ទំនុកតម្កើង 150:1-6

ទំនុកតម្កើង 150:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ចូរ​សរសើរ​តម្កើង​ព្រះ‌យេហូវ៉ា ! ចូរ​សរសើរ​តម្កើង​ព្រះ នៅ​ក្នុង​ទី​បរិសុទ្ធ​របស់​ព្រះ‌អង្គ ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គនៅ​ក្នុង​លំហ​អាកាស ជា​ទី​សម្ដែង​ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គ! ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ ដោយ​ព្រោះ​ស្នា​ព្រះ‌ហស្ដដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ ឲ្យ​សម​នឹង​ភាព​អស្ចារ្យ​ក្រៃ​លែង​របស់​ព្រះ‌អង្គ! ៙ ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ​ដោយ​សូរ​ត្រែ ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ​ដោយ​ដេញ​ពិណ និង​ចាប់​ស៊ុង! ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ​ដោយ​វាយ​ក្រាប់ ហើយ​លោត​កញ្ឆេង ចូរ​សរសើរ​តម្កើងព្រះ‌អង្គ ដោយ​ប្រដាប់​មាន​ខ្សែ និង​ខ្លុយ! ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ​ដោយ​វាយ​ឈិង​ឲ្យ​ឮរងំ ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ ដោយ​វាយ​ឈឹង​ឮ​សូរ​រំពង! គួរ​ឲ្យ​អ្វីៗ​ទាំង​អស់​ដែល​មាន​ដង្ហើម បាន​សរសើរ​តម្កើង​ព្រះ‌យេហូវ៉ា ហាលេលូយ៉ា !៚

ទំនុកតម្កើង 150:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ហាលេ‌លូយ៉ា! ចូរ​សរសើរ​តម្កើង ព្រះ‌ជាម្ចាស់​នៅ​ក្នុង​កន្លែង​ដ៏វិសុទ្ធ! ចូរ​សរសើរ​តម្កើង​ព្រះអង្គ​នៅ​ក្នុង​លំហ​អាកាស ដែល​ជា​ព្រះ‌ដំណាក់​ដ៏​រឹង‌មាំ​របស់​ព្រះអង្គ! ចូរ​សរសើរ​តម្កើង​ព្រះអង្គ ចំពោះ​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ! ចូរ​សរសើរ​តម្កើង​ព្រះអង្គ ដ្បិត​ព្រះអង្គ​ប្រសើរ​ឧត្ដុង្គ‌ឧត្ដម​បំផុត! ចូរ​សរសើរ​តម្កើង​ព្រះអង្គ​ដោយ​សំឡេង​ត្រែ ចូរ​សរសើរ​តម្កើង​ព្រះអង្គ ដោយ​ដេញ​ចាប៉ី និង​ដេញ​ពិណ! ចូរ​សរសើរ​តម្កើង​ព្រះអង្គ ដោយ​វាយ​ក្រាប់ និង​រាំ​របាំ! ចូរ​សរសើរ​តម្កើង​ព្រះអង្គ ដោយ​វាយ​ឃឹម និង​ផ្លុំ​ខ្លុយ! ចូរ​សរសើរ​តម្កើង​ព្រះអង្គ ដោយ​វាយ​ស្គរ​យ៉ាង​ពីរោះ! ចូរ​សរសើរ​តម្កើង​ព្រះអង្គ ដោយ​វាយ​ស្គរ​ឲ្យ​លាន់​ឮ​រំពង! ចូរ​ឲ្យ​អ្វីៗ​ទាំង​អស់​ដែល​មាន​ដង្ហើម​ចេញ​ចូល សរសើរ​តម្កើង​ព្រះ‌អម្ចាស់! ហាលេ‌លូយ៉ា!

ទំនុកតម្កើង 150:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ចូរ​សរសើរ​ដល់​ព្រះ នៅ​ក្នុង​ទី​បរិសុទ្ធ របស់​ទ្រង់ ចូរ​សរសើរ​ដល់​ទ្រង់ នៅ​ចន្លោះ​អាកាស ជា​ទី​សំដែង​ព្រះ‌ចេស្តា​ទ្រង់ ចូរ​សរសើរ​ដល់​ទ្រង់ ដោយ​ព្រោះ​ការ​ឥទ្ធិ‌ឫទ្ធិ​របស់​ទ្រង់ ចូរ​សរសើរ​ដល់​ទ្រង់ ឲ្យ​សម​នឹង​សណ្ឋាន​ដ៏​ធំ​ប្រសើរ របស់​ទ្រង់ ចូរ​សរសើរ​ទ្រង់​ដោយ​សូរ​ត្រែ ចូរ​សរសើរ​ដល់​ទ្រង់​ដោយ​ដេញ​ពិណ នឹង​ចាប់​ស៊ុង ចូរ​សរសើរ​ដល់​ទ្រង់​ដោយ​វាយ​ក្រាប់ ហើយ​លោត‌កញ្ឆេង ចូរ​សរសើរ​ទ្រង់​ដោយ​ប្រដាប់​មាន​ខ្សែ ហើយ​នឹង​ខ្លុយ ចូរ​សរសើរ​ដល់​ទ្រង់​ដោយ​វាយ​ឈឹង​ឲ្យ​ឮ​រងំ ចូរ​សរសើរ​ទ្រង់​ដោយ​វាយ​ឈឹង​ឮ​សូរ​រំពង គួរ​ឲ្យ​ជីវិត​ទាំង‌ឡាយ​ដែល​មាន​ដង្ហើម បាន​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ចុះ។:៚

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