ភីលេម៉ូន 1:10-18

ភីលេម៉ូន 1:10-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ខ្ញុំ​សូម​អង្វរ​អ្នក​ជំនួស​កូន​របស់​ខ្ញុំ គឺ​អូនេ‌ស៊ីម ដែល​ខ្ញុំ​បាន​បង្កើត​នៅ​ពេល​ខ្ញុំ​ជាប់​ចំណង។ ពី​ដើម​គាត់​គ្មាន​ប្រយោជន៍​សម្រាប់​អ្នក​មែន តែ​ឥឡូវ​នេះ គាត់​ពិត​ជា​មាន​ប្រយោជន៍​សម្រាប់​អ្នក ហើយ​ក៏​មាន​ប្រយោជន៍​សម្រាប់​ខ្ញុំ​ដែរ។ ខ្ញុំ​បាន​ចាត់​គាត់ ដែល​ជា​ដួង​ចិត្ត​របស់​ខ្ញុំ ឲ្យ​មក​រក​អ្នក​វិញ។ ខ្ញុំ​ចង់​ទុក​គាត់​ឲ្យ​នៅ​ជា​មួយ​ខ្ញុំ​ដែរ ដើម្បី​ឲ្យ​គាត់​បាន​បម្រើ​ខ្ញុំ​ជំនួស​អ្នក ក្នុង​ពេល​ដែល​ខ្ញុំ​ជាប់​ចំណង​ដោយ​ព្រោះ​ដំណឹង​ល្អ តែ​ខ្ញុំ​មិន​ចង់​ធ្វើ​អ្វី​ដោយ​គ្មាន​ការ​យល់​ព្រម​ពី​អ្នក​ឡើយ ដើម្បី​កុំ​ឲ្យ​អ្នក​ធ្វើ​ល្អ​ទាំង​បង្ខំ គឺ​ដោយ​ស្ម័គ្រ​ចិត្ត​វិញ។ ប្រហែល​ជា​ដោយ​សារ​មូល​ហេតុ​នេះ បាន​ជា​គាត់​ឃ្លាត​ចេញ​ពី​អ្នក​មួយ​រយៈ ដើម្បី​ឲ្យ​អ្នក​បាន​គាត់​មក​វិញ​អស់​កល្ប​ជានិច្ច តែ​មិន​មែន​ជា​អ្នក​បម្រើ​ទៀត គឺ​ជា​បង‌ប្អូន​ស្ងួន‌ភ្ងា​វិញ ដែល​លើស​ជាង​អ្នក​បម្រើ​ទៅ​ទៀត ជា​ពិសេស​ចំពោះ​ខ្ញុំ ហើយ​ចំពោះ​អ្នក​កាន់​តែ​ពិសេស​ថែម​ទៀត ទាំង​ខាង​សាច់​ឈាម ទាំង​ខាង​ព្រះ‌អម្ចាស់។ ដូច្នេះ ប្រសិន‌បើ​អ្នក​រាប់​ខ្ញុំ​ទុក​ជា​គូ​កន នោះ​ចូរ​ទទួល​គាត់ ទុក​ដូច​ជា​ទទួល​ខ្ញុំ​ចុះ។ ប្រសិន‌បើ​គាត់​បាន​ធ្វើ​អ្វី​ខុស​ចំពោះ​អ្នក ឬ​ជំពាក់​អ្វី​ដល់​អ្នក នោះ​ត្រូវ​គិត​លើ​ខ្ញុំ​វិញ។

ចែក​រំលែក
អាន ភីលេម៉ូន 1

ភីលេម៉ូន 1:10-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ​សូម​អង្វរ​លោក​ប្អូន​ឲ្យ​កូន​របស់​ខ្ញុំ គឺ​អូនេ‌ស៊ីម ដែល​ខ្ញុំ​បាន​បង្កើត​នៅ​ពេល​ជាប់​ឃុំ‌ឃាំង។ ពី​ដើម គាត់​គ្មាន​ប្រយោជន៍​អ្វី​សម្រាប់​លោក​ប្អូន​មែន ប៉ុន្តែ ឥឡូវ​នេះ គាត់​ប្រាកដ​ជា​មាន​ប្រយោជន៍​សម្រាប់​លោក​ប្អូន ក៏​ដូច​ជា​មាន​ប្រយោជន៍​សម្រាប់​ខ្ញុំ​ដែរ។ ខ្ញុំ​សូម​ចាត់​គាត់ ដែល​ប្រៀប​បី​ដូច​ជា​ថ្លើម​ប្រមាត់​របស់​ខ្ញុំ ឲ្យ​វិល​មក​រក​លោក​ប្អូន​វិញ។ ខ្ញុំ​មាន​បំណង​ចង់​ទុក​គាត់​ឲ្យ​នៅ​ជា​មួយ​ខ្ញុំ​ដែរ ដើម្បី​ឲ្យ​នៅ​បម្រើ​ខ្ញុំ​ជំនួស​លោក​ប្អូន ក្នុង​ពេល​ខ្ញុំ​ជាប់​ឃុំ‌ឃាំង ព្រោះ​តែ​ដំណឹង‌ល្អ*​នេះ ក៏​ប៉ុន្តែ ខ្ញុំ​មិន​ចង់​ធ្វើ​អ្វី​ដោយ​គ្មាន​ការ​យល់​ព្រម​ពី​លោក​ប្អូន​ឡើយ ដើម្បី​កុំ​ឲ្យ​លោក​ប្អូន​ធ្វើ​អំពើ​ល្អ ទាំង​ទើស ទាំង​ទ័ល គឺ​ធ្វើ​ដោយ​ស្ម័គ្រ​ចិត្ត​វិញ។ អូនេ‌ស៊ីម​ត្រូវ​តែ​ឃ្លាត​ឆ្ងាយ​ពី​លោក​ប្អូន​មួយ​រយៈ​មែន ដើម្បី​ឲ្យ​លោក​ប្អូន​បាន​ទទួល​គាត់​វិញ​អស់‌កល្ប​ជានិច្ច មិន​មែន​ក្នុង​ឋានៈ​ជា​ខ្ញុំ​បម្រើ​ទៀត​ទេ គឺ​ក្នុង​ឋានៈ​ជា​បងប្អូន​ដ៏​ជា​ទី​ស្រឡាញ់ ដូច្នេះ ប្រសើរ​ជាង​ខ្ញុំ​បម្រើ​ទៅ​ទៀត។ គាត់​ជា​បងប្អូន​ដ៏​ជា​ទី​ស្រឡាញ់​យ៉ាង​ខ្លាំង​របស់​ខ្ញុំ ហើយ​ចំពោះ​លោក​ប្អូន គាត់​ក៏​រឹត​តែ​ជា​ទី​ស្រឡាញ់​ថែម​ទៀត ទាំង​ខាង​លោកីយ៍ ទាំង​ខាង​ព្រះ‌អម្ចាស់។ ដូច្នេះ ប្រសិន​បើ​លោក​ប្អូន​រាប់​ខ្ញុំ​ទុក​ជា​បងប្អូន​រួម​ជំនឿ​មែន សូម​ទទួល​គាត់​ឲ្យ​បាន​ដូច​ទទួល​ខ្ញុំ​ផ្ទាល់​ដែរ។ ប្រសិន​បើ​គាត់​ធ្វើ​អ្វី​ខុស​ចំពោះ​លោក​ប្អូន ឬ​ប្រសិន​បើ​គាត់​ជំពាក់​អ្វី​លោក ប្អូន​សូម​គិត​ទៅ​លើ​ខ្ញុំ​ចុះ។

