ណាហ៊ូម 2:4-12

ណាហ៊ូម 2:4-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

រទេះ​ចម្បាំង​បោះ‌ពួយ​ទៅ​មុខ​ឆ្លង​កាត់​ផ្លូវ ឆ្លង​កាត់​ទី​លាន​ក្រុង មើល​ទៅ​ប្រៀប​ដូច​ជា​ភ្លើង​ចន្លុះ ហើយ​បរ​ទៅ​មុខ​យ៉ាង​លឿន​ដូច​ផ្លេក​បន្ទោរ។ ស្ដេច​ក្រុង​នីនីវេ​កោះ​ហៅ​មេ‌ទ័ព​របស់​ខ្លួន ប៉ុន្តែ អ្នក​ទាំង​នោះ​ដើរ ទាំង​ញ័រ​ក្បាល​ជង្គង់។ សត្រូវ​សម្រុក​ចូល​ទៅ​រក​កំពែង​ក្រុង ហើយ​ដំឡើង​គ្រឿង​ការពារ​ខ្លួន។ ទ្វារ​ក្រុង​ដែល​បែរ​មុខ​ទៅ​រក​ទន្លេ ត្រូវ​របើក វាំង​ស្ដេច​ត្រូវ​ខ្មាំង​ដណ្ដើម​យក​បាន។ ខ្មាំង​យក​បាន​រូប​ទេព‌ធីតា​របស់​ពួក​គេ ហើយ​នាំ​យក​ទៅ។ ស្រីៗ​ដែល​នៅ​ថែ​ទាំ​រូប​នោះ​នាំ​គ្នា​ស្រែក​ថ្ងូរ ដូច​ព្រាប ទាំង​គក់​ទ្រូង​ទៀត​ផង។ ប្រជា‌ជន​នៅ​ក្រុង​នីនីវេ​នាំ​គ្នា​រត់​ចេញ ពី​ទី​ក្រុង ប្រៀប​ដូច​ជា​អាង​ទឹក​ដែល​ធ្លាយ ទោះ​បី​មាន​គេ​ហៅ​ឲ្យ​ឈប់ ក៏​គ្មាន​នរណា​បែរ​ក្រោយ​ដែរ។ ចូរ​រឹប​អូស​យក​ប្រាក់! ចូរ​រឹប​អូស​យក​មាស! ដ្បិត​ទ្រព្យ​សម្បត្តិ​របស់​ក្រុង​នេះ មាន​ច្រើន​ឥត​គណនា គឺ​គ្រឿង​បរិក្ខារ​ដ៏​មាន​តម្លៃ​គ្រប់​យ៉ាង។ ចូរ​សម្លាប់​រង្គាល ចូរ​កម្ទេច ចូរ​បំផ្លាញ​ឲ្យ​អស់​ទៅ! អ្នក​ក្រុង​នោះ​អស់​កម្លាំង​ចិត្ត ទន់​ជង្គង់ ញ័រ​ខ្លួន និង​មាន​ទឹក​មុខ​ស្លេក‌ស្លាំង។ តើ​ទីក្រុង​ដែល​ជា​លំ‌នៅ​របស់​រាជ‌សីហ៍ ក្លាយ​ទៅ​ជា​យ៉ាង​ណា​ហើយ? ក្រុង​នីនីវេ​ប្រៀប​បាន​នឹង​កន្លែង​ដែល សិង្ហ​ស្ទាវ​រស់​នៅ។ ពេល​សិង្ហ​ឈ្មោល និង​សិង្ហ​ញី​ដើរ​រក​ស៊ី គ្មាន​នរណា​ហ៊ាន​មក​រំខាន​កូន​របស់​វា​ទេ។ សិង្ហ​ឈ្មោល​ចាប់​រំពា និង​ហែក​សាច់ យក​មក​ឲ្យ​សិង្ហ​ញី និង​កូន​សិង្ហ​ស៊ី វា​ពាំ​សាក‌សព​សត្វ​មក​ដាក់​ពេញ​រូង​របស់​វា។

ចែក​រំលែក
អាន ណាហ៊ូម 2

ណាហ៊ូម 2:4-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

រទេះ​ចម្បាំង​រត់​យ៉ាង​សម្បើម​ទៅ​តាម​ផ្លូវ រត់​ចុះ​ឡើង​តាម​ផ្លូវ មាន​ភាព​ដូច​ជា​ចន្លុះ ហើយ​រត់​លឿន​ដូច​ជា​ផ្លេក‌បន្ទោរ។ ស្តេច​របស់​គេ​នឹក​រក​អ្នក​ណា ដែល​ស្ទាត់​ជំនាញ​ក្នុង​ពល‌ទ័ព តែ​គេ​ដើរ​ទៅ​ទាំង​ចំពប់​ជើង គេ​ប្រញាប់‌ប្រញាល់​ឡើង​ទៅ​កំផែង​ក្រុង រួច​ក៏​រៀបចំ​ប្រដាប់​បាំង​ខ្លួន។ ទ្វារ​ទន្លេ​បាន​បើក​ឡើង ហើយ​ដំណាក់​ស្តេច​ក៏​រលាយ​អស់ ព្រះ‌នាង​ហ៊ូសាប​ត្រូវ​គេ​ចាប់​ជា​ឈ្លើយ ពួក​បាវ​បម្រើ​ស្រី​របស់​ព្រះ‌នាង​ក៏​ថ្ងូរ​ដូច​ជា​ព្រាប ទាំង​គក់​ទ្រូង។ ក្រុង​នីនីវេ​ប្រៀប​ដូច​ជា​ស្រះ ដែល​ទឹក​ធ្លាយ​ហូរ​ចេញ​អស់ គេ​ស្រែក​ថា "ឈប់​សិន ឈប់​សិន" តែ​គ្មាន​នរណា​មួយ​បែរ​ក្រោយ​ឡើយ។ ចូរ​រឹប​យក​ប្រាក់ មាស​ចុះ ដ្បិត​របស់​ទ្រព្យ​មិន​ចេះ​អស់​មិន​ចេះ​ហើយ​ទេ សុទ្ធ​តែ​ជា​ប្រដាប់‌ប្រដា​យ៉ាង​ល្អ​វិសេស។ ទី​ក្រុង​នៅ​ទទេ ក៏​‌ខូច‌បង់ មនុស្ស​ក៏​រសាយ​ចិត្ត​ទៅ ជង្គង់​ប្រដំ​គ្នា គ្រប់​គ្នា​ចុក​សៀត​ចង្កេះ ហើយ​មុខ​របស់​គេ​ទាំង​អស់​គ្នា​ក៏​ស្លេក‌ស្លាំង។ តើ​រូង​សិង្ហ​នោះ​បាត់​ទៅ​ណា​ហើយ? ប្រៀប​ដូច​ជា​កន្លែង​ដែល​ចិញ្ចឹម​ពួក​សិង្ហ​ស្ទាវ សិង្ហ​ឈ្មោល និង​សិង្ហ​ញី​ឲ្យ​ដើរ​នៅ​ទី​នោះ ព្រម​ទាំង​កូន​សិង្ហ ឥត​មាន​អ្នក​ណា​បំភ័យ​វា​ឡើយ។ ឯ​សិង្ហ​ឈ្មោល វា​តែង‌តែ​ហែក​រំពា​ល្មម​ចម្អែត​កូន ក៏​ខាំ​ក​សត្វ​យក​មក​ឲ្យ​ញី ព្រម​ទាំង​ពាំ​សាច់​សត្វមក​ដាក់ពេញ​ក្នុង​រូង​វា។

