ម៉ាកុស 9:1-50

ម៉ាកុស 9:1-50 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ប្រាកដ​មែន ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា មនុស្ស​ខ្លះ​ដែល​នៅ​ទី​នេះ​នឹង​មិន​ស្លាប់​ទេ មុន​បាន​ឃើញ​ព្រះ‌រាជ្យ​របស់​ព្រះ‌ជាម្ចាស់​មក​ដល់ ប្រកប​ដោយ​ឫទ្ធា‌នុភាព»។ ប្រាំ​មួយ​ថ្ងៃ​ក្រោយ​មក ព្រះ‌យេស៊ូ​នាំ​លោក​ពេត្រុស លោក​យ៉ាកុប និង​លោក​យ៉ូហាន ឡើង​ទៅ​លើ​ភ្នំ គឺ​ព្រះអង្គ​នាំ​តែ​លោក​ទាំង​បី​ទៅ​ដាច់​ឡែក​ពី​គេ។ ពេល​នោះ ព្រះអង្គ​ប្រែ​ជា​មាន​ទ្រង់‌ទ្រាយ​ប្លែក​ពី​មុន​នៅ​មុខ​សិស្ស*​ទាំង​បី​នាក់ គឺ​ព្រះ‌ពស្ដ្រ​របស់​ព្រះអង្គ​ត្រឡប់​ជា​មាន​ពណ៌​ស​ភ្លឺ​ត្រចះ‌ត្រចង់ ដែល​គ្មាន​មនុស្ស​ណា​នៅ​លើ​ផែនដី​អាច​ធ្វើ​ឲ្យ​ស​យ៉ាង​នេះ​បាន​ឡើយ។ ពេល​នោះ សិស្ស​ទាំង​បី​នាក់​ឃើញ​ព្យាការី*​អេលីយ៉ា និង​លោក​ម៉ូសេ* សន្ទនា​ជា​មួយ​ព្រះ‌យេស៊ូ។ លោក​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «ព្រះ‌គ្រូ! យើង​ខ្ញុំ​បាន​នៅ​ទី​នេះ​ប្រសើរ​ណាស់ យើង​ខ្ញុំ​នឹង​សង់​ជម្រក​បី គឺ​មួយ​សម្រាប់​ព្រះ​គ្រូ មួយ​សម្រាប់​លោក​ម៉ូសេ និង​មួយ​ទៀត​សម្រាប់​លោក​អេលីយ៉ា»។ លោក​ពេត្រុស​មាន​ប្រសាសន៍​ដូច្នេះ មក​ពី​លោក​ពុំ​ដឹង​ថា​ចង់​និយាយ​អំពី​អ្វី​ឡើយ ដ្បិត​សិស្ស​ទាំង​បី​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង។ ពេល​នោះ ស្រាប់​តែ​មាន​ពពក*​មក​គ្រប​បាំង​គេ​ទាំង​អស់​គ្នា មាន​ព្រះ‌សូរសៀង​បន្លឺ​ពី​ក្នុង​ពពក​មក​ថា៖ «នេះ​ជា​បុត្រ​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង ចូរ​ស្ដាប់​ព្រះអង្គ​ចុះ!»។ រំពេច​នោះ ពួក​សិស្ស​ក្រឡេក​មើល​ជុំ‌វិញ​ខ្លួន ពុំ​ឃើញ​នរណា​ទៀត​ឡើយ ឃើញ​តែ​ព្រះ‌យេស៊ូ​មួយ​ព្រះអង្គ​ប៉ុណ្ណោះ​ដែល​គង់​ជា​មួយ​គេ។ ពេល​ព្រះ‌យេស៊ូ​យាង​ចុះ​ពី​លើ​ភ្នំ​ជា​មួយ​សិស្ស​ទាំង​បី ព្រះអង្គ​ហាម‌ប្រាម​គេ​មិន​ឲ្យ​និយាយ​អំពី​ហេតុ‌ការណ៍ ដែល​ខ្លួន​បាន​ឃើញ​ប្រាប់​នរណា​ឡើយ រហូត​ដល់​បុត្រ​មនុស្ស​រស់​ឡើង​វិញ។ អ្នក​ទាំង​បី​ធ្វើ​តាម​ព្រះ‌បន្ទូល​របស់​ព្រះអង្គ តែ​សាក‌សួរ​គ្នា​ថា៖ «តើ​“រស់​ឡើង​វិញ” មាន​ន័យ​ដូច​ម្ដេច?»។ បន្ទាប់​មក គេ​ទូល​សួរ​ព្រះអង្គ​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​ពួក​អាចារ្យ​ចេះ​តែ​និយាយ​ថា ព្យាការី​អេលីយ៉ា​ត្រូវ​អញ្ជើញ​មក​មុន?»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «ព្យាការី​អេលីយ៉ា​អញ្ជើញ​មក​មុន​មែន ដើម្បី​រៀបចំ​សព្វ​គ្រប់​ទាំង​អស់​ឡើង​វិញ។ ប៉ុន្តែ ហេតុ​អ្វី​បាន​ជា​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ថា បុត្រ​មនុស្ស​ត្រូវ​រង‌ទុក្ខ​លំបាក​ជា​ច្រើន ព្រម​ទាំង​ត្រូវ​គេ​មើល‌ងាយ​ផង​ដូច្នេះ? ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្យាការី​អេលីយ៉ា​បាន​អញ្ជើញ​មក​រួច​ហើយ តែ​ពួក​គេ​បាន​ធ្វើ​បាប​លោក​សព្វ​បែប​យ៉ាង​តាម​អំពើ​ចិត្ត​របស់​គេ ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ​អំពី​លោក​ស្រាប់»។ ព្រះ‌យេស៊ូ និង​អ្នក​ទាំង​បី បាន​មក​ជួប​សិស្ស​ឯ​ទៀតៗ ព្រះអង្គ​ទត​ឃើញ​បណ្ដា‌ជន​ច្រើន​កុះ‌ករ​ឈរ​នៅ​ជុំ‌វិញ​សិស្ស​ទាំង​នោះ ហើយ​ឃើញ​ពួក​អាចារ្យ*​ជជែក​ជា​មួយ​គេ​ផង។ កាល​បណ្ដា‌ជន​ឃើញ​ព្រះ‌យេស៊ូ គេ​ស្រឡាំង‌កាំង​គ្រប់​គ្នា ហើយ​រត់​ទៅ​ថ្វាយ‌បង្គំ​ព្រះអង្គ។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​សួរ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​ជជែក​ជា​មួយ​គេ​អំពី​រឿង​អ្វី?»។ ក្នុង​ចំណោម​បណ្ដា‌ជន មាន​បុរស​ម្នាក់​ទូល​ព្រះអង្គ​ថា៖ «លោក​គ្រូ! ខ្ញុំ​ប្របាទ​នាំ​កូន​ប្រុស​របស់​ខ្ញុំ​ប្របាទ​មក​រក​លោក​គ្រូ ដ្បិត​វា​មាន​វិញ្ញាណ​អាក្រក់​ក្នុង​ខ្លួន ធ្វើ​ឲ្យ​គ​និយាយ​ពុំ​រួច។ នៅ​ទី​ណា​ក៏​ដោយ ពេល​វិញ្ញាណ​អាក្រក់​ចូល​ម្ដងៗ វា​ផ្ដួល​កូន​ខ្ញុំ​ប្របាទ​លើ​ដី​ឲ្យ​បែក​ពពុះ​មាត់ សង្កៀត​ធ្មេញ ហើយ​រឹង​ខ្លួន។ ខ្ញុំ​ប្របាទ​បាន​សុំ​សិស្ស​របស់​លោក​ឲ្យ​ដេញ​វិញ្ញាណ​អាក្រក់​នេះ​ដែរ ប៉ុន្តែ គេ​ពុំ​អាច​ដេញ​វា​ចេញ​បាន​សោះ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​បណ្ដា‌ជន​ថា៖ «នែ៎! ពួក​មនុស្ស​ពុំ​ព្រម​ជឿ​អើយ! តើ​ត្រូវ​ឲ្យ​ខ្ញុំ​ទ្រាំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ដល់​ពេល​ណា​ទៀត? ចូរ​នាំ​ក្មេង​នោះ​មក​ឲ្យ​ខ្ញុំ»។ គេ​ក៏​នាំ​វា​ចូល​មក​ជិត​ព្រះ‌យេស៊ូ។ កាល​វិញ្ញាណ​អាក្រក់​ឃើញ​ព្រះអង្គ វា​ផ្ដួល​ក្មេង​នោះ​ឲ្យ​ប្រកាច់‌ប្រកិន ព្រម​ទាំង​ននៀល​បែក​ពពុះ​មាត់។ ព្រះ‌យេស៊ូ​សួរ​ទៅ​ឪពុក​ថា៖ «តើ​វា​វេទនា​បែប​នេះ​តាំង​ពី​អង្កាល់​មក?»។ ឪពុក​តប​ថា៖ «តាំង​តែ​ពី​តូច​ម៉្លេះ។ វិញ្ញាណ​អាក្រក់​ធ្វើ​ឲ្យ​វា​ដួល​លើ​ភ្លើង ឲ្យ​វា​ធ្លាក់​ក្នុង​ទឹក​ជា​ច្រើន​លើក​ច្រើន​សា ចង់​ឲ្យ​វា​បាត់​បង់​ជីវិត។ ប្រសិន​បើ​លោក​អាច​ធ្វើ​បាន សូម​មេត្តា​ជួយ​យើង​ខ្ញុំ សូម​អាណិត​អាសូរ​យើង​ខ្ញុំ​ផង»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ពោល​ថា “ប្រសិន​បើ​លោក​អាច​ជួយ​បាន” ដូច្នេះ? ព្រះ‌ជាម្ចាស់​អាច​សម្រេច​កិច្ចការ​សព្វ​គ្រប់​ទាំង​អស់​ដល់​អ្នក​ជឿ»។ ឪពុក​របស់​ក្មេង​បន្លឺ​សំឡេង​ឡើង​ភ្លាម​ថា៖ «ខ្ញុំ​ប្របាទ​ជឿ​ហើយ! សូម​មេត្តា​ជួយ​ឲ្យ​ខ្ញុំ​ប្របាទ ដែល​ជា​អ្នក​មិន​ជឿ​នេះ​ផង!»។ ពេល​នោះ ព្រះ‌យេស៊ូ​ទត​ឃើញ​បណ្ដា‌ជន​រត់​មក ព្រះអង្គ​ក៏​គំរាម​វិញ្ញាណ​អាក្រក់​ដោយ​បញ្ជា​ថា៖ «នែ៎​វិញ្ញាណ​គ​ថ្លង់! យើង​សុំ​ប្រាប់​ថា ចេញ​ពី​ក្មេង​នេះ​ទៅ កុំ​ចូល​វា​ទៀត​ឲ្យ​សោះ!»