ជនគណនា 14:1-10

ជនគណនា 14:1-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​ស្រែក​ឡើង​យ៉ាង​ខ្លាំង ហើយ​ប្រជា‌ជន​នាំ​គ្នា​យំ​ពេញ​មួយ​យប់​នោះ។ ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​នាំ​គ្នា​ប្រឆាំង​នឹង​លោក​ម៉ូសេ ព្រម​ទាំង​លោក​អើរ៉ុន។ សហគមន៍​ទាំង​មូល​ពោល​មក​កាន់​លោក​ទាំង​ពីរ​ថា៖ «បើ​ទុក​ឲ្យ​ពួក​យើង​ស្លាប់​នៅ​ស្រុក​អេស៊ីប​នោះ ប្រសើរ​ជាង​ស្លាប់​នៅ​វាល​រហោ‌ស្ថាន​នេះ!។ ហេតុ​អ្វី​បាន​ជា​ព្រះ‌អម្ចាស់​នាំ​ពួក​យើង​ចូល​ទៅ​ក្នុង​ស្រុក​នោះ ដើម្បី​ឲ្យ​ពួក​យើង​ស្លាប់​ដោយ​មុខ​ដាវ​ដូច្នេះ? ប្រពន្ធ និង​កូន​តូចៗ​របស់​យើង មុខ​ជា​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​គេ​មិន​ខាន។ ហេតុ​នេះ គួរ​តែ​ពួក​យើង​វិល​ត្រឡប់​ទៅ​ស្រុក​អេស៊ីប​វិញ ប្រសើរ​ជាង»។ ពួក​គេ​និយាយ​គ្នា​ថា៖ «ចូរ​យើង​ជ្រើស​រើស​មេ​ដឹក​នាំ​មួយ​រូប ហើយ​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ស្រុក​អេស៊ីប​វិញ»។ លោក​ម៉ូសេ និង​លោក​អើរ៉ុន ក្រាប​ចុះ​ឱន​មុខ​ដល់​ដី នៅ​ចំពោះ​មុខ​សហគមន៍​អ៊ីស្រា‌អែល។ ក្នុង​ចំណោម​អស់​អ្នក​ដែល​បាន​ទៅ​សង្កេត​មើល​ស្រុក លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន និង​លោក​កាលែប ជា​កូន​របស់​លោក​យេភូ‌នេ នាំ​គ្នា​ហែក​សម្លៀក‌បំពាក់​របស់​ខ្លួន ហើយ​ពោល​ទៅ​កាន់​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​ថា៖ «ស្រុក​ដែល​ពួក​យើង​បាន​ដើរ​កាត់ ដើម្បី​សង្កេត​មើល​នោះ ជា​ស្រុក​មួយ​ដ៏​ល្អ​បំផុត។ ប្រសិន​បើ​ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​ពួក​យើង ព្រះអង្គ​មុខ​ជា​នាំ​ពួក​យើង​ចូល​ទៅ ព្រម​ទាំង​ប្រគល់​ស្រុក​ដ៏​សម្បូណ៌​សប្បាយ​នោះ​មក​ឲ្យ​ពួក​យើង​ជា​ពុំ‌ខាន។ សូម​បងប្អូន​កុំ​បះ‌បោរ​ប្រឆាំង​នឹង​ព្រះអង្គ ឬ​ភ័យ​ខ្លាច​អ្នក​ស្រុក​នោះ​ឡើយ ដ្បិត​ពួក​គេ​នឹង​ធ្លាក់​មក​ក្នុង​កណ្ដាប់​ដៃ​របស់​យើង គ្មាន​ព្រះ​ណា​ការពារ​ពួក​គេ​បាន​ទេ។ ព្រះ‌អម្ចាស់​គង់​ជា​មួយ​ពួក​យើង​ហើយ កុំ​ខ្លាច​ពួក​គេ​ធ្វើ​អ្វី!»។ ពេល​នោះ សហគមន៍​ទាំង​មូល​គិត​គ្នា​បម្រុង​យក​ដុំ​ថ្ម​គប់​សម្លាប់​ពួក​លោក ប៉ុន្តែ សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់​លេច​មក​នៅ​លើ​ពន្លា​ជួប​ព្រះអង្គ ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់​ឃើញ។

