សុភាសិត 12:23-28
សុភាសិត 12:23-28 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មនុស្សឈ្លាសវៃតែងលាក់បាំងចំណេះរបស់ខ្លួន តែចិត្តរបស់មនុស្សល្ងីល្ងើ តែងប្រកាសពីសេចក្ដីល្ងង់ខ្លៅវិញ។ ដៃរបស់មនុស្សព្យាយាម នឹងបានឡើងគ្រប់គ្រង តែមនុស្សខ្ជិលច្រអូស នឹងត្រូវទទួលការបម្រើវិញ។ ការកើតទុក្ខដែលគ្របសង្កត់ចិត្ត នោះធ្វើឲ្យរួញថយចុះ តែពាក្យល្អមួយម៉ាត់នឹងធ្វើឲ្យរីករាយឡើង។ មនុស្សដែលសុចរិតជាអ្នកបង្ហាញផ្លូវ ដល់អ្នកជិតខាងខ្លួន តែផ្លូវរបស់មនុស្សអាក្រក់នាំឲ្យគេវង្វេងវិញ។ មនុស្សណាដែលខ្ជិលច្រអូស មិនអាំងសាច់សត្វដែលខ្លួនចាប់បានទេ តែមនុស្សឧស្សាហ៍ នឹងរកបានសម្បត្តិដ៏មានតម្លៃ។ ជីវិតស្ថិតនៅក្នុងផ្លូវនៃសេចក្ដីសុចរិត ហើយក្នុងផ្លូវច្រកនោះ គ្មានសេចក្ដីស្លាប់ឡើយ។
សុភាសិត 12:23-28 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មនុស្សឆ្លាតមិនលាតត្រដាងចំណេះខ្លួនទេ រីឯមនុស្សខ្លៅចូលចិត្តអួតអាងអំពីអវិជ្ជារបស់ខ្លួន។ មនុស្សឧស្សាហ៍នឹងក្លាយទៅជាមេគ្រប់គ្រង រីឯមនុស្សខ្ជិលច្រអូសនឹងធ្លាក់ខ្លួនជាខ្ញុំគេ។ ការខ្វល់ខ្វាយតែងតែធ្វើឲ្យមនុស្សបាក់កម្លាំងចិត្ត រីឯពាក្យទន់ភ្លន់តែងតែធ្វើឲ្យមានអំណរឡើងវិញ។ មនុស្សសុចរិតតែងតែនាំមិត្តសម្លាញ់របស់ខ្លួនឲ្យដើរតាមមាគ៌ាល្អ រីឯកិរិយារបស់មនុស្សអាក្រក់នាំឲ្យគេវង្វេងវិញ។ ព្រានកម្ជិលគ្មានសាច់អាំងទេ ចិត្តឧស្សាហ៍ជាសម្បត្តិដ៏មានតម្លៃរបស់មនុស្ស។ នៅក្នុងផ្លូវសុចរិតមានជីវិត ហើយផ្លូវនេះមិននាំមនុស្សទៅរកសេចក្ដីស្លាប់ឡើយ។
សុភាសិត 12:23-28 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មនុស្សដែលមានគំនិត គេគ្របបាំងចំណេះរបស់ខ្លួន តែចិត្តរបស់មនុស្សល្ងីល្ងើ តែងតែប្រកាសពីសេចក្ដីល្ងង់វិញ។ ដៃរបស់មនុស្សព្យាយាម នឹងបានឡើងគ្រប់គ្រង តែមនុស្សខ្ជិលច្រអូសនឹងត្រូវទទួលការបំរើវិញ។ ការទុក្ខដែលគ្របសង្កត់ចិត្ត នោះធ្វើឲ្យរួញថយចុះ តែពាក្យល្អ១ម៉ាត់នឹងធ្វើឲ្យរីករាយឡើង។ មនុស្សសុចរិតជាអ្នកចាំផ្លូវដល់អ្នកជិតខាង តែផ្លូវរបស់មនុស្សអាក្រក់រមែងនាំឲ្យវង្វេងវិញ។ មនុស្សខ្ជិលច្រអូស គេមិនអាំងសាច់របស់សត្វដែលខ្លួនចាប់បានទេ តែអ្វីៗដែលមនុស្សឧស្សាហ៍មាន នោះក៏រាប់ជាវិសេសវិញ។ ជីវិតស្ថិតនៅក្នុងផ្លូវនៃសេចក្ដីសុចរិត ហើយក្នុងផ្លូវច្រកនោះគ្មានសេចក្ដីស្លាប់ឡើយ។