។ វា​ក៏​ស្រែក​ឡើង ព្រម​ទាំង​ធ្វើ​ឲ្យ​ក្មេង​នោះ​ប្រកាច់‌ប្រកិន​យ៉ាង​ខ្លាំង រួច​ចេញ​ទៅ។ ពេល​នោះ ក្មេង​នៅ​ដេក​ស្ដូក‌ស្ដឹង​ដូច​មនុស្ស​ស្លាប់ ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ស្មាន​ថា​វា​ស្លាប់​បាត់​ទៅ​ហើយ។ រីឯ​ព្រះ‌យេស៊ូ​វិញ ព្រះអង្គ​ចាប់​ដៃ​វា​លើក​ឡើង ក្មេង​នោះ​ក៏​ក្រោក​ឈរ។ កាល​ព្រះ‌យេស៊ូ​យាង​ចូល​ទៅ​ក្នុង​ផ្ទះ ពួក​សិស្ស*​ទូល​សួរ​ព្រះអង្គ ដាច់​ឡែក​ពី​គេ​ថា៖ «ហេតុ​អ្វី​បាន​ជា​យើង​ខ្ញុំ​ពុំ​អាច​ដេញ​វិញ្ញាណ​អាក្រក់​នេះ​ចេញ​បាន?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «គេ​អាច​ដេញ​វិញ្ញាណ​ប្រភេទ​នេះ​បាន លុះ​ត្រា​តែ​អធិស្ឋាន*»។ ព្រះ‌យេស៊ូ​យាង​ចាក​ចេញ​ពី​ទី​នោះ​ជា​មួយ​ពួក​សិស្ស* កាត់​តាម​ស្រុក​កាលី‌ឡេ។ ព្រះអង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​នរណា​ដឹង​ឡើយ។ ព្រះអង្គ​បង្រៀន​ពួក​សិស្ស​ឲ្យ​ដឹង​ថា បុត្រ​មនុស្ស*​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​លោក គេ​នឹង​ធ្វើ​គុត​ព្រះអង្គ ប៉ុន្តែ បី​ថ្ងៃ​ក្រោយ​ពី​គេ​ធ្វើ​គុត ទ្រង់​នឹង​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។ ពួក​សិស្ស​ពុំ​បាន​យល់​ព្រះ‌បន្ទូល​នេះ​ឡើយ តែ​គេ​មិន​ហ៊ាន​ទូល​សួរ​ព្រះអង្គ​ទេ។ ព្រះ‌យេស៊ូ និង​ពួក​សិស្ស* ធ្វើ​ដំណើរ​មក​ដល់​ក្រុង​កាពើ‌ណិម។ កាល​ព្រះអង្គ​គង់​នៅ​ក្នុង​ផ្ទះ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​សួរ​ពួក​សិស្ស​ថា៖ «ពេល​ដើរ​តាម​ផ្លូវ អ្នក​រាល់​គ្នា​និយាយ​អំពី​រឿង​អ្វី?»។ ពួក​សិស្ស​នៅ​ស្ងៀម ដ្បិត​កាល​ធ្វើ​ដំណើរ​តាម​ផ្លូវ គេ​បាន​ប្រកែក​គ្នា​ចង់​ដឹង​ថា​ក្នុង​ចំណោម​ពួក​គេ អ្នក​ណា​ធំ​ជាង​គេ។ ព្រះ‌យេស៊ូ​គង់​ចុះ ព្រះអង្គ​ត្រាស់​ហៅ​សិស្ស​ទាំង​ដប់‌ពីរ​រូប​មក ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​ណា​ចង់​ធ្វើ​មេ​គេ អ្នក​នោះ​ត្រូវ​ដាក់​ខ្លួន​ឲ្យ​តូច​ជាង​គេ ព្រម​ទាំង​បម្រើ​គេ​ទាំង​អស់​គ្នា​ផង»។ បន្ទាប់​មក ព្រះអង្គ​យក​ក្មេង​ម្នាក់ ឲ្យ​មក​ឈរ​នៅ​កណ្ដាល​ពួក​សិស្ស។ ព្រះអង្គ​ឱប​ក្មេង​នោះ រួច​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ពួក​សិស្ស​ថា៖ «អ្នក​ណា​ទទួល​ក្មេង​ណា​ម្នាក់​ដូច​ក្មេង​នេះ ក្នុង​នាម​ខ្ញុំ ក៏​ដូច​ជា​បាន​ទទួល​ខ្ញុំ ហើយ​អ្នក​ណា​ទទួល​ខ្ញុំ​មិន​ត្រឹម​តែ​ទទួល​ខ្ញុំ​ប៉ុណ្ណោះ​ទេ គឺ​ទទួល​ព្រះអង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​នោះ​ដែរ»។ លោក​យ៉ូហាន​ទូល​ព្រះអង្គ​ថា៖ «ព្រះ‌គ្រូ! យើង​ខ្ញុំ​បាន​ឃើញ​បុរស​ម្នាក់​ដេញ​អារក្ស ក្នុង​នាម​ព្រះ‌គ្រូ។ យើង​ខ្ញុំ​បាន​ឃាត់​គេ ព្រោះ​គេ​មិន​មក​តាម​យើង​ខ្ញុំ​ទេ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «កុំ​ឃាត់​គេ​អី ពុំ​ដែល​មាន​នរណា​អាច​ធ្វើ​ការ‌អស្ចារ្យ​ក្នុង​នាម​ខ្ញុំ រួច​បែរ​ជា​និយាយ​អាក្រក់​អំពី​ខ្ញុំ​ភ្លាម​នោះ​ឡើយ ដ្បិត​អ្នក​ណា​មិន​ជំទាស់​នឹង​យើង អ្នក​នោះ​ជា​គ្នា​យើង​ហើយ។ ម្យ៉ាង​ទៀត បើ​អ្នក​ណា​ឲ្យ​ទឹក​មួយ​កែវ​ដល់​អ្នក​រាល់​គ្នា