ជនគណនា 20:14-21

ជនគណនា 20:14-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លោក​ម៉ូសេ​បាន​ចាត់​អ្នក​នាំ​សារ​ពី​កាដេស ទៅ​ជួប​ស្តេច​ស្រុក​អេដុម​ទូល​ថា៖ «អ៊ីស្រាអែល​ជា​ប្អូន សូម​ទូល​ព្រះ‌ករុណា​ថា ទ្រង់​ជ្រាប​ពី​អស់​ទាំង​ការ​លំបាក​ដែល​កើត​ឡើង​ដល់​យើង​ខ្ញុំ​ហើយ គឺ​ពី​ដំណើរ​ដែល​ដូន​តា​របស់​យើង​ខ្ញុំ​បាន​ចុះ​ទៅ​នៅ​ស្រុក​អេស៊ីព្ទ ហើយ​យើង​ខ្ញុំ​បាន​រស់​នៅ​ស្រុក​នោះ​ជា​យូរ​ឆ្នាំ។ សាសន៍​អេស៊ីព្ទ​បាន​ធ្វើ​បាប​យើង​ខ្ញុំ និង​ដូនតា​របស់​យើង​ខ្ញុំ។ តែ​កាល​យើង​ខ្ញុំ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​ក៏​ឮ​សំឡេង​យើង​ខ្ញុំ ហើយ​ចាត់​ទេវតា​មួយ​មក​នាំ​យើង​ខ្ញុំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ។ ឥឡូវ​នេះ មើល៍ យើង​ខ្ញុំ​នៅ​កាដេស ជា​ក្រុង​មួយ​នៅ​ជាប់​នឹង​ដែនដី​របស់​ព្រះកុរណា។ ដូច្នេះ សូម​អនុញ្ញាត​ឲ្យ​យើង​ខ្ញុំ​ដើរ​កាត់​ស្រុក​របស់​ព្រះ‌ករុណា​ផង។ យើង​ខ្ញុំ​នឹង​មិន​ដើរ​កាត់​ស្រែ ឬ​ចម្ការ​ទេ ក៏​មិន​ផឹក​ទឹក​ពី​អណ្តូង​ណា​មួយ​ដែរ គឺ​យើង​ខ្ញុំ​នឹង​ដើរ​តាម​តែ​ផ្លូវ​ស្ដេច វិញ ដោយ​ឥត​ងាក​ទៅ​ខាង​ស្តាំ ឬ​ទៅ​ខាង​ឆ្វេង​ឡើយ រហូត​ទាល់​តែ​យើង​ខ្ញុំ​បាន​ឆ្លង​ផុត​ដែន​ដី​របស់​ព្រះ‌ករុណា»។ ប៉ុន្តែ ស្តេច​ស្រុក​អេដុម​តប​ថា៖ «មិន​ឲ្យ​ឆ្លង​កាត់​ដាច់​ខាត បើ​មិន​ដូច្នោះ​ទេ យើង​នឹង​ចេញ​ទៅ​ទាស់​នឹង​អ្នក​រាល់​គ្នា​ដោយ​ដាវ​មិន​ខាន»។ កូន​ចៅ​អ៊ីស្រា‌អែល​អង្វរ​ស្ដេច​ថា៖ «យើង​ខ្ញុំ​នឹង​ដើរ​តាម​តែ​ផ្លូវ​ធំ​ប៉ុណ្ណោះ ហើយ​ប្រសិន‌បើ​យើង​ខ្ញុំ ឬ​ហ្វូង​សត្វ​យើង​ខ្ញុំ​ផឹក​ទឹក​របស់​ព្រះករុណា នោះ​យើង​ខ្ញុំ​នឹង​ចេញ​ថ្លៃ​សង សូម​គ្រាន់​តែ​ឲ្យ​យើង​ខ្ញុំ​បាន​ដើរ​កាត់​ប៉ុណ្ណោះ​បាន​ហើយ»។ ប៉ុន្តែ ស្តេច​នោះ​តប​ថា៖ «មិន​ឲ្យ​ឆ្លង​កាត់​ដាច់​ខាត!» ហើយ​ស្តេច​អេដុម​ក៏​ចេញ​ទៅ​ទាស់​នឹង​គេ ដោយ​លើក​ទ័ព​ទៅ​ជា​ច្រើន ទាំង​កាន់​គ្រឿង​អាវុធ​យ៉ាង​សំណំ។ ដូច្នេះ ស្តេច​អេដុម​មិន​ព្រម​បើក​ឲ្យ​ពួក​អ៊ីស្រា‌អែល​ដើរ​កាត់​ដែនដី​របស់​ខ្លួន​ទេ ហើយ​អ៊ីស្រា‌អែល​ក៏​ងាក​ចេញ​ពី​គេ​ទៅ។

ចែក​រំលែក
អាន ជនគណនា 20

ជនគណនា 20:14-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​ម៉ូសេ​បាន​ចាត់​អ្នក​នាំ​សារ​ពី​កាដេស ទៅ​គាល់​ស្ដេច​ស្រុក​អេដុម ហើយ​ទូល​ថា៖ «សូម​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​របស់​អ៊ីស្រា‌អែល ជា​បងប្អូន​របស់​ព្រះ‌ករុណា។ ព្រះ‌ករុណា​ជ្រាប​ស្រាប់​ហើយ​ថា យើង​ខ្ញុំ​បាន​រង​ទុក្ខ​វេទនា​គ្រប់​បែប​យ៉ាង។ បុព្វបុរស​របស់​យើង​ខ្ញុំ​បាន​ចុះ​ទៅ​ស្រុក​អេស៊ីប ហើយ​យើង​ខ្ញុំ​រស់​នៅ​ក្នុង​ស្រុក​នោះ​ជា​យូរ​ឆ្នាំ។ ក៏​ប៉ុន្តែ ជន‌ជាតិ​អេស៊ីប​បាន​ធ្វើ​បាប​ពួក​យើង គឺ​ទាំង​យើង​ខ្ញុំ​ផ្ទាល់ ទាំង​បុព្វបុរស​របស់​យើង​ខ្ញុំ។ យើង​ខ្ញុំ​ស្រែក​អង្វរ​ព្រះ‌អម្ចាស់ ហើយ​ព្រះអង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​អង្វរ​របស់​យើង​ខ្ញុំ។ ព្រះអង្គ​បាន​ចាត់​ទេវតា*​មួយ​រូប ឲ្យ​មក​នាំ​យើង​ខ្ញុំ​ចេញ​ពី​ស្រុក​អេស៊ីប។ ឥឡូវ​នេះ យើង​ខ្ញុំ​បាន​មក​ដល់​កាដេស ជា​ក្រុង​ដែល​នៅ​ជាប់​នឹង​ដែន​ដី​របស់​ព្រះ‌ករុណា។ យើង​ខ្ញុំ​សូម​អនុញ្ញាត​ឆ្លង​កាត់​ស្រុក​របស់​ព្រះ‌ករុណា តែ​យើង​ខ្ញុំ​មិន​ដើរ​កាត់​ស្រែ ឬ​ចម្ការ​ទំពាំង‌បាយជូរ​របស់​ព្រះ‌ករុណា​ទេ ហើយ​យើង​ខ្ញុំ​ក៏​មិន​ទទួល​ទាន​ទឹក​ពី​អណ្ដូង​របស់​ព្រះ‌ករុណា​ដែរ គឺ​យើង​ខ្ញុំ​គ្រាន់​តែ​សុំ​ដើរ​តាម​ផ្លូវ​ធំ ដោយ​ឥត​ងាក​ទៅ​ឆ្វេង ឬ​ងាក​ទៅ​ស្ដាំ​ឡើយ រហូត​ទាល់​តែ​យើង​ខ្ញុំ​ឆ្លង​ផុត​ទឹក​ដី​របស់​ព្រះ‌ករុណា»។ ស្ដេច​ស្រុក​អេដុម​តប​ថា៖ «កុំ​ឆ្លង​កាត់​ទឹក​ដី​របស់​យើង​ដាច់​ខាត បើ​មិន​ដូច្នោះ​ទេ យើង​នឹង​លើក​ទ័ព​ចេញ​ទៅ​វាយ​ប្រហារ​អ្នក​រាល់​គ្នា​ជា​មិន​ខាន!»។ ជន‌ជាតិ​អ៊ីស្រា‌អែល​ទូល​ស្ដេច​ទៀត​ថា៖ «យើង​ខ្ញុំ​គ្រាន់​តែ​ដើរ​តាម​ផ្លូវ ប្រសិន​បើ​យើង​ខ្ញុំ និង​ហ្វូង​សត្វ​របស់​យើង​ខ្ញុំ​ផឹក​ទឹក​របស់​ព្រះ‌ករុណា នោះ​យើង​ខ្ញុំ​នឹង​បង់​ថ្លៃ។ យើង​ខ្ញុំ​មិន​ធ្វើ​អ្វី​ឡើយ យើង​ខ្ញុំ​គ្រាន់​តែ​ដើរ​កាត់​ប៉ុណ្ណោះ»។ ស្ដេច​ស្រុក​អេដុម​តប​ថា៖ «កុំ​ឆ្លង​កាត់​ដាច់​ខាត!»។ ជន‌ជាតិ​អេដុម​លើក​ទ័ព​យ៉ាង​សន្ធឹក​សន្ធាប់ ទាំង​ប្រដាប់​អាវុធ ចេញ​ទៅ​ទប់​ជន‌ជាតិ​អ៊ីស្រា‌អែល មិន​ឲ្យ​ឆ្លង​កាត់​ទឹក​ដី​របស់​ខ្លួន ជន‌ជាតិ​អ៊ីស្រា‌អែល​ក៏​ដើរ​វាង​ទឹក​ដី​របស់​គេ។

