ជនគណនា 16:1-3
ជនគណនា 16:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ថ្ងៃមួយ កូរេជាកូនរបស់យីតសារ ជាចៅរបស់កេហាត់ ក្នុងពូជលេវី ព្រមទាំងដាថាន និងអ័ប៊ីរ៉ាម ជាកូនរបស់អេលាប ព្រមទាំងអូន ជាកូនរបស់ពេលេត ក្នុងពូជពង្សរូបេន បានលើកគ្នាបះបោរប្រឆាំងនឹងលោកម៉ូសេ ដោយមានប្រជាជនអ៊ីស្រាអែលពីររយហាសិបនាក់ ដែលសុទ្ធតែជាមេដឹកនាំលើក្រុមជំនុំ ជាមនុស្សរើសតាំងក្នុងចំណោមពួកគេ ហើយជាអ្នកមានឈ្មោះល្បីចូលរួម។ អ្នកទាំងនោះលើកគ្នាទាស់នឹងលោកម៉ូសេ ព្រមទាំងអើរ៉ុន ដោយពោលទៅកាន់លោកទាំងពីរថា៖ «ពួកលោកធ្វើជ្រុលពេកហើយ! ក្រុមជំនុំទាំងមូលសុទ្ធតែបរិសុទ្ធ ហើយព្រះយេហូវ៉ាគង់នៅជាមួយពួកគេ ហេតុអ្វីបានជាពួកលោកលើកកម្ពស់ខ្លួនត្រួតលើក្រុមជំនុំរបស់ព្រះយេហូវ៉ាដូច្នេះ?»
ជនគណនា 16:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកកូរេជាកូនលោកយីតសារ ជាចៅរបស់លោកកេហាត់ ក្នុងកុលសម្ព័ន្ធលេវី បានចូលដៃជាមួយលោកដាថាន និងលោកអប៊ីរ៉ាម ដែលត្រូវជាកូនរបស់លោកអេលាប ព្រមទាំងលោកអូន ជាកូនរបស់លោកពេឡេត មកពីកុលសម្ព័ន្ធរូបេន។ អ្នកទាំងនោះលើកគ្នាបះបោរប្រឆាំងនឹងលោកម៉ូសេ ដោយមានជនជាតិអ៊ីស្រាអែលពីររយហាសិបនាក់ ដែលសុទ្ធតែជាមេដឹកនាំ និងជាតំណាងសហគមន៍ ហើយជាអ្នកមានឈ្មោះល្បីជួយគាំទ្រផង។ ពួកគេលើកគ្នាមកប្រឆាំងនឹងលោកម៉ូសេ ព្រមទាំងលោកអើរ៉ុន ដោយពោលថា៖ «ពួកលោកធ្វើជ្រុលពេកហើយ! សហគមន៍ទាំងមូលសុទ្ធតែជាប្រជាជនដ៏វិសុទ្ធ ព្រះអម្ចាស់គង់នៅជាមួយពួកគេទាំងអស់គ្នា ហេតុអ្វីបានជាពួកលោកតាំងខ្លួនជាអធិបតីលើប្រជាជនរបស់ព្រះអម្ចាស់ដូច្នេះ?»។
ជនគណនា 16:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯកូរេ ជាកូនយីតសារ ដែលជាកូនកេហាត់ក្នុងពូជលេវី ព្រមទាំងដាថាន នឹងអ័ប៊ីរ៉ាម ជាកូនអេលាប ហើយនឹងអូន ជាកូនពេលេត ក្នុងពួកកូនចៅរូបេន គេលើកគ្នានៅមុខម៉ូសេ ជាមួយនឹងមនុស្ស២៥០នាក់ ក្នុងពួកកូនចៅអ៊ីស្រាអែលដែលសុទ្ធតែជាកំពូលលើពួកជំនុំ ជាមនុស្សរើសតាំងក្នុងពួកគេ ហើយក៏មានល្បីឈ្មោះផង អ្នកទាំងនោះប្រជុំគ្នាទាស់នឹងម៉ូសេ ហើយនឹងអើរ៉ុន ដោយពាក្យថា អ្នកយកអំណាចលើខ្លួនហួសពេកណាស់ ដ្បិតពួកជំនុំក៏បានបរិសុទ្ធទាំងអស់គ្នាដែរ ហើយព្រះយេហូវ៉ាទ្រង់គង់នៅជាមួយនឹងគេផង ម្តេចឡើយអ្នកទាំង២លើកកំពស់ខ្លួន ត្រួតលើពួកជំនុំផងព្រះយេហូវ៉ាដូច្នេះ។