព្រឹត្ត​អំពើ​អាក្រក់​នោះ​ឡើយ។ ខ្ញុំ​បាន​ប្រព្រឹត្ត​តាម​វិន័យ​ទាំង​ប៉ុន្មាន របស់​ព្រះអង្គ ខ្ញុំ​មិន​បាន​បំពាន​លើ​បញ្ញត្តិ របស់​ព្រះអង្គ​ទេ។ ព្រះអង្គ​ជ្រាប​ថា​ខ្ញុំ​គ្មាន​សៅ‌ហ្មង ហើយ​ខ្ញុំ​បាន​ប្រយ័ត្ន​ខ្លួន មិន​ឲ្យ​មាន​កំហុស​ឡើយ។ ព្រះ‌អម្ចាស់​ប្រោស‌ប្រណី​ដល់​ខ្ញុំ ស្រប​តាម​អំពើ​សុចរិត​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត ព្រោះ​ព្រះអង្គ​ឈ្វេង​យល់​ថា ខ្ញុំ​ប្រព្រឹត្តអំពើ​បរិសុទ្ធ។ ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​សម្តែង​ព្រះ‌ហឫទ័យ​ស្មោះ​ត្រង់​ចំពោះ​អ្នក ដែល​មាន​ចិត្ត​ស្មោះ​ត្រង់ ព្រះអង្គ​សម្តែង​ព្រះ‌ហឫទ័យ​ស្មោះ‌សរ ចំពោះ​អ្នក​ដែល​មាន​ចិត្ត​ស្មោះ‌សរ។ ចំពោះ​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ ព្រះអង្គ​ក៏​សម្តែង​ថា ព្រះអង្គ​បរិសុទ្ធ​ដែរ ចំពោះ​អ្នក​ដែល​មាន​ចិត្ត​វៀច‌វេរ​វិញ ព្រះអង្គ​សម្តែង​ថា​ព្រះអង្គ​ឈ្លាស‌វៃ ដ្បិត​ព្រះអង្គ​ហើយ​ដែល​សង្គ្រោះ​មនុស្ស​ទន់‌ទាប និង​បន្ទាប​អស់​អ្នក​ដែល​មាន​ចិត្ត​ឆ្មើង‌ឆ្មៃ។ ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ ព្រះអង្គ​ជា​ពន្លឺ​របស់​ទូលបង្គំ ហើយ​ព្រះអង្គ​ក៏​បំភ្លឺ​សេចក្ដី​ងងឹត របស់​ទូលបង្គំ​ដែរ។ ព្រះអង្គ​ប្រទាន​កម្លាំង​ឲ្យ​ទូលបង្គំ វាយ​លុក​ខ្មាំង​សត្រូវ និង​ឲ្យ​ទូលបង្គំ​អាច​លោត​រំលង​កំពែង ក្រុង​របស់​ពួក​គេ។ មាគ៌ា​របស់​ព្រះ‌ជាម្ចាស់​សុទ្ធ​តែ​ល្អ​ឥត​ខ្ចោះ ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អម្ចាស់​ពិត​ទាំង​ស្រុង ព្រះអង្គ​ជា​ខែល​ការពារ​អស់​អ្នក ដែល​មក​ជ្រក​កោន​ជា​មួយ​ព្រះអង្គ។ មាន​តែ​ព្រះ‌អម្ចាស់​មួយ​គត់ ដែល​ពិត​ជា​ព្រះ‌ជាម្ចាស់ មាន​តែ​ព្រះ​របស់​យើង​មួយ​ព្រះអង្គ​ប៉ុណ្ណោះ ដែល​ពិត​ជា​ថ្ម‌ដា​សម្រាប់​ឲ្យ​យើង​ជ្រក​កោន។ ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​ខ្ញុំ​មាន​កម្លាំង