ទំនុកតម្កើង 103:1-13
ទំនុកតម្កើង 103:1-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រលឹងខ្ញុំអើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា ហើយគ្រប់ទាំងអស់ដែលនៅក្នុងខ្ញុំ ចូរសរសើរតម្កើងព្រះនាម ដ៏បរិសុទ្ធរបស់ព្រះអង្គ! ឱព្រលឹងខ្ញុំអើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា ហើយកុំឲ្យភ្លេចអស់ទាំងព្រះគុណរបស់ព្រះអង្គ ដែលព្រះអង្គអត់ទោស គ្រប់ទាំងអំពើទុច្ចរិតរបស់ឯង ក៏ប្រោសជំងឺទាំងប៉ុន្មានរបស់ឯងឲ្យបានជា ព្រះអង្គជួយជីវិតឯងឲ្យរួចពីរណ្តៅ ហើយយកព្រះហឫទ័យសប្បុរស និងព្រះហឫទ័យមេត្តាករុណា បំពាក់ជាមកុដដល់ឯង ព្រះអង្គប្រោសប្រទានឲ្យជីវិតឯង បានស្កប់ស្កល់ដោយរបស់ល្អ ដើម្បីឲ្យវ័យក្មេងរបស់ឯងបានកែឡើងជាថ្មី ដូចសត្វឥន្ទ្រី។ ៙ ព្រះយេហូវ៉ាសម្រេចកិច្ចការដ៏សុចរិត និងយុត្តិធម៌ សម្រាប់អស់អ្នកដែលត្រូវគេសង្កត់សង្កិន។ ព្រះអង្គបានបង្ហាញឲ្យលោកម៉ូសេ ស្គាល់ផ្លូវរបស់ព្រះអង្គ ហើយឲ្យប្រជាជនអ៊ីស្រាអែលស្គាល់កិច្ចការ របស់ព្រះអង្គ។ ព្រះយេហូវ៉ាប្រកបដោយ ព្រះហឫទ័យមេត្តាករុណា និងប្រណីសន្ដោស ទ្រង់យឺតនឹងខ្ញាល់ ហើយមានព្រះហឫទ័យសប្បុរសដ៏បរិបូរ។ ព្រះអង្គនឹងមិនបន្ទោសជានិច្ច ក៏មិនប្រកាន់រហូតដែរ។ ព្រះអង្គមិនប្រព្រឹត្តនឹងយើង តាមតែអំពើបាបរបស់យើងនោះឡើយ ក៏មិនសងតាមតែអំពើទុច្ចរិតរបស់យើងដែរ។ ដ្បិតផ្ទៃមេឃខ្ពស់ជាងផែនដីយ៉ាងណា ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ចំពោះអស់អ្នក ដែលកោតខ្លាចព្រះអង្គ ក៏ខ្ពស់យ៉ាងនោះដែរ។ ទិសខាងកើតនៅឆ្ងាយពីទិសខាងលិចយ៉ាងណា ព្រះអង្គក៏ដកអំពើរំលងរបស់យើង ឲ្យចេញឆ្ងាយពីយើងយ៉ាងនោះដែរ។ ឪពុកមានចិត្តអាសូរដល់កូនរបស់ខ្លួនយ៉ាងណា ព្រះយេហូវ៉ាក៏អាណិតអាសូរដល់អស់អ្នក ដែលកោតខ្លាចព្រះអង្គយ៉ាងនោះដែរ។
ទំនុកតម្កើង 103:1-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំសូមសរសើរតម្កើងព្រះអម្ចាស់! ខ្ញុំសូមសរសើរតម្កើងព្រះនាមដ៏វិសុទ្ធ របស់ព្រះអង្គអស់ពីដួងចិត្ត! ខ្ញុំសូមសរសើរតម្កើងព្រះអម្ចាស់ ដោយឥតភ្លេចពីកិច្ចការណាមួយដែលព្រះអង្គ បានធ្វើដោយព្រះហឫទ័យសប្បុរសនោះឡើយ! ព្រះអង្គបានអត់ទោសនូវកំហុសទាំងប៉ុន្មាន ដែលខ្ញុំបានប្រព្រឹត្ត ព្រះអង្គប្រោសខ្ញុំឲ្យបានជាពីជំងឺគ្រប់យ៉ាង ព្រះអង្គបានរំដោះជីវិតខ្ញុំឲ្យរួចពីរណ្ដៅ ព្រះអង្គតែងសម្តែងព្រះហឫទ័យមេត្តាករុណា និងអាណិតអាសូរចំពោះខ្ញុំយ៉ាងបរិបូណ៌ ព្រះអង្គប្រទានឲ្យខ្ញុំរស់នៅ ប្រកបដោយសុភមង្គល ហើយព្រះអង្គប្រទានឲ្យខ្ញុំ មានកម្លាំងឡើងវិញដូចសត្វឥន្ទ្រី។ ព្រះអម្ចាស់ប្រព្រឹត្តដោយសុចរិត ព្រះអង្គរកយុត្តិធម៌ឲ្យ អស់អ្នកដែលត្រូវគេសង្កត់សង្កិន។ ព្រះអង្គបង្ហាញឲ្យលោកម៉ូសេ ស្គាល់គម្រោងការរបស់ព្រះអង្គ ព្រះអង្គបង្ហាញឲ្យប្រជាជនអ៊ីស្រាអែល ស្គាល់ស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គ។ ព្រះអម្ចាស់ប្រកបដោយព្រះហឫទ័យ អាណិតអាសូរ ព្រះអង្គតែងតែប្រណីសន្ដោស ព្រះអង្គមានព្រះហឫទ័យអត់ធ្មត់ ហើយពោរពេញទៅដោយព្រះហឫទ័យ មេត្តាករុណា។ ព្រះអង្គមិនបន្ទោសជានិច្ចជាកាលទេ ហើយព្រះអង្គក៏មិនព្រះពិរោធរហូតដែរ។ ព្រះអង្គមិនដាក់ទោសយើង ឲ្យសមនឹងអំពើបាប ដែលយើងប្រព្រឹត្តនោះឡើយ ហើយព្រះអង្គក៏មិនឲ្យយើងទទួលទោស សមនឹងកំហុសរបស់យើងនោះដែរ។ ផ្ទៃមេឃខ្ពស់ពីផែនដីយ៉ាងណា ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ចំពោះអស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ ក៏ខ្ពស់យ៉ាងនោះដែរ។ ទិសខាងកើតនៅឆ្ងាយពីទិសខាងលិចយ៉ាងណា ព្រះអង្គក៏ដកកំហុសរបស់យើង ចេញឆ្ងាយពីយើងយ៉ាងនោះដែរ។ ឪពុកអាណិតអាសូរកូនរបស់ខ្លួនយ៉ាងណា ព្រះអម្ចាស់ក៏អាណិតអាសូរអស់អ្នក ដែលគោរពកោតខ្លាចព្រះអង្គយ៉ាងនោះដែរ
ទំនុកតម្កើង 103:1-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱព្រលឹងអញអើយ ចូរសរសើរដល់ព្រះយេហូវ៉ា ហើយគ្រប់ទាំងអស់ដែលរួមនៅក្នុងខ្លួនអញ ចូរសរសើរដល់ព្រះនាមបរិសុទ្ធនៃទ្រង់ដែរ ព្រលឹងអញអើយ ចូរសរសើរដល់ព្រះយេហូវ៉ាចុះ ហើយកុំឲ្យភ្លេចបណ្តាព្រះគុណណាមួយរបស់ទ្រង់ឡើយ ដែលទ្រង់អត់ទោសចំពោះអស់ទាំងការទុច្ចរិតរបស់ឯង ទ្រង់ប្រោសជំងឺទាំងប៉ុន្មានរបស់ឯងឲ្យជា ក៏ជួយជីវិតឯងឲ្យរួចពីរណ្តៅ ហើយយកសេចក្ដីសប្បុរស នឹងសេចក្ដីមេត្តាករុណា បំពាក់ជាមកុដឲ្យឯងវិញ ព្រមទាំងប្រោសប្រទានឲ្យសំបកកាយនៃឯង បានស្កប់ស្កល់ដោយរបស់ល្អ ប្រយោជន៍ឲ្យវ័យក្មេងឯង បានកែឡើងជាថ្មី ដូចជាឥន្ទ្រី ព្រះយេហូវ៉ាទ្រង់សំរេចកិច្ចការដ៏សុចរិត ហើយនឹងសេចក្ដីយុត្តិធម៌ ចំពោះអស់អ្នកណាដែលត្រូវគេសង្កត់សង្កិន ទ្រង់បានសំដែងឲ្យម៉ូសេស្គាល់អស់ទាំងផ្លូវរបស់ទ្រង់ ហើយឲ្យពួកកូនចៅអ៊ីស្រាអែលស្គាល់អស់ទាំងកិច្ចការ របស់ទ្រង់ដែរ ព្រះយេហូវ៉ាទ្រង់មានសេចក្ដីមេត្តាករុណា ហើយនឹងសេចក្ដីអាណិតអាសូរ ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្ដីសប្បុរសដ៏បរិបូរ ទ្រង់នឹងមិនបន្ទោសជាដរាប ក៏មិនប្រកាន់ជារៀងរាបតទៅដែរ ទ្រង់មិនបានប្រព្រឹត្តនឹងយើង តាមអំពើបាបរបស់យើងទេ ក៏មិនបានសងតាមអំពើទុច្ចរិតរបស់យើងដែរ ដ្បិតដែលផ្ទៃមេឃខ្ពស់ជាងផែនដីច្រើនប៉ុណ្ណា សេចក្ដីសប្បុរសរបស់ទ្រង់ក៏ធំច្រើនប៉ុណ្ណោះ ចំពោះអស់អ្នកដែលកោតខ្លាចដល់ទ្រង់ ឯទិសខាងកើតនៅឆ្ងាយពីទិសខាងលិចយ៉ាងណា ទ្រង់បានដកយកអស់ទាំងការល្មើសនៃយើង ឲ្យឃ្លាតឆ្ងាយពីយើងយ៉ាងនោះដែរ ព្រះយេហូវ៉ាទ្រង់មានព្រះហឫទ័យអាណិតដល់អស់អ្នក ដែលកោតខ្លាចទ្រង់ ដូចជាឪពុកមានចិត្តអាសូរដល់កូនរបស់ខ្លួនដែរ