ក្នុង​នាម​អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ព្រះ‌គ្រិស្ត* ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​នោះ​នឹង​ទទួល​រង្វាន់​ជា​មិន​ខាន»។ «អ្នក​ណា​នាំ​អ្នក​តូច‌តាច​ម្នាក់ ក្នុង​បណ្ដា​អ្នក​ជឿ​ទាំង​នេះ​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប ចំពោះ​អ្នក​នោះ ប្រសិន​បើ​គេ​យក​ត្បាល់​ថ្ម​យ៉ាង​ធំ​មក​ចង​ក​គាត់​ទម្លាក់​ទៅ​ក្នុង​សមុទ្រ នោះ​ប្រសើរ​ជា​ជាង​ទុក​ឲ្យ​គាត់​នៅ​រស់។ ប្រសិន​បើ​ដៃ​នាំ​អ្នក​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប ចូរ​កាត់​ចោល​ទៅ ព្រោះ​បើ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត​មាន​ដៃ​តែ​ម្ខាង ប្រសើរ​ជាង​មាន​ដៃ​ពីរ ហើយ​ត្រូវ​ធ្លាក់​ទៅ​ក្នុង​នរក ដែល​មាន​ភ្លើង​មិន​ចេះ​រលត់ [ជា​កន្លែង​ដែល​មាន​ដង្កូវ​មិន​ចេះ​ងាប់ មាន​ភ្លើង​មិន​ចេះ​រលត់]។ ប្រសិន​បើ​ជើង​នាំ​អ្នក​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប ចូរ​កាត់​ចោល​ទៅ ព្រោះ​បើ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត​មាន​តែ​ជើង​មួយ នោះ​ប្រសើរ​ជាង​មាន​ជើង​ពីរ ហើយ​ត្រូវ​គេ​បោះ​ទៅ​ក្នុង​នរក [ជា​កន្លែង​ដែល​មាន​ដង្កូវ​មិន​ចេះ​ងាប់ មាន​ភ្លើង​មិន​ចេះ​រលត់]។ ប្រសិន​បើ​ភ្នែក​នាំ​អ្នក​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប ចូរ​ខ្វេះ​ចេញ​ទៅ ព្រោះ​បើ​អ្នក​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យ*​ព្រះ‌ជាម្ចាស់​មាន​តែ​ភ្នែក​ម្ខាង នោះ​ប្រសើរ​ជាង​មាន​ភ្នែក​ពីរ ហើយ​ត្រូវ​គេ​បោះ​ទៅ​ក្នុង​នរក ជា​កន្លែង​ដែល​មាន​ដង្កូវ​មិន​ចេះ​ងាប់ មាន​ភ្លើង​មិន​ចេះ​រលត់ ដ្បិត​មនុស្ស​គ្រប់ៗ​រូប​នឹង​មាន​ជាតិ​ប្រៃ​ដោយ‌សារ​ភ្លើង។ អំបិល​ជា​របស់​មួយ​សំខាន់​ណាស់ ប៉ុន្តែ បើ​វា​បាត់​ជាតិ​ប្រៃ​ហើយ តើ​អ្នក​រាល់​គ្នា​ធ្វើ​ដូច​ម្ដេច​នឹង​ឲ្យ​វា​ប្រៃ​ឡើង​វិញ​បាន?

ចែក​រំលែក
អាន ម៉ាកុស 9

ម៉ាកុស 9:1-50 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា មាន​អ្នក​ខ្លះ​ដែល​ឈរ​នៅ​ទី​នេះ​នឹង​មិន​ភ្លក់​សេចក្តី​ស្លាប់​ឡើយ រហូត​ដល់​គេ​បាន​ឃើញ​ព្រះរាជ្យ​របស់​ព្រះ​មកដល់ ប្រកប​ដោយ​ចេស្តា»។ ប្រាំ​មួយ​ថ្ងៃ​ក្រោយ​មក ព្រះ‌យេស៊ូវ​បាន​យក​ពេត្រុស យ៉ាកុប និង​យ៉ូហាន​ទៅ​ជា​មួយ ហើយ​នាំ​គេ​ឡើង​ទៅ​លើ​ភ្នំ​មួយ​ខ្ពស់ ដាច់​ដោយ​ឡែក​ពី​គេ។ ពេល​នោះ ព្រះ‌អង្គ​បាន​ផ្លាស់​ប្រែ​នៅ​មុខ​អ្នក​ទាំង​នោះ។ ព្រះ‌ពស្ត្រ​របស់​ព្រះ‌អង្គ​ត្រឡប់​ជា​ស​ដូច​ពន្លឺ ដែល​គ្មាន​អ្នក​ណា​នៅ​លើ​ផែនដី អាច​ធ្វើ​ឲ្យ​ស​ដូច្នេះ​បាន​ឡើយ។ ពេល​នោះ ពួក​សិស្ស​ឃើញ​លោក​អេលី‌យ៉ា និង​លោក​ម៉ូសេ​បាន​លេច​មក ហើយ​សន្ទនា​ជា​មួយ​ព្រះ‌យេស៊ូវ។ ពេត្រុស​ទូល​ទៅ​ព្រះ‌អង្គ​ថា៖ «រ៉ាប៊ី ល្អ​ណាស់​ដែល​យើង​ខ្ញុំ​បាន​នៅ​ទី​នេះ សូម​ឲ្យ​យើង​ខ្ញុំ​ធ្វើ​ត្រសាល​បី គឺ​មួយ​សម្រាប់​លោក​គ្រូ មួយ​សម្រាប់​លោក​ម៉ូសេ ហើយ​មួយ​សម្រាប់​លោក​អេលី‌យ៉ា»។ គាត់​មិន​ដឹង​ថា​ត្រូវ​និយាយ​អ្វី​ទេ ព្រោះ​ពួក​គេ​ភ័យ​ខ្លាច​ជា​ខ្លាំង។ ពេល​នោះ មាន​ពពក​មក​គ្រប​បាំង​ពួក​គេ ហើយ​មាន​សំឡេង​ចេញ​ពី​ពពក​នោះ​មក​ថា៖ «នេះ​ជា​កូន​ស្ងួន‌ភ្ងា​របស់​យើង ចូរ​ស្តាប់​តាម​ព្រះ‌អង្គ​ចុះ»។ រំពេច​នោះ គេ​ក្រឡេក​មើល​ជុំ​វិញ​ខ្លួន ពុំ​ឃើញ​មាន​អ្នក​ណា​ទៀត​សោះ ឃើញ​តែ​ព្រះ‌យេស៊ូវ​មួយ​ព្រះ‌អង្គ​ប៉ុណ្ណោះ​គង់​ជា​មួយ​ពួក​គេ។ ពេល​កំពុង​ចុះ​ពី​ភ្នំ​មក ព្រះ‌អង្គ​ហាម​គេ​មិន​ឲ្យ​ប្រាប់​អ្នក​ណា​ពី​ការ​ដែល​បាន​ឃើញ​នោះ​ឡើយ រហូត​ដល់​កូន​មនុស្ស​បាន​រស់​ពី​ស្លាប់​ឡើង​វិញ។ អ្នក​ទាំង​នោះ​ក៏​រក្សា​រឿង​នោះ​ទុក​តែ​ក្នុង​ចិត្ត ហើយ​ចោទ​សួរ​គ្នា​ពី​សេចក្តី​រស់​ពី​ស្លាប់​ឡើង​វិញ​នេះ មាន​ន័យ​ដូច​ម្តេច។ បន្ទាប់​មក គេ​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «ហេតុ​អ្វី​បាន​ជា​ពួក​អាចារ្យ​និយាយ​ថា លោក​អេលី‌យ៉ា​ត្រូវ​មក​មុន​ដូច្នេះ?» ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «លោក​អេលី‌យ៉ា​ត្រូវ​មក​មុន​មែន ដើម្បី​តាំង​ការ​ទាំង​អស់​ឡើង​វិញ។ ប៉ុន្តែ ហេតុ​អ្វី​បាន​ជា​មាន​សេចក្តី​ចែង​ទុក​អំពី​កូន​មនុស្ស​ថា លោក​ត្រូវ​រង​ទុក្ខ​ជា​ច្រើន ព្រម​ទាំង​ត្រូវ​គេ​មើល​ងាយ​ផង? ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា លោក​អេលី‌យ៉ា​បាន​មក​ហើយ គេ​បាន​ប្រព្រឹត្ត​នឹង​លោក​តាម​តែ​អំពើ​ចិត្ត ដូច​មាន​សេចក្តី​ចែង​ទុក​អំពី​លោក​ស្រាប់»។ ពេល​បាន​មក​ជួប​ពួក​សិស្ស​ឯ​ទៀត​ៗ​វិញ​ហើយ គេ​ឃើញ​មាន​មហាជន​ច្រើន​កុះ​ករ​ឈរ​ព័ទ្ធ​ជុំ​វិញ​អ្នក​ទាំង​នោះ ហើយ​មាន​ពួក​អាចារ្យ​ខ្លះ​កំពុង​ជជែក​ជា​មួយ​ពួក​គេ។ កាល​បណ្តាជន​ឃើញ​ព្រះ‌អង្គ​ភ្លាម គេ​មាន​សេចក្តី​អស្ចារ្យ​ជា​ខ្លាំង រួច​គេ​រត់​ទៅ​ទទួល​ព្រះ‌អង្គ។ ព្រះ‌អង្គ​សួរ​ពួក​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​ជជែក​ជា​មួយ​អ្នក​ទាំង​នេះ​អំពី​អ្វី?» ពេល​នោះ មាន​ម្នាក់​ក្នុង​ចំណោម​បណ្ដាជន​ទូល​ឆ្លើយ​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ! ខ្ញុំ​បាន​នាំ​កូន​ប្រុស​ខ្ញុំ​មក​រក​លោក​គ្រូ ព្រោះ​វា​មាន​វិញ្ញាណ​គ​ចូល ហើយ​ពេល​ណា​វិញ្ញាណ​នោះ​ចូល​ម្តងៗ វា​ធ្វើ​ឲ្យ​កូន​ខ្ញុំ​ប្រកាច់​ជា​ខ្លាំង បែក​ពពុះ​មាត់ សង្កៀត​ធ្មេញ ហើយ​ទៅ​ជា​រឹង​ខ្លួន។ ខ្ញុំ​បាន​សុំ​ឲ្យ​ពួក​សិស្ស​របស់​លោក​គ្រូ​ដេញ​វិញ្ញាណ​នោះ​ដែរ តែ​គេ​ពុំ​អាច​ដេញ​វា​ចេញ​បាន​សោះ»។ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​តប​ទៅ​គេ​ថា៖ «ឱ​ជំនាន់​មនុស្ស​ដែល​មិន​ជឿ​អើយ តើ​ត្រូវ​ឲ្យ​ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ដល់​ពេល​ណា? តើ​ត្រូវ​ឲ្យ​ខ្ញុំ​ទ្រាំ​ជា​មួយ​អ្នក​រាល់​គ្នា​ដល់​ពេល​ណា​ទៀត? ចូរ​នាំ​ក្មេង​នោះ​មក​ឲ្យ​ខ្ញុំ»។ គេ​ក៏​នាំ​ក្មេង​នោះ​មក។ កាល​វិញ្ញាណ​នោះ​ឃើញ​ព្រះ‌អង្គ វា​ក៏​ធ្វើ​ឲ្យ​ក្មេង​នោះ​ប្រកាច់​ប្រកិន ដួល​ននៀល​នៅ​លើ​ដី ទាំង​បែក​ពពុះ​មាត់​ភ្លាម​មួយ​រំពេច។ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​សួរ​ឪពុក​ថា៖ «តើ​ក្មេង​នេះ​ធ្វើ​ទុក្ខ​ដូច្នេះ​តាំង​ពី​ពេល​ណា​មក?» គាត់​ទូល​ឆ្លើយ​ថា៖ «តាំង​តែ​ពី​តូច​មក​ម៉្លេះ។ វិញ្ញាណ​នោះ​ធ្វើ​ឲ្យ​វា​ដួល​ទៅ​ក្នុង​ភ្លើង និង​ធ្លាក់​ទៅ​ក្នុង​ទឹក​ជា​ញឹក​ញាប់ ដើម្បី​សម្លាប់​វា ប៉ុន្តែ ប្រសិន‌បើ​លោក​គ្រូ​អាច​ធ្វើ​បាន សូម​អាណិត​មេត្តា​ជួយ​យើង​ខ្ញុំ​ផង»។ ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​គាត់​ថា៖ «ប្រសិន‌បើ​អាច​ដូច្នេះ​ឬ? គ្រប់​ការ​ទាំង​អស់​អាច​សម្រេច​បាន​ដល់​អ្នក​ណា​ដែល​ជឿ»។ ភ្លាម​នោះ ឪពុក​របស់​ក្មេង​នោះ​ក៏​ស្រែក​ឡើង​ថា៖ «ខ្ញុំ​ជឿ​ហើយ សូម​ជួយ​កុំ​ឲ្យ​ខ្ញុំ​សង្ស័យ​ផង!» កាល​ព្រះ‌យេស៊ូវ​ឃើញ​បណ្ដាជន​នាំ​គ្នា​រត់​មក ព្រះ‌អង្គ​បន្ទោស​វិញ្ញាណ​អាក្រក់​ថា៖ «នែ៎ វិញ្ញាណ​គ​ថ្លង់! យើង​បញ្ជា​ឲ្យ​ឯង​ចេញ​ពី​ក្មេង​នេះ​ទៅ កុំ​ចូល​វា​ទៀត​ឲ្យ​សោះ!»។ វា​ក៏​ស្រែក​ឡើង ទាំង​ធ្វើ​ឲ្យ​ក្មេង​នោះ​ប្រកាច់​ជា​ខ្លាំង រួច​ចេញ​ទៅ ឯ​ក្មេង​នោះ​ត្រឡប់​ដូច​ជា​ស្លាប់ ហើយ​មនុស្ស​ជា​ច្រើន​និយាយ​ថា៖ «វា​ស្លាប់​ហើយ!» ប៉ុន្តែ ព្រះ‌យេស៊ូវ​ចាប់​ដៃ​ក្មេង​នោះ​ឲ្យ​ក្រោក​ឡើង ហើយ​វា​ក៏​ក្រោក​ឈរ។ ពេល​ព្រះ‌អង្គ​យាង​ចូល​ទៅ​ក្នុង​ផ្ទះ ពួក​សិស្ស​ទូល​សួរ​ព្រះ‌អង្គ​ដោយ​ឡែក​ថា៖ «ហេតុ​អ្វី​បាន​ជា​យើង​ខ្ញុំ​ពុំ​អាច​ដេញ​វិញ្ញាណ​នេះ​ចេញ​បាន?» ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «គេ​អាច​ដេញ​វិញ្ញាណ​បែប​នេះ​បាន គ្មាន​អ្វី​ក្រៅ​តែ​ពី​ការ​អធិស្ឋាន [និង​តម]​នោះ​ទេ»។ ពួក​គេ​បាន​ចេញ​ដំណើរ​ពី​ទី​នោះ កាត់​តាម​ស្រុក​កាលី‌ឡេ។ ព្រះ‌អង្គ​មិន​ចង់​ឲ្យ​អ្នក​ណា​ដឹង​ឡើយ ដ្បិត​ព្រះ‌អង្គ​បាន​បង្រៀន​ពួក​សិស្ស​ព្រះ‌អង្គ ដោយ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «កូន​មនុស្ស​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​មនុស្ស​លោក គេ​នឹង​សម្លាប់​លោក ហើយ​បី​ថ្ងៃ​ក្រោយ​ពី​គេ​សម្លាប់ នោះ​លោក​នឹង​រស់​ឡើង​វិញ»។ ប៉ុន្តែ ពួក​គេ​មិន​បាន​យល់​សេចក្តី​ដែល​ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​នោះ​ឡើយ ហើយ​គេ​ខ្លាច​មិន​ហ៊ាន​ទូល​សួរ​ព្រះ‌អង្គ។ បន្ទាប់​មក ពួក​គេ​បាន​មក​ដល់​ក្រុង​កាពើ‌ណិម ហើយ​ពេល​ព្រះ‌អង្គ​គង់​នៅ​ក្នុង​ផ្ទះ ព្រះ‌អង្គ​សួរ​ពួក​សិស្ស​ថា៖ «តើ​អ្នក​រាល់​គ្នា​ជជែក​គ្នា​អំពី​អ្វី​នៅ​តាម​ផ្លូវ?» ប៉ុន្ដែ ពួក​គេ​នៅ​ស្ងៀម ព្រោះ​នៅ​តាម​ផ្លូវ គេ​បាន​ជជែក​គ្នា​អំពី​អ្នក​ណា​ធំ​ជាង​គេ។ ព្រះ‌អង្គ​គង់​ចុះ ហៅ​អ្នក​ទាំង​ដប់​ពីរ​មក ហើយ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «បើ​អ្នក​ណា​ចង់​ធ្វើ​ជា​ទី​មួយ អ្នក​នោះ​ត្រូវ​ធ្វើ​ជា​អ្នក​ចុង​ក្រោយ​គេ​បង្អស់ និង​ជា​អ្នក​បម្រើ​គេ​ទាំង​អស់​គ្នា»។ បន្ទាប់​មក ព្រះ‌អង្គ​យក​ក្មេង​តូច​ម្នាក់​មក​ដាក់​នៅ​កណ្តាល​ពួក​គេ ទ្រង់​ឱប​ក្មេង​នោះ ហើយ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «អ្នក​ណា​ទទួល​កូន​ក្មេង​ណា​ម្នាក់ ដូច​ក្មេង​នេះ​ក្នុង​នាម​ខ្ញុំ អ្នក​នោះ​ទទួល​ខ្ញុំ ហើយ​អ្នក​ណា​ទទួល​ខ្ញុំ នោះ​មិន​មែន​ទទួល​តែ​ខ្ញុំ​ប៉ុណ្ណោះ​ទេ គឺ​ទទួល​ព្រះ‌អង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​នោះ​ដែរ»។ យ៉ូហាន​ទូល​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ យើង​ខ្ញុំ​បាន​ឃើញ​បុរស​ម្នាក់​កំពុង​ដេញ​អារក្ស​ក្នុង​នាម​លោក​គ្រូ ហើយ​យើង​ខ្ញុំ​បាន​ហាម​ឃាត់​គាត់ ព្រោះ​គាត់​មិន​មក​តាម​យើង»។ ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ថា៖ «កុំ​ឃាត់​គាត់​អី ដ្បិត​គ្មាន​អ្នក​ណា​ធ្វើ​ការ​អស្ចារ្យ​ក្នុង​នាម​ខ្ញុំ អាច​នឹង​និយាយ​អាក្រក់​ពី​ខ្ញុំ​ភា្លម​នោះ​ឡើយ។ អ្នក​ណា​ដែល​មិន​ទាស់​នឹង​យើង អ្នក​នោះ​នៅ​ខាង​យើង​ហើយ។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ឲ្យ​ទឹក​មួយ​កែវ​ដល់​អ្នក​រាល់​គ្នា​ផឹក​ក្នុង​នាម​ខ្ញុំ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​ជា​របស់​ព្រះ‌គ្រីស្ទ អ្នក​នោះ​នឹង​មិន​បាត់​រង្វាន់​របស់​ខ្លួន​ឡើយ»។ «ប្រសិន‌បើ​អ្នក​ណា​ធ្វើ​ឲ្យ​ក្មេង​តូច​ណា​ម្នាក់ ក្នុង​ចំណោម​អ្នក​ដែល​ជឿ​ដល់​ខ្ញុំ​ជំពប់​ដួល ស៊ូ​ឲ្យ​គេ​យក​ថ្ម​ត្បាល់​កិន​យ៉ាង​ធំ​មក​ចង​ក​អ្នក​នោះ ហើយ​ទម្លាក់​ចុះ​ទៅ​ក្នុង​សមុទ្រ ប្រសើរ​ដល់​អ្នក​នោះ​ជា​ជាង។ ប្រសិន‌បើ​ដៃ​របស់​អ្នក នាំ​ឲ្យ​អ្នក​ជំពប់​ដួល ចូរ​កាត់​វា​ចេញ ស៊ូ​ឲ្យ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត​មាន​ដៃ​តែ​ម្ខាង នោះ​ប្រសើរ​ជាង​មាន​ដៃ​ទាំង​ពីរ ហើយ​ធ្លាក់​ទៅ​នរក នៅ​ក្នុង​ភ្លើង​ដែល​មិន​អាច​ពន្លត់​បាន [ជា​កន្លែង​ដែល​មាន​ដង្កូវ​មិន​ចេះ​ស្លាប់ ហើយ​ភ្លើង​ដែល​ឆេះ​មិន​រលត់]។ ប្រសិន‌បើ​ជើង​របស់​អ្នក នាំ​ឲ្យ​អ្នក​ជំពប់​ដួល ចូរ​កាត់​ចេញ ស៊ូ​ឲ្យ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត​មាន​ជើង​តែ​ម្ខាង នោះ​ប្រសើរ​ជាង​មាន​ជើង​ទាំង​ពីរ ហើយ​ត្រូវ​បោះ​ទៅ​ក្នុង​នរក [ជា​កន្លែង​ដែល​មាន​ដង្កូវ​មិន​ចេះ​ស្លាប់ ហើយ​ភ្លើង​ដែល​ឆេះ​មិន​រលត់]។ ប្រសិន‌បើ​ភ្នែក​របស់​អ្នក នាំ​ឲ្យ​អ្នក​ជំពប់​ដួល ចូរ​ខ្វេះ​វា​ចេញ ស៊ូ​ឲ្យ​អ្នក​ចូល​ក្នុង​ព្រះរាជ្យ​របស់​ព្រះ​មាន​ភ្នែក​តែ​ម្ខាង នោះ​ប្រសើរ​ជាង​មាន​ភ្នែក​ទាំង​ពីរ ហើយ​ត្រូវ​បោះ​ទៅ​ក្នុង​នរក ជា​កន្លែង​ដែល​មាន​ដង្កូវ​មិន​ចេះ​ស្លាប់ ហើយ​ភ្លើង​ដែល​ឆេះ​មិន​រលត់។ ដ្បិត​គ្រប់​គ្នា​នឹង​មាន​ជាតិ​ប្រៃ​ដោយ​សារ​ភ្លើង ហើយ​គ្រប់​ទាំង​យញ្ញ‌បូជា​នឹង​មាន​ជាតិ​ប្រៃ​ដោយ​សារ​អំបិល។ អំបិល​ជា​របស់​ល្អ តែ​បើ​បាត់​ជាតិ​ប្រៃ​ហើយ តើ​អ្នក​រាល់​គ្នា​ធ្វើ​ដូច​ម្ដេច​ឲ្យ​ប្រៃ​វិញ​បាន? ចូរ​មាន​ជាតិ​ប្រៃ​នៅ​ក្នុង​ខ្លួន ហើយ​នៅ​ជា​មួយ​គ្នា​ដោយ​សុខ​សាន្ត​ចុះ»។

