សុភាសិត 2:3-10

សុភាសិត 2:3-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ចូរ​យក​តម្រិះ​មក​ធ្វើ​ជា​ជំនួយ ហើយ​យក​ការ​ដឹង​ខុស​ត្រូវ​មក​ធ្វើ​ជា​ទី​ពឹង។ ចូរ​ខំ​ប្រឹង​ស្វែង​រក​ប្រាជ្ញា ដូច​ស្វែង​រក​ប្រាក់ និង​ដូច​ជីក​ដី​រក​កំណប់។ ធ្វើ​ដូច្នេះ ទើប​កូន​យល់​អំពី​ការ​គោរព កោត​ខ្លាច​ព្រះ‌អម្ចាស់ ព្រម​ទាំង​អាច​ស្គាល់​ព្រះអង្គ​បាន​ទៀត​ផង។ មាន​តែព្រះ‌អម្ចាស់​ទេ​ដែល​ប្រទាន​ប្រាជ្ញា។ ចំណេះ​វិជ្ជា និង​ការ​ដឹង​ខុស​ត្រូវ សុទ្ធ​តែ​មក​ពី​ព្រះអង្គ​ទាំង​អស់។ ព្រះអង្គ​ជួយ​មនុស្ស​ទៀង​ត្រង់ ហើយ​ធ្វើ​ជា​ខែល​ការពារ អស់​អ្នក​ដែល​ដើរ​តាម​មាគ៌ា​ដ៏​ត្រឹម​ត្រូវ។ ព្រះអង្គ​ជួយ​ការពារ អស់​អ្នក​ដែល​ដើរ​តាម​គន្លង​ធម៌ ហើយ​ថែ‌រក្សា​អស់​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​ព្រះអង្គ។ ប្រសិន​បើ​កូន​ស្ដាប់​ឪពុក កូន​នឹង​យល់​អំពី​មាគ៌ា​ដ៏​សុចរិត ទៀង​ត្រង់ និង​ត្រឹម​ត្រូវ ពោល​គឺ​អ្វីៗ​ទាំង​អស់​ដែល​នាំ​មក​នូវ​សុភមង្គល។ ដូច្នេះ កូន​នឹង​ទៅ​ជា​មនុស្ស​មាន​ប្រាជ្ញា ហើយ​កូន​នឹង​មាន​ចិត្ត​ត្រេក‌អរ​ដោយ​ចេះ​ដឹង។

ចែក​រំលែក
អាន សុភាសិត 2

សុភាសិត 2:3-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

អើ បើ​ឯង​ស្រែក​ហៅ​រក​តម្រិះ ព្រម​ទាំង​បន្លឺ​សំឡេង​ឡើង សូម​ឲ្យ​បាន​យោ‌បល់ បើ​ឯង​ខំ​រក​ដូច​ជា​រក​ប្រាក់ ហើយ​ស្វែង​រក​ដូច​ជា​រក​កំណប់​ទ្រព្យ នោះ​ឯង​នឹង​បាន​យល់​សេចក្ដី​កោត​ខ្លាច ដល់​ព្រះ‌យេហូវ៉ា ហើយ​ប៉ះ​ប្រទះ​នឹង​សេចក្ដី​ស្គាល់​ដល់​ព្រះ‌អង្គ។ ដ្បិត​ព្រះ‌យេហូវ៉ា​ប្រទាន​ឲ្យ​មាន​ប្រាជ្ញា ឯ​តម្រិះ​នឹង​យោ‌បល់ នោះ​ចេញ​ពី​ព្រះ‌ឧស្ឋ​របស់​ព្រះ‌អង្គ​មក ព្រះ‌អង្គ​បម្រុង​ទុក​សេចក្ដី​ដែល​មាន​ប្រ‌យោជន៍ សម្រាប់​មនុស្ស​សុចរិត ក៏​ជា​ខែល​ដល់​អស់​អ្នក ដែល​ដើរ​ក្នុង​សេចក្ដី​ទៀង​ត្រង់ ដើម្បី​ឲ្យ​បាន​រក្សា​អស់​ទាំង​ផ្លូវ​ច្រក នៃ​សេចក្ដី​យុត្តិ‌ធម៌ ហើយ​ការ​ពារ​ផ្លូវ​របស់​ពួក​បរិសុទ្ធ​របស់​ព្រះ‌អង្គ។ យ៉ាង​នោះ​ឯង​នឹង​បាន​យល់​សេចក្ដី​សុចរិត សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​ទៀង​ត្រង់ គឺ​គ្រប់​ទាំង​ផ្លូវ​ល្អ ដ្បិត​ប្រាជ្ញា​នឹង​ចូល​មក​ស្ថិត​នៅ​ក្នុង​ចិត្ត​ឯង ហើយ​ការ​ចេះ​ដឹង​នឹង​គាប់​ចិត្ត​ដល់​ឯង

ចែក​រំលែក
អាន សុភាសិត 2

សុភាសិត 2:3-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

អើ បើ​ឯង​ស្រែក​ហៅ​រក​ដំរិះ ព្រម​ទាំង​បន្លឺ​សំឡេង​ឡើង សូម​ឲ្យ​បាន​យោបល់ បើ​ឯង​ខំ​រក​ដូច​ជា​រក​ប្រាក់ ហើយ​ស្វែង​រក​ដូច​ជា​រក​កំណប់​ទ្រព្យ នោះ​ឯង​នឹង​បាន​យល់​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ហើយ​ប៉ះ​ប្រទះ​នឹង​សេចក្ដី​ស្គាល់​ដល់​ព្រះ‌អង្គ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រទាន​ឲ្យ​មាន​ប្រាជ្ញា ឯ​ដំរិះនឹង​យោបល់ នោះ​ចេញ​ពី​ព្រះ‌ឱស្ឋ​របស់​ទ្រង់​មក ទ្រង់​បំរុង​ទុក​សេចក្ដី​ដែល​មាន​ប្រយោជន៍ សំរាប់​មនុស្ស​សុចរិត ក៏​ជា​ខែល​ដល់​អស់​អ្នក​ដែល​ដើរ​ក្នុង​សេចក្ដី​ទៀង​ត្រង់ ដើម្បី​ឲ្យ​បាន​រក្សា​អស់​ទាំង​ផ្លូវ​ច្រក​នៃ​សេចក្ដី​យុត្តិ‌ធម៌ ហើយ​ការ‌ពារ​ផ្លូវ​របស់​ពួក​បរិសុទ្ធ​របស់​ទ្រង់ យ៉ាង​នោះ​ឯង​នឹង​បាន​យល់​សេចក្ដី​សុចរិត សេចក្ដី​យុត្តិ‌ធម៌ នឹង​សេចក្ដី​ទៀង​ត្រង់ គឺ​គ្រប់​ទាំង​ផ្លូវ​ល្អ ដ្បិត​ប្រាជ្ញា​នឹង​ចូល​មក​ស្ថិត​នៅ​ក្នុង​ចិត្ត​ឯង ហើយ​ការ​ចេះ​ដឹង​នឹង​គាប់​ចិត្ត​ដល់​ឯង

ចែក​រំលែក
អាន សុភាសិត 2