ជនគណនា 16:4-50

ជនគណនា 16:4-50 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​លោក​ម៉ូសេ​បាន​ឮ​ពាក្យ​នោះ លោក​ក៏​ក្រាប​ចុះ​មុខ​ដល់​ដី រួច​លោក​មាន​ប្រ‌សាសន៍​ទៅ​កាន់​កូរេ និង​បក្ស​ពួក​ទាំង​អស់​របស់​គាត់​ថា៖ «ព្រឹក​ស្អែក ព្រះ‌យេហូវ៉ា​នឹង​បង្ហាញ​ឲ្យ​ដឹង​ថា​អ្នក​ណា​ដែល​ជា​របស់​ព្រះ‌អង្គ អ្នក​ណា​ដែល​បរិសុទ្ធ ហើយ​ព្រះ‌អង្គ​នឹង​ឲ្យ​អ្នក​ណា​ចូល​ទៅ​ជិត​ព្រះ‌អង្គ។ អ្នក​ណា​ដែល​ព្រះ‌អង្គ​នឹង​ជ្រើស​រើស ព្រះ‌អង្គ​នឹង​ឲ្យ​អ្នក​នោះ​ចូល​ទៅ​ជិត​ព្រះ‌អង្គ។ ចូរ​ធ្វើ​ដូច្នេះ​ចុះ គឺ​កូរេ​ឯង និង​បក្ស​ពួក​របស់​អ្នក ទាំង​ប៉ុន្មាន ត្រូវ​យក​ពាន​គ្រប់​គ្នា​រៀង​ខ្លួន​មក ហើយ​ស្អែក​នេះ ចូរ​យក​ភ្លើង​ដាក់​ក្នុង​ពាន​ទាំង​នោះ ហើយ​រោយ​កំញាន​ពី​លើ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។ អ្នក​ណា​ដែល​ព្រះ‌យេហូវ៉ា​ជ្រើស​រើស អ្នក​នោះ​នឹង​បាន​បរិសុទ្ធ។ កូន​ចៅ​លេវី​អើយ អ្នក​រាល់​គ្នា​ធ្វើ​ជ្រុល​ពេក​ហើយ!» លោក​ម៉ូសេ​មាន​ប្រ‌សាសន៍​ទៅកូរេ​ថា៖ «កូន​ចៅ​លេវី​អើយ ចូរ​ស្តាប់​ចុះ! ការ​ដែល​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​បាន​ញែក​អ្នក​រាល់​គ្នា​ចេញ​ពី​ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ចូល​ទៅ​ជិត​ព្រះ‌អង្គ សម្រាប់​នឹង​ធ្វើ​ការ‌ងារ​ក្នុង​រោង​ឧបោសថ​របស់​ព្រះ‌យេហូវ៉ា ហើយ​ឲ្យ​បាន​ឈរ​នៅ​មុខ​ក្រុម​ជំនុំ ដើម្បី​បម្រើ​ពួកគេ តើ​កិច្ច​ការ​នេះ​តូច​ពេក​ឬ? ព្រះ‌អង្គ​បាន​អនុញ្ញាត​ឲ្យ​អ្នក​រាល់​គ្នា និង​កូន​ចៅ​លេវី​ជា​បង​ប្អូន​របស់​អ្នក​រាល់​គ្នា​ទាំង​អស់ ចូល​ទៅ​ជិត​ព្រះ‌អង្គ តែ​អ្នក​រាល់​គ្នា​ចង់​បាន​ការ‌ងារ​ជា​សង្ឃ​ថែម​ទៀត! ដូច្នេះ អ្នក និង​បក្ស​ពួក​របស់​អ្នក​បាន​លើក​គ្នា​ប្រឆាំង​នឹង​ព្រះ‌យេហូវ៉ា​ហើយ។ តើ​អើរ៉ុន​ជា​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​រអ៊ូ‌រទាំ​ប្រឆាំង​នឹង​លោក​ដូច្នេះ?» លោក​ម៉ូសេ​ក៏​ចាត់​គេ​ឲ្យ​ទៅ​ហៅ​ដាថាន និង​អ័ប៊ីរ៉ាម ជា​កូន​របស់​អេលាប​ឲ្យ​មក តែ​គេ​ប្រកែក​ថា៖ «ពួក​យើង​មិន​ទៅ​ទេ! ដែល​លោក​បាន​នាំ​យើង​ចេញ​ពី​ស្រុក​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ មក ដើម្បី​សម្លាប់​យើង​នៅ​ក្នុង​ទី​រហោ‌ស្ថាន តើ​ការ​នេះ​តូច​ពេក​ឬ បាន​ជា​លោក​ត្រូវ​តាំង​ខ្លួន​ធ្វើ​ជា​ចៅ​ហ្វាយ​លើ​យើង​ថែម​ទៀត? ម្យ៉ាង​ទៀត លោក​មិន​បាន​នាំ​យើង​ចូល​ទៅ​ក្នុង​ស្រុក​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ​ទេ ក៏​មិន​បាន​ឲ្យ​ស្រែ​ចម្ការ និង​ចម្ការ​ទាំង​បាយ​ជូរ​មក​យើង​ទុក​ជា​មត៌ក​ដែរ។ តើ​លោក​ចង់​បន្លំ​ភ្នែក​មនុស្ស​ទាំង​នេះ​ឬ? ពួក​យើង​មិន​ព្រម​ទៅ​ទេ!»។ លោក​ម៉ូសេ​ខឹង​យ៉ាង​ខ្លាំង ហើយ​ទូល​ព្រះ‌យេហូវ៉ា​ថា៖ «សូម​កុំ​រវល់​នឹង​តង្វាយ​របស់​ពួកគេ​ឡើយ។ ទូល‌បង្គំ​មិន​បាន​យក​សត្វ​លា​ណា​មួយ​របស់​ពួកគេ​ឡើយ ហើយ​ទូល‌បង្គំ​ក៏​មិន​បាន​ធ្វើ​ទុក្ខ​ទោស​ពួកគេ​ណា​ម្នាក់​ដែរ»។ លោក​ម៉ូសេ​មាន​ប្រ‌សាសន៍​ទៅ​កាន់​កូរេ​ថា៖ «ថ្ងៃ​ស្អែក​នេះ ចូរ​អ្នក និង​បក្ស​ពួក​របស់​អ្នក​ទាំង​ប៉ុន្មាន ត្រូវ​បង្ហាញ​ខ្លួន​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា គឺ​អ្នក និង​អ្នក​ទាំង​នោះ ព្រម​ទាំង​អើរ៉ុន ម្នាក់ៗ​ត្រូវ​យក​ពាន​របស់​ខ្លួន​មក រួច​ដាក់​កំញាន​ពី​លើ ហើយ​ម្នាក់ៗ​ត្រូវ​យក​ពាន​របស់​ខ្លួន​មក​ដាក់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា គឺ​ពាន​ពីរ​រយ​ហា​សិប ឯ​អ្នក និង​អើរ៉ុន ក៏​ត្រូវ​យក​ពាន​របស់​ខ្លួន​មក​ដែរ»។ ដូច្នេះ ម្នាក់ៗ​បាន​យក​ពាន​មក​រៀង​ខ្លួន ហើយ​គេ​ដាក់​ភ្លើង និង​រោយ​កំញាន​ពី​លើ​ពាន​ទាំង​នោះ រួច​គេ​ឈរ​នៅ​ទ្វារ​ចូល​ត្រសាល​ជំនុំ​ជា‌មួយ​លោក​ម៉ូសេ និង​អើរ៉ុន។ ឯកូរេ​ក៏​ប្រមូល​ក្រុម​ជំនុំ​ទាំង​មូល​មក​ទាស់​នឹង​លោក​ទាំង​ពីរ នៅ​ត្រង់​ទ្វារ​ចូល​ត្រសាល​ជំនុំ។ ពេល​នោះ សិរី‌ល្អ​របស់​ព្រះ‌យេហូវ៉ា​ក៏​លេច​មក​ឲ្យ​ក្រុម​ជំនុំ​ទាំង​មូល​ឃើញ។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ថា៖ «ចូរ​ញែក​ខ្លួន​ពី​ក្រុម​ជំនុំ​នេះ​ចេញ ដើម្បី​ឲ្យ​យើង​បំផ្លាញ​គេ​ឥឡូវ​នេះ​ភ្លាម»។ លោក​ទាំង​ពីរ​ក៏​ក្រាប​ចុះ​មុខ​ដល់​ដី ហើយ​ទូល​ថា៖ «ឱ​ព្រះ​អើយ ព្រះ‌អង្គ​ជា​ព្រះ​នៃ​វិញ្ញាណ​របស់​មនុស្ស​លោក​ទាំង​អស់! បើ​មនុស្ស​តែ​ម្នាក់​ធ្វើ​បាប នោះ​តើ​ព្រះ‌អង្គ​ក្រោធ​នឹង​ក្រុម​ជំនុំ​ទាំង​មូល​ឬ?»។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រាប់​ក្រុម​ជំនុំ ឲ្យ​ថយ​ចេញ​ពី​ជំរំ​របស់​កូរេ ដាថាន និង​អ័ប៊ីរ៉ាម»។ ពេល​នោះ លោក​ម៉ូសេ​ក្រោក​ឡើង ដើរ​ទៅ​រក​ដាថាន និង​អ័ប៊ីរ៉ាម មាន​ទាំង​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ដើរ​តាម​ក្រោយ។ លោក​មាន​ប្រ‌សាសន៍​ទៅ​កាន់​ក្រុម​ជំនុំ​ថា៖ «ចូរ​ថយ​ចេញ​ពី​ជំរំ​របស់​មនុស្ស​អាក្រក់​ទាំង​នេះ​ទៅ កុំ​ប៉ះ‌ពាល់​អ្វីៗ​ដែល​ជា​របស់​គេ​ឡើយ ក្រែង​លោ​អ្នក​រាល់​គ្នា​ត្រូវ​វិនាស ដោយ​ព្រោះ​តែ​អំពើ​បាប​ទាំង​ប៉ុន្មាន​របស់​ពួកគេ​ដែរ»។ ដូច្នេះ គេ​ក៏​ថយ​ចេញ​ពី​ជំរំ​របស់​កូរេ ដាថាន និង​អ័ប៊ីរ៉ាម​ទៅ រីឯ​ដាថាន និង​អ័ប៊ីរ៉ាម​ក៏​ចេញ​មក​ឈរ​នៅ​ទ្វារ​ចូល​ជំរំ​របស់​ខ្លួន​ជាមួយ​ប្រពន្ធ និង​កូន​ទាំង​ប៉ុន្មាន​របស់​គេ ទាំង​តូច​ទាំង​ធំ។ លោក​ម៉ូសេ​មាន​ប្រសាសន៍​ថា៖ «អ្នក​រាល់​គ្នា​នឹង​ដឹង​ថា ព្រះ‌យេហូវ៉ា​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ធ្វើ​ការ​ទាំង​នេះ​យ៉ាង​នេះ​ឯង ហើយ​ថា ខ្ញុំ​មិន​បាន​ធ្វើ​ដោយ​ចិត្ត​ឯង​ឡើយ! ប្រសិន‌បើ​អ្នក​ទាំង​នេះ​ស្លាប់​តាម​ធម្មតា​របស់​មនុស្ស ឬ​ប្រសិន‌បើ​គេ​ត្រូវ​ស្លាប់​ដោយ​ហេតុ​ណា​មួយ​កើត​ឡើង​ដល់​គេ​ដូច​មនុស្ស​ផង​ទាំង​ពួង នោះ​ព្រះ‌យេហូវ៉ា​មិន​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ទេ។ ប៉ុន្ដែ ប្រសិន‌បើ​ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​មាន​ការ​មួយ​ចម្លែក គឺ​ឲ្យ​ដី​ហា​ឡើង​ហើយ​លេប​ពួកគេ និង​អ្វីៗ​ទាំង​អស់​របស់​ពួកគេ​ទៅ រួច​ពួកគេ​ចុះ​ទាំង​រស់​ទៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា អ្នក​ទាំង​នេះ​ពិត​ជា​បាន​មើល‌ងាយ​ព្រះ‌យេហូវ៉ា​មែន»។ កាល​លោក​បាន​មាន​ប្រសាសន៍​ពាក្យ​ទាំង​នេះ​ចប់​ភ្លាម នោះ​ដី​នៅ​ពី​ក្រោម​ពួកគេ ក៏​ប្រេះ​ចេញ​ពី​គ្នា គឺ​ដី​ហា​ឡើង រួច​លេប​ពួកគេ ព្រម​ទាំង​ក្រុម​គ្រួសារ​របស់​ពួក‌គេ និង​អស់​អ្នក​ដែល​ជា​របស់​កូរេ ព្រម​ទាំង​ទ្រព្យ​សម្បត្តិ​ទាំង​អស់​របស់​ពួកគេ​អស់​ទៅ។ ដូច្នេះ អ្នក​ទាំង​នោះ និង​អ្វី​ទាំង​អស់​ដែល​ជា​របស់​គេ ក៏​ចុះ​ទៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទាំង​រស់ រួច​ដី​បាន​គ្រប​លើ​ពួកគេ​ជិត ហើយ​គេ​ក៏​វិនាស​បាត់​ពី​ចំណោម​ក្រុម​ជំនុំ​ទៅ។ កាល​ប្រជាជន​អ៊ីស្រា‌អែល​ទាំង​អស់​ដែល​នៅ​ជុំ‌វិញ​ឮ​សម្រែក​របស់​អ្នក​ទាំង​នោះ គេ​ក៏​នាំ​គ្នា​រត់​ចេញ ដោយ​ពោល​ថា៖ «ក្រែង​ដី​ស្រូប​យើង​ទៅ​ដែរ»។ ពេល​នោះ មាន​ភ្លើង​ចេញ​ពី​ព្រះ‌យេហូវ៉ា មក​បញ្ឆេះ​មនុស្ស​ពីរ​រយ​ហាសិប​នាក់ ដែល​កំពុង​ថ្វាយ​កំញាន​នោះ​ដែរ។ បន្ទាប់​មក ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រាប់​អេលាសារ ជា​កូន​របស់​សង្ឃ​អើរ៉ុន ឲ្យ​យក​ពាន​ទាំង​នោះ​ចេញ​ពី​ក្នុង​ភ្លើង រួច​យក​ភ្លើង​ទៅ​គោះ​ចោល​ឲ្យ​ឆ្ងាយ ដ្បិត​ពាន​របស់​មនុស្ស​ដែល​បាន​ធ្វើ​បាប​ទាំង​នេះ បាន​បរិសុទ្ធ​ដោយ​ព្រោះ​ជីវិត​របស់​ពួកគេ​ដែល​មាន​ទោស​ដល់​ស្លាប់​នោះ។ ចូរ​យក​ពាន​ទាំង​នោះ​ទៅ​ដំ​ជា​បន្ទះ​សម្រាប់​ស្រោប​អាស‌នា