ទំនុកតម្កើង 122:1-9

ទំនុកតម្កើង 122:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ​មាន​អំណរ​ខ្លាំង​ណាស់ នៅ​ពេល​គេ​ប្រាប់​ខ្ញុំ​ថា: ចូរ​យើង​នាំ​គ្នា​ទៅ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់!។ ក្រុង​យេរូ‌សាឡឹម​អើយ យើង​នាំ​គ្នា​ឈាន​ជើង​ចូល​មក​ដល់​មាត់​ទ្វារ របស់​អ្នក​ហើយ! យេរូ‌សាឡឹម​អើយ អ្នក​ជា​ក្រុង​មួយ​ដែល​សង់​ឡើង​យ៉ាង​រឹង‌មាំ និង​មាន​កំពែង​ដ៏​ល្អ​ប្រណីត​ព័ទ្ធ​ជុំ‌វិញ។ កុល‌សម្ព័ន្ធ​នានា​របស់​ព្រះ‌អម្ចាស់ នាំ​គ្នា​ឡើង​មក​ទី​នេះ ដើម្បី​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អម្ចាស់ តាម​ច្បាប់​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល។ នៅ​ទី​នេះ​ក៏​មាន​បល្ល័ង្ក​នៃ​ព្រះ‌រាជ‌វង្ស របស់​ស្ដេច​ដាវីឌ ដើម្បី​គ្រប់‌គ្រង​ប្រជា‌រាស្ត្រ ដោយ​យុត្តិធម៌​ដែរ។ ចូរ​នាំ​គ្នា​ទូល​សូម​ព្រះ‌អម្ចាស់​ប្រទាន​សន្តិ‌ភាព មក​ក្រុង​យេរូ‌សាឡឹម សូម​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់​ក្រុង​នេះ អាច​រស់​នៅ​យ៉ាង​សុខ‌សាន្ត! សូម​ឲ្យ​អ្នក​ដែល​រស់​នៅ​ខាង​ក្នុង​កំពែង​ក្រុង បាន​ប្រកប​ដោយ​សេចក្ដី​សុខ សូម​ឲ្យ​វិមាន​នានា​នៅ​ក្នុង​ក្រុង បាន​សុខ​ក្សេម‌ក្សាន្ត។ ដោយ​យល់​ដល់​បងប្អូន និង​ញាតិ‌មិត្ត​របស់​ខ្ញុំ ខ្ញុំ​ពោល​ថា: សូម​ឲ្យ​ក្រុង​យេរូ‌សាឡឹម បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត! ដោយ​យល់​ដល់​ព្រះ‌ដំណាក់ របស់​ព្រះ‌ជា‌អម្ចាស់​នៃ​យើង ខ្ញុំ​ទូល​សូម​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​សុភមង្គល!

ទំនុកតម្កើង 122:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ខ្ញុំ​មាន​អំណរ​ណាស់ កាល​គេ​ប្រាប់​ខ្ញុំ​ថា៖ «មក​យើង នាំ​គ្នា​ទៅ​ដំណាក់ របស់​ព្រះ‌យេហូវ៉ា!» ឱ​ក្រុង​យេរូ‌សាឡិម​អើយ ជើង​របស់​យើង​ឈរ​នៅ​ក្នុង​ច្រក​ទ្វារ របស់​អ្នក​ហើយ។ យេរូ‌សាឡិម​អើយ អ្នក​ត្រូវ​បាន​សង់​ឡើង ជា​ក្រុង​មួយចង​ភ្ជាប់​គ្នា​យ៉ាង​រឹង​មាំ ជា​កន្លែង​ដែល​កុល​សម្ព័ន្ធ​នានា គឺ​កុល‌សម្ព័ន្ធ​របស់​ព្រះ‌យេហូវ៉ា នាំ​គ្នា​ឡើង​ទៅ​តាម​ច្បាប់ របស់​សាសន៍​អ៊ីស្រា‌អែល ដើម្បី​អរ​ព្រះ‌គុណ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា។ ដ្បិត​នៅ​ទី​នោះ មាន​តាំង​បល្ល័ង្ក​វិនិច្ឆ័យ ជា​បល្ល័ង្ក​នៃ​រាជ‌វង្ស​របស់​ព្រះ​បាទ​ដាវីឌ។ ចូរ​អធិស្ឋានសូម​ឲ្យ​ក្រុង​យេរូ‌សាឡិម បាន​សេចក្ដី​សុខ «សូម​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់​ក្រុង​នេះ បាន​ចម្រុង​ចម្រើន! សូម​ឲ្យ​មាន​សេចក្ដី​សុខ នៅ​ខាង​ក្នុង​កំផែង​របស់​អ្នក ហើយ​សូម​ឲ្យ​មាន​សន្ដិសុខ នៅ​ក្នុង​បន្ទាយ​របស់​អ្នក!» ដោយ​យល់​ដល់​បង​ប្អូន និង​ញាតិ​មិត្ត​របស់​ខ្ញុំ ខ្ញុំ​នឹង​ពោល​ថា «សូម​ឲ្យ​មាន​សេចក្ដី​សុខ នៅ​ក្នុង​អ្នក!»។ ដោយ​យល់​ដល់​ដំណាក់​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង ខ្ញុំ​នឹង​ស្វែង​រក​សេចក្ដី​ល្អឲ្យ​អ្នក។

ទំនុកតម្កើង 122:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​គេ​និយាយ​មក​ខ្ញុំ​ថា ចូរ​យើង ចូល​ទៅ​ក្នុង​ដំណាក់​នៃ​ព្រះ‌យេហូវ៉ា នោះ​ខ្ញុំ​មាន​សេចក្ដី​អំណរ​អរ​ណាស់ ឱ​ក្រុង​យេរូ‌សាឡិម​អើយ ជើង​យើង​ឈរ​នៅ​ខាង​ក្នុង​ទ្វារ​របស់​ឯង​ហើយ យេរូ‌សាឡិម​អើយ ឯង​បាន​សង់​ឡើង ដូច​ជា​ទី​ក្រុង​ដែល​ណែន‌ណាន់​ជាប់​គ្នា ជា​កន្លែង​ដែល​អស់​ទាំង​ពូជ​អំបូរ គឺ​ពូជ​អំបូរ​នៃ​ព្រះ‌យេហូវ៉ា គេ​ឡើង​ទៅ​តាម​ទំលាប់​នៃ​សាសន៍​អ៊ីស្រាអែល ដើម្បី​នឹង​អរ​ព្រះ‌គុណ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ដ្បិត​នៅ​ទី​នោះ មាន​បល្ល័ង្ក​តាំង​ឡើង សំរាប់​ការ​វិនិច្ឆ័យ គឺ​ជា​បល្ល័ង្ក​ទាំង​ប៉ុន្មាន​នៃ​រាជ‌វង្ស​ដាវីឌ ចូរ​អធិស្ឋាន ឲ្យ​ក្រុង​យេរូ‌សាឡិម​បាន​សេចក្ដី​សុខ​ចុះ សូម​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់​ឯង បាន​សេចក្ដី​ចំរើន សូម​ឲ្យ​មាន​សេចក្ដី​សុខ​នៅ​ខាង​ក្នុង​កំផែង​ឯង ហើយ​សេចក្ដី​ចំរើន​នៅ​ក្នុង​ព្រះ‌រាជ‌វាំង​របស់​ឯង ព្រោះ​យល់​ដល់​ពួក​បង​ប្អូន នឹង​ពួក​មិត្រ​សំឡាញ់ របស់​អញ បាន​ជា​នឹង​ពោល​ឥឡូវ​ថា សូម​ឲ្យ​មាន​សេចក្ដី​សុខ នៅ​ខាង​ក្នុង​ឯង​ចុះ ដោយ​យល់​ដល់​ដំណាក់​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា នោះ​អញ​នឹង​ស្វែង​រក​សេចក្ដី​ល្អ​ដល់​ឯង។