ទំនុកតម្កើង 119:33-80

ទំនុកតម្កើង 119:33-80 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​អើយ សូម​បង្រៀន​ឲ្យ​ទូលបង្គំ​ស្គាល់​ច្បាប់​របស់​ព្រះអង្គ ដើម្បី​ឲ្យ​ទូលបង្គំ​កាន់​តាម រហូត​ដល់​ទី​បញ្ចប់!។ សូម​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​ប្រាជ្ញា ដើម្បី​រក្សា​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ ហើយ​ប្រតិបត្តិ​តាម​យ៉ាង​អស់​ពី​ចិត្ត!។ សូម​នាំ​ទូលបង្គំ​ដើរ​តាម​មាគ៌ា នៃ​បទ‌បញ្ជា​របស់​ព្រះអង្គ ដ្បិត​ទូលបង្គំ​ពេញ​ចិត្ត​នឹង​បទ‌បញ្ជា ទាំង​នេះ​ណាស់។ សូម​ទាក់‌ទាញ​ចិត្ត​ទូលបង្គំ ឲ្យ​ធ្វើ​តាម​ដំបូន្មាន​របស់​ព្រះអង្គ គឺ​មិន​មែន​ឲ្យ​រក​កម្រៃ​ឡើយ! សូម​ទាញ​អារម្មណ៍​ទូលបង្គំ ឲ្យ​បែរ​ចេញ​ពី​អ្វីៗ​ដែល​ឥត​ខ្លឹម‌សារ ហើយ​ឲ្យ​ទូលបង្គំ​មាន​ជីវិត​រស់​នៅ តាម​មាគ៌ា​របស់​ព្រះអង្គ! សូម​សម្រេច​តាម​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា ជា​មួយ​ទូលបង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ គឺ​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា ចំពោះ​អស់​អ្នក​គោរព​កោត​ខ្លាច​ព្រះអង្គ។ សូម​យក​សេចក្ដី​អាម៉ាស់​ដែល​ទូលបង្គំ ខ្លាច‌រអែង​នេះ ចេញ​ឲ្យ​ឆ្ងាយ​ពី​ទូលបង្គំ​ទៅ ដ្បិត​វិន័យ​របស់​ព្រះអង្គ​សុទ្ធ​តែ​ល្អ​ទាំង​អស់។ ទូលបង្គំ​ប្រាថ្នា​ចង់​ធ្វើ​តាម​ព្រះ‌ឱវាទ​របស់​ព្រះអង្គ សូម​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​ជីវិត​ឡើង​វិញ ដោយ​សេចក្ដី​សុចរិត​របស់​ព្រះអង្គ! ព្រះ‌អម្ចាស់​អើយ សូម​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ចំពោះ​ទូលបង្គំ សូម​សង្គ្រោះ​ទូលបង្គំ​តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះអង្គ! សូម​ជួយ​ឲ្យ​ទូលបង្គំ​អាច​ឆ្លើយ​តប នឹង​អ្នក​ដែល​ជេរ​ប្រមាថ​ទូលបង្គំ ដ្បិត​ទូលបង្គំ​ផ្ញើ​ជីវិត​លើ​ព្រះ‌បន្ទូល​របស់​ព្រះអង្គ។ សូម​កុំ​ឲ្យ​ទូលបង្គំ​និយាយ​អ្វី​ប្រាស‌ចាក ពី​សេចក្ដី​ពិត​ឡើយ ដ្បិត​ទូលបង្គំ​សង្ឃឹម​លើ​វិន័យ​របស់​ព្រះអង្គ។ ទូលបង្គំ​នឹង​គោរព​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ ជានិច្ច​និរន្តរ៍​រហូត​ត​រៀង​ទៅ។ ទូលបង្គំ​ចង់​រស់​នៅ​ដោយ​មាន​សេរី‌ភាព​ពេញ​ទី ដ្បិត​ទូលបង្គំ​ស្វែង​រក​ព្រះ‌ឱវាទ​របស់​ព្រះអង្គ។ ទូលបង្គំ​នឹង​ថ្លែង​អំពី​ដំបូន្មាន​របស់​ព្រះអង្គ ប្រាប់​ស្ដេច​នានា ទូលបង្គំ​នឹង​មិន​ខ្មាស​សោះ​ឡើយ។ ទូលបង្គំ​ពេញ​ចិត្ត​នឹង​បទ‌បញ្ជា​របស់​ព្រះអង្គ ទូលបង្គំ​ស្រឡាញ់​បទ‌បញ្ជា​នេះ​ណាស់។ ទូលបង្គំ​លើក​ដៃ​ប្រណម្យ​គោរព បទ‌បញ្ជា​របស់​ព្រះអង្គ ព្រោះ​ទូលបង្គំ​ស្រឡាញ់​បទ‌បញ្ជា​នេះ ទូលបង្គំ​ចង់​សញ្ជឹង​គិត​អំពី​ច្បាប់​របស់​ព្រះអង្គ។ សូម​នឹក​ដល់​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា ជា​មួយ​ទូលបង្គំ ដ្បិត​ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ទូលបង្គំ​មាន​សង្ឃឹម! នៅ​ពេល​ទូលបង្គំ​មាន​ទុក្ខ​វេទនា ព្រះ‌បន្ទូល​នេះ​ធ្វើ​ឲ្យ​ចិត្ត​ទូលបង្គំ​បាន​ធូរ​ស្បើយ ព្រះ‌បន្ទូល​សន្យា​របស់​ព្រះអង្គ បាន​ធ្វើ​ឲ្យ​ទូលបង្គំ​មាន​ជីវិត​ឡើង​វិញ។ មនុស្ស​អួត​បំប៉ោង​នាំ​គ្នា​ចំអក​ឲ្យ​ទូលបង្គំ តែ​ទូលបង្គំ​មិន​ឃ្លាត​ចាក​ចេញ​ពី​ក្រឹត្យ‌វិន័យ របស់​ព្រះអង្គ​ឡើយ។ ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​នឹក​ដល់​វិន័យ​របស់​ព្រះអង្គ កាល​ពី​អតីតកាល ហើយ​ចិត្ត​ទូលបង្គំ​ក៏​បាន​ធូរ​ស្បើយ។ មនុស្ស​ពាល​បាន​ធ្វើ​ឲ្យ​ទូលបង្គំ ក្ដៅ​ក្រហាយ​យ៉ាង​ខ្លាំង ព្រោះ​ពួក​គេ​បោះ​បង់​ចោល​ក្រឹត្យ‌វិន័យ របស់​ព្រះអង្គ។ ពេល​ដែល​ទូលបង្គំ​ស្នាក់​អាស្រ័យ ជា​បណ្តោះ‌អាសន្ន​ក្នុង​លោក​នេះ ទូលបង្គំ​បាន​យក​ច្បាប់​របស់​ព្រះអង្គ មក​ធ្វើ​ជា​ទំនុកតម្កើង ។ ឱ​ព្រះ‌អម្ចាស់​អើយ នៅ​ពេល​យប់​ទូលបង្គំ​នឹក​ដល់ ព្រះ‌នាម​របស់​ព្រះអង្គ ហើយ​ទូលបង្គំ ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ។ ទូលបង្គំ​រក​ឃើញ​សុភមង្គល ដោយ​អនុវត្ត​តាម​ព្រះ‌ឱវាទ​របស់​ព្រះអង្គ។ ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​សូម​ទូល​ព្រះអង្គ​ថា ការ​ប្រតិបត្តិ​តាម​ព្រះ‌បន្ទូល​ព្រះអង្គ ជា​ចំណែក​មត៌ក​របស់​ទូលបង្គំ។ ទូលបង្គំ​សូម​អង្វរ‌ករ​ព្រះអង្គ​យ៉ាង​អស់​ពី​ចិត្ត​ថា សូម​ប្រណី​សន្ដោស​ទូលបង្គំ តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះអង្គ​ផង! ទូលបង្គំ​រិះគិត​អំពី​កិរិយា​មារយាទ​របស់​ទូលបង្គំ ហើយ​ទូលបង្គំ​ក៏​បោះ​ជំហាន​មក​រក​ដំបូន្មាន របស់​ព្រះអង្គ​វិញ។ ទូលបង្គំ​ប្រញាប់‌ប្រញាល់​ប្រតិបត្តិ តាម​បទ‌បញ្ជា​របស់​ព្រះអង្គ ឥត​ធ្វេស‌ប្រហែស​សោះ​ឡើយ។ មនុស្ស​អាក្រក់​បាន​ធ្វើ​ឲ្យ​ទូលបង្គំ ជាប់​អន្ទាក់​របស់​គេ តែ​ទូលបង្គំ​ឥត​ភ្លេច​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ​ទេ។ នៅ​ពាក់​កណ្ដាល​អធ្រាត្រ ទូលបង្គំ​ក្រោក​ឡើង ដើម្បី​លើក​តម្កើង​ព្រះអង្គ ព្រោះ​តែ​វិន័យ​ដ៏​ត្រឹម​ត្រូវ​របស់​ព្រះអង្គ។ ទូលបង្គំ​ជា​មិត្ត​របស់​អស់​អ្នក ដែល​គោរព​កោត​ខ្លាច​ព្រះអង្គ និង​អស់​អ្នក​ដែល​ប្រតិបត្តិ​តាម ព្រះ‌ឱវាទ​របស់​ព្រះអង្គ។ ឱ​ព្រះ‌អម្ចាស់​អើយ ផែនដី​ពេញ​ទៅ​ដោយ ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ សូម​បង្រៀន​ឲ្យ​ទូលបង្គំ​ស្គាល់​ច្បាប់ របស់​ព្រះអង្គ! ឱ​ព្រះ‌អម្ចាស់​អើយ សូម​ប្រណី​សន្ដោស​ទូលបង្គំ ជា​អ្នក​បម្រើ​របស់​ព្រះអង្គ តាម​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ផង។ សូម​បង្រៀន​ទូលបង្គំ​ឲ្យ​ដឹង​ខុស​ត្រូវ មាន​ប្រាជ្ញា ដ្បិត​ទូលបង្គំ​ទុក​ចិត្ត​លើ​បទ‌បញ្ជា​របស់​ព្រះអង្គ។ ពី​មុន​ទូលបង្គំ​បាន​វង្វេង ហើយ​រង​ទុក្ខ​វេទនា ឥឡូវ​នេះ ទូលបង្គំ​ប្រតិបត្តិ​តាម​ព្រះ‌បន្ទូល របស់​ព្រះអង្គ​ហើយ។ ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​ល្អ​សប្បុរស សូម​បង្រៀន​ឲ្យ​ទូលបង្គំ​ស្គាល់​ច្បាប់ របស់​ព្រះអង្គ! មនុស្ស​អួត​បំប៉ោង​នាំ​គ្នា​បង្ខូច​កេរ្តិ៍​ឈ្មោះ​ទូលបង្គំ តែ​ទូលបង្គំ​នៅ​តែ​យក​ចិត្ត​ទុក​ដាក់​ធ្វើ​តាម