ចែក​រំលែក
អាន ណាហ៊ូម 2

ណាហ៊ូម 2:4-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

អស់​ទាំង​រទេះ​ចំបាំង​រត់​យ៉ាង​សំបើម ទៅ​តាម​ផ្លូវ ក៏​រត់​ចុះ​ឡើង​តាម​ផ្លូវ​ធ្លា មាន​ភាព​ដូច​ជា​ចន្លុះ ហើយ​ក៏​រត់​លឿន​ដូច​ជា​ផ្លេក‌បន្ទោរ ស្តេច​របស់​គេ​នឹក​រក​អ្នក​ណា​ដែល​ស្ទាត់​ជំនាញ​ក្នុង​ពល‌ទ័ព តែ​គេ​ដើរ​ទៅ​ទាំង​ចំពប់​ជើង គេ​ប្រញាប់‌ប្រញាល់​នឹង​ឡើង​ទៅ​ឯ​កំផែង​ក្រុង រួច​ក៏​រៀបចំ​ប្រដាប់​បាំង​ខ្លួន ទ្វារ​ទន្លេ​បាន​បើក​ឡើង ហើយ​ដំណាក់​ស្តេច​ក៏​រលាយ​ទៅ ព្រះ‌នាង​ហ៊ូសាប​ត្រូវ​គេ​ចាប់​ដឹក​ទៅ​ជា​ឈ្លើយ ពួក​បាវ​ស្រី​របស់​ព្រះ‌នាង​ក៏​ថ្ងូរ​ដូច​ជា​ព្រាប ព្រម​ទាំង​គក់​ទ្រូង​ខ្លួន​ផង។ តាំង​ពី​ចាស់​បុរាណ ក្រុង​នីនីវេ​ប្រៀប​ដូច​ជា​ស្រះ​ទឹក ប៉ុន្តែ ឥឡូវ គេ​រត់​ចោល​ចេញ​ទៅ​វិញ មាន​គេ​ស្រែក​ថា ឈប់​សិន ឈប់​សិន តែ​គ្មាន​អ្នក​ណា​បែរ​មើល​ខាង​ក្រោយ​ឡើយ ចូរ​ចាប់​យក​របឹប​ជា​ប្រាក់​ជា​មាស​ចុះ ដ្បិត​របស់​ទ្រព្យ​មិន​ចេះ​អស់​មិន​ចេះ​ហើយ​ទេ សុទ្ធ​តែ​ជា​ប្រដាប់‌ប្រដា​យ៉ាង​ល្អ​វិសេស ទី​ក្រុង​នៅ​ទទេ ក៏​សោះ‌សូន្យ ហើយ​ខូច​បង់ ឯ​ចិត្ត​មនុស្ស​ក៏​រលាយ​ទៅ ហើយ​ជង្គង់​គេ​ប្រដំ​គ្នា គ្រប់​ទាំង​ចង្កេះ​ចុក​សៀត ហើយ​មុខ​គេ​ទាំង​អស់​ក៏​ស្លេក‌ស្លាំង តើ​រូង​សិង្ហ​នោះ​បាត់​ទៅ​ឯ​ណា គឺ​ជា​កន្លែង​ដែល​ចិញ្ចឹម​ពួក​សិង្ហ​ស្ទាវ ហើយ​សិង្ហ​ឈ្មោល សិង្ហ​ញី​បាន​ដើរ​នៅ​ទី​នោះ ព្រម​ទាំង​កូន​សិង្ហ ឥត​មាន​អ្នក​ណា​បំភ័យ​វា​ឡើយ ឯ​សិង្ហ​ឈ្មោល វា​តែង‌តែ​ហែក​រំពា​ល្មម​ចំអែត​កូន ក៏​ខាំ​ក​សត្វ​យក​មក​ឲ្យ​ញី ព្រម​ទាំង​បំពេញ​គុហា​របស់​វា​ដោយ​រំពា ហើយ​រូង​វា​ដោយ​សាច់​សត្វ

ចែក​រំលែក
អាន ណាហ៊ូម 2