សុភាសិត 14:29-33
សុភាសិត 14:29-33 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
អ្នកណាដែលមិនឆាប់ខឹង នោះឯងជាអ្នកប្រកបដោយយោបល់ច្រើន តែអ្នកណាដែលមានចិត្តឆុរឆេវ នោះសម្ញែងសេចក្ដីចម្កួតរបស់ខ្លួនវិញ។ ឯជីវិតរបស់សាច់ឈាម នោះគឺជាចិត្តដែលស្ងប់រម្ងាប់ តែចិត្តច្រណែនជាសេចក្ដីពុករលួយ ដល់ឆ្អឹងវិញ។ អ្នកណាដែលសង្កត់សង្កិនមនុស្សក្រីក្រ នោះឈ្មោះថាប្រកួតនឹងព្រះដែលបង្កើតខ្លួនមក តែអ្នកណាដែលមេត្តាដល់មនុស្សកម្សត់ទុគ៌ត នោះជាអ្នកលើកតម្កើងព្រះអង្គវិញ។ មនុស្សអាក្រក់ត្រូវធ្លាក់ចុះ ដោយអំពើខូចអាក្រក់របស់ខ្លួន តែមនុស្សសុចរិតមានទីពំនាក់ ក្នុងកាលដែលស្លាប់វិញ។ ប្រាជ្ញាស្ថិតនៅក្នុងចិត្តរបស់មនុស្ស ដែលមានយោបល់ តែក្នុងចិត្តរបស់មនុស្សខ្លៅ មិន ដែលស្គាល់ប្រាជ្ញាទេ។
សុភាសិត 14:29-33 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អ្នកណាចេះអត់ធ្មត់ អ្នកនោះមានប្រាជ្ញាវាងវៃ រីឯអ្នកដែលរហ័សខឹង រមែងបង្ហាញនូវភាពលេលារបស់ខ្លួន។ ចិត្តស្ងប់តែងតែធ្វើឲ្យមានសុខភាពល្អ រីឯចិត្តច្រណែននិន្ទា ប្រៀបដូចជាមហារីកនៅក្នុងឆ្អឹង។ អ្នកណាសង្កត់សង្កិនជនក្រីក្រ អ្នកនោះប្រមាថព្រះជាម្ចាស់ដែលបានបង្កើតពួកគេ អ្នកណាជួយជនក្រីក្រ អ្នកនោះលើកតម្កើងព្រះអង្គវិញ។ មនុស្សអាក្រក់តែងតែទទួលបរាជ័យ ដោយសារអំពើអាក្រក់របស់ខ្លួន រីឯមនុស្សសុចរិត ទោះបីក្នុងពេលស្លាប់ក្ដី ក៏នៅតែមានទីពឹងជានិច្ច។ មនុស្សចេះគិតពិចារណាតែងតែមានប្រាជ្ញា រីឯមនុស្សខ្លៅមិនដែលមានប្រាជ្ញាទេ។
សុភាសិត 14:29-33 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អ្នកណាដែលមិនឆាប់ខឹង នោះឯងជាអ្នកប្រកបដោយយោបល់ច្រើន តែអ្នកណាដែលមានចិត្តឆុរឆេវនោះសំញែងសេចក្ដីចំកួតរបស់ខ្លួនវិញ។ ឯជីវិតរបស់សាច់ឈាម នោះគឺជាចិត្តដែលស្ងប់រំងាប់ តែចិត្តច្រណែនជាសេចក្ដីពុករលួយដល់ឆ្អឹងវិញ។ អ្នកណាដែលសង្កត់សង្កិនមនុស្សក្រីក្រ នោះឈ្មោះថាប្រកួតនឹងព្រះដ៏បង្កើតខ្លួនមក តែអ្នកណាដែលមេត្តាដល់មនុស្សកំសត់ទុគ៌ត នោះជាអ្នកលើកដំកើងទ្រង់វិញ។ មនុស្សអាក្រក់ត្រូវធ្លាក់ចុះ ដោយអំពើខូចអាក្រក់របស់ខ្លួន តែមនុស្សសុចរិតមានទីពំនាក់ក្នុងកាលដែលស្លាប់វិញ។ មានប្រាជ្ញាស្ថិតនៅក្នុងចិត្តរបស់មនុស្សដែលមានយោបល់ តែសេចក្ដីដែលនៅខាងក្នុងមនុស្សល្ងីល្ងើ នោះរមែងសំដែងចេញមក។