ភីលេម៉ូន 1:8-21

ភីលេម៉ូន 1:8-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ នៅ​ក្នុង​ព្រះគ្រីស្ទ ទោះ​ជា​ខ្ញុំ​មាន​សិទ្ធិ​នឹង​បង្គាប់​អ្នក​ឲ្យ​ធ្វើ​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​ក៏​ដោយ ក៏​ខ្ញុំ​សូម​អង្វរ​អ្នក​ដោយ​សេចក្ដី​ស្រឡាញ់​ដែរ ដ្បិត​ខ្ញុំ ប៉ុល មាន​វ័យ​ចាស់​ហើយ ហើយ​ឥឡូវ​នេះ​ក៏​ជា​អ្នក​ទោស​ដោយ​ព្រោះ​ព្រះ‌គ្រីស្ទ‌យេ‌ស៊ូវ​ទៀត​ផង ខ្ញុំ​សូម​អង្វរ​អ្នក​ជំនួស​កូន​របស់​ខ្ញុំ គឺ​អូនេ‌ស៊ីម ដែល​ខ្ញុំ​បាន​បង្កើត​នៅ​ពេល​ខ្ញុំ​ជាប់​ចំណង។ ពី​ដើម​គាត់​គ្មាន​ប្រយោជន៍​សម្រាប់​អ្នក​មែន តែ​ឥឡូវ​នេះ គាត់​ពិត​ជា​មាន​ប្រយោជន៍​សម្រាប់​អ្នក ហើយ​ក៏​មាន​ប្រយោជន៍​សម្រាប់​ខ្ញុំ​ដែរ។ ខ្ញុំ​បាន​ចាត់​គាត់ ដែល​ជា​ដួង​ចិត្ត​របស់​ខ្ញុំ ឲ្យ​មក​រក​អ្នក​វិញ។ ខ្ញុំ​ចង់​ទុក​គាត់​ឲ្យ​នៅ​ជា​មួយ​ខ្ញុំ​ដែរ ដើម្បី​ឲ្យ​គាត់​បាន​បម្រើ​ខ្ញុំ​ជំនួស​អ្នក ក្នុង​ពេល​ដែល​ខ្ញុំ​ជាប់​ចំណង​ដោយ​ព្រោះ​ដំណឹង​ល្អ តែ​ខ្ញុំ​មិន​ចង់​ធ្វើ​អ្វី​ដោយ​គ្មាន​ការ​យល់​ព្រម​ពី​អ្នក​ឡើយ ដើម្បី​កុំ​ឲ្យ​អ្នក​ធ្វើ​ល្អ​ទាំង​បង្ខំ គឺ​ដោយ​ស្ម័គ្រ​ចិត្ត​វិញ។ ប្រហែល​ជា​ដោយ​សារ​មូល​ហេតុ​នេះ បាន​ជា​គាត់​ឃ្លាត​ចេញ​ពី​អ្នក​មួយ​រយៈ ដើម្បី​ឲ្យ​អ្នក​បាន​គាត់​មក​វិញ​អស់​កល្ប​ជានិច្ច តែ​មិន​មែន​ជា​អ្នក​បម្រើ​ទៀត គឺ​ជា​បង‌ប្អូន​ស្ងួន‌ភ្ងា​វិញ ដែល​លើស​ជាង​អ្នក​បម្រើ​ទៅ​ទៀត ជា​ពិសេស​ចំពោះ​ខ្ញុំ ហើយ​ចំពោះ​អ្នក​កាន់​តែ​ពិសេស​ថែម​ទៀត ទាំង​ខាង​សាច់​ឈាម ទាំង​ខាង​ព្រះ‌អម្ចាស់។ ដូច្នេះ ប្រសិន‌បើ​អ្នក​រាប់​ខ្ញុំ​ទុក​ជា​គូ​កន នោះ​ចូរ​ទទួល​គាត់ ទុក​ដូច​ជា​ទទួល​ខ្ញុំ​ចុះ។ ប្រសិន‌បើ​គាត់​បាន​ធ្វើ​អ្វី​ខុស​ចំពោះ​អ្នក ឬ​ជំពាក់​អ្វី​ដល់​អ្នក នោះ​ត្រូវ​គិត​លើ​ខ្ញុំ​វិញ។ ខ្ញុំ ប៉ុល សរសេរ​ដោយ​ដៃ​របស់​ខ្ញុំ​ផ្ទាល់​ថា