ម៉ាកុស 9:25-29

ម៉ាកុស 9:25-29 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​នោះ ព្រះ‌យេស៊ូ​ទត​ឃើញ​បណ្ដា‌ជន​រត់​មក ព្រះអង្គ​ក៏​គំរាម​វិញ្ញាណ​អាក្រក់​ដោយ​បញ្ជា​ថា៖ «នែ៎​វិញ្ញាណ​គ​ថ្លង់! យើង​សុំ​ប្រាប់​ថា ចេញ​ពី​ក្មេង​នេះ​ទៅ កុំ​ចូល​វា​ទៀត​ឲ្យ​សោះ!»។ វា​ក៏​ស្រែក​ឡើង ព្រម​ទាំង​ធ្វើ​ឲ្យ​ក្មេង​នោះ​ប្រកាច់‌ប្រកិន​យ៉ាង​ខ្លាំង រួច​ចេញ​ទៅ។ ពេល​នោះ ក្មេង​នៅ​ដេក​ស្ដូក‌ស្ដឹង​ដូច​មនុស្ស​ស្លាប់ ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ស្មាន​ថា​វា​ស្លាប់​បាត់​ទៅ​ហើយ។ រីឯ​ព្រះ‌យេស៊ូ​វិញ ព្រះអង្គ​ចាប់​ដៃ​វា​លើក​ឡើង ក្មេង​នោះ​ក៏​ក្រោក​ឈរ។ កាល​ព្រះ‌យេស៊ូ​យាង​ចូល​ទៅ​ក្នុង​ផ្ទះ ពួក​សិស្ស*​ទូល​សួរ​ព្រះអង្គ ដាច់​ឡែក​ពី​គេ​ថា៖ «ហេតុ​អ្វី​បាន​ជា​យើង​ខ្ញុំ​ពុំ​អាច​ដេញ​វិញ្ញាណ​អាក្រក់​នេះ​ចេញ​បាន?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «គេ​អាច​ដេញ​វិញ្ញាណ​ប្រភេទ​នេះ​បាន លុះ​ត្រា​តែ​អធិស្ឋាន*»។

ចែក​រំលែក
អាន ម៉ាកុស 9

ម៉ាកុស 9:25-29 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​ព្រះ‌យេស៊ូវ​ឃើញ​បណ្ដាជន​នាំ​គ្នា​រត់​មក ព្រះ‌អង្គ​បន្ទោស​វិញ្ញាណ​អាក្រក់​ថា៖ «នែ៎ វិញ្ញាណ​គ​ថ្លង់! យើង​បញ្ជា​ឲ្យ​ឯង​ចេញ​ពី​ក្មេង​នេះ​ទៅ កុំ​ចូល​វា​ទៀត​ឲ្យ​សោះ!»។ វា​ក៏​ស្រែក​ឡើង ទាំង​ធ្វើ​ឲ្យ​ក្មេង​នោះ​ប្រកាច់​ជា​ខ្លាំង រួច​ចេញ​ទៅ ឯ​ក្មេង​នោះ​ត្រឡប់​ដូច​ជា​ស្លាប់ ហើយ​មនុស្ស​ជា​ច្រើន​និយាយ​ថា៖ «វា​ស្លាប់​ហើយ!» ប៉ុន្តែ ព្រះ‌យេស៊ូវ​ចាប់​ដៃ​ក្មេង​នោះ​ឲ្យ​ក្រោក​ឡើង ហើយ​វា​ក៏​ក្រោក​ឈរ។ ពេល​ព្រះ‌អង្គ​យាង​ចូល​ទៅ​ក្នុង​ផ្ទះ ពួក​សិស្ស​ទូល​សួរ​ព្រះ‌អង្គ​ដោយ​ឡែក​ថា៖ «ហេតុ​អ្វី​បាន​ជា​យើង​ខ្ញុំ​ពុំ​អាច​ដេញ​វិញ្ញាណ​នេះ​ចេញ​បាន?» ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «គេ​អាច​ដេញ​វិញ្ញាណ​បែប​នេះ​បាន គ្មាន​អ្វី​ក្រៅ​តែ​ពី​ការ​អធិស្ឋាន [និង​តម]​នោះ​ទេ»។

ចែក​រំលែក
អាន ម៉ាកុស 9

ម៉ាកុស 9:25-29 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​ព្រះ‌យេស៊ូវ​ឃើញ​មនុស្ស​សន្ធឹក​កំពុង​តែ​រត់​មក នោះ​ទ្រង់​កំហែង​ទៅ​អារក្ស‌អសោចិ៍​ថា នែ អារក្ស​គ​ថ្លង់​អើយ អញ​បង្គាប់​ឲ្យ​ឯង​ចេញ​ពី​វា​ទៅ កុំ​ឲ្យ​ចូល​វា​ទៀត​ឡើយ វា​ក៏​ស្រែក​ឡើង ទាំង​ជាន់​ក្មេង​នោះ​ឲ្យ​ប្រកាច់​ជា​ខ្លាំង រួច​ក៏​ចេញ​ទៅ ក្មេង​នោះ​ត្រឡប់​ដូច​ជា​ស្លាប់ ដល់​ម៉្លេះ​បាន​ជា​មនុស្ស​ជា​ច្រើន​បាន​ថា វា​ស្លាប់​ហើយ ប៉ុន្តែ​ព្រះ‌យេស៊ូវ​ទ្រង់​ចាប់​ដៃ​លើក​វា​ឡើង ហើយ​វា​ក៏​ក្រោក​ឈរ។ លុះ​ទ្រង់​បាន​យាង​ចូល​ទៅ​ក្នុង​ផ្ទះ នោះ​ពួក​សិស្ស​ទូល​សួរ​ទ្រង់​ដោយ‌ឡែក​ថា ហេតុ​អ្វី​បាន​ជា​យើង​ខ្ញុំ​ដេញ​អារក្ស​នេះ​ពុំ​បាន ទ្រង់​មាន​បន្ទូល​ថា ដែល​នឹង​ដេញ​អារក្ស​បែប​យ៉ាង​នេះ​បាន នោះ​គឺ​ដោយ‌សារ​តែ​អធិស្ឋាន​ហើយ​នឹង​តម​ទេ។

ចែក​រំលែក
អាន ម៉ាកុស 9