ចែក​រំលែក
អាន ជនគណនា 20

ជនគណនា 20:14-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ម៉ូសេ​ក៏​ចាត់​សារ​ពី​កាដេស​ទៅ​ឯ​ស្តេច​ស្រុក​អេដំម​ទូល​ថា អ៊ីស្រាអែល​ជា​ប្អូន​ទ្រង់​មាន​វាចា​ដូច្នេះ​ថា ទ្រង់​ជ្រាប​ចំពោះ​ការ​នឿយ‌ហត់ ដែល​កើត​មក​ដល់​យើង​ខ្ញុំ​រាល់​គ្នា​ហើយ គឺ​ដែល​ពួក​ឰយុកោ​យើង​ខ្ញុំ​បាន​ចុះ​ទៅ​នៅ​ស្រុក​អេស៊ីព្ទ ហើយ​យើង​ខ្ញុំ​ក៏​បាន​នៅ​ស្រុក​នោះ​ជា​យូរ​ឆ្នាំ​ដែរ ឯ​ពួក​សាសន៍​អេស៊ីព្ទ​គេ​បាន​ធ្វើ​បាប​ដល់​យើង​ខ្ញុំ នឹង​ពួក​ឰយុកោ​យើង​ខ្ញុំ​ផង តែ​កាល​យើង​ខ្ញុំ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា នោះ​ទ្រង់​ក៏​ឮ​សំឡេង​យើង​ខ្ញុំ ហើយ​ទ្រង់​ចាត់​ទេវតា​១​មក នាំ​យើង​ខ្ញុំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ឥឡូវ​នេះ មើល យើង​ខ្ញុំ​នៅ​ត្រង់​កាដេស ជា​ទី​ក្រុង​នៅ​ចុង​ព្រំ​ស្រុក​របស់​ទ្រង់ ដូច្នេះ​សូម​អនុញ្ញាត​ឲ្យ​យើង​ខ្ញុំ​ដើរ​កាត់​ស្រុក​របស់​ទ្រង់​ផង យើង​ខ្ញុំ​នឹង​មិន​ដើរ​កាត់​ស្រែ ឬ​ចំការ​ទេ ក៏​មិន​ផឹក​ទឹក​អណ្តូង​ដែរ គឺ​យើង​ខ្ញុំ​នឹង​ដើរ​តាម​តែ​ផ្លូវ​ថ្នល់ របស់​ស្តេច​វិញ ឥត​មាន​បែរ​ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង​ឡើយ ទាល់​តែ​បាន​ឆ្លង​ហួស​ពី​ព្រំ‌ដែន​ទ្រង់​ទៅ តែ​ស្តេច​ស្រុក​អេដំម​មាន​បន្ទូល​តប​ថា មិន​ត្រូវ​ឲ្យ​ឯង​ដើរ​កាត់​ស្រុក​របស់​យើង​ឡើយ បើ​ធ្វើ​ដូច្នោះ នោះ​យើង​នឹង​យក​ដាវ​ចេញ​មក​ច្បាំង​នឹង​ឯង​ហើយ ពួក​កូន​ចៅ​អ៊ីស្រាអែល​គេ​អង្វរ​ថា យើង​ខ្ញុំ​រាល់​គ្នា​នឹង​គ្រាន់​តែ​ដើរ​តាម​ថ្នល់​ធំ​ទេ បើ‌សិន​ជា​យើង​ខ្ញុំ ឬ​ហ្វូង​សត្វ​យើង​ខ្ញុំ​ផឹក​ទឹក​របស់​ទ្រង់ នោះ​យើង​ខ្ញុំ​នឹង​ចេញ​ថ្លៃ​សង​ថ្វាយ​ទ្រង់ សូម​តែ​ឲ្យ​យើង​ខ្ញុំ​បាន​ដើរ​កាត់​ស្រុក​ទ្រង់​ប៉ុណ្ណោះ​ចុះ តែ​ស្តេច​នោះ​មាន​បន្ទូល​ថា មិន​ត្រូវ​ឲ្យ​ឯង​ទៅ​ទេ ហើយ​ស្តេច​អេដំម​ក៏​ចេញ​មក​ទាស់​នឹង​គេ ព្រម​ទាំង​នាំ​យក​មនុស្ស​ជា​ច្រើន​មក មាន​អំណាច​ជា​ខ្លាំង ដូច្នេះ ស្តេច​អេដំម​មិន​ព្រម​បើក​ឲ្យ​ពួក​អ៊ីស្រាអែល​ដើរ​កាត់​ស្រុក​ទ្រង់​ទេ បាន​ជា​ពួក​អ៊ីស្រាអែល​គេ​បែរ​ចេញ​ពី​ទ្រង់​ទៅ។

ចែក​រំលែក
អាន ជនគណនា 20