សុភាសិត 2:10-22

សុភាសិត 2:10-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដ្បិត​ប្រាជ្ញា​នឹង​ចូល​មក​ស្ថិត​នៅ​ក្នុង​ចិត្ត​ឯង ហើយ​ការ​ចេះ​ដឹង​នឹង​គាប់​ចិត្ត​ដល់​ឯង គំនិត​វាង​វៃ​នឹង​ការ​ពារ​ឯង ហើយ​យោ‌បល់​នឹង​ថែ​រក្សា​ឯង ដើម្បី​នឹង​ជួយ​ឲ្យ​ឯង​រួច​ពី​ផ្លូវ​អា‌ក្រក់ ហើយ​ពី​ពួក​មនុស្ស ដែល​តែង​តែ​និយាយ​ពាក្យ​វៀច ជា​អ្នក​ដែល​បោះ‌បង់​ចោល​ផ្លូវ​ទៀង​ត្រង់ ដើម្បី​នឹង​ដើរ​តាម​ផ្លូវ​ងងឹត​វិញ ក៏​មាន​ចិត្ត​រីក‌រាយ​ដោយ​ប្រព្រឹត្ត​ការ​អា‌ក្រក់ ហើយ​ត្រេក‌អរ​ដោយ​ចិត្ត​វៀច របស់​មនុស្ស​អា‌ក្រក់។ ផ្លូវ​គេ​សុទ្ធ​តែ​ក្ងិច‌ក្ងក់ ហើយ​ផ្លូវ​ច្រក​របស់​គេ​ក៏​ទាស​ចេញ ដើម្បី​នឹង​ជួយ​ឲ្យ​ឯង​រួច​ពី​ស្រី​អាវ៉ាសែ គឺ​ឲ្យ​រួច​ពី​ស្រី​ផិត​ក្បត់ ដែល​ប្រលោម​ដោយ​ពាក្យ​ផ្អែម‌ល្ហែម ជា​អ្នក​ដែល​លះ​ចោល​គូ​សម្លាញ់ ដែល​បាន​គ្នា​ពី​ក្រមុំ​កំលោះ ក៏​ភ្លេច​សេចក្ដី​សញ្ញា​នៃ​ព្រះ​របស់​ខ្លួន ដ្បិត​ផ្ទះ​របស់​ស្ត្រី​នោះ ទ្រេត​ទៅ​ខាង​សេចក្ដី​ស្លាប់ ហើយ​ផ្លូវ​ច្រក​របស់​នាង នាំ​ទៅ​ឯ​ពួក​មនុស្ស​ស្លាប់។ ឯ​ពួក​អ្នក​ដែល​ដែល​ទៅ​វា នោះ​គ្មាន​អ្នក​ណា​ត្រឡប់​មក​វិញ​ឡើយ ក៏​មិន​ចាប់​កាន់​ផ្លូវ​ច្រក​នៃ​ជីវិត​ដែរ។ ដូច្នេះ ចូរ​ឯង​ដើរ​ក្នុង​ផ្លូវ​របស់​មនុស្ស​ល្អ ព្រម​ទាំង​រក្សា​ផ្លូវ​ច្រក​នៃ​ពួក​សុចរិត។ ដ្បិត​មនុស្ស​ទៀង​ត្រង់​នឹង​អា‌ស្រ័យ​នៅ​ផែនដី ហើយ​មនុស្ស​គ្រប់​លក្ខណ៍​នឹង​បាន​នៅ​ជាប់ តែ​មនុស្ស​អា‌ក្រក់​នឹង​ត្រូវ​កាត់ ឲ្យ​សូន្យ​ចេញ​ពី​ផែនដី​វិញ ហើយ​មនុស្ស​ប្រទូស‌រ៉ាយ នឹង​ត្រូវ​រំលើង​ចេញ​ពី​ស្រុក​ទៅ។

ចែក​រំលែក
អាន សុភាសិត 2

សុភាសិត 2:10-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ដូច្នេះ កូន​នឹង​ទៅ​ជា​មនុស្ស​មាន​ប្រាជ្ញា ហើយ​កូន​នឹង​មាន​ចិត្ត​ត្រេក‌អរ​ដោយ​ចេះ​ដឹង។ ការ​ចេះ​គិត​ពិចារណា​នឹង​ការពារ​កូន ហើយ​ការ​ដឹង​ខុស​ត្រូវ​នឹង​ថែ‌រក្សា​កូន មិន​ឲ្យ​ធ្លាក់​ទៅ​ក្នុង​មាគ៌ា​អាក្រក់ ឬ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស ដែល​ពោល​ពាក្យ​ខិល‌ខូច ឬ​មនុស្ស​ដែល​បោះ‌បង់​ផ្លូវ​ទៀង​ត្រង់ ហើយ​បែរ​ទៅ​រក​ផ្លូវ​ងងឹត​នោះ​ឡើយ។ ជន​ទាំង​នោះ​សប្បាយ​ចិត្ត​តែ​នឹង ប្រព្រឹត្ត​អំពើ​អាក្រក់ ហើយ​ត្រេក‌ត្រអាល​តែ​នឹង​អំពើ​ខិល‌ខូច។ អ្វីៗ​ដែល​គេ​ធ្វើ សុទ្ធ​តែ​វៀច‌វេរ មាគ៌ា​របស់​គេ​មិន​ដែល​ត្រង់​ទាល់​តែ​សោះ។ ធ្វើ​ដូច្នេះ កូន​នឹង​មិន​ចាញ់​ពាក្យ​ផ្អែម‌ល្ហែម របស់​ស្ត្រី​ដទៃ ដែល​មិន​មែន​ជា​ភរិយា​របស់​កូន គឺ​ស្ត្រី​ផិត​ប្ដី​របស់​ខ្លួន និង​ក្បត់​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌ជាម្ចាស់។ អាកប្ប​កិរិយា​របស់​ស្ត្រី​បែប​នេះ រមែង​បណ្ដាល​ឲ្យ​គ្រួសារ​របស់​ខ្លួន​ស្លាប់ និង​នាំ​គេ​ឯង​ឲ្យ​វិនាស​បាត់‌បង់។ ជន​ណា​ភប់‌ប្រសព្វ​ជា​មួយ​ស្ត្រី​នេះ ក៏​ត្រូវ​អន្តរាយ​រួម​ជា​មួយ​នាង​ដែរ គឺ​រក​ផ្លូវ​ទៅ​កាន់​ជីវិត​មិន​ឃើញ​ទេ។ ដូច្នេះ ចូរ​កូន​រើស​យក​មាគ៌ា​របស់​មនុស្ស​ល្អ និង​យក​តម្រាប់​តាម​មនុស្ស​សុចរិត ដ្បិត​មនុស្ស​ទៀង​ត្រង់​នឹង​រស់​នៅ​ក្នុង​ស្រុក​នេះ ហើយ​មនុស្ស​ឥត​កំហុស នឹង​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ។ រីឯ​មនុស្ស​ពាល​វិញ ព្រះ‌ជាម្ចាស់​នឹង​កាត់‌កាល់​ពួក​គេ​ចេញ​ពី​ស្រុក ហើយ​ព្រះអង្គ​ក៏​ដក​មនុស្ស​ល្មើស​វិន័យ ចេញ​ពី​ស្រុក​ដែរ។