ចែក​រំលែក
អាន ជនគណនា 14

ជនគណនា 14:1-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​នោះ ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​មូល​ស្រែក​ឡើង​យ៉ាង​ខ្លាំង ហើយ​ប្រជាជន​នាំ​គ្នា​យំ​នៅ​យប់​នោះ។ ប្រជាជន​អ៊ីស្រា‌អែល​ទាំង​មូល​នាំ​គ្នា​រអូ‌រទាំ​ទាស់​នឹង​លោក​ម៉ូសេ ព្រម​ទាំង​អើរ៉ុន។ ក្រុម​ជំនុំ​ទាំង​អស់​គ្នា​ពោល​ទៅ​កាន់​លោក​ទាំង​ពីរ​ថា៖ «ស៊ូ​ឲ្យ​យើង​ស្លាប់​នៅ​ស្រុក​អេស៊ីព្ទ ឬ​ស្លាប់​នៅ​ក្នុង​ទី​រហោ‌ស្ថាន​នេះ​វិញ​ប្រសើរ​ជាង! ហេតុ​អ្វី​បាន​ជា​ព្រះ‌យេហូវ៉ា​នាំ​យើង​ចូល​ទៅ​ក្នុង​ស្រុក​នោះ ឲ្យ​ដួល​ស្លាប់​ដោយ​ដាវ​ដូច្នេះ? ប្រពន្ធ និង​កូនៗ​របស់​យើង​នឹង​ក្លាយ​ទៅ​ជា​រំពា​របស់​គេ​មិន​ខាន ហើយ​ដែល​យើង​វិល​ត្រឡប់​ទៅ​ស្រុក​អេស៊ីព្ទ​វិញ នោះ​តើ​មិន​ប្រសើរ​ជាង​ទេ​ឬ?» ដូច្នេះ គេ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «ចូរ​យើង​ជ្រើស​រើស​មេ​ដឹកនាំ​ម្នាក់ ហើយ​វិល​ត្រឡប់​ទៅ​ស្រុក​អេស៊ីព្ទ​វិញ»។ ពេល​នោះ លោក​ម៉ូសេ និង​អើរ៉ុន ក្រាប​ចុះ​មុខ​ដល់​ដី​នៅ​ចំពោះ​ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា។ ក្នុង​ចំណោម​អស់​អ្នក​ដើរ​សង្កេត​មើល​ស្រុក គឺលោក​យ៉ូស្វេ ជា​កូន​របស់​លោក​នុន និង​លោក​កាលែប ជា​កូន​របស់​លោក​យេភូនេ ក៏​ហែក​សម្លៀក‌បំពាក់​របស់​ខ្លួន រួច​ពោល​ទៅ​កាន់​ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​ថា៖ «ស្រុក​ដែល​យើង​បាន​ដើរ​កាត់ ដើម្បី​សង្កេត​មើល​នោះ ជា​ស្រុក​ល្អ​ក្រៃ‌លែង។ ប្រសិន‌បើ​ព្រះ‌យេហូវ៉ា​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ពួក​យើង នោះ​ព្រះ‌អង្គ​នឹង​នាំ​យើង​ចូល​ទៅ​ក្នុង​ស្រុក​នោះ ហើយ​ប្រទាន​ស្រុក​នោះ​មក​យើង​ជា​មិន​ខាន គឺ​ជា​ស្រុក​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ។ សូម​កុំ​ឲ្យ​តែ​បះ‌បោរ​នឹង​ព្រះ‌យេហូវ៉ា ឬ​ខ្លាច​មនុស្ស​នៅ​ស្រុក​នោះ​ឡើយ ដ្បិត​គេ​គ្រាន់​តែ​ជា​អាហារ​សម្រាប់​យើង​ប៉ុណ្ណោះ ទី​ការ​ពារ​របស់​គេ​បាន​រើ​ចេញ​ពី​គេ​ទៅ​ហើយ ព្រះ‌យេហូវ៉ា​ក៏​គង់​នៅ​ជា‌មួយ​យើង​ដែរ មិន​ត្រូវ​ខ្លាច​គេ​ឡើយ»។ ប៉ុន្តែ ក្រុម​ជំនុំ​ទាំង​មូល​គិត​គ្នា​បម្រុង​នឹង​យក​ដុំ​ថ្ម​គប់​សម្លាប់​ពួកគេ។ ពេល​នោះ សិរី‌ល្អ​របស់​ព្រះ‌យេហូវ៉ា​បាន​លេច​មក​ក្នុង​ត្រសាល​ជំនុំ ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​ឃើញ។

