នេហេមា 8:9-12

នេហេមា 8:9-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​ប្រជា‌ជន​ទាំង​មូល​ឮ​ព្រះ‌បន្ទូល ដែល​មាន​នៅ​ក្នុង​ក្រឹត្យ‌វិន័យ ពួក​គេ​នាំ​គ្នា​យំ។ ដូច្នេះ លោក​ទេសា‌ភិបាល​នេហេមា លោក​បូជា‌ចារ្យ​អែសរ៉ា ជា​បណ្ឌិត​ខាង​វិន័យ និង​ក្រុម​លេវី ដែល​មាន​នាទី​បក​ស្រាយ​ក្រឹត្យ‌វិន័យ ពោល​ទៅ​កាន់​ប្រជា‌ជន​ទាំង​មូល​ថា៖ «ថ្ងៃ​នេះ​ជា​ថ្ងៃ​ដ៏​សក្ការៈ​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា គឺ​មិន​មែន​ជា​ពេល​ដែល​ត្រូវ​កាន់​ទុក្ខ ឬ​សោក​សង្រេង​ឡើយ!»។ លោក​អែសរ៉ា​មាន​ប្រសាសន៍​ទៀត​ថា៖ «ចូរ​នាំ​គ្នា​ត្រឡប់​ទៅ​ពិសា​សាច់ និង​ស្រា​ដ៏​ឆ្ងាញ់ៗ ហើយ​យក​មួយ​ចំណែក​ឲ្យ​អស់​អ្នក​ដែល​មិន​ទាន់​រៀបចំ​បរិភោគ​នោះ​ផង ដ្បិត​ថ្ងៃ​នេះ​ជា​ថ្ងៃ​ដ៏​សក្ការៈ​ថ្វាយ​ព្រះ‌អម្ចាស់​នៃ​យើង មិន​ត្រូវ​កើត​ទុក្ខ​ព្រួយ​ឡើយ ព្រោះ​អំណរ​ដែល​មក​ពី​ព្រះ‌អម្ចាស់ ជា​កម្លាំង​របស់​អ្នក​រាល់​គ្នា»។ ក្រុម​លេវី​ក៏​លួង‌លោម​ប្រជា‌ជន ដោយ​ពោល​ថា៖ «សូម​បងប្អូន​ឈប់​យំ​ទៅ ដ្បិត​ថ្ងៃ​នេះ​ជា​ថ្ងៃ​ដ៏វិសុទ្ធ គឺ​មិន​ត្រូវ​កើត​ទុក្ខ​ឡើយ!»។ ប្រជា‌ជន​ទាំង​អស់​នាំ​គ្នា​ចេញ​ទៅ​បរិភោគ​អាហារ និង​ស្រា ហើយ​យក​មួយ​ចំណែក​ឲ្យ​អស់​អ្នក​ដែល​គ្មាន។ ពួក​គេ​សប្បាយ​រីក‌រាយ​យ៉ាង​ខ្លាំង ព្រោះ​តែ​បាន​យល់​ព្រះ‌បន្ទូល​ដែល​គេ​បក​ស្រាយ​ឲ្យ​ស្ដាប់។

