សុភាសិត 16:1-33

សុភាសិត 16:1-33 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

គំនិត​ដែល​ចាត់​ចែង​ក្នុង​ចិត្ត នោះ​ស្រេច​នៅ​មនុស្ស តែ​គឺ​ព្រះ‌យេហូវ៉ា​ដែល​ឆ្លើយ សម្រេច​ការ​នោះ​វិញ។ គ្រប់​ទាំង​ផ្លូវ​របស់​មនុស្ស សុទ្ធ​តែ​ស្អាត​នៅ​ភ្នែក​ខ្លួន តែ​គឺ​ព្រះ‌យេហូវ៉ា​ដែល​ព្រះ‌អង្គ​ថ្លឹង អស់​ទាំង​ទឹក​ចិត្ត​វិញ។ ចូរ​ទុក​ដាក់​អស់​ទាំង​ការ​ឯង នៅ​នឹង​ព្រះ‌យេហូវ៉ា​ចុះ នោះ​អស់​ទាំង​គំនិត​របស់​ឯង នឹង​បាន​សម្រេច។ ព្រះ‌យេហូវ៉ា​បាន​ធ្វើ​គ្រប់​របស់​ទាំង​អស់ ឲ្យ​សម​នឹង​ប្រ‌យោជន៍​នៃ​របស់​នោះ​ឯង ទោះ​ទាំង​មនុស្ស​អាក្រក់​ក៏​បាន​កើត​មក សម្រាប់​ថ្ងៃ​នៃ​សេចក្ដី​អាក្រក់​ដែរ។ អស់​អ្នក​ណា​ដែល​មាន​ចិត្ត​ឆ្មើង‌ឆ្មៃ នោះ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា ទោះ​បើ​ព្រួត​ដៃ​គ្នា គង់​តែ​គេ​មិន​រួច​ពី​ទោស​ឡើយ។ ឯ​អំពើ​កំហុស នោះ​នឹង​បាន​ជ្រះ​ស្អាត ដោយ‌សារ​សេចក្ដី​មេត្តា និង​សេចក្ដី​ពិត ហើយ​មនុស្ស​នឹង​រួច​ពី​សេចក្ដី​អាក្រក់​បាន ដោយ​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា។ កាល​ណា​ផ្លូវ​ប្រព្រឹត្ត​របស់​មនុស្ស​ណា ជា​ទី​គាប់​ដល់​ព្រះ‌ហឫ‌ទ័យ​នៃ​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​ក៏​បណ្ដាល​ឲ្យ​ទាំង​ពួក​ខ្មាំង​សត្រូវ បាន​ជា​មេត្រី​នឹង​អ្នក​នោះ​ដែរ។ បើ​មាន​ទ្រព្យ​តិច ហើយ​មាន​សេចក្ដី​សុចរិត នោះ​វិសេស​ជាង​មាន​កម្រៃ​ច្រើន តែ​មាន​អំពើ​ទុច្ចរិត​វិញ។ ចិត្ត​របស់​មនុស្ស​រមែង​គិត​សម្រេច​ផ្លូវ​របស់​ខ្លួន តែ​គឺ​ព្រះ‌យេហូវ៉ា​ដែល​ព្រះ‌អង្គ​តម្រង់​ជំហាន​គេ​វិញ។ មាន​ពាក្យ​ទំនាយ​នៅ​ព្រះ​រឹម​នៃ​ស្តេច ហើយ​ព្រះ‌ឧស្ឋ​របស់​ព្រះ‌អង្គ នឹង​មិន​សម្រេច​ខុស​ក្នុង​ការ​វិនិច្ឆ័យ​ឡើយ។ ជញ្ជីង និង​ត្រា‌ជូ​ត្រឹម​ត្រូវ នោះ​ជា​របស់​ព្រះ‌យេហូវ៉ា ឯ​អស់​ទាំង​កូន​ជញ្ជីង​នៅ​ក្នុង​ថង់ ក៏​ជា​ស្នា​ព្រះហស្ត​របស់​ព្រះ‌អង្គ​ដែរ។ បើ​ស្តេច​ប្រព្រឹត្ត​អំពើ​អាក្រក់ នោះ​ជា​ទី​គួរ​ស្អប់​ខ្ពើម​ហើយ ដ្បិត​រាជ្យ​បាន​តាំង​នៅ​ជាប់ ដោយ‌សារ​តែ​សេចក្ដី​សុចរិត​ទេ។ ឯ​បបូរ​មាត់​សុចរិត នោះ​ជា​ទី​គាប់ ដល់​ព្រះ‌ហឫ‌ទ័យ​នៃ​ស្តេច​ណាស់ ហើយ​ព្រះ‌អង្គ​ក៏​ស្រឡាញ់​ដល់​អ្នក​ណា ដែល​ពោល​ដោយ​ត្រឹម​ត្រូវ។ សេចក្ដី​ក្រោធ​របស់​ស្តេច ប្រៀប​ដូច​ជា​អ្នក​បម្រើ​នៃ​សេចក្ដី​ស្លាប់ មនុស្ស​មាន​ប្រាជ្ញា នឹង​ខំ​រម្ងាប់​សេចក្ដី​ក្រោធ​នោះ​ទៅ។ កាល​ណា​ស្តេច​មាន​ព្រះ‌ភក្ត្រ​រីក‌រាយ នោះ​ឯង​បាន​ជីវិត​គង់​នៅ​ហើយ ឯ​ព្រះ‌គុណ​ព្រះ‌អង្គ​ក៏​ដូច​ជា​ពពក​នៅ​ចុង​រដូវ​ភ្លៀង។ ការ​ដែល​បាន​ប្រាជ្ញា នោះ​វិសេស​ជាង​បាន​មាស​តើ​អម្បាល‌ម៉ាន​ទៅ ការ​ដែល​បាន​យោបល់ នោះ​គួរ​រើស​យក​ជា​ជាង​ប្រាក់​ទៅ​ទៀត។ ផ្លូវ​របស់​មនុស្ស​ទៀង​ត្រង់ នោះ​គឺ​ជា​ការ​ចៀស​វាង​ពី​អំពើ​អាក្រក់ អ្នក​ណា​ដែល​រក្សា​ទុក​នូវ​ផ្លូវ​ប្រព្រឹត្ត​របស់​ខ្លួន នោះ​ឈ្មោះ​ថា​ការ​ពារ​ព្រលឹង​ខ្លួន។ សេចក្ដី​ឆ្មើង‌ឆ្មៃ​នាំ​មុខ​សេចក្ដី​ហិន​វិនាស ហើយ​ចិត្ត​ព្រហើន​ក៏​នាំ​ឲ្យ​ដួល​ចុះ​ដែរ។ ការ​ដែល​មាន​ចិត្ត​សុភាព ជា‌មួយ​ពួក​មនុស្ស​រាប​ទាប នោះ​វិសេស​ជាង​ការ​ចែក​របឹប ជា‌មួយ​មនុស្ស​អួត​អាង។ អ្នក​ណា​ដែល​រំពឹង​គិត​ពី​ដំណើរ​អ្វី នោះ​នឹង​បាន​សេចក្ដី​ល្អ​ចេញ​ពី​នោះ​មក ហើយ​អ្នក​ណា​ដែល​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា នោះ​សប្បាយ​ហើយ។ ឯ​អ្នក​ណា​ដែល​មាន​ចិត្ត​ប្រកប​ដោយ​ប្រាជ្ញា នោះ​នឹង​បាន​ឈ្មោះ​ថា​ជា​អ្នក​ឆ្លៀវ‌ឆ្លាត ហើយ​សេចក្ដី​ផ្អែម‌ល្ហែម​នៃ​បបូរ​មាត់ ក៏​ចម្រើន​ចំណេះ​កាន់​តែ​ច្រើន​ឡើង។ អ្នក​ណា​ដែល​មាន​យោបល់​ហើយ យោបល់​នោះ​ឯង​ជា​រដ្ឋ​ទឹក​នៃ​ជីវិត​ដល់​អ្នក​នោះ ហើយ​ការ​វាយ​ផ្ចាល​របស់​មនុស្ស​ល្ងី‌ល្ងើ គឺ​ជា​សេចក្ដី​ចម្កួត​របស់​ខ្លួន​គេ។ ចិត្ត​របស់​មនុស្ស​ដែល​មាន​ប្រាជ្ញា