ព្រះ‌ឱវាទ​របស់​ព្រះអង្គ​ជានិច្ច។ អ្នក​ទាំង​នោះ​ជា​មនុស្ស​អត់​ចិត្ត រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​ពេញ​ចិត្ត​នឹង​ក្រឹត្យ‌វិន័យ របស់​ព្រះអង្គ​ណាស់។ ទូលបង្គំ​រង​ទុក្ខ​វេទនា​ដូច្នេះ ក៏​ប្រពៃ​ម្យ៉ាង​ដែរ ព្រោះ​ទូលបង្គំ​អាច​រៀន​ច្បាប់​របស់​ព្រះអង្គ។ ចំពោះ​ទូលបង្គំ ទោះ​បី​មាស​ប្រាក់ ច្រើន​យ៉ាង​ណា​ក៏​ដោយ ក៏​គ្មាន​តម្លៃ​ស្មើ​នឹង​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ​ដែរ។ ព្រះអង្គ​បាន​បង្កើត​ទូលបង្គំ​មក ហើយ​ប្រទាន​ឲ្យ​ទូលបង្គំ​បាន​មាំ‌មួន​ឡើង ដូច្នេះ សូម​ប្រទាន​ឲ្យ​ទូលបង្គំ មាន​ប្រាជ្ញា​សិក្សា​បទ‌បញ្ជា​របស់​ព្រះអង្គ។ ពេល​អស់​អ្នក​គោរព​កោត​ខ្លាច​ព្រះអង្គ ឃើញ​ទូលបង្គំ គេ​នឹង​មាន​អំណរ ដ្បិត​ទូលបង្គំ​ផ្ញើ​ជីវិត​លើ​ព្រះ‌បន្ទូល​របស់​ព្រះអង្គ។ ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​ដឹង​ថា​ការ​អ្វី ដែល​ព្រះអង្គ​សម្រេច សុទ្ធ​តែ​ត្រឹម​ត្រូវ​ទាំង​អស់ ហើយ​ព្រះអង្គ​ដាក់​ទោស​ទូលបង្គំ​ក៏​ត្រឹម​ត្រូវ​ដែរ។ សូម​សម្រាល​ទុក្ខ​ទូលបង្គំ ដោយ‌សារ​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះអង្គ តាម​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា ជា​មួយ​ទូលបង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ។ សូម​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​មក​លើ ទូលបង្គំ ដើម្បី​ឲ្យ​ទូលបង្គំ​មាន​ជីវិត​ឡើង​វិញ ដ្បិត​ទូលបង្គំ​ពេញ​ចិត្ត​នឹង​ក្រឹត្យ‌វិន័យ របស់​ព្រះអង្គ​ណាស់។ សូម​ឲ្យ​មនុស្ស​អួត​បំប៉ោង​ត្រូវ​អាម៉ាស់ ដ្បិត​ពួក​គេ​និយាយ​កុហក​មួល​បង្កាច់​ទូលបង្គំ រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​សញ្ជឹង​គិត​ពី​ព្រះ‌ឱវាទ​របស់​ព្រះអង្គ។ សូម​ឲ្យ​អស់​អ្នក​ដែល​គោរព​កោត ខ្លាច​ព្រះអង្គ នាំ​គ្នា​មក​រក​ទូលបង្គំ ដើម្បី​ឲ្យ​បាន​ស្គាល់​ដំបូន្មាន​របស់​ព្រះអង្គ។ សូម​ជួយ​ឲ្យ​ទូលបង្គំ​ប្រព្រឹត្ត​តាម​ច្បាប់ របស់​ព្រះអង្គ​ឥត​ខ្ចោះ កុំ​ឲ្យ​ទូលបង្គំ​ត្រូវ​ខ្មាស​ឡើយ។

ទំនុកតម្កើង 119:33-80 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​បង្រៀន​ទូល‌បង្គំ ឲ្យ​ស្គាល់​ផ្លូវ​នៃ​ច្បាប់​របស់​ព្រះ‌អង្គ នោះ​ទូល‌បង្គំ​នឹង​កាន់​តាម​រហូត​ដល់​ទី​បំផុត។ សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​យោបល់ ដើម្បីឲ្យ​ទូល‌បង្គំបាន​កាន់​តាម ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ អើ ទូល‌បង្គំ​នឹង​ប្រតិ‌បត្តិ​តាម​យ៉ាង​អស់​ពី​ចិត្ត។ សូម​នាំ​ទូល‌បង្គំទៅ​តាម​ផ្លូវ​ច្រក នៃ​បទ‌បញ្ជា​របស់ព្រះ‌អង្គ ដ្បិត​ទូល‌បង្គំ​មាន​ចិត្ត​រីក‌រាយ នឹង​ផ្លូវ​នោះ​ណាស់។ សូម​ធ្វើ​ឲ្យ​ចិត្ត​ទូល‌បង្គំ​ផ្អៀង​ទៅ​រក សេចក្ដី​បន្ទាល់របស់​ព្រះ‌អង្គ កុំ​ឲ្យ​ផ្អៀង​ទៅ​រក​សេចក្ដី​លោភ​ឡើយ! សូម​បង្វែរ​ភ្នែក​ទូល‌បង្គំ​កុំ​ឲ្យ​មើល​អ្វីៗ ដែល​ឥត​ប្រយោជន៍ ហើយ​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​ជីវិត​រស់​នៅ តាម​ផ្លូវ​របស់​ព្រះ‌អង្គ។ សូម​បញ្ជាក់​ដល់​អ្នក​បម្រើ​ព្រះ‌អង្គ តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ ជា​សេចក្ដី​ដែល​ទុក​សម្រាប់​អស់​អ្នក កោត​ខ្លាច​ព្រះ‌អង្គ។ សូម​បង្វែរ​ពាក្យ​ដំណៀល ដែល​ទូល‌បង្គំ​ខ្លាច​នោះ​ចេញ ដ្បិត​វិន័យ​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​ល្អ​ទាំង​អស់។ មើល៍ ទូល‌បង្គំ​ប្រាថ្នា​ចង់​បាន ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​ជីវិត​រស់​នៅ តាម​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ។ ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ផ្សាយ​មក​ដល់​ទូល‌បង្គំ គឺការ​សង្គ្រោះ​របស់​ព្រះ‌អង្គ តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ នោះ​ទូល‌បង្គំ​នឹង​មាន​ពាក្យ​ឆ្លើយ​តប​ដល់​អ្នក​ណា ដែល​ត្មះ‌តិះ‌ដៀល​ទូល‌បង្គំ ដ្បិត​ទូល‌បង្គំ​ទុក​ចិត្ត ដល់​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។ សូម​កុំ​ដក​ព្រះ‌បន្ទូល​នៃ​សេចក្ដី​ពិត ចេញ​ពី​មាត់​ទូល‌បង្គំសោះ​ឡើយ ដ្បិត​ទូល‌បង្គំ​សង្ឃឹម​ដល់​វិន័យ​របស់​ព្រះ‌អង្គ។ ទូល‌បង្គំ​នឹង​កាន់​តាម​ក្រឹត្យ‌វិន័យ របស់​ព្រះ‌អង្គ​ជា‌និច្ច នៅ​អស់‌កល្ប​ជា‌និច្ច​រហូត​តទៅ ទូល‌បង្គំ​នឹង​ដើរ​ដោយមាន​សេរី‌ភាព ដ្បិត​ទូល‌បង្គំ​បាន​ស្វែង​រក ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ។ ទូល‌បង្គំ​នឹង​ថ្លែង​អំពី​សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ នៅ​ចំពោះ​ពួក​ស្តេច ហើយ​នឹង​មិន​ខ្មាស​ឡើយ ដ្បិត​ទូល‌បង្គំ​មាន​ចិត្ត​រីក‌រាយ នឹង​បទ‌បញ្ជា​របស់​ព្រះ‌អង្គ ជា​សេចក្ដី​ដែល​ទូល‌បង្គំ​ស្រឡាញ់។ ទូល‌បង្គំ​នឹង​លើក​ដៃ​ប្រណម្យ ឆ្ពោះ​ទៅ​បទ‌បញ្ជា​របស់​ព្រះ‌អង្គ ជា​សេចក្ដី​ដែល​ទូល‌បង្គំ​ស្រឡាញ់ ហើយ​ទូល‌បង្គំ​នឹង​សញ្ជឹង​គិត អំពី​ច្បាប់​របស់​ព្រះ‌អង្គ។ ៙ សូម​នឹក​ចាំ​ពី​សេចក្ដី​ដែល​ព្រះ‌អង្គ មាន​ព្រះ‌បន្ទូលមក​កាន់​អ្នក​បម្រើ​ព្រះ‌អង្គ ជា​សេចក្ដី​ដែល​នាំ​ឲ្យ​ទូល‌បង្គំ​មាន​សង្ឃឹម។ នេះ​ហើយ​ជា​សេចក្ដី​កម្សាន្ត​ចិត្ត​ដល់​ទូល‌បង្គំ ក្នុង​វេលា​ដែល​ទូល‌បង្គំ​កើត​ទុក្ខ​ព្រួយ គឺ​ព្រះ‌បន្ទូល​ព្រះ‌អង្គ​ប្រទាន ឲ្យ​ទូល‌បង្គំ​មាន​ជីវិត។ មនុស្ស​ព្រហើន​ចំអក​មើល‌ងាយ ទូល‌បង្គំ​ជា​ពន់‌ពេក ប៉ុន្តែ ទូល‌បង្គំ​មិន​បាន​បែរ​ចេញ ពី​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ​ឡើយ។ ឱ​ព្រះ‌យេហូវ៉ា​អើយ កាល​ទូល‌បង្គំ​នឹក​ដល់​វិន័យ របស់​ព្រះ‌អង្គ​ពី​បុរាណ នោះ​ចិត្ត​ទូល‌បង្គំ​ក៏​បាន​ធូរ​ស្បើយ។ ទូល‌បង្គំ​ឈឺ​ចិត្ត​ដោយ​ព្រោះ​មនុស្ស​អាក្រក់ ជា​អ្នក​ដែល​បោះ‌បង់​ចោល ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ។ ច្បាប់​របស់​ព្រះ‌អង្គ​បាន​ក្លាយ​ជា បទ​ចម្រៀង​របស់​ទូល‌បង្គំ នៅ​ក្នុង​ផ្ទះ​ដែល​ទូល‌បង្គំ​ស្នាក់​អាស្រ័យ។ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​នឹក​ដល់​ព្រះ‌នាម​ព្រះ‌អង្គ​នៅ​ពេល​យប់ ហើយ​កាន់​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ។ ព្រះ​ពរ​នេះ​បាន​ធ្លាក់​មក​ដល់​ទូល‌បង្គំ ព្រោះ​ទូល‌បង្គំ​បាន​ប្រតិ‌បត្តិ​តាម ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ។ ៙ ព្រះ‌យេហូវ៉ា​ជា​ចំណែក​របស់​ទូល‌បង្គំ ទូល‌បង្គំ​សន្យា​នឹងប្រតិ‌បត្តិ​តាម ព្រះ‌បន្ទូល​ព្រះ‌អង្គ។ ទូល‌បង្គំ​សូម​អង្វរ​ដល់​ព្រះ‌អង្គ​យ៉ាង​អស់​ពី​ចិត្ត សូម​ប្រណី​សន្ដោស​ទូល‌បង្គំ តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ផង។ កាល​ទូល‌បង្គំ​គិត​អំពី​ផ្លូវ​ប្រព្រឹត្ត​របស់​ខ្លួន នោះ​ជើង​ទូល‌បង្គំ​ក៏​បែរ​ទៅ​រក សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ ទូល‌បង្គំ​ប្រញាប់​ប្រញាល់ ហើយ​មិន‌បង្អង់នឹង ប្រតិ‌បត្តិ​តាម​បទ‌បញ្ជា​របស់​ព្រះ‌អង្គឡើយ។ ទោះ​ជា​មនុស្ស​អាក្រក់​ដាក់​អន្ទាក់ ចាំ​ចាប់​ទូល‌បង្គំ​ក៏​ដោយ ក៏​ទូល‌បង្គំ​មិន​ភ្លេច​ក្រឹត្យ‌វិន័យ របស់​ព្រះ‌អង្គ​ឡើយ។ នៅ​ពាក់​កណ្ដាល​អធ្រាត្រ ទូល‌បង្គំ​ក្រោក​ឡើង ហើយ​សរសើរ​តម្កើង​ព្រះ‌អង្គ ដោយ​ព្រោះ​វិន័យ​ដ៏​សុចរិត​របស់​ព្រះ‌អង្គ។ ទូល‌បង្គំ​ជា​មិត្ត‌ភក្តិ​នៃ​អស់​អ្នក ដែល​កោត​ខ្លាចព្រះ‌អង្គ និង​អស់​អ្នក​ដែល​កាន់​តាម ព្រះ​ឱវា​ទ​របស់​ព្រះ‌អង្គ។ ឱ​ព្រះ‌យេហូវ៉ា​អើយ ផែនដី​មាន​ពេញ​ដោយ ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ សូម​បង្រៀន​ឲ្យ​ទូល‌បង្គំ ស្គាល់​ច្បាប់​របស់​ព្រះ‌អង្គ​ផង! ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​បាន​ប្រោស​ប្រណី​អ្នក​បម្រើ​ព្រះ‌អង្គ តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។ សូម​បង្រៀន​ឲ្យ​ទូល‌បង្គំ​ចេះ​វិនិច្ឆ័យ​ដឹង​ខុស​ត្រូវ ដ្បិត​ទូល‌បង្គំ​ជឿ​ដល់​បទ‌បញ្ជា​របស់​ព្រះ‌អង្គ។ ពី​មុន​ទូល‌បង្គំ​បាន​វង្វេង ហើយ​ក៏​មាន​ទុក្ខ​ព្រួយ តែ​ឥឡូវ​នេះ ទូល‌បង្គំ​ប្រតិ‌បត្តិ​តាម ព្រះ‌បន្ទូល​ព្រះ‌អង្គ។ ព្រះ‌អង្គ​ល្អ ហើយ​ធ្វើ​ការ​ល្អ សូម​បង្រៀន​ឲ្យ​ទូល‌បង្គំ ស្គាល់​ច្បាប់​របស់​ព្រះ‌អង្គ។ មនុស្ស​ព្រហើន​នាំ​គ្នា​បង្ខូច​ឈ្មោះ​ទូល‌បង្គំ ដោយ​ពាក្យ​ភូត‌ភរ តែ​ទូល‌បង្គំ​នឹង​ប្រតិ‌បត្តិ​តាម​ព្រះ‌ឱវាទ របស់​ព្រះ‌អង្គ​យ៉ាង​អស់​ពី​ចិត្ត ចិត្ត​របស់​គេ​ស្ពឹក ដូច​មនុស្ស​មាន​ខ្លាញ់​កក តែ​ទូល‌បង្គំ​មាន​ចិត្ត​រីក​រាយ នឹង​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ។ ការ​ដែល​ទូល‌បង្គំ​មាន​ទុក្ខ​ព្រួយ នោះ​ជា​ការ​ល្អ​ដល់​ទូល‌បង្គំ គឺ​ដើម្បី​ឲ្យ​ទូល‌បង្គំអាច​រៀន​ច្បាប់​របស់​ព្រះ‌អង្គ។ ក្រឹត្យ‌វិន័យ​ដែល​ចេញ​ពី​ព្រះ‌ឧស្ឋ​របស់​ព្រះ‌អង្គ វិសេស​ដល់​ទូល‌បង្គំ ជា​ជាង​មាស​ប្រាក់ទាំង​ពាន់។ ៙ ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​បាន​បង្កើត និង​បាន​សូន​ទូល‌បង្គំ សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​យោបល់ ដើម្បី​ឲ្យទូល‌បង្គំ​បានរៀន​ស្គាល់ បទ‌បញ្ជា​របស់​ព្រះ‌អង្គ។ អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌អង្គ នឹង​ឃើញ​ទូល‌បង្គំ ហើយ​មាន​ចិត្ត​ត្រេក​អំណរ ព្រោះ​ទូល‌បង្គំ​បាន សង្ឃឹម​ដល់​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​ដឹង​ថា វិន័យ​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​សុចរិត ហើយ​ថា ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ទូល‌បង្គំ​មាន​ទុក្ខ ដោយ​សេចក្ដី​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ​ទេ។ សូម​ឲ្យ​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ កម្សាន្ត​ចិត្ត​ទូល‌បង្គំ តាម​សេចក្ដី​ដែល​ព្រះ‌អង្គ​បាន​សន្យា ដល់​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។ សូម​សម្ដែង​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា របស់​ព្រះ‌អង្គ​ដល់​ទូល‌បង្គំ ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​រស់​នៅ ដ្បិត​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ ជាទី​សប្បាយ​រីករាយ​របស់​ទូល‌បង្គំ។ សូម​ឲ្យ​មនុស្ស​ព្រហើន​ត្រូវ​ខ្មាស ព្រោះ​គេ​បាន​ប្រព្រឹត្ត​មួល​បង្កាច់​ទូល‌បង្គំ រីឯ​ទូល‌បង្គំ​វិញ ទូល‌បង្គំ​នឹង​សញ្ជឹង​គិត អំពី​ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ។ សូម​ឲ្យ​អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌អង្គ ងាក​មក​រក​ទូល‌បង្គំ ដើម្បី​ឲ្យ​គេ​បាន​ស្គាល់ សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ។ សូម​ឲ្យ​ចិត្ត​ទូល‌បង្គំ​បាន​ឥត​សៅហ្មង តាម​ច្បាប់​របស់​ព្រះ‌អង្គ ដើម្បី​កុំ​ឲ្យ​ទូល‌បង្គំ​ត្រូវ​ខ្មាស​ឡើយ។

ទំនុកតម្កើង 119:33-80 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​បង្រៀន​ផ្លូវ នៃ​អស់​ទាំង​បញ្ញត្ត​ទ្រង់​មក​ទូលបង្គំ នោះ​ទូលបង្គំ​នឹង​កាន់​តាម​ដរាប​ដល់​ចុង​បំផុត សូម​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​យោបល់ នោះ​ទូលបង្គំ នឹង​កាន់​តាម​ក្រិត្យ‌វិន័យ​ទ្រង់ អើ ទូលបង្គំ​នឹង​រក្សា​ទុក​ឲ្យ​អស់​ពី​ចិត្ត​ផង សូម​បណ្តាល​ឲ្យ​ទូលបង្គំ​ដើរ​ទៅ​តាម​ផ្លូវ​ច្រក​នៃ​សេចក្ដី​បង្គាប់ របស់​ទ្រង់ ដ្បិត​ទូលបង្គំ​មាន​សេចក្ដី​រីក‌រាយ​ក្នុង​ផ្លូវ​នោះ សូម​ធ្វើ​ឲ្យ​ចិត្ត​ទូលបង្គំ​ល្អៀង​ទៅ​ខាង​សេចក្ដី​បន្ទាល់ របស់​ទ្រង់ កុំ​ឲ្យ​ល្អៀង​ទៅ​ខាង​សេចក្ដី​លោភ​ឡើយ សូម​បង្វែរ​ភ្នែក​ទូលបង្គំ​មិន​ឲ្យ​មើល​ការ​ឥត​ប្រយោជន៍ ហើយ​ប្រោស​ឲ្យ​ទូលបង្គំ​មាន​កំឡាំង​ឡើង​ក្នុង​ផ្លូវ​ទ្រង់ សូម​សំរេច​ដល់​អ្នក​បំរើ​ទ្រង់​តាម​ព្រះ‌បន្ទូល ជា​សេចក្ដី​ដែល​ទុក​សំរាប់​ពួក​អ្នក​កោត‌ខ្លាច​ដល់​ទ្រង់ សូម​បង្វែរ​សេចក្ដី​ដំនៀល​ដែល​ទូលបង្គំ​ខ្លាច​នោះ ចេញ​ពី​ទូលបង្គំ​ទៅ ដ្បិត​ច្បា​ប់​នៃ​ទ្រង់​សុទ្ធ​តែ​ល្អ មើល ទូលបង្គំ​បាន​នឹក​អាល័យ​ដល់​បញ្ញត្ត​ទាំង​ប៉ុន្មាន របស់​ទ្រង់ សូម​ប្រោស​ឲ្យ​ទូលបង្គំ​មាន​កំឡាំង​ឡើង ដោយ​សេចក្ដី​សុចរិត​របស់​ទ្រង់។ ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ឲ្យ​សេចក្ដី​សប្បុរស​ទ្រង់​ផ្សាយ​មក​ដល់​ទូលបង្គំ គឺ​ជា​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់ តាម​ព្រះ‌បន្ទូល​ទ្រង់ យ៉ាង​នោះ ទូលបង្គំ​នឹង​មាន​ពាក្យ​ចំឡើយ​ដល់​អ្នក​ណា ដែល​ត្មះ‌តិះដៀល​ទូលបង្គំ ដ្បិត​ទូលបង្គំ​ទុក​ចិត្ត​នឹង​ព្រះ‌បន្ទូល​ទ្រង់ សូម​កុំ​ដក​ព្រះ‌បន្ទូល​ដ៏​ពិត​ចេញ​ពី​មាត់​ទូលបង្គំ អស់​រលីង​ឡើយ ដ្បិត​ទូលបង្គំ​បាន​សង្ឃឹម​ដល់​ច្បាប់​នៃ​ទ្រង់ យ៉ាង​នោះ ទូលបង្គំ​នឹង​កាន់​តាម​ក្រិត្យ‌វិន័យ​ទ្រង់​ជានិច្ច នៅ​អស់‌កល្ប‌ជានិច្ច​រៀង​ត​ទៅ ទូលបង្គំ​នឹង​ដើរ​ទៅ​ដោយ​សេរី‌ភាព ដ្បិត​ទូលបង្គំ​បាន​ស្វែង​រក​អស់​ទាំង​បញ្ញត្ត​នៃ​ទ្រង់ ទូលបង្គំ​នឹង​ពោល​ពី​សេចក្ដី​បន្ទាល់​របស់​ទ្រង់ នៅ​ចំពោះ​ពួក​ស្តេច ឥត​ដែល​ត្រូវ​ខ្មាស​ឡើយ ទូលបង្គំ​នឹង​មាន​ចិត្ត​រីក‌រាយ ដោយ‌សារ​សេចក្ដី​បង្គាប់ របស់​ទ្រង់ ជា​សេចក្ដី​ដែល​ទូលបង្គំ​បាន​ស្រឡាញ់ ទូលបង្គំ​នឹង​លើក​ដៃ​ប្រណម្យ​ចំពោះ​សេចក្ដី​បង្គាប់ របស់​ទ្រង់ ដែល​ទូលបង្គំ​បាន​ស្រឡាញ់ ហើយ​នឹង​រំពឹង​គិត​ពី​បញ្ញត្ត​ទ្រង់។ ៙ សូម​ទ្រង់​នឹក​ចាំ​ពី​សេចក្ដី​ដែល​ទ្រង់​មាន​បន្ទូល ដល់​អ្នក​បំរើ​ទ្រង់ ជា​សេចក្ដី​ដែល​នាំ​ឲ្យ​ទូលបង្គំ​មាន​សេចក្ដី​សង្ឃឹម នេះ​ហើយ​ជា​សេចក្ដី​កំសាន្ត​ចិត្ត​ដល់​ទូលបង្គំ ក្នុង​វេលា​ដែល​ទូលបង្គំ​កើត​ទុក្ខ​ព្រួយ គឺ​ព្រះ‌បន្ទូល​ទ្រង់​បាន​ប្រោស ឲ្យ​ទូលបង្គំ​មាន​កំឡាំង​ឡើង ពួក​អ្នក​ឆ្មើង‌ឆ្មៃ​បាន​មើល‌ងាយ​ទូលបង្គំ​ពន់‌ពេក ប៉ុន្តែទូលបង្គំ​មិន​បាន​បែរ​ចេញ​ពី​ក្រិត្យ‌វិន័យ​ទ្រង់​ឡើយ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​បាន​នឹក​ចាំ​ពី​បញ្ញត្ត​ទ្រង់ ដ៏​មាន​ពី​បុរាណ​មក ជា​ការ​នាំ​ឲ្យ​ទូលបង្គំ​បាន​ក្សាន្ត​ចិត្ត ទូលបង្គំ​មាន​សេចក្ដី​គ្នាន់‌ក្នាញ់​មក​គ្រប​សង្កត់​ចិត្ត ដោយ​ព្រោះ​មនុស្ស​អាក្រក់ ដែល​បោះ‌បង់​ចោល ក្រិត្យ‌វិន័យ​របស់​ទ្រង់ អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់​ជា​បទ​ចំរៀង​របស់​ទូលបង្គំ នៅ​ក្នុង​ផ្ទះ​ដែល​ទូលបង្គំ​អាស្រ័យ​នៅ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​បាន​នឹក​ចាំ​ពី​ព្រះ‌នាម​ទ្រង់ នៅ​វេលា​យប់ ហើយ​បាន​កាន់​តាម​ក្រិត្យ‌វិន័យ​ទ្រង់ សេចក្ដី​នេះ​បាន​កើត​ដល់​ទូលបង្គំ ដោយ​ព្រោះ​បាន​រក្សា​ទុក​នូវ​បញ្ញត្ត​របស់​ទ្រង់។ ៙ ឯ​ចំណែក​នៃ​ទូលបង្គំ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​បាន​ពោល​ថា ត្រូវ​ឲ្យ​ទូលបង្គំ​រក្សា​អស់​ទាំង ព្រះ‌បន្ទូល​នៃ​ទ្រង់ ទូលបង្គំ​បាន​ទូល‌អង្វរ​ដល់​ទ្រង់​អស់​ពី​ចិត្ត សូម​ទ្រង់​មេត្តា​ប្រោស​ដល់​ទូលបង្គំ តាម​ព្រះ‌បន្ទូល​ទ្រង់ ទូលបង្គំ​បាន​នឹក​ពី​ផ្លូវ​ប្រព្រឹត្ត​របស់​ខ្លួន នោះ​បាន​បំបែរ​ជើង​ទៅ​តាម​សេចក្ដី​បន្ទាល់​របស់​ទ្រង់​វិញ ទូលបង្គំ​មិន​បាន​បង្អែ‌បង្អង់​ឡើយ គឺ​បាន​ប្រញាប់​នឹង​រក្សា​អស់​ទាំង​សេចក្ដី​បង្គាប់​របស់​ទ្រង់ ចំណង​របស់​មនុស្ស​អាក្រក់​បាន​រុំ​ព័ទ្ធ​ទូលបង្គំ​ជុំវិញ តែ​ទូលបង្គំ​មិន​បាន​ភ្លេច​ក្រិត្យ‌វិន័យ​របស់​ទ្រង់​ឡើយ នៅ​កណ្តាល​អធ្រាត្រ ទូលបង្គំ​នឹង​ក្រោក​ឡើង ដើម្បី​អរ​ព្រះ‌គុណ​ដល់​ទ្រង់ ដោយ​ព្រោះ​អស់​ទាំង​ច្បាប់​ដ៏​សុចរិត​របស់​ទ្រង់ ទូលបង្គំ​ជា​មិត្រ‌ភក្តិ​នឹង​អស់​អ្នក​ដែល​កោត‌ខ្លាច​ដល់​ទ្រង់ ហើយ​នឹង​អស់​អ្នក​ដែល​រក្សា​បញ្ញត្ត​ទ្រង់​ដែរ ឱ​ព្រះ‌យេហូវ៉ា​អើយ ផែនដី​មាន​ពេញ​ដោយ សេចក្ដី​សប្បុរស​របស់​ទ្រង់ សូម​បង្រៀន​សេចក្ដី​បញ្ញត្ត​ទ្រង់​ដល់​ទូលបង្គំ​ផង។ ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​ប្រោស​អ្នក​បំរើ​ទ្រង់ ដោយ​ល្អ តាម​ព្រះ‌បន្ទូល​នៃ​ទ្រង់ សូម​បង្រៀន​ឲ្យ​ទូលបង្គំ​មាន​ប្រាជ្ញា​ឆ្លុះ​យល់ ហើយ​ចេះ​ដឹង​យ៉ាង​ល្អ ដ្បិត​ទូលបង្គំ​បាន​ជឿ​ចំពោះ​សេចក្ដី​បង្គាប់​នៃ​ទ្រង់​ហើយ កាល​មុន​ដែល​ទូលបង្គំ​កើត​ទុក្ខ​ព្រួយ នោះ​ទូលបង្គំ​បាន​វង្វេង​ទៅ តែ​ឥឡូវ​នេះ ទូលបង្គំ​កាន់​តាម​ព្រះ‌បន្ទូល​ទ្រង់​វិញ ទ្រង់​ល្អ​ប្រសើរ ហើយ​ក៏​ធ្វើ​ការ​ល្អ​ដែរ សូម​បង្រៀន​បញ្ញត្ត​ទ្រង់ ដល់​ទូលបង្គំ ពួក​មនុស្ស​ឆ្មើង‌ឆ្មៃ​បាន​បង្កើត​សេចក្ដី​ភូត‌ភរ ទាស់​នឹង​ទូលបង្គំ តែ​ទូលបង្គំ​នឹង​រក្សា​ទុក​នូវ​បញ្ញត្ត​ទ្រង់​យ៉ាង​អស់​ពី​ចិត្ត ចិត្ត​គេ​ស្ពឹក​ដូច​ជា​មនុស្ស​មាន​ខ្លាញ់​ខន់ តែ​ទូលបង្គំ​មាន​ចិត្ត​អំណរ​ចំពោះ​ក្រិត្យ‌វិន័យ​ទ្រង់​វិញ ការ​ដែល​ទូលបង្គំ​កើត​មាន​ទុក្ខ​ព្រួយ នោះ​គឺ​ជា​ប្រយោជន៍​ដល់​ទូលបង្គំ​ហើយ ដើម្បី​ឲ្យ​ទូលបង្គំ​បាន​រៀន​យក​បញ្ញត្ត​របស់​ទ្រង់ ក្រិត្យ‌វិន័យ​ដែល​ចេញ​ពី​ព្រះ‌ឱស្ឋ​ទ្រង់​មក នោះ​វិសេស​ដល់​ទូលបង្គំ ជា​ជាង​មាស​ប្រាក់ ទាំង​ពាន់​ផង។ ៙ ព្រះ‌ហស្ត​នៃ​ទ្រង់​បាន​បង្កើត ហើយ​តាំង​ទូលបង្គំ​ឡើង សូម​ប្រោស​ឲ្យ​ទូលបង្គំ​មាន​យោបល់ ដើម្បី​នឹង​រៀន​ឲ្យ​បាន​ស្គាល់​សេចក្ដី​បង្គាប់​របស់​ទ្រង់ ពួក​អ្នក​ដែល​កោត‌ខ្លាច​ដល់​ទ្រង់ គេ​នឹង​ឃើញ​ទូលបង្គំ ហើយ​មាន​សេចក្ដី​អំណរ ដោយ​ព្រោះ​ទូលបង្គំ​បាន សង្ឃឹម​ដល់​ព្រះ‌បន្ទូល​នៃ​ទ្រង់ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​ដឹង​ហើយ​ថា អស់​ទាំង​ខ​ច្បាប់​របស់​ទ្រង់​សុទ្ធ​តែ​សុចរិត ហើយ​ថា ទ្រង់​បាន​ធ្វើ​ឲ្យ​ទូលបង្គំ​កើត​មាន​ទុក្ខ ដោយ​សេចក្ដី​ស្មោះ‌ត្រង់​របស់​ទ្រង់​ទេ ទូលបង្គំ​ទូល‌អង្វរ​ដល់​ទ្រង់ សូម​ឲ្យ​សេចក្ដី​សប្បុរស របស់​ទ្រង់​ផ្សាយ​មក​ជួយ​ដោះ​ទុក្ខ​ទូលបង្គំ តាម​សេចក្ដី​ដែល​ទ្រង់​មាន​បន្ទូល​ដល់​អ្នក​បំរើ​ទ្រង់​ហើយ សូម​ប្រទាន​សេចក្ដី​មេត្តា‌ករុណា​របស់​ទ្រង់​មក​ទូលបង្គំ ដើម្បី​ឲ្យទូលបង្គំ​មាន​ជីវិត​ស្ថិត‌ស្ថេរ​នៅ ដ្បិត​ទូលបង្គំ​យក​ក្រិត្យ‌វិន័យ​ទ្រង់​ជា​សេចក្ដី​អំណរ​ដល់​ខ្លួន សូម​ឲ្យ​ពួក​មនុស្ស​ឆ្មើង‌ឆ្មៃ​ត្រូវ​មាន​សេចក្ដី​ខ្មាស​វិញ ដ្បិត​គេ​បាន​ប្រព្រឹត្ត​ក្រវិច‌ក្រវៀន​នឹង​ទូលបង្គំ ដោយ​ឥត​ហេតុ តែ​ទូលបង្គំ​នឹង​រំពឹង​គិត​ពី​បញ្ញត្ត​ទ្រង់ សូម​ឲ្យ​អស់​អ្នក​ដែល​កោត‌ខ្លាច​ដល់​ទ្រង់ បាន​បែរ​មក​ឯ​ទូលបង្គំ នោះ​គេ​នឹង​ស្គាល់​សេចក្ដី​បន្ទាល់​របស់​ទ្រង់​ផង សូម​ឲ្យ​ចិត្ត​ទូលបង្គំ​បាន​ជាប់​ស៊ប់​នឹង​បញ្ញត្ត​ទ្រង់ ដើម្បី​កុំ​ឲ្យ​ទូលបង្គំ​ត្រូវ​ខ្មាស​ឡើយ។