សុភាសិត 1:1-9

សុភាសិត 1:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នេះ​ជា​សុភា‌សិត​របស់​ព្រះបាទ​សាឡូម៉ូន ជា​បុត្រា​របស់​ព្រះបាទ​ដាវីឌ ស្តេច​សាសន៍​អ៊ីស្រា‌អែល សម្រាប់​ឲ្យ​បាន​ស្គាល់​ប្រាជ្ញា សេចក្ដី​ប្រៀន‌ប្រដៅ និង​ឲ្យ​បាន​យល់​ពី​ពាក្យ ដែល​មាន​អត្ថន័យ​ជ្រៅ​ជ្រះ ក៏​សម្រាប់​ទទួល​សេចក្ដី​បង្រៀន​នៃ​គំនិត​ត្រឹម​ត្រូវ ជា​សេចក្ដី​សុចរិត សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​ទៀង​ត្រង់ ដើម្បី​បង្រៀន​មនុស្ស​ឆោត​ល្ងង់​ឲ្យ​ចេះ​ប្រុង​ប្រយ័ត្ន ហើយ​ឲ្យ​យុវជន​ស្គាល់​ខុស​ស្គាល់​ត្រូវ សូម​ឲ្យ​អ្នក​ប្រាជ្ញ​បាន​ស្តាប់ ហើយ​បង្កើន​ចំណេះ​ដឹង​របស់​ខ្លួន​ថែម​ទៀត សូម​ឲ្យ​អ្នក​ណា​ដែល​មាន​យោបល់ បាន​ដឹង​ពី​ផ្លូវ​ដែល​ត្រូវ​ដើរ ព្រម​ទាំង​ឲ្យ​បាន​យល់​ពាក្យ​សុភា‌សិត និង​ប្រស្នា អស់​ទាំង​ពាក្យ​របស់​អ្នក​ប្រាជ្ញ និង​ពាក្យ​អាថ៌‌កំបាំង​ទាំង​ប៉ុន្មាន​ផង។ ការ​កោត​ខ្លាច​ព្រះ‌យេហូវ៉ា ជា​ដើម​ចម​នៃ​តម្រិះ តែ​មនុស្ស​ឥត​បើ​គិត គេ​មើល​ងាយ​ប្រាជ្ញា និង​សេចក្ដី​ប្រៀន‌ប្រដៅ​វិញ។ នែ៎ កូន​អើយ ចូរ​ស្តាប់​ពាក្យ​ប្រៀន​ប្រដៅ របស់​ឪពុក​ចុះ កូន​កុំ​បោះ‌បង់​ចោល​ដំបូ‌ន្មាន របស់​ម្តាយ​ឯង​ឡើយ ដ្បិត​សេចក្ដី​នោះ​នឹង​បាន​ជា​គុណ ពាក់​លើ​ក្បាល​ឯង ទុក​ជា​គ្រឿង​លម្អ ហើយ​ជា​ខ្សែ​ប្រដាប់​ពាក់​នៅ​ក​ឯង។

ចែក​រំលែក
អាន សុភាសិត 1

សុភាសិត 1:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

សុភាសិត​របស់​ព្រះ‌បាទ​សា‌ឡូម៉ូន ​ជា​ព្រះ‌រាជ​បុត្រ​ព្រះ‌បាទ​ដាវីឌ និង​ជា​ព្រះ​មហា‌ក្សត្រ​ស្រុក​អ៊ីស្រា‌អែល។ សុភាសិត​ទាំង​នេះ​ផ្ដល់​ឲ្យ​មនុស្ស​មាន​ប្រាជ្ញា និង​ការ​ចេះ​ដឹង ដើម្បី​យល់​ពាក្យ‌ពេចន៍​ប្រកប​ដោយ​អត្ថ‌ន័យ​ជ្រៅ​ជ្រះ ព្រម​ទាំង​បង្រៀន​មនុស្ស​ឲ្យ​ចេះ​ដឹង សុចរិត ត្រឹម​ត្រូវ និង​មាន​ចិត្ត​ទៀង​ត្រង់ ហើយ​ផ្ដល់​ឲ្យ​មនុស្ស​ឆោត​ចេះ​ប្រុង​ប្រយ័ត្ន និង​ផ្ដល់​ឲ្យ​យុវជន​ចេះ​គិត​ចេះ​ពិចារណា។ សូម​ឲ្យ​អ្នក​ប្រាជ្ញ​ត្រង‌ត្រាប់​ស្ដាប់ នោះ​គេ​នឹង​បង្កើន​ចំណេះ​របស់​ខ្លួន។ សូម​ឲ្យ​មនុស្ស​ឈ្លាស‌វៃ​ស្រង់​យក​មាគ៌ា ដែល​ត្រូវ​ប្រកាន់​យក ដូច្នេះ គេ​អាច​យល់​អំពី​អត្ថ‌ន័យ ដែល​មាន​បង្កប់​នៅ​ក្នុង​សុភាសិត ឬ​ប្រស្នា ព្រម​ទាំង​យល់​ពាក្យ‌ពេចន៍ និង​ពាក្យ​បណ្ដៅ​ផ្សេងៗ​របស់​ពួក​អ្នក​ប្រាជ្ញ។ ការ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​ជា​ប្រភព​នៃ​ការ​ចេះ​ដឹង។ មនុស្ស​ខ្លៅ​តែងតែ​មើល‌ងាយ​តម្រិះ​ប្រាជ្ញា និង​ការ​ប្រៀន‌ប្រដៅ។ កូន​អើយ ចូរ​ស្ដាប់​ឪពុក​ប្រៀន‌ប្រដៅ ហើយ​ត្រង‌ត្រាប់​ស្ដាប់​ម្ដាយ​ទូន្មាន ដ្បិត​ដំបូន្មាន​របស់​ឪពុក​ម្ដាយ​នឹង​កសាង​ចរិយា​សម្បត្តិ​របស់​កូន ឲ្យ​បាន​ល្អ​ដូច​មកុដ និង​ខ្សែ​ក​មាស។