នោះ​បង្រៀន​មាត់​របស់​ខ្លួន ហើយ​ក៏​បង្កើត​ឲ្យ​បបូរ​មាត់ មាន​ចំណេះ​កាន់​តែ​ច្រើន​ឡើង​ផង។ ពាក្យ​សម្ដី​ពីរោះ នោះ​ធៀប​ដូច​ជា​សំណុំ​ឃ្មុំ ក៏​ផ្អែម​ដល់​ព្រលឹង ហើយ​ជា​ថ្នាំ​ផ្សះ​ដល់​ឆ្អឹង​ផង។ មាន​ផ្លូវ​មួយ​ដែល​មើល​ទៅ​ដូច​ជា​ត្រឹម​ត្រូវ​ល្អ ដល់​មនុស្ស តែ​ចុង​បំផុត​នៃ​ផ្លូវ​នោះ គឺ​ជា​សេចក្ដី​ស្លាប់។ ការ​ស្រេក​ឃ្លាន​របស់​អ្នក​ណា​ដែល​រក​ស៊ី នោះ​ខំ​ធ្វើ​សម្រាប់​ខ្លួន​អ្នក​នោះ​ឯង ដ្បិត​មាត់​ខ្លួន​បង្ខំ​ឲ្យ​ធ្វើ​ទៅ។ មនុស្ស​ចោល‌ម្សៀត គេ​គិត​គូរ​បង្កើត​ការ​អាក្រក់ ហើយ​នៅ​បបូរ​មាត់​គេ​មាន​ភ្លើង​ក្តៅ​ដែរ។ មនុស្ស​វៀច​វេរ គេ​សាប‌ព្រោះ​សេចក្ដី​ទាស់‌ទែង​គ្នា ហើយ​អ្នក​បេះ‌បួយ ក៏​នាំ​ឲ្យ​ទាំង​មិត្ត​សម្លាញ់ យ៉ាង​ជិត​ស្និទ្ធ​បាក់​បែក​គ្នា​ដែរ។ មនុស្ស​ច្រឡោត​គេ​ល្បួង​អ្នក​ជិត​ខាង ហើយ​ក៏​នាំ​ទៅ​ក្នុង​ផ្លូវ​ដែល​មិន​ល្អ។ អ្នក​ណា​ធ្មេច​ភ្នែក អ្នក​នោះ​គិត​បង្កើត ការ​វៀច អ្នក​ដែល​ខាំ​មាត់ អ្នក​នោះ​គិត​សម្រេច​ការ​អាក្រក់។ ឯ​សក់​ស្កូវ បើ​ឃើញ​នៅ​ក្នុង​ផ្លូវ​សុចរិត នោះ​ជា​មកុដ​នៃ​កិត្តិ‌សព្ទ។ អ្នក​ណា​ដែល​យឺត​នឹង​ខឹង នោះ​វិសេស​ជាង​អ្នក​ដែល​មាន​កម្លាំង​ខ្លាំង ហើយ​អ្នក​ណា​ដែល​ឈ្នះ​ចិត្ត​ខ្លួន ក៏​វិសេស​ជាង​អ្នក​ដែល​ឈ្នះ យក​បាន​ទី​ក្រុង​ទៅ​ទៀត។ មនុស្ស​តែង​បោះ​ឆ្នោត​ទៅ​ក្នុង​ថ្នក់​អាវ ប៉ុន្តែ ដែល​សម្រេច​ទៅ​ជា​យ៉ាង​ណា នោះ​ស្រេច​នៅ​ព្រះ‌យេហូវ៉ា។

ចែក​រំលែក
អាន សុភាសិត 16

សុភាសិត 16:1-33 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មនុស្ស​គិត‌គូរ​គម្រោង‌ការ​របស់​ខ្លួន តែ​ការ​សម្រេច​ស្ថិត​នៅ​លើ​ព្រះ‌អម្ចាស់។ មនុស្ស​រមែង​នឹក​ស្មាន​ថា អំពើ​ទាំង​អស់​ដែល​ខ្លួន​ប្រព្រឹត្ត​សុទ្ធ​តែ​ត្រូវ ប៉ុន្តែ ព្រះ‌អម្ចាស់ឈ្វេង​យល់​ចិត្ត​គំនិត​របស់​មនុស្ស។ ចូរ​ថ្វាយ​កិច្ចការ​ដែល​អ្នក​ធ្វើ​ទៅ​ព្រះ‌អម្ចាស់ នោះ​គម្រោង‌ការ​របស់​អ្នក​មុខ​ជា​បាន​សម្រេច។ អ្វីៗ​ដែល​ព្រះ‌អម្ចាស់​ធ្វើ​សុទ្ធ​តែ​មាន​គោល‌ដៅ គឺ​សូម្បី​តែ​មនុស្ស​អាក្រក់​ក៏​ព្រះអង្គ​បាន​គ្រោង​ទុក​សម្រាប់​ទទួល​ទណ្ឌ‌កម្ម នៅ​ថ្ងៃ​ព្រះអង្គ​វិនិច្ឆ័យ​ទោស​ដែរ។ ព្រះ‌អម្ចាស់​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​មនុស្ស​វាយ​ឫក​ខ្ពស់​ទេ ព្រះអង្គ​ពិត​ជា​ដាក់​ទោស​គេ​មិន​ខាន។ ព្រះ‌ជាម្ចាស់​លើក‌លែង​ទោស​ឲ្យ​អ្នក​ដែល​មាន​ចិត្ត​សប្បុរស និង​ចិត្ត​ស្មោះ​ត្រង់។ អ្នក​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​រមែង​ចៀស​ផុត​ពី​អំពើ​បាប។ កាល​ណា​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​នឹង​កិរិយា​មារយាទ​របស់​អ្នក​ណា​ម្នាក់ សូម្បី​តែ​ខ្មាំង​សត្រូវ​របស់​គេ​ក៏​ព្រះអង្គ​ផ្សះ‌ផ្សា​ឲ្យ​ជា​នា​គ្នា​វិញ​ដែរ។ រក​បាន​ប្រាក់​តិច​ដោយ​យុត្តិធម៌ ប្រសើរ​ជាង​រក​បាន​ប្រាក់​ច្រើន​ដោយ​អយុត្តិធម៌។ មនុស្ស​គិត‌គូរ​ពី​ផ្លូវ​ដែល​ខ្លួន​ត្រូវ​ដើរ តែ​ព្រះ‌អម្ចាស់​ជា​អ្នក​ណែ‌នាំ​ផ្លូវ។ ស្ដេច​តែងតែ​មាន​រាជ‌ឱង្ការ​ក្នុង​នាម​ព្រះ‌ជាម្ចាស់ ទ្រង់​ជំនុំ​ជម្រះ​ក្ដី​ដោយ​ឥត​លម្អៀង។ ជញ្ជីង និង​កូន​ទម្ងន់​ត្រឹម​ត្រូវ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អម្ចាស់ ហើយ​ព្រះអង្គ​ក៏​សព្វ​ព្រះ‌ហឫទ័យ​នឹង​ការ​លក់​ដូរ​ទៀង‌ត្រង់​ដែរ។ ស្ដេច​មិន​ត្រូវ​ប្រព្រឹត្ត​អំពើ​អាក្រក់​ទេ ដ្បិត​រាជ​សម្បត្តិ​អាច​រឹង‌មាំ​បាន ដោយ‌សារ​សេចក្ដី​សុចរិត។ ស្ដេច​សព្វ​ព្រះ‌ហឫទ័យ​នឹង​អ្នក​និយាយ​ត្រង់ ហើយ​ស្រឡាញ់​អ្នក​និយាយ​ការ​ពិត។ សេចក្ដី​ក្រោធ​របស់​ស្ដេច​ប្រៀប​បាន​នឹង​ពេជ្ឈ‌ឃាត​នាំ​គេ​យក​ទៅ​សម្លាប់ តែ​មនុស្ស​មាន​ប្រាជ្ញា​អាច​ទប់​កំហឹង​របស់​ស្ដេច។ ព្រះ‌ភ័ក្ត្រ​រីក‌រាយ​របស់​ស្ដេច​រមែង​ផ្ដល់​ជីវិត ហើយ​ព្រះ‌ហឫទ័យ​សប្បុរស​របស់​ស្ដេច​ប្រៀប​បាន​នឹង​ទឹក​ភ្លៀង​នៅ​ដើម​រដូវ។ ស្វែង​រក​ប្រាជ្ញា​ប្រសើរ​ជាង​រក​មាស ស្វែង​រក​ការ​ចេះ​ដឹង​ប្រសើរ​ជាង​រក​ប្រាក់។ ផ្លូវ​របស់​មនុស្ស​ទៀង‌ត្រង់​ស្ថិត​នៅ​ឆ្ងាយ​ពី​អំពើ​អាក្រក់ អ្នក​ណា​ចេះ​ប្រយ័ត្ន​ខ្លួន អ្នក​នោះ​ចេះ​រក្សា​ជីវិត។ អំនួត​រមែង​នាំ​ឲ្យ​អន្តរាយ ចិត្ត​ព្រហើន​រមែង​នាំ​ឲ្យ​វិនាស។ ដាក់​ខ្លួន​រស់​នៅ​ជា​មួយ​ជន​ក្រីក្រ ប្រសើរ​ជាង​ចែក​ជយ‌ភណ្ឌ​ជា​មួយ​មនុស្ស​អួត‌អាង។ អ្នក​ណា​ចេះ​គិត‌គូរ​មុន​នឹង​ធ្វើ​កិច្ចការ​អ្វី​មួយ អ្នក​នោះ​រមែង​ចម្រុង‌ចម្រើន រីឯ​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់​រមែង​មាន​សុភមង្គល។ មនុស្ស​ដែល​ចេះ​គិត​ពិចារណា​ជា​មនុស្ស​ឈ្លាស‌វៃ រីឯ​អ្នក​ដែល​ចេះ​និយាយ​ទន់‌ភ្លន់ រមែង​ធ្វើ​ឲ្យ​គេ​ទុក​ចិត្ត។ សុភ‌និច្ឆ័យ​ប្រៀប​ដូច​ជា​ប្រភព​នៃ​ជីវិត​សម្រាប់​អ្នក​ចេះ​គិត‌គូរ រីឯ​ជន​ល្ងង់‌ខ្លៅ​ត្រូវ​ទទួល​ទោស ព្រោះ​តែ​ភាព​ល្ងង់‌ខ្លៅ​របស់​ខ្លួន។ មនុស្ស​ដែល​ចេះ​ពិចារណា​រមែង​រិះគិត​មុន​នឹង​និយាយ ហើយ​អ្វីៗ​ដែល​អ្នក​នោះ​និយាយ រមែង​ធ្វើ​ឲ្យ​គេ​ទុក​ចិត្ត។ សម្ដី​ទន់‌ភ្លន់​ប្រៀប​បាន​នឹង​ទឹក​ឃ្មុំ មាន​រស‌ជាតិ​ឆ្ងាញ់​ជា​ទី​គាប់​ចិត្ត ហើយ​ផ្ដល់​សុខ‌ភាព​ល្អ។ មនុស្ស​ខ្លះ​យល់​ថា ផ្លូវ​ដែល​ខ្លួន​ដើរ​ជា​ផ្លូវ​ត្រឹម​ត្រូវ ប៉ុន្តែ នៅ​ទី​បំផុត ផ្លូវ​នោះ​នាំ​ទៅ​រក​សេចក្ដី​ស្លាប់។ ការ​អត់​ឃ្លាន​បង្ខំ​ឲ្យ​មនុស្ស​ធ្វើ​ការ ដ្បិត​ក្រពះ​គេ​ទាម‌ទារ។ មនុស្ស​ចោល‌ម្សៀត​គិត​តែ​ពី​ប្រព្រឹត្ត​អំពើ​អាក្រក់ អណ្ដាត​របស់​គេ​ប្រៀប​ដូច​ជា​ភ្លើង​ឆេះ​បំផ្លាញ។ មនុស្ស​ទុយ៌ស​រមែង​បង្ក​ជម្លោះ ហើយ​អ្នក​អុជ‌អាល​រមែង​បំផ្លាញ​មិត្ត‌ភាព។ មនុស្ស​ឃោរ‌ឃៅ​តែងតែ​បោក​បញ្ឆោត​មិត្ត​សម្លាញ់​របស់​ខ្លួន ដើម្បី​នាំ​គេ​ឲ្យ​ដើរ​ក្នុង​ផ្លូវ​អាក្រក់។ អ្នក​ណា​បិទ​ភ្នែក ហើយ​ខាំ​បបូរ​មាត់ អ្នក​នោះ​ក៏​ដូច​ជា​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​ខ្លួន​គ្រោង​ទុក​រួច​ហើយ។ សក់​ស្កូវ​ជា​មកុដ​ដ៏​រុងរឿង មាន​តែ​មនុស្ស​សុចរិត​ទេ ដែល​ទទួល​មកុដ​នេះ។ មនុស្ស​មិន​ចេះ​ខឹង​ប្រសើរ​ជាង​វីរ‌បុរស រីឯ​មនុស្ស​ចេះ​ទប់​ចិត្ត ប្រសើរ​ជាង​អ្នក​វាយ​យក​បាន​ទីក្រុង​មួយ។ មនុស្ស​តែងតែ​រក​គ្រូ​គន់‌គូរ​មើល​ជោគ‌វាសនា ប៉ុន្តែ គឺ​ព្រះ‌អម្ចាស់​ទេ ដែល​សម្រេច​អ្វីៗ​ទាំង​អស់។

ចែក​រំលែក
អាន សុភាសិត 16

សុភាសិត 16:1-33 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គំនិត​ដែល​ចាត់‌ចែង​ក្នុង​ចិត្ត នោះ​ស្រេច​នៅ​មនុស្ស តែ​គឺ​ព្រះ‌យេហូវ៉ា​ដែល​ឆ្លើយ​សំរេច​ការ​នោះ​វិញ។ គ្រប់​ទាំង​ផ្លូវ​របស់​មនុស្ស សុទ្ធ​តែ​ស្អាត​នៅ​ភ្នែក​ខ្លួន តែ​គឺ​ព្រះ‌យេហូវ៉ា​ដែល​ទ្រង់​ថ្លឹង​អស់​ទាំង​ទឹក​ចិត្ត​វិញ។ ចូរ​ទុក​ដាក់​អស់​ទាំង​ការ​ឯង នៅ​នឹង​ព្រះ‌យេហូវ៉ា​ចុះ នោះ​អស់​ទាំង​គំនិត​របស់​ឯង​នឹង​បាន​សំរេច។ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ធ្វើ​គ្រប់​របស់​ទាំង​អស់ ឲ្យ​សម​នឹង​ប្រយោជន៍​នៃ​របស់​នោះ​ឯង អើ ទោះ​ទាំង​មនុស្ស​អាក្រក់​ក៏​បាន​កើត​មក​សំរាប់​ថ្ងៃ​នៃ​សេចក្ដី​អាក្រក់​ដែរ។ អស់​អ្នក​ណា​ដែល​មាន​ចិត្ត​ឆ្មើង‌ឆ្មៃ នោះ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា ទោះ​បើ​ព្រួត​ដៃ​គ្នា គង់​តែ​គេ​មិន​រួច​ពី​ទោស​ឡើយ។ ឯ​អំពើ​កំហុស នោះ​នឹង​បាន​ជ្រះ​ស្អាត ដោយ‌សារ​សេចក្ដី​មេត្តា នឹង​សេចក្ដី​ពិត ហើយ​មនុស្ស​នឹង​រួច​ពី​សេចក្ដី​អាក្រក់​បាន ដោយ​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា។ កាល​ណា​ផ្លូវ​ប្រព្រឹត្ត​របស់​មនុស្ស​ណា​ជា​ទី​គាប់​ដល់​ព្រះ‌ហឫទ័យ​នៃ​ព្រះ‌យេហូវ៉ា នោះ​ទ្រង់​ក៏​បណ្តាល​ឲ្យ​ទាំង​ពួក​ខ្មាំង​សត្រូវ​បាន​ជា​មេត្រី​នឹង​អ្នក​នោះ​ដែរ។ បើ​មាន​ទ្រព្យ​តិច ហើយ​មាន​សេចក្ដី​សុចរិត នោះ​វិសេស​ជាង​មាន​កំរៃ​ច្រើន តែ​មាន​សេចក្ដី​ទុច្ចរិត​វិញ។ ចិត្ត​របស់​មនុស្ស​រមែង​គិត​សំរេច​ផ្លូវ​របស់​ខ្លួន តែ​គឺ​ព្រះ‌យេហូវ៉ា​ដែល​ទ្រង់​ដំរង់​ជំហាន​គេ​វិញ។ មាន​ពាក្យ​ទំនាយ​នៅ​ព្រះ‌រឹម​នៃ​ស្តេច ហើយ​ព្រះ‌ឱស្ឋ​ទ្រង់​នឹង​មិន​សំរេច​ខុស​ក្នុង​ការ​វិនិច្ឆ័យ​ឡើយ។ ជញ្ជីង ហើយ​នឹង​ត្រាជូ​ត្រឹម‌ត្រូវ នោះ​ជា​របស់​ផង​ព្រះ‌យេហូវ៉ា ឯ​អស់​ទាំង​កូន​ជញ្ជីង​នៅ​ក្នុង​ថង់​ក៏​ជា​ស្នាដៃ​របស់​ទ្រង់​ដែរ។ បើ​ស្តេច​ប្រព្រឹត្ត​អំពើ​អាក្រក់ នោះ​ជា​ទី​គួរ​ស្អប់​ខ្ពើម​ហើយ ដ្បិត​រាជ្យ​បាន​តាំង​នៅ​ជាប់ ដោយ‌សារ​តែ​សេចក្ដី​សុចរិត​ទេ។ ឯ​បបូរ​មាត់​សុចរិត នោះ​ជា​ទី​គាប់​ដល់​ព្រះ‌ទ័យ​នៃ​ស្តេច​ណាស់ ហើយ​ទ្រង់​ក៏​ស្រឡាញ់​ដល់​អ្នក​ណា​ដែល​ពោល​ដោយ​ត្រឹម‌ត្រូវ។ សេចក្ដី​ក្រោធ​របស់​ស្តេច ប្រៀប​ដូច​ជា​អ្នក​បំរើ​នៃ​សេចក្ដី​ស្លាប់ មនុស្ស​មាន​ប្រាជ្ញា​នឹង​ខំ​រំងាប់​សេចក្ដី​ក្រោធ​នោះ​ទៅ។ កាល​ណា​ស្តេច​មាន​ព្រះ‌ភក្ត្រ​រីក‌រាយ នោះ​ឯង​បាន​ជីវិត​គង់​នៅ​ហើយ ឯ​ព្រះ‌គុណ​ទ្រង់​ក៏​ដូច​ជា​ពពក​នៅ​ចុង​រដូវ​ភ្លៀង។ ការ​ដែល​បាន​ប្រាជ្ញា នោះ​វិសេស​ជាង​បាន​មាស​តើ​អំបាល‌ម៉ាន​ទៅ អើ ការ​ដែល​បាន​យោបល់ នោះ​គួរ​រើស​យក​ជា​ជាង​ប្រាក់​ទៅ​ទៀត។ ផ្លូវ​របស់​មនុស្ស​ទៀង​ត្រង់ នោះ​គឺ​ជា​ការ​ចៀស​វាង​ពី​អំពើ​អាក្រក់ អ្នក​ណា​ដែល​រក្សា​ទុក​នូវ​ផ្លូវ​ប្រព្រឹត្ត​របស់​ខ្លួន​នោះ​ឈ្មោះ​ថា​ការ‌ពារ​ព្រលឹង​ខ្លួន។ សេចក្ដី​ឆ្មើង‌ឆ្មៃ​នាំ​មុខ​សេចក្ដី​ហិន‌វិនាស ហើយ​ចិត្ត​ព្រហើន​ក៏​នាំ​ឲ្យ​ដួល​ចុះ​ដែរ។ ការ​ដែល​មាន​ចិត្ត​សុភាព ជា​មួយ​នឹង​ពួក​មនុស្ស​រាប​ទាប នោះ​វិសេស​ជាង​ការ​ចែក​របឹប​ជា​មួយ​នឹង​មនុស្ស​អួត​អាង។ អ្នក​ណា​ដែល​រំពឹង​គិត​ពី​ដំណើរ​អ្វី នោះ​នឹង​បាន​សេចក្ដី​ល្អ​ចេញ​ពី​នោះ​មក ហើយ​អ្នក​ណា​ដែល​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា នោះ​សប្បាយ​ហើយ។ ឯ​អ្នក​ណា​ដែល​មាន​ចិត្ត​ប្រកប​ដោយ​ប្រាជ្ញា