និង​ប្រទាន​ឲ្យ​មាគ៌ា​របស់​ខ្ញុំ​បាន​ល្អ​ឥត​ខ្ចោះ។ ព្រះអង្គ​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ រត់​លឿន​ដូច​សត្វ​ក្ដាន់ ហើយ​ឲ្យ​ខ្ញុំ​អាច​ឈរ​នៅ​ទី​ខ្ពស់។ ព្រះអង្គ​បង្ហាត់​ខ្ញុំ​ឲ្យ​ស្ទាត់​ជំនាញ​ខាង​ធ្វើ​សឹក និង​ឲ្យ​ខ្ញុំ​មាន​កម្លាំង​យឹត​ធ្នូ​លង្ហិន​បាន។ ឱ​ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ការពារ និង​សង្គ្រោះ​ទូលបង្គំ ព្រះអង្គ​គាំទ្រ​ទូលបង្គំ ដោយ​ឫទ្ធិ‌បារមី​របស់​ព្រះអង្គ ហើយ​ព្រះអង្គ​លើក​ទូលបង្គំ​ឡើង ដោយ​ព្រះ‌ហឫទ័យ​មេត្តា។ ព្រះអង្គ​ការពារ​ទូលបង្គំ មិន​ឲ្យ​ខ្មាំង​សត្រូវ​ដេញ​ទាន់ មិន​ឲ្យ​ទូលបង្គំ​ភ្លាត់​ជើង​ដួល​ឡើយ។ ទូលបង្គំ​ដេញ​តាម​ពួក​ខ្មាំង​សត្រូវ និង​ចាប់​ពួក​គេ​បាន ហើយ​ទូលបង្គំ​មិន​ត្រឡប់​មក​វិញ​ទេ ដរាប​ទាល់​តែ​បាន​កម្ទេច​ពួក​គេ​អស់។ ទូលបង្គំ​កាប់​សម្លាប់​ពួក​គេ មិន​ឲ្យ​ពួក​គេ​ក្រោក​ឡើង​វិញ​បាន​ឡើយ ពួក​គេ​ដួល​ស្លាប់​នៅ​នឹង​ជើង​របស់​ទូលបង្គំ។ ព្រះអង្គ​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​កម្លាំង នឹង​ធ្វើ​សឹក និង​មាន​ជ័យ‌ជម្នះ​លើ​ខ្មាំង​សត្រូវ។ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ពួក​គេ​បាក់​ទ័ព រត់​នៅ​មុខ​ទូលបង្គំ ហើយ​ទូលបង្គំ​បាន​ធ្វើ​ឲ្យ​អស់​អ្នក ដែល​ស្អប់​ទូលបង្គំ​វិនាស​សូន្យ​អស់​ទៅ។ គេ​នាំ​គ្នា​ស្រែក​រក​ជំនួយ តែ​គ្មាន​នរណា​ជួយ​ពួក​គេ​សោះ គេ​ស្រែក​ហៅ​ព្រះ‌អម្ចាស់ តែ​ព្រះអង្គ​មិន​ឆ្លើយ​តប​នឹង​ពួក​គេ​ឡើយ។ ទូលបង្គំ​បាន​កម្ទេច​ពួក​គេ​ឲ្យ​ហ្មត់ ដូច​ធូលី​ដី​ដែល​ត្រូវ​ខ្យល់​ផាត់ ទូលបង្គំ​បាន​បោស​ពួក​គេ ដូច​ភក់​ជ្រាំ​នៅ​តាម​ផ្លូវ។ ព្រះអង្គ​បាន​រំដោះ​ទូលបង្គំ​ឲ្យ​រួច ពី​ការ​បះ‌បោរ​របស់​ប្រជា‌ជន ហើយ​តែង‌តាំង​ទូលបង្គំ ឲ្យ​ធ្វើ​ជា​អ្នក​ដឹក​នាំ​ប្រជា‌ជាតិ​នានា ប្រជា‌ជន​មួយ​ដែល​ទូលបង្គំ​មិន​ស្គាល់ បាន​មក​ចុះ​ចូល​នឹង​ទូលបង្គំ។ ជន​បរទេស​នាំ​គ្នា​ស្ដាប់​បង្គាប់​ទូលបង្គំ ហើយ​ពេល​ទូលបង្គំ​និយាយ​តែ​មួយ​ម៉ាត់ គេ​ក៏​ធ្វើ​តាម​ភ្លាម។ ជន​បរទេស​បាក់​ទឹក​ចិត្ត ហើយ​ចេញ​ពី​ទី​ជម្រក​របស់​គេ​មក ទាំង​ភ័យ​ញាប់‌ញ័រ។ ជយោ​ព្រះ‌អម្ចាស់! សូម​សរសើរ​តម្កើង​ព្រះអង្គ ដែល​ជា​ថ្ម‌ដា​របស់​ទូលបង្គំ! សូម​លើក​តម្កើង​ព្រះ‌ជាម្ចាស់ ដែល​បាន​សង្គ្រោះ​ទូលបង្គំ! ដ្បិត​ព្រះអង្គ​បាន​ឲ្យ​ទូលបង្គំ មាន​ជ័យ‌ជម្នះ​លើ​ខ្មាំង​សត្រូវ ព្រះអង្គ​បាន​បង្ក្រាប​ប្រជា‌ជន​នានា ឲ្យ​មក​ចុះ​ចូល​នឹង​ទូលបង្គំ ហើយ​ព្រះអង្គ​បាន​ប្រោស​ទូលបង្គំ ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ!។ ព្រះអង្គ​បាន​លើក​ទូលបង្គំ​ឡើង​ខ្ពស់ ជាង​បច្ចា‌មិត្ត​របស់​ទូលបង្គំ និង​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ផុត​ពី មនុស្ស​ឃោរ‌ឃៅ។ ហេតុ​នេះ​ហើយ​បាន​ជា​ទូលបង្គំ​សរសើរ តម្កើង​ព្រះអង្គ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា ឱ​ព្រះ‌អម្ចាស់​អើយ! ទូលបង្គំ​នឹង​ច្រៀង​លើក​តម្កើង​ព្រះ‌នាម របស់​ព្រះអង្គ។ ព្រះអង្គ​បាន​ធ្វើ​ការ​អស្ចារ្យ ដើម្បី​សង្គ្រោះ​ស្ដេច​ដែល​ព្រះអង្គ​បាន​តែង‌តាំង ព្រះអង្គ​បាន​សម្តែង​ព្រះ‌ហឫទ័យ​ស្មោះ‌ត្រង់ ចំពោះ​ស្ដេច​ដែល​ព្រះអង្គ​បាន​ចាក់​ប្រេង​អភិ‌សេក គឺ​ចំពោះ​ស្ដេច​ដាវីឌ និង​ពូជ‌ពង្ស​រៀង​រហូត​ត​ទៅ។

ទំនុកតម្កើង 18:1-50 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​ព្រះ‌យេហូវ៉ា​ដ៏​ជា​កំឡាំង​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​ស្រឡាញ់​ទ្រង់ ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ថ្មដា ជា​បន្ទាយ ហើយ​ជា​អ្នក​ជួយ​សង្គ្រោះ​របស់​ទូលបង្គំ គឺ​ជា​ព្រះ​នៃ​ទូលបង្គំ ជា​ថ្មដា​ដែល​ទូលបង្គំ​យក​ជា​ទី​ពឹង ក៏​ជា​ខែល ជា​ស្នែង​នៃ​សេចក្ដី​សង្គ្រោះ​របស់​ទូលបង្គំ ហើយ​ជា​ប៉ម​យ៉ាង​ខ្ពស់​ផង ទូលបង្គំ​នឹង​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​គួរ​សរសើរ យ៉ាង​នោះ​ទូលបង្គំ​នឹង​បាន​សង្គ្រោះ រួច​ពី​ពួក​សត្រូវ​របស់​ទូលបង្គំ។ ៙ ឯ​ចំណង​នៃ​សេចក្ដី​ស្លាប់​បាន​រុំ​ជុំវិញ​ទូលបង្គំ ហើយ​ជំនន់​នៃ​សេចក្ដី​ទុច្ចរិត​បាន​បំភ័យ​ទូលបង្គំ ចំណង​នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ក៏​រួប​ជុំវិញ​ទូលបង្គំ អន្ទាក់​នៃ​សេចក្ដី​ស្លាប់​បាន​ទាក់​ទូលបង្គំ ក្នុង​គ្រា​ដែល​ទូលបង្គំ​មាន​សេចក្ដី​វេទនា នោះ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ទូលបង្គំ​បាន​ស្រែក​ទូល​ដល់​ព្រះ​នៃ​ទូលបង្គំ ទ្រង់​ក៏​ឮ​សំឡេង​ទូលបង្គំ ពី​ក្នុង​ព្រះ‌វិហារ​ទ្រង់ ហើយ​សំរែក​ដែល​ទូលបង្គំ​ស្រែក នៅ​ចំពោះ​ទ្រង់ ក៏​ឮ​ដល់​ព្រះ‌កាណ៌​ទ្រង់ នោះ​ផែនដី​បាន​កក្រើក ឫស​ភ្នំ​ទាំង​ប៉ុន្មាន​ក៏​ញ័រ​រញ្ជួយ ហើយ​រំពើក​ឡើង ពី​ព្រោះ​ទ្រង់​មាន​សេចក្ដី​ក្រោធ មាន​ផ្សែង​ហុយ​ចេញ​ពី​ព្រះ‌នាសា​ទ្រង់ ហើយ​មាន​ភ្លើង​ចេញ​ពី​ព្រះ‌ឱស្ឋ​ទ្រង់​មក​បញ្ឆេះ​បំផ្លាញ ក៏​កាត់​ឡើង​ជា​រងើក​ដែរ ទ្រង់​បាន​បន្ទាប​ផ្ទៃ​មេឃ ហើយ​យាង​ចុះ​មក មាន​ងងឹត​យ៉ាង​ក្រាស់ នៅ​ក្រោម​ព្រះ‌បាទ​ទ្រង់ ទ្រង់​គង់​លើ​ចេរូប៊ីន​ហោះ​មក អើ ទ្រង់​ក៏​សំកាំង​នៅ​លើ​ខ្យល់ ទ្រង់​បាន​យក​សេចក្ដី​ងងឹត​ធ្វើ​ជា​ទី​បាំង​អង្គ​ទ្រង់ ជា​ពន្លា​នៅ​ព័ទ្ធ​ជុំវិញ គឺ​ជា​ទី​ងងឹត​នៃ​ទឹក ជា​ពពក​យ៉ាង​ក្រាស់​នៅ​លើ​មេឃ ពពក​យ៉ាង​ក្រាស់​របស់​ទ្រង់​ក៏​រសាត់​ចេញ ដោយ​រស្មី​នៅ​ចំពោះ​ទ្រង់ ព្រម​ទាំង​ព្រឹល នឹង​រងើក​ភ្លើង​ផង ព្រះ‌យេហូវ៉ា​ទ្រង់​បញ្ចេញ​ជា​ផ្គរ​នៅ​លើ​មេឃ ព្រះ​ដ៏​ខ្ពស់​បំផុត ទ្រង់​បញ្ចេញ​ព្រះ​សូរ‌សៀង ព្រម​ទាំង​ព្រឹល នឹង​រងើក​ភ្លើង​ផង ក៏​បាញ់​ព្រួញ​នៃ​ទ្រង់​ទៅ​កំចាត់‌កំចាយ​គេ នឹង​រន្ទះ​ជា​ច្រើន ទៅ​បំបាក់​ពួក​គេ នោះ​បាត​ផ្លូវ​ទឹក​ក៏​លេច​ឡើង ហើយ​ឫស​លោកីយ​បាន​បើក​ឲ្យ​ឃើញ ដោយ​ទ្រង់​បន្ទោស ឱ​ព្រះ‌យេហូវ៉ា​អើយ គឺ​ដោយ​ឮ​សូរ​ខ្យល់​គំហុក ចេញ​ពី​ព្រះ‌នាសា​ទ្រង់ ទ្រង់​បាន​ចាត់​ពី​លើ​ស្ថាន​ដ៏​ខ្ពស់​មក ចាប់​ស្រង់​ទូលបង្គំ​ចេញ​ពី​ទឹក​ធំ ទ្រង់​បាន​ដោះ​ទូលបង្គំ​ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ​ដ៏​ខ្លាំង​ពូកែ ហើយ​ពី​អស់​អ្នក​ដែល​ស្អប់​ទូលបង្គំ​ដែរ ដ្បិត​គេ​មាន​កំឡាំង​ជាង​ទូលបង្គំ នៅ​ថ្ងៃ​ដែល​ទូលបង្គំ​ត្រូវ​វេទនា នោះ​គេ​បាន​សង្ខុញ មក​លើ​ទូលបង្គំ ប៉ុន្តែ​ព្រះ‌យេហូវ៉ា ទ្រង់​ជា​ជន្ទល់​នៃ​ទូលបង្គំ ទ្រង់​បាន​នាំ​ទូលបង្គំ​ចេញ​ទៅ​នៅ​ឯ​ទី​ធំ​ទូលាយ ទ្រង់​បាន​ដោះ​ទូលបង្គំ​ឲ្យ​រួច ដ្បិត​ទ្រង់​ស្រឡាញ់ ដល់​ទូលបង្គំ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រទាន​រង្វាន់​មក តាម​សេចក្ដី​សុចរិត​របស់​ទូលបង្គំ ទ្រង់​បាន​សង​ទូលបង្គំ តាម​សេចក្ដី​បរិសុទ្ធ​នៃ​ដៃ​ទូលបង្គំ ដ្បិត​ទូលបង្គំ​បាន​កាន់​តាម​អស់​ទាំង​ផ្លូវ​របស់​ព្រះ‌យេហូវ៉ា ហើយ​មិន​បាន​ថយ​ចេញ​ពី​ព្រះ​នៃ​ទូលបង្គំ ដោយ​ប្រព្រឹត្ត​សេចក្ដី​អាក្រក់​ឡើយ ពី​ព្រោះ​គ្រប់​ទាំង​ច្បាប់​របស់​ទ្រង់​ក៏​នៅ​ចំពោះ​មុខ​ទូលបង្គំ ហើយ​ទូលបង្គំ​មិន​បាន​ងាក​ចេញ​ពី​ក្រិត្យ​ណា​មួយ របស់​ទ្រង់​ឡើយ ទូលបង្គំ​បាន​គ្រប់​លក្ខណ៍​នៅ​ចំពោះ​ទ្រង់ ហើយ​បាន​រក្សា​ខ្លួន​ឲ្យ​រួច​ពី​សេចក្ដី​ទុច្ចរិត​របស់​ទូលបង្គំ ហេតុ​នោះ ព្រះ‌យេហូវ៉ា ទ្រង់​ប្រទាន​រង្វាន់​មក​ទូលបង្គំ តាម​សេចក្ដី​សុចរិត​របស់​ទូលបង្គំ គឺ​តាម​សេចក្ដី​បរិសុទ្ធ នៃ​ដៃ​ទូលបង្គំ នៅ​ចំពោះ​ព្រះ‌នេត្រ​ទ្រង់ នៅ​ចំពោះ​អ្នក​មាន​ចិត្ត​មេត្តា នោះ​ទ្រង់​នឹង​សំដែង​អង្គ ទ្រង់​ជា​អ្នក​មាន​ចិត្ត​មេត្តា​ដែរ នៅ​ចំពោះ​មនុស្ស​គ្រប់​លក្ខណ៍ នោះ​ទ្រង់​នឹង​សំដែង អង្គ​ទ្រង់​ជា​អ្នក​គ្រប់​លក្ខណ៍ នៅ​ចំពោះ​អ្នក​បរិសុទ្ធ នោះ​ទ្រង់​នឹង​សំដែង​អង្គ​ទ្រង់​ជា អ្នក​បរិសុទ្ធ​ដូច​គ្នា ហើយ​នៅ​ចំពោះ​មនុស្ស​ក្រវិច‌ក្រវៀន នោះ​ទ្រង់​នឹង សំដែង​អង្គ​ទ្រង់​ជា​អ្នក​ប្រទាំង​នឹង​គេ​វិញ ដ្បិត​ទ្រង់​នឹង​ជួយ​សង្គ្រោះ​មនុស្ស​ដែល​រង​វេទនា តែ​ឯ​មនុស្ស​ឆ្មើង‌ឆ្មៃ នោះ​ទ្រង់​នឹង​បន្ទាប​គេ​ចុះ​វិញ ដ្បិត​ទ្រង់​នឹង​អុជ​ប្រទីប​របស់​ទូលបង្គំ ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​នៃ​ទូលបង្គំ ទ្រង់​នឹង​ធ្វើ​ឲ្យ​សេចក្ដី ងងឹត​នៃ​ទូលបង្គំ​ភ្លឺ​ឡើង ពី​ព្រោះ​ដោយ​ពឹង​ទ្រង់ នោះ​ទូលបង្គំ​នឹង​រត់​ចូល​ទៅ ត​នឹង​កង‌ទ័ព ហើយ​ដោយ‌សារ​ព្រះ​នៃ​ទូលបង្គំ នោះ​ទូលបង្គំ​នឹង​លោត រំលង​កំផែង​បាន ឯ​ព្រះ ផ្លូវ​នៃ​ទ្រង់​គ្រប់​លក្ខណ៍ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​សាក​មើល​ហើយ ទ្រង់​ជា​ខែល​ដល់​អស់​អ្នក​ណា​ដែល​ពឹង​ជ្រក​ក្នុង​ទ្រង់ ដ្បិត​តើ​អ្នក​ណា​ជា​ព្រះ បើ​មិន​មែន​ជា​ព្រះ‌យេហូវ៉ា​ទេ ហើយ​ក្រៅ​ពី​ព្រះ​នៃ​យើង​ខ្ញុំ នោះ​តើ​អ្នក​ណា​ជា​ថ្មដា គឺ​ជា​ព្រះ​ដែល​ក្រវាត់​ទូលបង្គំ​ដោយ​កំឡាំង ហើយ​ក៏​ធ្វើ​ឲ្យ​ផ្លូវ​ទូលបង្គំ​បាន​គ្រប់​លក្ខណ៍​ដែរ ទ្រង់​ធ្វើ​ឲ្យ​ជើង​ទូលបង្គំ​បាន​ដូច​ជា​ជើង​ក្តាន់ ក៏​ដាក់​ទូលបង្គំ​ឲ្យ​ឈរ នៅ​កន្លែង​ខ្ពស់​របស់​ទូលបង្គំ ទ្រង់​បង្ហាត់​ដៃ​ទូលបង្គំ​ឲ្យ​ស្ទាត់​ច្បាំង ឲ្យ​ដៃ​ទូលបង្គំ​អាច​ដំឡើង​ធ្នូ​លង្ហិន​បាន។ ៙ ទ្រង់​បាន​ប្រទាន​ខែល ជា​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់​មក​ទូលបង្គំ ព្រះ‌ហស្ត​ស្តាំ​ទ្រង់​បាន​ទប់‌ទល់​ទូលបង្គំ ហើយ​សេចក្ដី​ស្រទន់​របស់​ទ្រង់​ក៏​ធ្វើ​ឲ្យ​ទូលបង្គំ​បាន​ជា​ធំ ទ្រង់​បាន​ធ្វើ​ឲ្យ​ជំហាន​ទូលបង្គំ​បាន​ទូលាយ​ចេញ​ទៅ ហើយ​ជើង​ទូលបង្គំ​មិន​បាន​រឥល​ភ្លាត់​ឡើយ ទូលបង្គំ​នឹង​ដេញ​តាម​ពួក​ខ្មាំង​សត្រូវ​ឲ្យ​ទាន់ ក៏​មិន​ងាក​បែរ​មក​វិញ ដរាប​ដល់​គេ​វិនាស​បង់​អស់​រលីង ទូលបង្គំ​នឹង​ចាក់​ទំលុះ​គេ ឲ្យ​គេ​ក្រោក​ឡើង​វិញ​មិន​រួច គេ​នឹង​ដួល​នៅ​ក្រោម​ជើង​ទូលបង្គំ ដ្បិត​ទ្រង់​បាន​ក្រវាត់​ទូលបង្គំ ដោយ​កំឡាំង សំរាប់​ធ្វើ​ចំបាំង ទ្រង់​បាន​បង្ក្រាប​ពួក​អ្នក​ដែល​លើក​គ្នា​ទាស់​នឹង​ទូលបង្គំ ឲ្យ​គេ​នៅ​ក្រោម​ទូលបង្គំ​វិញ ទ្រង់​បាន​ធ្វើ​ឲ្យ​ពួក​ខ្មាំង​សត្រូវ​បែរ​ខ្នង​នៅ​មុខ​ទូលបង្គំ ដើម្បី​ឲ្យ​ទូលបង្គំ​បាន​ប្រហារ​អស់​អ្នក​ដែល​ស្អប់​ទូលបង្គំ គេ​បាន​ស្រែក​ឡើង តែ​គ្មាន​អ្នក​ណា​ជួយ​សោះ ក៏​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា តែ​ទ្រង់​មិន​ឆ្លើយ​មក​ឡើយ ទូលបង្គំ​បាន​វាយ​គេ​កំទេច​ឲ្យ​ល្អិត ដូច​ផង់​ធូលី​ដែល​ផាត់​ដោយ​ខ្យល់ ទូលបង្គំ​បាន​បោះ​គេ​ចោល​ចេញ​ដូច​ជា​ភក់​ពី​ផ្លូវ ទ្រង់​បាន​ជួយ​ទូលបង្គំ ឲ្យ​រួច​ពី​សេចក្ដី​ទាស់‌ទែង​នៃ​ប្រជា‌ជន ទ្រង់​បាន​តាំង​ទូលបង្គំ​ឡើង ជា​កំពូល​លើ​អស់​ទាំង​នគរ សាសន៍​១​ដែល​ទូលបង្គំ​មិន​ទាន់​ស្គាល់ នឹង​មក​គោរព​ប្រតិ‌បត្តិ​ដល់​ទូលបង្គំ វេលា​ណា​ដែល​បាន​ឮ​និយាយ​ពី​ទូលបង្គំ នោះ​គេ​នឹង​ស្តាប់​តាម​ភ្លាម ពួក​សាសន៍​ដទៃ​នឹង​គោរព​ចុះ​ចូល​ចំពោះ​ទូលបង្គំ ពួក​សាសន៍​ដទៃ​នឹង​ត្រូវ​ស្រពោន​បាត់​ទៅ ហើយ​នឹង​ចេញ​ពី​ទី​សំងាត់​របស់​ខ្លួន ដោយ​ភ័យ​ញ័រ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​នៅ សូម​សរសើរ​ដល់​ថ្មដា​នៃ​ទូលបង្គំ ក៏​សូម​ឲ្យ​ព្រះ​ដ៏​ជួយ​សង្គ្រោះ​របស់​ទូលបង្គំ បាន​ថ្កើង​ឡើង គឺ​ជា​ព្រះ​ដ៏​ជួយ​សង‌សឹក​ជំនួស​ទូលបង្គំ ហើយ​បង្ក្រាប​អស់​ទាំង​សាសន៍​ឲ្យ​បាន​ចំណុះ​ទូលបង្គំ​ដែរ ទ្រង់​បាន​ជួយ​ទូលបង្គំ ឲ្យ​រួច​ពី​ពួក​ខ្មាំង​សត្រូវ អើ ទ្រង់​បាន​លើក​ទូលបង្គំ​ឡើង ខ្ពស់​ជាង​ពួក​អ្នក ដែល​លើក​គ្នា​ទាស់​នឹង​ទូលបង្គំ​ទៅ​ទៀត ទ្រង់​ក៏​ជួយ​សង្គ្រោះ​ទូលបង្គំ ឲ្យ​រួច​ពី​មនុស្ស​ច្រឡោត​ផង ហេតុ​នោះ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​នឹង​អរ​ព្រះ‌គុណ​ដល់​ទ្រង់ នៅ​កណ្តាល អស់​ទាំង​សាសន៍​ដទៃ ហើយ​នឹង​ច្រៀង​សរសើរ​ដល់​ព្រះ‌នាម​ទ្រង់ ទ្រង់​ប្រោស​សេចក្ដី​សង្គ្រោះ​យ៉ាង​ធំ​ដល់​ស្តេច​របស់​ទ្រង់ ក៏​សំដែង​សេចក្ដី​សប្បុរស ដល់​អ្នក​ដែល​ទ្រង់​បាន​ចាក់ ប្រេង​តាំង​ឲ្យ គឺ​ដល់​ដាវីឌ នឹង​ពូជ‌ពង្ស​ត​រៀង​ទៅ។

ទំនុកតម្កើង 18:1-50

ទំនុកតម្កើង 18:1-50 គខបទំនុកតម្កើង 18:1-50 គខបទំនុកតម្កើង 18:1-50 គខបទំនុកតម្កើង 18:1-50 គខប