ដ្បិត​គេ​បាន​ថ្វាយ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដូច្នេះ ពាន​ទាំង​នោះ​បាន​បរិសុទ្ធ​ហើយ ហើយ​យ៉ាង​នេះ​នឹង​បាន​ជា​ទី​សម្គាល់​ដល់​កូន​ចៅ​អ៊ីស្រា‌អែល»។ ដូច្នេះ សង្ឃ​អេលាសារ​ក៏​យក​ពាន​លង្ហិន​ដែល​អស់​អ្នក​ត្រូវ​ភ្លើង​ឆេះ​នោះ​បាន​ថ្វាយ មក​ដំ​ជា​បន្ទះ​ស្រោប​អាស‌នា ទុក​ជា​ទី​រំឭក​ដល់​កូន​ចៅ​អ៊ីស្រា‌អែល ដើម្បី​កុំ​ឲ្យ​អ្នក​ដទៃ​ណា ក្រៅ​ពី​កូន​ចៅ​របស់​អើរ៉ុន ចូល​ទៅ​ដុត​កំញាន​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ឡើយ ក្រែង​លោ​គេ​ត្រូវ​ស្លាប់​ដូចកូរេ និង​បក្ស​ពួក​របស់​គាត់ ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​អេលាសារ តាមរយៈ​លោក​ម៉ូសេ។ ប៉ុន្ដែ នៅ​ថ្ងៃ​បន្ទាប់ ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់ ក៏​រអ៊ូ‌រទាំ​ទាស់​នឹង​លោក​ម៉ូសេ ហើយ​ទាស់​នឹង​លោក​អើរ៉ុន​ថា៖ «ពួក​លោក​បាន​សម្លាប់​ប្រជា‌រាស្ត្រ​របស់​ព្រះ‌យេហូវ៉ា»។ កាល​ក្រុម​ជំនុំ​បាន​លើក​គ្នា​ទាស់​នឹង​លោក​ម៉ូសេ ព្រម​ទាំង​អើរ៉ុន នោះ​គេ​បែរ​មុខ​ទៅ​ត្រសាល​ជំនុំ ឃើញ​ពពក​មាន​គ្រប​លើ​ត្រសាល ហើយ​សិរី‌ល្អ​របស់​ព្រះ‌យេហូវ៉ា​ក៏​លេច​មក​ដែរ។ ពេល​នោះ លោក​ម៉ូសេ និង​លោក​អើរ៉ុន​ក៏​ទៅ​ពី​មុខ​ត្រសាល​ជំនុំ ហើយ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ថយ​ចេញ​ពី​ក្រុម​ជំនុំ​នេះ​ទៅ ដើម្បី​ឲ្យ​យើង​បំផ្លាញ​គេ​ឥឡូវ​នេះ​ភ្លាម»។ តែ​លោក​ទាំង​ពីរ​ក៏​ក្រាប​ចុះ​មុខ​ដល់​ដី។ លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អើរ៉ុន​ថា៖ «ចូរ​យក​ពាន​របស់​បង ហើយ​យក​ភ្លើង​ពី​អាស‌នា​មក​ដាក់​ក្នុង​ពាន រួច​យក​កំញាន​រោយ​ពី​លើ ហើយ​យក​ពាន​នោះ​ជា​ប្រញាប់​ទៅ​កាន់​ក្រុម​ជំនុំ ដើម្បី​រំដោះ​បាប​ឲ្យ​ពួកគេ​ទៅ ដ្បិត​មាន​សេចក្ដី‌ក្រោធ​ចេញ​ពី​ព្រះ‌យេហូវ៉ា​ហើយ គ្រោះ​កាច​ក៏​ចាប់​ផ្ដើម​ដែរ»។ ដូច្នេះ លោក​អើរ៉ុន​ក៏​យក​ពាន​ទៅ​តាម​បង្គាប់​របស់​លោក​ម៉ូសេ ហើយ​រត់​ទៅ​កណ្ដាល​ក្រុម​ជំនុំ ហើយ​មើល៍ គ្រោះ​កាច​បាន​ចាប់​ផ្ដើម​កើត​ឡើង​ក្នុង​ចំណោម​ប្រជាជន​ទៅ​ហើយ។ លោក​ក៏​រោយ​កំញាន ហើយ​ធ្វើ​ពិធី​លោះ​បាប​ឲ្យ​ពួកគេ។ លោក​ឈរ​នៅ​កណ្ដាល​មនុស្ស​ស្លាប់ និង​មនុស្ស​រស់ ហើយ​គ្រោះ​កាច​ក៏​ឈប់​ទៅ។ មនុស្ស​ដែល​បាន​ស្លាប់​ដោយ​គ្រោះ​កាច​នោះ មាន​ចំនួន​មួយ​ម៉ឺន​បួន​ពាន់​ប្រាំពីរ​រយ​នាក់ ថែម​ពី​លើ​អស់​អ្នក​ដែល​បាន​ស្លាប់​ពី​ដំណើរ​របស់កូរេ។ ពេល​គ្រោះ​កាច​បាន​ឈប់ អើរ៉ុន​ក៏​ត្រឡប់​ទៅ​រក​លោក​ម៉ូសេ​នៅ​ទ្វារ​ចូល​ត្រសាល​ជំនុំ​វិញ។

ចែក​រំលែក
អាន ជនគណនា 16

ជនគណនា 16:4-50 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កាល​លោក​ម៉ូសេ​ឮ​ដូច្នេះ លោក​ក៏​ក្រាប​ចុះ ឱន​មុខ​ដល់​ដី។ លោក​មាន​ប្រសាសន៍​ទៅ​កាន់​លោក​កូរេ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​គាត់​ថា៖ «ព្រឹក​ស្អែក ព្រះ‌អម្ចាស់​នឹង​បង្ហាញ​ឲ្យ​ឃើញ​ថា នរណា​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ នរណា​ជា​មនុស្ស​ដ៏វិសុទ្ធ ដែល​អាច​ចូល​ទៅ​ជិត​ព្រះអង្គ ហើយ​ជា​អ្នក​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស​ឲ្យ​ចូល​ទៅ​ជិត​ព្រះអង្គ។ ចូរ​ធ្វើ​ដូច​ត​ទៅ​នេះ គឺ​លោក​កូរេ និង​អ្នក​នៅ​ជា​មួយ​គាត់ ត្រូវ​យក​ពាន​មក ហើយ​ស្អែក​ពួក​គេ​ដាក់​ភ្លើង និង​គ្រឿង​ក្រអូប​ទៅ​ក្នុង​ពាន​ទាំង​នោះ រួច​នាំ​គ្នា​ចូល​ទៅ​ជិត​ព្រះ‌អម្ចាស់។ ព្រះ‌អម្ចាស់​ជ្រើស​រើស​អ្នក​ណា អ្នក​នោះ​នឹង​បាន​វិសុទ្ធ។ កូន​ចៅ​លោក​លេវី​អើយ អ្នក​រាល់​គ្នា​ធ្វើ​ជ្រុល​ពេក​ហើយ!»។ លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​កូរេ​ថា៖ «កូន​ចៅ​លោក​លេវី​អើយ ចូរ​នាំ​គ្នា​ស្ដាប់! ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ញែក​អ្នក​រាល់​គ្នា​ដាច់​ឡែក​ពី​សហគមន៍​អ៊ីស្រា‌អែល ព្រះអង្គ​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ជិត​ព្រះអង្គ ឲ្យ​អ្នក​រាល់​គ្នា​បម្រើ​ព្រះអង្គ នៅ​ក្នុង​ព្រះ‌ពន្លា​របស់​ព្រះ‌អម្ចាស់ និង​ឲ្យ​អ្នក​រាល់​គ្នា​បំពេញ​កិច្ចការ​ក្នុង​នាម​សហគមន៍​ទាំង​មូល ប៉ុណ្ណឹង​ហើយ​នៅ​តែ​មិន​ល្មម​ទេ​ឬ? ព្រះអង្គ​ឲ្យ​លោក និង​បងប្អូន​របស់​លោក​ទាំង​អស់ ដែល​ជា​កូន​ចៅ​លោក​លេវី ចូល​ទៅ​ជិត​ព្រះអង្គ​ប៉ុណ្ណឹង​ហើយ អស់​លោក​បែរ​ជា​ចង់​បាន​មុខងារ​ជា​បូជា‌ចារ្យ​ថែម​ទៀត! ហេតុ​នេះ​ហើយ​បាន​ជា​លោក និង​ពួក​អ្នក​ដែល​នៅ​ជា​មួយ​លោក លើក​គ្នា​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់។ តើ​លោក​អើរ៉ុន​ជា​អ្វី បាន​ជា​ពួក​លោក​រអ៊ូ‌រទាំ​ប្រឆាំង​នឹង​គាត់​ដូច្នេះ?»។ លោក​ម៉ូសេ​ចាត់​ឲ្យ​គេ​ទៅ​ហៅ​លោក​ដាថាន និង​លោក​អប៊ី‌រ៉ាម ជា​កូន​របស់​លោក​អេលាប។ លោក​ទាំង​ពីរ​ពោល​ថា៖ «ពួក​យើង​មិន​ទៅ​ទេ! លោក​នាំ​ពួក​យើង​ចេញ​ពី​ស្រុក​ដ៏​សម្បូណ៌​សប្បាយ ដើម្បី​ឲ្យ​ពួក​យើង​ស្លាប់​ក្នុង​វាល​រហោ‌ស្ថាន​ដូច្នេះ តើ​នៅ​មិន​ទាន់​ល្មម​ទេ​ឬ បាន​ជា​លោក​តាំង​ខ្លួន​ធ្វើ​ជា​មេ​ដឹក​នាំ​លើ​ពួក​យើង​ថែម​ទៀត? លោក​មិន​បាន​នាំ​ពួក​យើង​ឆ្ពោះ​ទៅ​កាន់​ស្រុក​ដ៏​សម្បូណ៌​សប្បាយ ហើយ​លោក​ក៏​មិន​បាន​ប្រគល់​ស្រែ​ចម្ការ ឬ​ចម្ការ​ទំពាំង‌បាយជូរ​មក​យើង​ខ្ញុំ ទុក​ជា​មត៌ក​ដែរ តើ​លោក​ស្មាន​ថា​ប្រជា‌ជន​ទាំង​នេះ​ជា​មនុស្ស​ខ្វាក់​ឬ? ពួក​យើង​មិន​ព្រម​ទៅ​ទេ!»។ លោក​ម៉ូសេ​ខឹង​យ៉ាង​ខ្លាំង លោក​ទូល​ព្រះ‌អម្ចាស់​ថា៖ «សូម​កុំ​រវី‌រវល់​នឹង​តង្វាយ​របស់​ពួក​គេ​ឡើយ។ ទូលបង្គំ​មិន​ដែល​យក​អ្វី​ពី​ពួក​គេ​ទេ សូម្បី​តែ​សត្វ​លា​មួយ​ក៏​ទូលបង្គំ​មិន​បាន​យក​ដែរ ទូលបង្គំ​ពុំ​បាន​ធ្វើ​អ្វី​ខុស​ចំពោះ​ពួក​គេ​ទេ»។ លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​កូរេ​ថា៖ «ស្អែក សូម​លោក និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក​ចូល​ទៅ​បង្ហាញ​ខ្លួន​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់​ជា​មួយ​លោក​អើរ៉ុន ម្នាក់ៗ​កាន់​ពាន​ដែល​មាន​ដាក់​គ្រឿង​ក្រអូប គឺ​មាន​ពាន​ទាំង​អស់​ចំនួន​ពីរ​រយ​ហា‌សិប ហើយ​នាំ​គ្នា​ចូល​ទៅ​ជិត​ព្រះ‌អម្ចាស់។ រីឯ​លោក​អើរ៉ុន និង​ខ្លួន​លោក​ផ្ទាល់ ក៏​ត្រូវ​កាន់​ពាន​មួយ​ម្នាក់​ដែរ»។ ពួក​គេ​ក៏​យក​ពាន​ម្នាក់​មួយៗ​មក​ដាក់​ភ្លើង និង​គ្រឿង​ក្រអូប ហើយ​នាំ​គ្នា​ទៅ​ឈរ​នៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់ ជា​មួយ​លោក​ម៉ូសេ និង​លោក​អើរ៉ុន។ លោក​កូរេ ប្រមូល​បក្ស​ពួក​របស់​គាត់​មក​ឈរ​ទល់​មុខ​នឹង​លោក​ទាំង​ពីរ នៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។ ពេល​នោះ សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់​លេច​មក​ឲ្យ​សហគមន៍​ទាំង​មូល​ឃើញ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ថា៖ «ចូរ​នាំ​គ្នា​ចាក​ចេញ​ពី​ចំណោម​សហគមន៍​នេះ​ទៅ យើង​នឹង​កម្ទេច​ពួក​គេ​ឲ្យ​វិនាស​សូន្យ​មួយ​រំពេច»។ លោក​ទាំង​ពីរ​ក្រាប​ចុះ ឱន​មុខ​ដល់​ដី ទូល​ថា៖ «ឱ​ព្រះ‌ជាម្ចាស់​អើយ ព្រះអង្គ​ជា‌ម្ចាស់​នៃ​ជីវិត​សត្វ​លោក​ទាំង​មូល! បើ​មនុស្ស​តែ​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប តើ​ព្រះអង្គ​គួរ​ព្រះ‌ពិរោធ​នឹង​សហគមន៍​ទាំង​មូល​ឬ?»