នោះ​នឹង​បាន​ឈ្មោះ​ថា​ជា​អ្នក​ឆ្លៀវ‌ឆ្លាត ហើយ​សេចក្ដី​ផ្អែម‌ល្ហែម​នៃ​បបូរ​មាត់​ក៏​ចំរើន​ចំណេះ​កាន់​តែ​ច្រើន​ឡើង។ អ្នក​ណា​ដែល​មាន​យោបល់​ហើយ យោបល់​នោះ​ឯង​ជា​រន្ធ​ទឹក​នៃ​ជីវិត​ដល់​អ្នក​នោះ ហើយ​ការ​វាយ‌ផ្ចាល​របស់​មនុស្ស​ល្ងី‌ល្ងើ គឺ​ជា​សេចក្ដី​ចំកួត​របស់​ខ្លួន​គេ។ ចិត្ត​របស់​មនុស្ស​ដែល​មាន​ប្រាជ្ញា នោះ​បង្រៀន​មាត់​របស់​ខ្លួន ហើយ​ក៏​បង្កើន​ឲ្យ​បបូរ​មាត់​មាន​ចំណេះ​កាន់​តែ​ច្រើន​ឡើង​ផង។ ពាក្យ​សំដី​ពីរោះ នោះ​ធៀប​ដូច​ជា​សំណុំ​ឃ្មុំ ក៏​ផ្អែម​ដល់​ព្រលឹង ហើយ​ជា​ថ្នាំ​ផ្សះ​ដល់​ឆ្អឹង​ផង។ មាន​ផ្លូវ​មួយ​ដែល​មើល​ទៅ​ដូច​ជា​ត្រឹម‌ត្រូវ​ល្អ ដល់​មនុស្ស តែ​ចុង​បំផុត​នៃ​ផ្លូវ​នោះ គឺ​ជា​សេចក្ដី​ស្លាប់។ ការ​ស្រេក​ឃ្លាន​របស់​អ្នក​ណា​ដែល​រក​ស៊ី នោះ​ខំ​ធ្វើ​សំរាប់​ខ្លួន​អ្នក​នោះ​ឯង ដ្បិត​មាត់​ខ្លួន​បង្ខំ​ឲ្យ​ធ្វើ​ទៅ។ មនុស្ស​ចោល‌ម្សៀត គេ​គិត‌គូ​បង្កើត​ការ​អាក្រក់ ហើយ​នៅ​បបូរ​មាត់​គេ​មាន​ភ្លើង​ក្តៅ​ដែរ។ មនុស្ស​វៀច​វេរ គេ​សាប‌ព្រោះ​សេចក្ដី​ទាស់‌ទែង​គ្នា ហើយ​អ្នក​បេះ‌បួយ​ក៏​នាំ​ឲ្យ​ទាំង​មិត្រ​សំឡាញ់​យ៉ាង​ជិត​ស្និទ្ធ​បាក់​បែក​គ្នា​ដែរ។ មនុស្ស​ច្រឡោត​គេ​ល្បួង​អ្នក​ជិត​ខាង ហើយ​ក៏​នាំ​ទៅ​ក្នុង​ផ្លូវ​ដែល​មិន​ល្អ។ គេ​ធ្មេច​ភ្នែក ដើម្បី​គិត‌គូរ​បង្កើត​ការ​វៀច គេ​ខាំ​មាត់​ខ្លួន ដើម្បី​នឹង​គិត​សំរេច​ការ​អាក្រក់។ ឯ​សក់​ស្កូវ បើ​ឃើញ​នៅ​ក្នុង​ផ្លូវ​សុចរិត នោះ​ជា​មកុដ​នៃ​កិត្តិសព្ទ។ អ្នក​ណា​ដែល​យឺត​នឹង​ខឹង នោះ​វិសេស​ជាង​អ្នក​ដែល​មាន​កំឡាំង​ខ្លាំង ហើយ​អ្នក​ណា​ដែល​ឈ្នះ​ចិត្ត​ខ្លួន ក៏​វិសេស​ជាង​អ្នក​ដែល​ឈ្នះ​យក​បាន​ទី​ក្រុង​ទៅ​ទៀត។ មនុស្ស​តែង​បោះ​ឆ្នោត​ទៅ​ក្នុង​ថ្នក់​អាវ ប៉ុន្តែដែល​សំរេច​ទៅ​ជា​យ៉ាង​ណា នោះ​ស្រេច​នៅ​ព្រះ‌យេហូវ៉ា​ទេ។

ចែក​រំលែក
អាន សុភាសិត 16

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