ចែក​រំលែក
អាន នេហេមា 8

នេហេមា 8:9-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឯ​លោក​នេហេមា​ដែល​ជាទេសា​ភិបាល និង​សង្ឃ​អែសរ៉ា​ដែល​ជា​ស្មៀន ព្រម​ទាំង​ពួក​លេវី​ដែល​បង្រៀន​ប្រជា‌ជន ពោល​ទៅ​កាន់​ប្រជា‌ជន​ទាំង‌មូល​ថា៖ «ថ្ងៃ​នេះ​ជា​ថ្ងៃ​បរិសុទ្ធ​ថ្វាយ​ព្រះ‌យេហូវ៉ា​ជា​ព្រះរបស់​អ្នក​រាល់​គ្នា មិន​ត្រូវកាន់​ទុក្ខ ឬ​យំ‌សោក​ឡើយ»។ ដ្បិតប្រជា‌ជន​ទាំង​ឡាយ​យំ ពេល​គេ​ឮ​ពាក្យ​ក្នុង​ក្រឹត្យ‌វិន័យ។ បន្ទាប់​មក លោក​បន្ត​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ចូរ​នាំ​គ្នា​ទៅ​បរិ‌ភោគ​អាហារ ហើយ​ផឹក​ស្រា​ឆ្ងាញ់ៗ​ទៅ សូម​យក​ខ្លះ​ជូន​អ្នក​ណា​ដែលគ្មាន​អ្វី​រៀប​ចំឲ្យ​នោះ​ផង ដ្បិត​ថ្ងៃ​នេះ​ជា​ថ្ងៃ​បរិសុទ្ធ​ថ្វាយ​ព្រះ‌អម្ចាស់​នៃ​យើង មិន​ត្រូវ​កើត​ទុក្ខ​ឡើយ ដ្បិត​អំណរ​របស់​ព្រះ‌យេហូវ៉ា ជា​កម្លាំង​របស់​អ្នក​រាល់​គ្នា»។ ដូច្នេះ ពួក​លេវី​បាន​លួង​លោម​ប្រជា‌ជន​ឲ្យ​នៅ​ស្ងៀម ដោយ​ពាក្យ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ស្ងាត់​ស្ងៀម​ទៅ ដ្បិត​ថ្ងៃ​នេះ​ជា​ថ្ងៃ​បរិសុទ្ធ មិន​ត្រូវ​កើត​ទុក្ខ​ឡើយ»។ ប្រជា‌ជន​ទាំង​អស់​ក៏​នាំ​គ្នា​ទៅ​បរិ‌ភោគ​អាហារ និង​ស្រា ព្រម​ទាំង​ជូន​អាហារ​ដល់​គ្នា ហើយ​នាំ​គ្នា​សប្បាយ​រីក​រាយ​ជា​ខ្លាំង ព្រោះ​គេ​បាន​យល់​ព្រះ‌បន្ទូល​ដែល​បាន​ប្រកាស​ប្រាប់​ពួក‌គេ។

ចែក​រំលែក
អាន នេហេមា 8

នេហេមា 8:9-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​នេហេមា ដែល​ជា​ចៅហ្វាយ​ទី​ក្រុង នឹង​ស្មៀន​អែសរ៉ា ដ៏​ជា​សង្ឃ ព្រម​ទាំង​ពួក​លេវី​ដែល​បង្ហាត់​បង្រៀន​ដល់​ពួក​ជន គេ​ក៏​និយាយ​នឹង​ពួក​ជន​ទាំង‌ឡាយ​ថា ថ្ងៃ​នេះ​ជា​ថ្ងៃ​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា កុំ​ឲ្យ​សុប‌សៅ ឬ​យំ‌យែក​អ្វី​ឡើយ នេះ​ដ្បិត​ជន​ទាំង‌ឡាយ​បាន​យំ ដោយ​ឮ​ពាក្យ​ក្នុង​ក្រិត្យ‌វិន័យ​នោះ លោក​ក៏​ប្រាប់​ដល់​គេ​ថា ចូរ​ទៅ​ចុះ ចូរ​បរិភោគ​របស់​ចំងាញ់ នឹង​គ្រឿង​បង្អែម​ទៅ ហើយ​ជូន​ខ្លះ​ដល់​អ្នក​ណា​ដែល​គ្មាន​អ្វី​រៀប​ឲ្យ​ផង ដ្បិត​ថ្ងៃ​នេះ​ជា​ថ្ងៃ​បរិសុទ្ធ ដល់​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ក៏​កុំ​ឲ្យ​មាន​ចិត្ត​ព្រួយ​ឡើយ ពី​ព្រោះ​សេចក្ដី​អំណរ​របស់​ព្រះ‌យេហូវ៉ា​ជា​កំឡាំង​នៃ​អ្នក​រាល់​គ្នា យ៉ាង​នោះ​ពួក​លេវី​បាន​លួង‌លោម ឲ្យ​បណ្តាជន​នៅ​ស្ងៀម ដោយ​ពាក្យ​ថា ចូរ​អ្នក​រាល់​គ្នា​ស្ងៀម​ទៅ ដ្បិត​ថ្ងៃ​នេះ​ជា​ថ្ងៃ​បរិសុទ្ធ កុំ​ឲ្យ​ព្រួយ​ចិត្ត​ឡើយ ដូច្នេះ ពួក​ជន​ក៏​នាំ​គ្នា​ទៅ​បរិភោគ​ភោជន៍ ព្រម​ទាំង​ជូន​ជំនូន​ដល់​គេ ហើយ​តាំង​ចិត្ត​អរ​សប្បាយ​ឡើង​ជា​ខ្លាំង ដោយ​ព្រោះ​បាន​យល់​ន័យ​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​បាន​ថ្លែង​ប្រាប់​ដល់​ខ្លួន។

ចែក​រំលែក
អាន នេហេមា 8