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រាប់​សហគមន៍​ឲ្យ​ចេញ​ឆ្ងាយ​ពី​ទី​លំ‌នៅ​របស់​កូរេ ដាថាន និង​អប៊ី‌រ៉ាម»។ លោក​ម៉ូសេ​ក្រោក​ឡើង ដើរ​ទៅ​រក​លោក​ដាថាន និង​លោក​អប៊ី‌រ៉ាម ដោយ​មាន​ពួក​ព្រឹទ្ធា‌ចារ្យ​ដើរ​តាម​ក្រោយ​ផង។ លោក​មាន​ប្រសាសន៍​ទៅ​កាន់​សហគមន៍​ថា៖ «ចូរ​នាំ​គ្នា​ចេញ​ឲ្យ​ឆ្ងាយ​ពី​តង់ត៍​របស់​មនុស្ស​អាក្រក់​ទាំង​នេះ មិន​ត្រូវ​ប៉ះ‌ពាល់​អ្វីៗ​របស់​ពួក​គេ​ឡើយ ក្រែង​លោ​អ្នក​រាល់​គ្នា​ត្រូវ​វិនាស ព្រោះ​តែ​អំពើ​បាប​ទាំង​ប៉ុន្មាន​របស់​ពួក​គេ​ដែរ»។ ប្រជា‌ជន​ក៏​ថយ​ចេញ​ឆ្ងាយ​ពី​ទី​លំ‌នៅ​របស់​លោក​កូរេ លោក​ដាថាន និង​លោក​អប៊ី‌រ៉ាម។ លោក​ដាថាន និង​លោក​អប៊ី‌រ៉ាម ចេញ​មក​ឈរ​នៅ​មាត់​ទ្វារ​តង់ត៍​របស់​ខ្លួន ជា​មួយ​ប្រពន្ធ កូន និង​ចៅ។ លោក​ម៉ូសេ​មាន​ប្រសាសន៍​ថា៖ «អ្នក​រាល់​គ្នា​មុខ​ជា​ទទួល​ស្គាល់​ថា ព្រះ‌អម្ចាស់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​បំពេញ​កិច្ចការ​ទាំង​នេះ គឺ​ខ្ញុំ​ពុំ​បាន​ធ្វើ​ដោយ​ចិត្ត​ឯង​ទេ! ប្រសិន​បើ​អ្នក​ទាំង​នេះ​ស្លាប់​តាម​ធម្មតា គឺ​ប្រសិន​បើ​ពួក​គេ​ស្លាប់​ដូច​មនុស្ស​ឯ​ទៀតៗ នោះ​បាន​សេចក្ដី​ថា ព្រះ‌អម្ចាស់​ពុំ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ទេ។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​ព្រះ‌អម្ចាស់​ធ្វើ​កិច្ចការ​ដ៏​ចម្លែក​អស្ចារ្យ គឺ​ប្រសិន​បើ​ដី​ប្រេះ​ចេញ​ពី​គ្នា លេប​ពួក​គេ និង​អ្វីៗ​ដែល​ជា​កម្មសិទ្ធិ​របស់​ពួក​គេ ហើយ​ពួក​គេ​ត្រូវ​ចុះ​ទាំង​រស់​ទៅ​ស្ថាន​មនុស្ស​ស្លាប់​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា ពួក​គេ​ពិត​ជា​បាន​មាក់‌ងាយ​ព្រះ‌អម្ចាស់​មែន»។ លោក​ម៉ូសេ​មាន​ប្រសាសន៍​មិន​ទាន់​ផុត​ពី​មាត់​ផង ស្រាប់​តែ​ដី​នៅ​ពី​ក្រោម​លោក​ដាថាន និង​លោក​អប៊ី‌រ៉ាម ក៏​ប្រេះ​ចេញ​ពី​គ្នា ហើយ​លេប​ពួក​គេ ព្រម​ទាំង​ក្រុម​គ្រួសារ ជា​មួយ​ក្រុម​គ្រួសារ​របស់​លោក​កូរេ និង​ទ្រព្យ​សម្បត្តិ​ទាំង​អស់​របស់​ពួក​គេ​ដែរ។ ពួក​គេ​ចុះ​ទាំង​រស់​ទៅ​ស្ថាន​មនុស្ស​ស្លាប់ ជា​មួយ​អ្វីៗ​ទាំង​អស់​ដែល​គេ​មាន។ ដី​បាន​គ្រប​ពី​លើ​ពួក​គេ ឲ្យ​បាត់​សូន្យ​ពី​ចំណោម​សហគមន៍។ ពេល​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល ដែល​នៅ​ជុំ‌វិញ ឮ​សម្រែក​របស់​ពួក​គេ ក៏​នាំ​គ្នា​រត់​ចេញ​ទៅ ព្រោះ​ខ្លាច​ដី​ស្រូប​ខ្លួន​ដែរ។ មាន​ភ្លើង​ចេញ​មក​ពី​ព្រះ‌អម្ចាស់ ឆេះ​កម្ទេច​មនុស្ស​ទាំង​ពីរ​រយ​ហា‌សិប​នាក់ ដែល​ចូល​ទៅ​ថ្វាយ​គ្រឿង​ក្រអូប​នោះ​ដែរ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រាប់​អេឡាសារ ជា​កូន​របស់​លោក​បូជា‌ចារ្យ​អើរ៉ុន ឲ្យ​យក​ពាន​ចេញ​ពី​ក្នុង​ភ្លើង រួច​យក​ទៅ​គោះ​ភ្លើង​ចោល​ឲ្យ​ឆ្ងាយ ដ្បិត​ពាន​ទាំង​នោះ​ជា​វត្ថុ​សក្ការៈ។ ចូរ​យក​ពាន​របស់​អស់​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប ហើយ​បាត់​បង់​ជីវិត​នោះ ទៅ​ដំ​ជា​បន្ទះ​លោហ‌ធាតុ​ស្រោប​អាសនៈ ទុក​ជា​ការ​ព្រមាន​ដល់​កូន​ចៅ​អ៊ីស្រា‌អែល។ ពាន​ទាំង​នោះ​ជា​វត្ថុ​សក្ការៈ ព្រោះ​គេ​បាន​យក​មក​ថ្វាយ​ព្រះ‌អម្ចាស់»។ បូជា‌ចារ្យ​អេឡាសារ​ក៏​យក​ពាន​លង្ហិន ដែល​អស់​អ្នក​បាត់​បង់​ជីវិត​នៅ​ក្នុង​ភ្លើង​យក​មក​ថ្វាយ​នោះ ទៅ​ដំ​ជា​បន្ទះ​ស្រោប​អាសនៈ ទុក​ជា​ទី​រំឭក​ដល់​ជន‌ជាតិ​អ៊ីស្រា‌អែល​ថា ក្រៅ​ពី​ពូជ‌ពង្ស​របស់​លោក​អើរ៉ុន គ្មាន​នរណា​ម្នាក់​អាច​ចូល​ទៅ​ដុត​គ្រឿង​ក្រអូប​ថ្វាយ​ព្រះ‌អម្ចាស់​ទេ។ អ្នក​ណា​បំពាន អ្នក​នោះ​ត្រូវ​ទទួល​ទោស​ដូច​លោក​កូរេ និង​បក្ស​ពួក​របស់​គាត់ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក តាម​រយៈ​លោក​ម៉ូសេ។ នៅ​ថ្ងៃ​បន្ទាប់ សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​នាំ​គ្នា​រអ៊ូ‌រទាំ​ដាក់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ថា៖ «លោក​ទាំង​ពីរ​បាន​ធ្វើ​ឲ្យ​ប្រជា‌ជន​របស់​ព្រះ‌អម្ចាស់​បាត់​បង់​ជីវិត!»