ខ្ញុំ​នឹង​សង​អ្នក តែ​ខ្ញុំ​មិន​បាច់​រំឭក​អ្នក​ទេ​ថា សូម្បី​តែ​ខ្លួន​អ្នក​ផ្ទាល់​ក៏​ជំពាក់​ខ្ញុំ​ដែរ។ មែន​ហើយ ប្អូន​អើយ សូម​ឲ្យ​ខ្ញុំ​បាន​ផល​នេះ​ពី​អ្នក​ក្នុង​ព្រះ‌អម្ចាស់​ផង! សូម​ឲ្យ​ចិត្ត​របស់​ខ្ញុំ​បាន​ធូរ​ស្បើយ​ក្នុង​ព្រះ‌គ្រីស្ទ​ផង។ ខ្ញុំ​បាន​សរសេរ​សំបុត្រ​នេះ​ផ្ញើ​មក​អ្នក ដោយ​ជឿ​ជាក់​ថា អ្នក​នឹង​ស្តាប់​តាម​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ដឹង​ថា អ្នក​នឹង​ធ្វើ​លើស​ជាង​ពាក្យ​ដែល​ខ្ញុំ​សុំ​នេះ​ទៅ​ទៀត។

ចែក​រំលែក
អាន ភីលេម៉ូន 1

ភីលេម៉ូន 1:8-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ទោះ​បី​ខ្ញុំ​មាន​សិទ្ធិ​ពេញ​ទី​នឹង​បង្គាប់​លោក​ប្អូន ក្នុង​នាម​ព្រះ‌គ្រិស្ត ឲ្យ​ធ្វើ​អ្វី​ដែល​លោក​ប្អូន​ត្រូវ​ធ្វើ​ក្ដី ក៏​ខ្ញុំ​ចូល​ចិត្ត​យក​សេចក្ដី​ស្រឡាញ់​មក​អង្វរ​លោក​ប្អូន​វិញ​ដែរ។ ខ្ញុំ ប៉ូល ដែល​កាន់​តែ​ចាស់​ហើយ ឥឡូវ​នេះ ក៏​ជាប់​ឃុំ‌ឃាំង ព្រោះ​តែ​ព្រះគ្រិស្ត‌យេស៊ូ​ថែម​ទៀត ខ្ញុំ​សូម​អង្វរ​លោក​ប្អូន​ឲ្យ​កូន​របស់​ខ្ញុំ គឺ​អូនេ‌ស៊ីម ដែល​ខ្ញុំ​បាន​បង្កើត​នៅ​ពេល​ជាប់​ឃុំ‌ឃាំង។ ពី​ដើម គាត់​គ្មាន​ប្រយោជន៍​អ្វី​សម្រាប់​លោក​ប្អូន​មែន ប៉ុន្តែ ឥឡូវ​នេះ គាត់​ប្រាកដ​ជា​មាន​ប្រយោជន៍​សម្រាប់​លោក​ប្អូន ក៏​ដូច​ជា​មាន​ប្រយោជន៍​សម្រាប់​ខ្ញុំ​ដែរ។ ខ្ញុំ​សូម​ចាត់​គាត់ ដែល​ប្រៀប​បី​ដូច​ជា​ថ្លើម​ប្រមាត់​របស់​ខ្ញុំ ឲ្យ​វិល​មក​រក​លោក​ប្អូន​វិញ។ ខ្ញុំ​មាន​បំណង​ចង់​ទុក​គាត់​ឲ្យ​នៅ​ជា​មួយ​ខ្ញុំ​ដែរ ដើម្បី​ឲ្យ​នៅ​បម្រើ​ខ្ញុំ​ជំនួស​លោក​ប្អូន ក្នុង​ពេល​ខ្ញុំ​ជាប់​ឃុំ‌ឃាំង ព្រោះ​តែ​ដំណឹង‌ល្អ*​នេះ ក៏​ប៉ុន្តែ ខ្ញុំ​មិន​ចង់​ធ្វើ​អ្វី​ដោយ​គ្មាន​ការ​យល់​ព្រម​ពី​លោក​ប្អូន​ឡើយ ដើម្បី​កុំ​ឲ្យ​លោក​ប្អូន​ធ្វើ​អំពើ​ល្អ ទាំង​ទើស ទាំង​ទ័ល គឺ​ធ្វើ​ដោយ​ស្ម័គ្រ​ចិត្ត​វិញ។ អូនេ‌ស៊ីម​ត្រូវ​តែ​ឃ្លាត​ឆ្ងាយ​ពី​លោក​ប្អូន​មួយ​រយៈ​មែន ដើម្បី​ឲ្យ​លោក​ប្អូន​បាន​ទទួល​គាត់​វិញ​អស់‌កល្ប​ជានិច្ច មិន​មែន​ក្នុង​ឋានៈ​ជា​ខ្ញុំ​បម្រើ​ទៀត​ទេ គឺ​ក្នុង​ឋានៈ​ជា​បងប្អូន​ដ៏​ជា​ទី​ស្រឡាញ់ ដូច្នេះ ប្រសើរ​ជាង​ខ្ញុំ​បម្រើ​ទៅ​ទៀត។ គាត់​ជា​បងប្អូន​ដ៏​ជា​ទី​ស្រឡាញ់​យ៉ាង​ខ្លាំង​របស់​ខ្ញុំ ហើយ​ចំពោះ​លោក​ប្អូន គាត់​ក៏​រឹត​តែ​ជា​ទី​ស្រឡាញ់​ថែម​ទៀត ទាំង​ខាង​លោកីយ៍ ទាំង​ខាង​ព្រះ‌អម្ចាស់។ ដូច្នេះ ប្រសិន​បើ​លោក​ប្អូន​រាប់​ខ្ញុំ​ទុក​ជា​បងប្អូន​រួម​ជំនឿ​មែន សូម​ទទួល​គាត់​ឲ្យ​បាន​ដូច​ទទួល​ខ្ញុំ​ផ្ទាល់​ដែរ។ ប្រសិន​បើ​គាត់​ធ្វើ​អ្វី​ខុស​ចំពោះ​លោក​ប្អូន ឬ​ប្រសិន​បើ​គាត់​ជំពាក់​អ្វី​លោក ប្អូន​សូម​គិត​ទៅ​លើ​ខ្ញុំ​ចុះ។ ខ្ញុំ ប៉ូល ខ្ញុំ​សរសេរ​ពាក្យ​នេះ​ដោយ​ដៃ​ខ្ញុំ​ផ្ទាល់​ថា ខ្ញុំ​នឹង​សង​លោក​ប្អូន​វិញ (ខ្ញុំ​មិន​បាច់​រំឭក​ថា លោក​ប្អូន​ក៏​នៅ​ជំពាក់​ខ្ញុំ​ផង​ដែរ​នោះ​ទេ គឺ​នៅ​ជំពាក់​រូប​លោក​ប្អូន​ផ្ទាល់​តែ​ម្ដង)។ លោក​ប្អូន​អើយ សូម​លោក​ប្អូន​មេត្តា​ជួយ​ខ្ញុំ ដោយ​យល់​ដល់​ព្រះ‌អម្ចាស់ ហើយ​សូម​ធ្វើ​ឲ្យ​ចិត្ត​ខ្ញុំ​បាន​ស្ងប់​ក្នុង​អង្គ​ព្រះ‌គ្រិស្ត​ផង។ ខ្ញុំ​សរសេរ​មក​លោក​ប្អូន ដោយ​ជឿ​ជាក់​ថា លោក​ប្អូន​មុខ​ជា​ស្ដាប់​តាម​សំណូម​ពរ​របស់​ខ្ញុំ។ ខ្ញុំ​ក៏​ដឹង​ថា លោក​ប្អូន​នឹង​ធ្វើ​លើស​ពី​ពាក្យ​ដែល​ខ្ញុំ​សុំ​ទៅ​ទៀត។

ចែក​រំលែក
អាន ភីលេម៉ូន 1

ភីលេម៉ូន 1:8-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ ទោះ​បើ​ខ្ញុំ​មាន​អំណាច​ជា​ច្រើន ក្នុង​ព្រះ‌គ្រីស្ទ នឹង​អាច​បង្គាប់​ឲ្យ​អ្នក​ធ្វើ​ការ​ដែល​គួរ​គប្បី​នេះ​ក៏​ដោយ គង់​តែ​ខ្ញុំ ឈ្មោះ​ប៉ុល ជា​អ្នក​មាន​វ័យ​ចាស់​ហើយ ដែល​ឥឡូវ​នេះ បាន​ជាប់​គុក ដោយ​ព្រោះ​ព្រះ‌យេស៊ូវ​គ្រីស្ទ​ផង ខ្ញុំ​សូម​ទូន្មាន​ដល់​អ្នក ដោយ​សេចក្ដី​ស្រឡាញ់​វិញ ខ្ញុំ​អង្វរ​អ្នក​ជំនួស​កូន​ខ្ញុំ គឺ​ឈ្មោះ​អូនេ‌ស៊ីម​នេះ ដែល​ខ្ញុំ​បាន​បង្កើត​ក្នុង​វេលា​ជាប់​ចំណង ពី​ដើម​ជា​អ្នក​គ្មាន​ប្រយោជន៍​ដល់​អ្នក​ទេ តែ​ឥឡូវ​នេះ មាន​ប្រយោជន៍​ដល់​ទាំង​អ្នក នឹង​ខ្ញុំ​ផង ខ្ញុំ​ចាត់​គាត់​មក​ឯ​អ្នក​វិញ សូម​អ្នក​ទទួល​គាត់​ចុះ ព្រោះ​ជា​ដួង​ចិត្ត​របស់​ខ្ញុំ​ហើយ ខ្ញុំ​ចង់​ទុក​គាត់​ឲ្យ​នៅ​ជា​មួយ​នឹង​ខ្ញុំ​ណាស់ ដើម្បី​ឲ្យ​គាត់​បំរើ​ខ្ញុំ​ជំនួស​អ្នក ដែល​ខ្ញុំ​នៅ​ជាប់​ចំណង ដោយ​ព្រោះ​ដំណឹង​ល្អ តែ​ខ្ញុំ​មិន​ចង់​ធ្វើ​អ្វី​ទេ លើក​តែ​អ្នក​យល់​ព្រម​ដែរ ដើម្បី​កុំ​ឲ្យ​អ្នក​ធ្វើ​គុណ​ទាំង​បង្ខំ​ឡើយ គឺ​ចង់​ឲ្យ​បាន​ធ្វើ​ដោយ​ស្ម័គ្រ​ចិត្ត​វិញ ដ្បិត​ប្រហែល​ជា​ដោយ​ហេតុ​នោះ បាន​ជា​គាត់​ឃ្លាត​ចេញ​ពី​អ្នក​ទៅ​ជា​យូរ​បន្តិច ដើម្បី​ឲ្យ​អ្នក​បាន​គាត់​វិញ ឲ្យ​នៅ​ជាប់​ជា​ដរាប​ទៅ តែ​មិន​មែន​ដូច​ជា​បាវ​បំរើ​ទៀត​ឡើយ គឺ​លើស​ជាង​បាវ​បំរើ​ទៅ​ទៀត ទុក​ដូច​ជា​ប្អូន​ស្ងួន‌ភ្ងា​វិញ គឺ​ដល់​ខ្ញុំ​ជា​ដើម ហើយ​ដល់​អ្នក តើ​លើស​ជាង​យ៉ាង​ណា​ទៅ ទាំង​ខាង​សាច់​ឈាម នឹង​ក្នុង​ព្រះ‌អម្ចាស់​ផង ដូច្នេះ បើ​អ្នក​រាប់​ខ្ញុំ​ទុក​ជា​គូ‌កន នោះ​ចូរ​ទទួល​គាត់​ទុក​ដូច​ជា​ខ្លួន​ខ្ញុំ​ចុះ បើ​គាត់​បាន​ធ្វើ​អ្វី​ខុស‌ឆ្គង​នឹង​អ្នក ឬ​ជំពាក់​អ្នក នោះ​ត្រូវ​គិត​លើ​ខ្ញុំ​វិញ ប៉ុល​ខ្ញុំ​សរសេរ​ដោយ​ដៃ​ខ្លួន​ថា ខ្ញុំ​នឹង​សង​អ្នក តែ​ដែល​អ្នក​ជំពាក់​ខ្ញុំ ទាំង​ខ្លួន​អ្នក​ផង នោះ​មិន​ថា​ទេ អើ ប្អូន​អើយ សូម​ឲ្យ​ខ្ញុំ​បាន​ផល​នេះ​អំពី​អ្នក ក្នុង​ព្រះ‌អម្ចាស់ សូម​លំហែ​ចិត្ត​ខ្ញុំ​ក្នុង​ព្រះ‌គ្រីស្ទ​ផង។ ខ្ញុំ​បាន​សរសេរ​សំបុត្រ​នេះ​ផ្ញើ​មក​អ្នក ដោយ​មាន​ចិត្ត​ជឿ​ថា អ្នក​នឹង​ស្តាប់​តាម​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ដឹង​ជាក់​ថា អ្នក​នឹង​ធ្វើ​លើស​អំពី​សេចក្ដី​ដែល​ខ្ញុំ​សូម​នេះ​ទៅ​ទៀត។

ចែក​រំលែក
អាន ភីលេម៉ូន 1