ចែក​រំលែក
អាន សុភាសិត 2

សុភាសិត 2:10-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដ្បិត​ប្រាជ្ញា​នឹង​ចូល​មក​ស្ថិត​នៅ​ក្នុង​ចិត្ត​ឯង ហើយ​ការ​ចេះ​ដឹង​នឹង​គាប់​ចិត្ត​ដល់​ឯង គំនិត​វាង‌វៃ​នឹង​ការ‌ពារ​ឯង ហើយ​យោបល់​នឹង​ថែ​រក្សា​ឯង ដើម្បី​នឹង​ជួយ​ឲ្យ​ឯង​រួច​ពី​ផ្លូវ​អាក្រក់ ហើយ​ពី​ពួក​មនុស្ស​ដែល​តែង‌តែ​និយាយ​ពាក្យ​វៀច ជា​អ្នក​ដែល​បោះ‌បង់​ចោល​ផ្លូវ​ទៀង​ត្រង់ ដើម្បី​នឹង​ដើរ​តាម​ផ្លូវ​ងងឹត​វិញ ក៏​មាន​ចិត្ត​រីក‌រាយ​ដោយ​ប្រព្រឹត្ត​ការ​អាក្រក់ ហើយ​ត្រេក‌អរ​ដោយ​ចិត្ត​វៀច​របស់​មនុស្ស​អាក្រក់ ផ្លូវ​គេ​សុទ្ធ​តែ​ក្ងិក‌ក្ងក់ ហើយ​ផ្លូវ​ច្រក​របស់​គេ​ក៏​ទាស​ចេញ ហើយ​ដើម្បី​នឹង​ជួយ​ឲ្យ​ឯង​រួច​ពី​ស្រី​អាវ៉ាសែ គឺ​ឲ្យ​រួច​ពី​មនុស្ស​ស្រី​ដទៃ ដែល​និយាយ​ប្រលោម​ដោយ​ពាក្យ​ផ្អែម‌ល្ហែម ជា​អ្នក​ដែល​លះ​ចោល​គូ​សំឡាញ់ ដែល​បាន​គ្នា​ពី​ក្រមុំ​កំឡោះ ក៏​ភ្លេច​សេចក្ដី​សញ្ញា​នៃ​ព្រះ​របស់​ខ្លួន ដ្បិត​ផ្ទះ​របស់​ស្ត្រី​នោះ ទ្រេត​ទៅ​ខាង​សេចក្ដី​ស្លាប់ ហើយ​ផ្លូវ​ច្រក​របស់​វា នាំ​ទៅ​ឯ​ពួក​មនុស្ស​ស្លាប់ ឯ​ពួក​អ្នក​ដែល​ទៅ​ឯ​វា នោះ​គ្មាន​អ្នក​ណា​ត្រឡប់​មក​វិញ​ឡើយ ក៏​មិន​ចាប់​កាន់​ផ្លូវ​ច្រក​នៃ​ជីវិត​ដែរ ហើយ​មាន​ប្រយោជន៍​ឲ្យ​ឯង​បាន​ដើរ​ក្នុង​ផ្លូវ​របស់​មនុស្ស​ល្អ ព្រម​ទាំង​រក្សា​ផ្លូវ​ច្រក​នៃ​ពួក​សុចរិត ដ្បិត​មនុស្ស​ទៀង​ត្រង់​នឹង​អាស្រ័យ​នៅ​ផែនដី ហើយ​មនុស្ស​គ្រប់​លក្ខណ៍​នឹង​បាន​នៅ​ជាប់ តែ​មនុស្ស​អាក្រក់​នឹង​ត្រូវ​កាត់​ឲ្យ​សូន្យ​ចេញ​ពី​ផែនដី​វិញ ហើយ​មនុស្ស​ប្រទូស‌រ៉ាយ​នឹង​ត្រូវ​រំលើង​ចេញ​ពី​ស្រុក​ទៅ។

ចែក​រំលែក
អាន សុភាសិត 2