។ សហគមន៍​លើក​គ្នា​ប្រឆាំង​នឹង​លោក​ម៉ូសេ ព្រម​ទាំង​លោក​អើរ៉ុន ប៉ុន្តែ ពេល​ពួក​គេ​បែរ​មុខ​ទៅ​រក​ពន្លា​ជួប​ព្រះ‌អម្ចាស់ នោះ​ស្រាប់​តែ​មាន​ពពក*​គ្រប​បាំង​ពន្លា ហើយ​សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់​ក៏​លេច​មក​ដែរ លោក​ម៉ូសេ និង​លោក​អើរ៉ុន នាំ​គ្នា​ទៅ​ដល់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ដក​ខ្លួន​ចេញ​ពី​ចំណោម​សហគមន៍​នេះ​ទៅ យើង​នឹង​កម្ទេច​ពួក​គេ​ឲ្យ​វិនាស​សូន្យ​មួយ​រំពេច»។ លោក​ទាំង​ពីរ​ក្រាប​ចុះ ឱន​មុខ​ដល់​ដី។ លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អើរ៉ុន​ថា៖ «សូម​បង​យក​ភ្លើង​ពី​អាសនៈ​ដាក់​ក្នុង​ពាន ព្រម​ទាំង​ដាក់​គ្រឿង​ក្រអូប​ផង រួច​ប្រញាប់​ទៅ​ជួប​សហគមន៍ ធ្វើ​ពិធី​រំដោះ​បាប​ឲ្យ​ពួក​គេ​ទៅ ដ្បិត​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ ហើយ​គ្រោះ​កាច​ក៏​ចាប់​ផ្ដើម​កើត​មាន​ដែរ»។ លោក​អើរ៉ុន​ក៏​យក​ពាន តាម​ពាក្យ​របស់​លោក​ម៉ូសេ រួច​លោក​រត់​ទៅ​ក្នុង​អង្គ​ប្រជុំ។ ពេល​នោះ គ្រោះ​កាច​ក៏​ចាប់​ផ្ដើម​កើត​មាន​ក្នុង​ចំណោម​ប្រជា‌ជន។ លោក​ក៏​ថ្វាយ​គ្រឿង​ក្រអូប ធ្វើ​ពិធី​រំដោះ​បាប​ឲ្យ​ប្រជា‌ជន។ លោក​ឈរ​នៅ​ចន្លោះ​សាក‌សព និង​អស់​អ្នក​ដែល​នៅ​រស់ ហើយ​គ្រោះ​កាច​ក៏​ឈប់។ មាន​ប្រជា‌ជន​មួយ​ម៉ឺន​បួន​ពាន់​ប្រាំ‌ពីរ​រយ​នាក់​ស្លាប់ ដោយ‌សារ​គ្រោះ​កាច​នេះ ថែម​ពី​លើ​ចំនួន​អស់​អ្នក​ដែល​ស្លាប់​នៅ​ពេល​លោក​កូរេ​បះ‌បោរ។ លោក​អើរ៉ុន​វិល​ទៅ​រក​លោក​ម៉ូសេ នៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់ ហើយ​គ្រោះ​កាច​ក៏​ឈប់។

ចែក​រំលែក
អាន ជនគណនា 16

ជនគណនា 16:4-50 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​ម៉ូសេ​បាន​ឮ​ពាក្យ​នោះ លោក​ក៏​ទំលាក់​ខ្លួន​ចុះ​ក្រាប​ផ្កាប់​មុខ ឆ្លើយ​នឹង​កូរេ ហើយ​នឹង​ពួក​គេ​ថា ព្រឹក​ស្អែក​នេះ ព្រះ‌យេហូវ៉ា​នឹង​សំដែង​ឲ្យ​ស្គាល់​អ្នក​ណា​ដែល​ជា​របស់​ផង​ទ្រង់ នឹង​អ្នក​ណា​ដែល​បរិសុទ្ធ ទ្រង់​នឹង​នាំ​ឲ្យ​អ្នក​នោះ​ចូល​ទៅ​ជិត​ទ្រង់ គឺ​ជា​អ្នក​ណា​ដែល​ទ្រង់​នឹង​រើស ទ្រង់​នឹង​នាំ​អ្នក​នោះ​ឯង​ឲ្យ​ចូល​ទៅ​ជិត​ទ្រង់ ចូរ​ឲ្យ​កូរេ​ឯង នឹង​ពួក​អ្នក​នៅ​ជា​មួយ​ធ្វើ​ដូច្នេះ​ចុះ ឲ្យ​យក​ពាន​គ្រប់​គ្នា​រៀង​ខ្លួន​ទៅ រួច​ដល់​ស្អែក​ឡើង ចូរ​យក​ភ្លើង​ដាក់​នឹង​ពាន​ទាំង​នោះ ហើយ​រោយ​កំញាន​ពី​លើ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា នោះ​អ្នក​ណា​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​រើស អ្នក​នោះ​ឯង​នឹង​បាន​បរិសុទ្ធ នែ កូន​ចៅ​លេវី​អើយ ឯង​រាល់​គ្នា​យក​អំណាច​លើ​ខ្លួន​ហួស​ពេក​ណាស់ ម៉ូសេ​ក៏​និយាយ​ទៅ​កូរេ​ថា ពួក​កូន​ចៅ​លេវី​អើយ ចូរ​ស្តាប់​សិន ដែល​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​បាន​ញែក​ឯង​រាល់​គ្នា​ចេញ​ពី​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រាអែល ឲ្យ​បាន​នាំ​ឯង​ចូល​ទៅ​ជិត​ទ្រង់ សំរាប់​នឹង​ធ្វើ​ការ‌ងារ​ក្នុង​រោង​ឧបោសថ​ផង​ព្រះ‌យេហូវ៉ា ហើយ​ឲ្យ​បាន​ឈរ​នៅ​មុខ​ពួក​ជំនុំ ដើម្បី​នឹង​ធ្វើ​ការ‌ងារ​ជូន​គេ ព្រម​ទាំង​នាំ​ឯង​រាល់​គ្នា នឹង​ពួក​លេវី​ជា​បង​ប្អូន​ឯង​ទាំង​អស់​មក​ជិត​ផង នោះ​តើ​ឯង​រាល់​គ្នា​ស្មាន​ថា​ជា​ការ​តូច​ពេក​ឬ​អី បាន​ជា​រក​ចង់​បាន​ការ‌ងារ​ជា​សង្ឃ​ថែម​ទៀត​ដូច្នេះ ឯ​អើរ៉ុន តើ​លោក​ជា​អ្វី​ដែល​ឯង​រាល់​គ្នា​រទូ‌រទាំ​ទាស់​នឹង​លោក​ដូច្នេះ គឺ​ឯង នឹង​ពួក​ឯង​ទាំង​នេះ​បាន​ប្រមូល​គ្នា​ទាស់​នឹង​ព្រះ‌យេហូវ៉ា​វិញ​ទេ​តើ។ ម៉ូសេ​ក៏​ចាត់​គេ​ឲ្យ​ទៅ​ហៅ​ដាថាន នឹង​អ័ប៊ីរ៉ាម ជា​កូន​អេលាប​ឲ្យ​មក តែ​គេ​ប្រកែក​ថា យើង​មិន​ទៅ​ទេ ដែល​អ្នក​បាន​នាំ​យើង​ចេញ​ពី​ស្រុក ដែល​មាន​ទឹក​ដោះ នឹង​ទឹក​ឃ្មុំ​ហូរ‌ហៀរ មក ដើម្បី​នឹង​សំឡាប់​យើង​នៅ​ទី​រហោ‌ស្ថាន​នេះ តើ​ជា​ការ​តូច​ពេក​ឬ​អី បាន​ជា​អ្នក​ត្រូវ​ការ​ចង់​លើក​ខ្លួន ធ្វើ​ជា​កំពូល​លើ​យើង​ទៀត ១​ទៀត អ្នក​មិន​បាន​នាំ​យើង​ចូល​ទៅ​ក្នុង​ស្រុក