ចែក​រំលែក
អាន សុភាសិត 1

សុភាសិត 1:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នេះ​ជា​សុភាសិត​របស់​សាឡូម៉ូន ជា​ព្រះ‌រាជ​បុត្រា​នៃ​ដាវីឌ ស្តេច​សាសន៍​អ៊ីស្រាអែល សំរាប់​ឲ្យ​បាន​ស្គាល់​ប្រាជ្ញា នឹង​សេចក្ដី​ប្រៀន‌ប្រដៅ ហើយ​ឲ្យ​បាន​យល់​អស់​ទាំង​សេចក្ដី​ដែល​ត្រូវ​ខាង​យោបល់ ក៏​សំរាប់​ឲ្យ​ទទួល​សេចក្ដី​បង្រៀន​នៃ​គំនិត​ត្រឹម‌ត្រូវ​នៃ​សេចក្ដី​សុចរិត សេចក្ដី​យុត្តិ‌ធម៌ នឹង​សេចក្ដី​ទៀង​ត្រង់ ហើយ​សំរាប់​ឲ្យ​មនុស្ស​ឆោត​ល្ងង់​មាន​សេចក្ដី​ឆ្លៀវ‌ឆ្លាត នឹង​ឲ្យ​មនុស្ស​កំឡោះ​មាន​ដំរិះ ហើយ​នឹង​សតិ‌បញ្ញា​នឹង‌ធឹង ប្រយោជន៍​ឲ្យ​មនុស្ស​ប្រាជ្ញ​បាន​ស្តាប់ ហើយ​ចំរើន​ចំណេះ​ឡើង ឲ្យ​អ្នក​ណា​ដែល​មាន​យោបល់​បាន​ដឹង​ដល់​សេចក្ដី​ទូន្មាន​មាំ‌ទាំ ព្រម​ទាំង​ឲ្យ​បាន​យល់​ពាក្យ​សុភាសិត នឹង​ប្រស្នា អស់​ទាំង​ពាក្យ​របស់​អ្នក​ប្រាជ្ញ នឹង​ពាក្យ​អាថ៌‌កំបាំង​ទាំង​ប៉ុន្មាន​ផង។ សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា នោះ​ជា​ដើម​ចម​នៃ​ដំរិះ តែ​មនុស្ស​ឥត​បើ​គិត គេ​មើល‌ងាយ​ប្រាជ្ញា នឹង​សេចក្ដី​ប្រៀន‌ប្រដៅ​វិញ។ នែ កូន​អើយ ចូរ​ស្តាប់​ពាក្យ​ប្រៀន​ប្រដៅ​របស់​ឪពុក​ចុះ កុំ​ឲ្យ​កូន​បោះ‌បង់​ចោល​សេចក្ដី​ដំបូន្មាន​របស់​ម្តាយ​ឯង​ឡើយ ដ្បិត​សេចក្ដី​នោះ​នឹង​បាន​ជា​គុណ​ពាក់​លើ​ក្បាល​ឯង ទុក​ជា​គ្រឿង​លំអ ហើយ​ជា​ខ្សែ​ប្រដាប់​ពាក់​នៅ​ក​ឯង

ចែក​រំលែក
អាន សុភាសិត 1