ចែក​រំលែក
អាន ភីលេម៉ូន 1

ភីលេម៉ូន 1:10-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ខ្ញុំ​អង្វរ​អ្នក​ជំនួស​កូន​ខ្ញុំ គឺ​ឈ្មោះ​អូនេ‌ស៊ីម​នេះ ដែល​ខ្ញុំ​បាន​បង្កើត​ក្នុង​វេលា​ជាប់​ចំណង ពី​ដើម​ជា​អ្នក​គ្មាន​ប្រយោជន៍​ដល់​អ្នក​ទេ តែ​ឥឡូវ​នេះ មាន​ប្រយោជន៍​ដល់​ទាំង​អ្នក នឹង​ខ្ញុំ​ផង ខ្ញុំ​ចាត់​គាត់​មក​ឯ​អ្នក​វិញ សូម​អ្នក​ទទួល​គាត់​ចុះ ព្រោះ​ជា​ដួង​ចិត្ត​របស់​ខ្ញុំ​ហើយ ខ្ញុំ​ចង់​ទុក​គាត់​ឲ្យ​នៅ​ជា​មួយ​នឹង​ខ្ញុំ​ណាស់ ដើម្បី​ឲ្យ​គាត់​បំរើ​ខ្ញុំ​ជំនួស​អ្នក ដែល​ខ្ញុំ​នៅ​ជាប់​ចំណង ដោយ​ព្រោះ​ដំណឹង​ល្អ តែ​ខ្ញុំ​មិន​ចង់​ធ្វើ​អ្វី​ទេ លើក​តែ​អ្នក​យល់​ព្រម​ដែរ ដើម្បី​កុំ​ឲ្យ​អ្នក​ធ្វើ​គុណ​ទាំង​បង្ខំ​ឡើយ គឺ​ចង់​ឲ្យ​បាន​ធ្វើ​ដោយ​ស្ម័គ្រ​ចិត្ត​វិញ ដ្បិត​ប្រហែល​ជា​ដោយ​ហេតុ​នោះ បាន​ជា​គាត់​ឃ្លាត​ចេញ​ពី​អ្នក​ទៅ​ជា​យូរ​បន្តិច ដើម្បី​ឲ្យ​អ្នក​បាន​គាត់​វិញ ឲ្យ​នៅ​ជាប់​ជា​ដរាប​ទៅ តែ​មិន​មែន​ដូច​ជា​បាវ​បំរើ​ទៀត​ឡើយ គឺ​លើស​ជាង​បាវ​បំរើ​ទៅ​ទៀត ទុក​ដូច​ជា​ប្អូន​ស្ងួន‌ភ្ងា​វិញ គឺ​ដល់​ខ្ញុំ​ជា​ដើម ហើយ​ដល់​អ្នក តើ​លើស​ជាង​យ៉ាង​ណា​ទៅ ទាំង​ខាង​សាច់​ឈាម នឹង​ក្នុង​ព្រះ‌អម្ចាស់​ផង ដូច្នេះ បើ​អ្នក​រាប់​ខ្ញុំ​ទុក​ជា​គូ‌កន នោះ​ចូរ​ទទួល​គាត់​ទុក​ដូច​ជា​ខ្លួន​ខ្ញុំ​ចុះ បើ​គាត់​បាន​ធ្វើ​អ្វី​ខុស‌ឆ្គង​នឹង​អ្នក ឬ​ជំពាក់​អ្នក នោះ​ត្រូវ​គិត​លើ​ខ្ញុំ​វិញ

ចែក​រំលែក
អាន ភីលេម៉ូន 1

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