ដែល​មាន​ទឹក​ដោះ នឹង​ទឹក​ឃ្មុំ​ហូរ‌ហៀរ​ទេ ក៏​មិន​បាន​ឲ្យ​ស្រែ​ចំការ​មក​យើង​ទុក​ជា​មរដក​ផង តើ​អ្នក​ចង់​ចាក់​ពន្លត់​ភ្នែក​អ្នក​ទាំង​នេះ​ដែរ​ឬ​អី យើង​មិន​ព្រម​ទៅ​សោះ​ឡើយ។ ដូច្នេះ​ម៉ូសេ​ក៏​ខឹង​ណាស់ ហើយ​ទូល​ទៅ​ព្រះ‌យេហូវ៉ា​ថា សូម​ទ្រង់​កុំ​រាប់‌អាន​ដង្វាយ​គេ​ឡើយ ទូលបង្គំ​មិន​បាន​យក​សត្វ​លា​របស់​គេ សូម្បី​តែ​១​ផង ក៏​មិន​ដែល​ប្រទូស‌រ៉ាយ​ចំពោះ​ពួក​គេ​ណា​ឡើយ។ រួច​ម៉ូសេ​បង្គាប់​ដល់​កូរេ​ថា ថ្ងៃ​ស្អែក​នេះ ចូរ​ឲ្យ​ឯង នឹង​ពួក​ឯង​ទាំង​ប៉ុន្មាន មក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ចុះ គឺ​ឯង នឹង​ពួក​អ្នក​ទាំង​នោះ ព្រម​ទាំង​អើរ៉ុន​ផង ចូរ​ឲ្យ​គ្រប់​គ្នា​នាំ​យក​ពាន​របស់​ខ្លួន មក​រោយ​កំញាន​ពី​លើ គឺ​ត្រូវ​ឲ្យ​គ្រប់​គ្នា​នាំ​យក​ពាន​របស់​ខ្លួន​មក នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ពាន​មាន​ចំនួន​២៥០ ទាំង​ឯង នឹង​អើរ៉ុន ក៏​ត្រូវ​យក​ពាន​របស់​ខ្លួន​មក​ដែរ ដូច្នេះ គេ​ក៏​យក​ពាន​មក​គ្រប់​គ្នា ព្រម​ទាំង​ដាក់​ភ្លើង ហើយ​រោយ​កំញាន​ពី​លើ​ផង រួច​ឈរ​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ​ជា​មួយ​នឹង​ម៉ូសេ ហើយ​នឹង​អើរ៉ុន ឯ​កូរេ​ក៏​ប្រមូល​ពួក​ជំនុំ​ទាំង​អស់​គ្នា មក​ទាស់​នឹង​លោក​ទាំង​២ នៅ​ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ គ្រា​នោះ សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​ក៏​លេច​មក ឲ្យ​ពួក​ជំនុំ​ទាំង​អស់​ឃើញ។ ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ម៉ូសេ ហើយ​នឹង​អើរ៉ុន​ថា ចូរ​ឯង​ដក​ខ្លួន​ពី​ពួក​ជំនុំ​នេះ​ចេញ ដើម្បី​ឲ្យ​អញ​បាន​បំផ្លាញ​គេ​ទៅ​ជា​១​រំពេច នោះ​អ្នក​ទាំង​២​ក៏​ទំលាក់​ខ្លួន​ចុះ​ក្រាប​ផ្កាប់​មុខ​ទូល​ថា ឱ​ព្រះ‌អង្គ​ដ៏​ជា​ព្រះ​នៃ​វិញ្ញាណ​គ្រប់​ទាំង​មនុស្ស​អើយ បើ​មនុស្ស​តែ​ម្នាក់​ធ្វើ​បាប នោះ​តើ​ទ្រង់​នឹង​ក្រោធ​ចំពោះ​ពួក​ជំនុំ​ទាំង​អស់​គ្នា​ឬ​អី ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​តប​ថា ចូរ​ប្រាប់​ដល់​ពួក​ជំនុំ ឲ្យ​គេ​ថយ​ចេញ​ពី​ត្រសាល​របស់​កូរេ ដាថាន នឹង​អ័ប៊ីរ៉ាម​ទៅ។ រួច​ម៉ូសេ​ក៏​ក្រោក​ឡើង​ទៅ​ឯ​ដាថាន នឹង​អ័ប៊ីរ៉ាម មាន​ទាំង​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រាអែល​ដើរ​តាម​ទៅ​ដែរ លោក​អង្វរ​ពួក​ជំនុំ​ដោយ​ពាក្យ​ថា សូម​ឲ្យ​អ្នក​រាល់​គ្នា​ថយ​ចេញ​ពី​ត្រសាល របស់​មនុស្ស​អាក្រក់​ទាំង​នេះ​ទៅ កុំ​ពាល់​របស់​អ្វី​ផង​គេ​ឲ្យ​សោះ ក្រែង​ត្រូវ​វិនាស​ទៅ ក្នុង​អំពើ​បាប​ទាំង​ប៉ុន្មាន របស់​គេ​ដែរ ដូច្នេះ គេ​ថយ​ចេញ​ពី​កន្លែង​ជុំវិញ​ត្រសាល​របស់​កូរេ ដាថាន នឹង​អ័ប៊ីរ៉ាម​ទៅ រីឯ​ដាថាន នឹង​អ័ប៊ីរ៉ាម គេ​ក៏​ចេញ​មក​ឈរ​នៅ​មាត់​ទ្វារ​ត្រសាល​របស់​ខ្លួន ព្រម​ទាំង​ប្រពន្ធ នឹង​កូន​ធំ​តូច​ទាំង​ប៉ុន្មាន​របស់​គេ​ដែរ រួច​ម៉ូសេ​មាន​ប្រសាសន៍​ថា គឺ​យ៉ាង​ដូច្នេះ​ដែល​ឯង​រាល់​គ្នា​នឹង​ដឹង​ថា ព្រះ‌យេហូវ៉ា​បាន​ចាត់​អញ​មក​ធ្វើ​ការ​ទាំង​នេះ ហើយ​ថា អញ​មិន​បាន​ធ្វើ ដោយ​អំពើ​ចិត្ត​របស់​អញ​ទេ គឺ​បើ​អ្នក​ទាំង​នេះ​ស្លាប់ តាម​ដំណើរ​ធម្មតា​នៃ​មនុស្ស​ទាំង‌ឡាយ ឬ​បើ​គេ​ត្រូវ​ដក​ជីវិត​យក​ទៅ តាម​ភាព​ធម្មតា​របស់​មនុស្ស​ផង​ទាំង​ពួង នោះ​ព្រះ‌យេហូវ៉ា​មិន​បាន​ចាត់​អញ​មក​ទេ តែ​បើ‌សិន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​ធ្វើ​ការ​មួយ​យ៉ាង​ចំឡែក​វិញ ដោយ​ឲ្យ​ដី​ហា​ឡើង​លេប​គេ នឹង​របស់​ផង​គេ​ទាំង​អស់​ទៅ ហើយ​គេ​ចុះ​ទាំង​រស់​ទៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ពិត​ថា គេ​បាន​មើល‌ងាយ​ដល់​ព្រះ‌យេហូវ៉ា​ហើយ។ កាល​លោក​បាន​មាន​ប្រសាសន៍​ពាក្យ​ទាំង​នេះ​រួច​ហើយ នោះ​ដី​ក៏​ប្រេះ​ឡើង​ពី​ក្រោម​គេ ហា​ទទួល​យក​គេ​បាត់​ទៅ ព្រម​ទាំង​ពួក​ផ្ទះ​គេ នឹង​អស់​មនុស្ស​ណា​ដែល​ជា​ពួក​របស់​កូរេ ហើយ​នឹង​ទ្រព្យ​សម្បត្តិ​គេ​ផង ដូច្នេះ អ្នក​ទាំង​នោះ នឹង​ពួក​គេ​ទាំង​អស់​ក៏​ចុះ​ទៅ​ឯ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទាំង​រស់ រួច​ដី​ភ្ជិត​ពី​លើ​គេ​ទៅ​វិញ ហើយ​គេ​ត្រូវ​វិនាស​បាត់​អស់​ពី​ពួក​ជំនុំ​ចេញ ឯ​ពួក​អ៊ីស្រាអែល​ដែល​នៅ​ជុំវិញ កាល​គេ​ឮ​សំរែក​របស់​អ្នក​ទាំង​នោះ ក៏​រត់​ទាំង​អស់​គ្នា ដោយ​និយាយ​ថា ក្រែង​ដី​ស្រូប​យើង​ទៅ​ដែរ ក៏​មាន​ភ្លើង​ចេញ​ពី​ព្រះ‌យេហូវ៉ា មក​បញ្ឆេះ​មនុស្ស​២៥០​នាក់ ដែល​កំពុង​ថ្វាយ​កំញាន​នោះ​ដែរ។ ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ម៉ូសេ​ថា ចូរ​ប្រាប់​ដល់​អេលាសារ ជា​កូន​អើរ៉ុន​ដ៏​ជា​សង្ឃ​ឲ្យ​រើស​ពាន​ទាំង​នោះ​ពី​ក្នុង​ភ្លើង​មក ហើយ​ឲ្យ​វាច​ភ្លើង​ទៅ​ខាង​នោះ​ទៅ ដ្បិត​ពាន​ទាំង​នោះ​ជា​របស់​បរិសុទ្ធ ត្រូវ​ឲ្យ​យក​ពាន​ទាំង​ប៉ុន្មាន​របស់​មនុស្ស ដែល​បាន​ធ្វើ​បាប​មាន​ទោស​ដល់​ស្លាប់​នោះ ទៅ​ផែ​ធ្វើ​ជា​បន្ទះ សំរាប់​នឹង​ប៉ាន​ភ្ជាប់​នឹង​អាសនា ដ្បិត​គេ​បាន​ថ្វាយ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ហើយ ដូច្នេះ​ជា​របស់​បរិសុទ្ធ​ក៏​នឹង​បាន​ជា​ទី​សំគាល់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល នោះ​អេលាសារ​ដ៏​ជា​សង្ឃ​ក៏​រើស​យក​ពាន​លង្ហិន​ទាំង​ប៉ុន្មាន ដែល​ពួក​អ្នក​ត្រូវ​ភ្លើង​ឆេះ​នោះ​បាន​ថ្វាយ មក​ផែ​សំរាប់​នឹង​ប៉ាន​អាសនា ទុក​ជា​សេចក្ដី​រំឭក​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល ដើម្បី​កុំ​ឲ្យ​អ្នក​ដទៃ​ណា ដែល​មិន​កើត​ពី​ពូជ​អើរ៉ុន​មក បាន​ចូល​ទៅ​ដុត​កំញាន​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ឡើយ ក្រែង​លោ​គេ​ត្រូវ​ស្លាប់​ដូច​កូរេ ហើយ​នឹង​ពួក​គេ​ដែរ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក ដោយ‌សារ​ម៉ូសេ។ លុះ​ដល់​ថ្ងៃ​ស្អែក​ឡើង ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់​គ្នា ក៏​រទូ‌រទាំ​ទាស់​នឹង​ម៉ូសេ ហើយ​នឹង​អើរ៉ុន​ថា លោក​បាន​សំឡាប់​ពួក​ជន​នៃ​ព្រះ‌យេហូវ៉ា តែ​កាល​ពួក​ជំនុំ​បាន​ប្រជុំ​គ្នា​ទាស់​នឹង​ម៉ូសេ ហើយ​នឹង​អើរ៉ុន​ដូច្នេះ នោះ​គេ​ក្រឡេក​មើល​ទៅ​ខាង​ត្រសាល​ជំនុំ ឃើញ​ពពក​មក​គ្រប​លើ​ត្រសាល ហើយ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​ក៏​លេច​មក​ដែរ ឯ​ម៉ូសេ នឹង​អើរ៉ុន​ក៏​ទៅ​ឯ​ត្រង់​មុខ​ត្រសាល​ជំនុំ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ម៉ូសេ​ថា ចូរ​ឲ្យ​ឯង​ថយ​ចេញ​ពី​ពួក​ជំនុំ​នេះ​ទៅ ដើម្បី​ឲ្យ​អញ​បាន​បំផ្លាញ​គេ​ចេញ​ជា​១​រំពេច តែ​អ្នក​ទាំង​២​ក៏​ទំលាក់​ខ្លួន​ចុះ​ក្រាប​ផ្កាប់​មុខ ហើយ​ម៉ូសេ​ប្រាប់​ដល់​អើរ៉ុន​ថា ចូរ​យក​ពាន​របស់​បង​ទៅ ហើយ​យក​ភ្លើង​ពី​លើ​អាសនា​មក​ដាក់ រួច​រោយ​កំញាន នាំ​យក​ទៅ​ឯ​ពួក​ជំនុំ ថ្វាយ​ឲ្យ​ធួន​នឹង​គេ​ជា​ប្រញាប់​ទៅ ដ្បិត​មាន​សេចក្ដី​ក្រោធ​ចេញ​ពី​ចំពោះ​ព្រះ‌យេហូវ៉ា​មក មាន​មនុស្ស​កំពុង​តែ​ដួល​ស្លាប់​ហើយ។ ដូច្នេះ​អើរ៉ុន​ក៏​យក​ពាន​ទៅ​តាម​បង្គាប់​ម៉ូសេ ហើយ​រត់​ទៅ​ឯ​កណ្តាល​ពួក​ជំនុំ នោះ​ឃើញ​មនុស្ស​កំពុង​តែ​ដួល​ស្លាប់​នៅ​ក្នុង​ពួក​គេ​ហើយ រួច​លោក​រោយ​កំញាន​ថ្វាយ​ឲ្យ​ធួន​នឹង​គេ ក៏​ឈរ​នៅ​កណ្តាល​ពួក​មនុស្ស​ស្លាប់ នឹង​ពួក​មនុស្ស​រស់ ដូច្នេះ​ការ​ប្រហារ​ជីវិត​នោះ​ក៏​បាត់​ទៅ រីឯ​ពួក​មនុស្ស​ដែល​ស្លាប់​ដោយ​ការ​ប្រហារ​ជីវិត​នោះ មាន​ចំនួន​១​ម៉ឺន​៤​ពាន់​៧០០​នាក់ ទីទៃ​ពី​ពួក​អ្នក​ដែល​ត្រូវ​ស្លាប់​ពី​ដំណើរ​កូរេ រួច​អើរ៉ុន​ក៏​ត្រឡប់​ទៅ​ឯ​ម៉ូសេ នៅ​ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ ហើយ​ការ​ប្រហារ​ជីវិត​បាន​ឈប់​ទ្រឹង​នៅ។

ចែក​រំលែក
អាន ជនគណនា 16