នេហេមា 9:1-5

នេហេមា 9:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ថ្ងៃ​ទី​ម្ភៃ​ក្នុង​ខែ​ដដែល​នោះ ជន‌ជាតិ​អ៊ីស្រា‌អែល​ស្លៀក​បាវ​កាន់​ទុក្ខ និង​រោយ​ដី​លើ​ក្បាល ហើយ​ជួប‌ជុំ​គ្នា​ធ្វើ​ពិធី​តម​អាហារ។ អស់​អ្នក​ដែល​ជា​ពូជ‌ពង្ស​អ៊ីស្រា‌អែល បាន​ញែក​ខ្លួន​ចេញ​ពី​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ហើយ​នាំ​គ្នា​ចូល​មក​សារភាព​អំពើ​បាប​របស់​ខ្លួន និង​កំហុស​ដូនតា។ បន្ទាប់​មក ពួក​គេ​ក្រោក​ឈរ​ឡើង​តាម​កន្លែង​រៀងៗ​ខ្លួន ហើយ​ស្ដាប់​គម្ពីរ‌វិន័យ​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ពួក​គេ ក្នុង​អំឡុង​ពេល​បី​ម៉ោង រួច​បី​ម៉ោង​ទៀត ពួក​គេ​សារភាព​អំពើ​បាប និង​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ពួក​គេ។ លោក​យេសួរ លោក​បានី លោក​កាឌ‌មាល លោក​សេបា‌នា លោក​ប៊ូននី លោក​សេរេ‌ប៊ីយ៉ា លោក​បានី និង​លោក​កេណា‌នី នាំ​គ្នា​ឡើង​ទៅ​លើ​វេទិកា​របស់​ក្រុម​លេវី ហើយ​ស្រែក​ទូល‌អង្វរ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្លួន ដោយ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំងៗ។ បន្ទាប់​មក ក្រុម​លេវី លោក​យេសួរ លោក​កាឌ‌មាល លោក​បានី លោក​ហាសាប‌នា លោក​សេរេ‌ប៊ីយ៉ា លោក​ហូឌា លោក​សេបា‌នា និង​លោក​ពេថា‌ហ៊ីយ៉ា ពោល​ថា៖ «ចូរ​នាំ​គ្នា​ក្រោក​ឡើង លើក​តម្កើង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា តាំង​ពី​អស់‌កល្ប​រៀង​មក រហូត​ដល់​អស់‌កល្ប​រៀង​ទៅ!»។ «បពិត្រ​ព្រះ‌អម្ចាស់ យើង​ខ្ញុំ​សូម​លើក​តម្កើង ព្រះ‌នាម​ដ៏​រុងរឿង​របស់​ព្រះអង្គ ជា​ព្រះ‌នាម​ប្រសើរ​លើស​អ្វីៗ​ទាំង​អស់ ដែល​ពុំ​អាច​រក​ពាក្យ​មក​ថ្លែង ដើម្បី​លើក​តម្កើង និង​សរសើរ​បាន!

ចែក​រំលែក
អាន នេហេមា 9

នេហេមា 9:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លុះ​ដល់​ថ្ងៃ​ម្ភៃ​បួន​ក្នុង​ខែ​ដដែល​នោះ ប្រជាជន​អ៊ីស្រា‌អែល​បាន​ជួប​ប្រជុំ​គ្នា ទាំង​តម​អាហារ ដោយ​ស្លៀក‌សំពត់​ធ្មៃ ហើយ​យក​ដី​រោយ​លើ​ក្បាល។ អស់​អ្នក​ដែល​ជា​ពូជពង្ស​អ៊ីស្រា‌អែល បាន​ញែក​ខ្លួន​ចេញ​ពី​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ហើយ​ឈរ​ឡើង លន់‌តួ​អំពើ​បាប​របស់​ខ្លួន និង​អំពើ​ទុច្ចរិត​នៃ​បុព្វ‌បុរស​របស់​គេ។ ពួក‌គេ​ឈរ​តាម​កន្លែង​របស់​ពួក‌គេ​រៀង​ៗខ្លួន ហើយ​អាន​ក្នុង​គម្ពីរ​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​ពួក‌គេ រយៈ​ពេល​មួយ​ភាគ​ក្នុង​បួន​នៅ​ថ្ងៃ​នោះ ឯ​ពេល​វេលា​មួយ​ភាគ​ក្នុង​បួន​ទៀត ពួក‌គេ​លន់‌តួ​អំពើ​បាប និង​ថ្វាយ‌បង្គំ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​ពួក‌គេ។ ពេល​នោះ យេសួរ បានី កាឌ‌មាល សេបានា ប៊ូននី សេរេ‌ប៊ីយ៉ា បានី និង​កេណានី ឈរ​លើ​ថ្នាក់​ជណ្តើរ​របស់​ពួក​លេវី ហើយ​បន្លឺ​សំឡេង​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​ពួក‌គេ។ បន្ទាប់​មក ពួក​លេវី យេសួរ កាឌ‌មាល បានី ហាសាបនា សេរេ‌ប៊ីយ៉ា ហូឌា សេបានា និង​ពេថា‌ហ៊ីយ៉ា ពោល​ថា៖ «ចូរ​ក្រោក​ឡើង ហើយ​លើក​តម្កើង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដែល​គង់​នៅ​តាំង​ពី​អស់‌កល្ប រហូត​ដល់​អស់‌ជានិច្ច។ សូម​ឲ្យ​ព្រះ‌នាម​ដ៏​រុងរឿង​របស់​ព្រះ‌អង្គ បាន​ប្រកប​ដោយ​ព្រះ​ពរ ជា​ព្រះ​នាម​ដែល​ថ្កើង​ឡើង​ខ្ពស់​លើស​ជាង​អស់​ទាំង​ពរ និង​ការ​សរ‌សើរ»។

ចែក​រំលែក
អាន នេហេមា 9

នេហេមា 9:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

លុះ​ដល់​ថ្ងៃ​២៤ ក្នុង​ខែ​នោះ​ឯង ពួក​កូន​ចៅ​អ៊ីស្រាអែល គេ​បាន​មូល​គ្នា​កាន់​ត្រណម ដោយ​ស្លៀក‌ពាក់​សំពត់​ធ្មៃ ហើយ​ព្រលាំង​ដី​នៅ​ខ្លួន ឯ​ពូជ​អ៊ីស្រាអែល​ក៏​ញែក​ខ្លួន​ចេញ​ពី​ពួក​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ហើយ​ឈរ​ឡើង​លន់‌តួ​អំពើ​បាប​របស់​ខ្លួន ព្រម​ទាំង​សេចក្ដី​ទុច្ចរិត​របស់​ពួក​ឰយុកោ​ផង រួច​គេ​ឈរ​នៅ​កន្លែង​គេ​រៀង​ខ្លួន ហើយ​ពេល​ថ្ងៃ​នោះ​១​ភាគ​ក្នុង​៤ មាន​ម្នាក់​អាន​មើល​ក្នុង​គម្ពីរ​ក្រិត្យ‌វិន័យ​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ខ្លួន រួច​ពេល​១​ភាគ​ក្នុង​៤​ទៀត​ក៏​លន់‌តួ ព្រម​ទាំង​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ខ្លួន ខណ​នោះ យេសួរ បានី កាឌមាល សេបានា ប៊ូននី សេរេ‌ប៊ីយ៉ា បានី នឹង​កេណានី ជា​ពួក​លេវី ក៏​ឈរ​លើ​ថ្នាក់​ជណ្តើរ បន្លឺ​សំឡេង​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្លួន។ រួច​យេសួរ កាឌមាល បានី ហាសាបនា សេរេ‌ប៊ីយ៉ា ហូឌា សេបានា នឹង​ពេថា‌ហ៊ីយ៉ា ជា​ពួក​លេវី គេ​ប្រកាស​ថា ចូរ​ឈរ​ឡើង សូម​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ដែល​គង់​នៅ​អស់‌កល្ប រៀង​ទៅដល់​អស់‌កល្ប‌ជានិច្ច បាន​ប្រកប​ដោយ​ព្រះ‌ពរ ត្រូវ​តែ​សូម​ឲ្យ​ព្រះ‌នាម​របស់​ទ្រង់ ជា​ព្រះ‌នាម​ដ៏​រុងរឿង បាន​ពរ​ដែរ ជា​ពរ​ដែល​ខ្ពស់​លើស​ជាង​អស់​ទាំង​ពរ នឹង​សេចក្ដី​សរសើរ​ផង

ចែក​រំលែក
អាន នេហេមា 9