ចែក​រំលែក
អាន ជនគណនា 14

ជនគណនា 14:1-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គ្រា​នោះ ពួក​ជំនុំ​នៃ​ពួក​កូន​ចៅ​អ៊ីស្រាអែល ក៏​ឡើង​សំឡេង​ស្រែក ហើយ​នៅ​យប់​នោះ បណ្តាជន​ក៏​យំ​គ្រប់​គ្នា នោះ​គេ​រទូ‌រទាំ​ទាស់​នឹង​ម៉ូសេ ហើយ​នឹង​អើរ៉ុន ពួក​ជំនុំ​ទាំង​អស់​គ្នា​និយាយ​ថា ស៊ូ​ឲ្យ​យើង​បាន​ស្លាប់​នៅ​ស្រុក​អេស៊ីព្ទ ឬ​នៅ​ក្នុង​ទី​រហោ‌ស្ថាន​នេះ​វិញ យើង​សុខ​ចិត្ត​ឲ្យ​ស្លាប់​ទៅ​ជា​ជាង តើ​ហេតុ​អ្វី​បាន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​នាំ​យើង​មក​ក្នុង​កន្លែង​នេះ ឲ្យ​ត្រូវ​ស្លាប់​ដោយ​ដាវ​ដូច្នេះ ហើយ​ឲ្យ​ប្រពន្ធ​កូន​យើង​ទៅ​ជា​រំពា​គេ​ផង ចុះ​បើ​យើង​វិល​ត្រឡប់​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​វិញ នោះ​តើ​មិន​មាន​ប្រយោជន៍​ជា​ជាង​ទេ​ឬ​អី រួច​គេ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា ចូរ​យើង​រើស​យក​មេ​ម្នាក់ ហើយ​ត្រឡប់​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​វិញ​ទៅ។ នោះ​ម៉ូសេ នឹង​អើរ៉ុន លោក​ទំលាក់​ខ្លួន​ចុះ​ផ្កាប់​មុខ​នៅ​ចំពោះ​មុខ​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់​គ្នា ហើយ​យ៉ូស្វេ ជា​កូន​នុន នឹង​កាលែប ជា​កូន​យេភូនេ ដែល​នៅ​ក្នុង​ពួក​អ្នក​ដើរ​សង្កេត​មើល​ស្រុក គេ​ក៏​ហែក​សំលៀក‌បំពាក់​ខ្លួន ព្រម​ទាំង​និយាយ​ទៅ​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់​ថា ស្រុក​ដែល​យើង​បាន​ដើរ​កាត់​សង្កេត​មើល​នោះ ជា​ស្រុក​ល្អ​ក្រៃ‌លែង បើ‌សិន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​នឹង​យើង​រាល់​គ្នា នោះ​ទ្រង់​នឹង​នាំ​យើង​ឲ្យ​បាន​ចូល​ទៅ​ក្នុង​ស្រុក​នោះ​ជា​មិន​ខាន ហើយ​នឹង​ប្រទាន​មក​យើង​ផង គឺ​ជា​ស្រុក​ដែល​មាន​ទឹក​ដោះ នឹង​ទឹក​ឃ្មុំ​ដ៏​ហូរ‌ហៀរ កុំ​ឲ្យ​តែ​បះ‌បោរ​នឹង​ព្រះ‌យេហូវ៉ា ឬ​ខ្លាច​មនុស្ស​នៅ​ស្រុក​នោះ​ប៉ុណ្ណោះ ដ្បិត​គេ​ជា​អាហារ​សំរាប់​យើង​រាល់​គ្នា​ទេ ទី​ពឹង​ជ្រក​របស់​គេ​បាន​រើ​ចេញ​ទៅ​បាត់​ហើយ ព្រះ‌យេហូវ៉ា​ក៏​គង់​នៅ​ខាង​យើង​រាល់​គ្នា​ដែរ កុំ​ឲ្យ​ខ្លាច​គេ​ឡើយ ឯ​ពួក​ជំនុំ​ទាំង​អស់​ក៏​ប្រាប់​គ្នា​ថា ចូរ​ចោល​គេ​នឹង​ថ្ម​ទៅ តែ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​បាន​លេច​មក​ក្នុង​ត្រសាល​ជំនុំ ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់​គ្នា​ឃើញ។

ចែក​រំលែក
អាន ជនគណនា 14