ចែក​រំលែក
អាន ម៉ាកុស 9

ម៉ាកុស 9:1-50 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រួច​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ក្នុង​ពួក​អ្នក​ដែល​ឈរ​នៅ​ទី​នេះ មាន​ខ្លះ​មិន​ត្រូវ​ភ្លក់​សេចក្ដី​ស្លាប់ ដរាប​ដល់​បាន​ឃើញ​នគរ​ព្រះ​មក ទាំង​មាន​ព្រះ‌ចេស្តា។ កន្លង​៦​ថ្ងៃ​មក​ទៀត ព្រះ‌យេស៊ូវ​ទ្រង់​យក​ពេត្រុស យ៉ាកុប នឹង​យ៉ូហាន ទៅ​ជា​មួយ នាំ​ឡើង​ទៅ​លើ​ភ្នំ​ខ្ពស់​ដោយ‌ឡែក ទ្រង់​ក៏​ផ្លាស់​ប្រែ​នៅ​មុខ​អ្នក​ទាំង​នោះ ព្រះ‌ពស្ត្រ​ទ្រង់​ត្រឡប់​ជា​ភ្លឺ​ស‌ស្គុស​ដូច​ហិមៈ ដល់​ម៉្លេះ​បាន​ជា​គ្មាន​អ្នក​ប្រមោក​ណា នៅ​ផែនដី​នេះ ដែល​អាច​នឹង​ប្រមោក​ឲ្យ​ស​ដូច្នោះ​បាន​ឡើយ នោះ​លោក​អេលីយ៉ា ព្រម​ទាំង​លោក​ម៉ូសេ បាន​លេច​មក​ឲ្យ​ឃើញ កំពុង​តែ​ទូល​នឹង​ព្រះ‌យេស៊ូវ រួច​ពេត្រុស​ទូល​ទៅ​ទ្រង់​ថា លោក​គ្រូ ដែល​យើង​ខ្ញុំ​នៅ​ទី​នេះ​បាន​ល្អ​ណាស់​ហើយ សូម​ឲ្យ​យើង​ខ្ញុំ​ធ្វើ​ត្រសាល​៣ គឺ​១​សំរាប់​លោក ១​សំរាប់​លោក​ម៉ូសេ ហើយ​១​សំរាប់​លោក​អេលីយ៉ា នេះ​ដ្បិត​គាត់​មិន​ដឹង​ជា​ត្រូវ​និយាយ​ដូច​ម្តេច​ទេ ពី​ព្រោះ​មាន​សេចក្ដី​ស្ញែង​ខ្លាច​ទាំង​អស់​គ្នា នោះ​មាន​ពពក​មក​គ្រប​បាំង ហើយ​មាន​ឮ​សូរ​សំឡេង​ចេញ​ពី​ពពក​ថា នេះ​ជា​កូន​ស្ងួន‌ភ្ងា​អញ ចូរ​ស្តាប់​តាម​ចុះ ស្រាប់​តែ​គេ​ក្រឡេក​មើល​ជុំ‌វិញ​ទៅ ឥត​មាន​ឃើញ​អ្នក​ណា​ទៀត​សោះ ឃើញ​តែ​ព្រះ‌យេស៊ូវ​គង់​ជា​មួយ​ប៉ុណ្ណោះ។ កំពុង​ដែល​ចុះ​ពី​ភ្នំ​មក នោះ​ទ្រង់​ហាម​មិន​ឲ្យ​ប្រាប់​អ្នក​ណា ពី​ការ​ដែល​បាន​ឃើញ​នោះ​ឡើយ ដរាប​ដល់​កូន​មនុស្ស​បាន​រស់​ពី​ស្លាប់​ឡើង​វិញ អ្នក​ទាំង​នោះ​ក៏​រក្សា​ពាក្យ​នោះ​ទុក​នៅ​តែ​ក្នុង​ពួក​គេ ហើយ​សួរ​គ្នា​ទៅ​វិញ​ទៅ​មក ពី​សេចក្ដី​រស់​ពី​ស្លាប់​ឡើង​វិញ​ជា​យ៉ាង​ណា ក៏​ទូល​សួរ​ទ្រង់​ថា ចុះ​ហេតុ​អ្វី​បាន​ជា​ពួក​អាចារ្យ​ប្រាប់​ថា លោក​អេលីយ៉ា​ត្រូវ​តែ​មក​ជា​មុន ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា លោក​អេលីយ៉ា​ត្រូវ​មក​មុន​មែន ដើម្បី​នឹង​តាំង​ការ​ទាំង​អស់​ឡើង​វិញ ប៉ុន្តែ​ធ្វើ​ដូច​ម្តេច​បាន​ជា​មាន​សេចក្ដី​ចែង​ទុក​ពី​កូន​មនុស្ស​ថា លោក​ត្រូវ​រង​ទុក្ខ​ជា​ច្រើន ព្រម​ទាំង​ត្រូវ​គេ​មើល‌ងាយ​ផង ចំណែក​លោក​អេលីយ៉ា នោះ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា លោក​បាន​មក​ហើយ គេ​ក៏​បាន​ប្រព្រឹត្ត​នឹង​លោក​តាម​តែ​អំពើ​ចិត្ត ដូច​ជា​មាន​សេចក្ដី​ចែង​ទុក​ពី​លោក​ស្រាប់។ លុះ​បាន​មក​ដល់​ពួក​សិស្ស​ហើយ នោះ​ទ្រង់​ឃើញ​មាន​ហ្វូង​មនុស្ស​ជា​ធំ​នៅ​ព័ទ្ធ​គេ​ជុំ‌វិញ ក៏​មាន​ពួក​អាចារ្យ​ខ្លះ​កំពុង​តែ​ដេញ‌ដោល កាល​ហ្វូង​មនុស្ស​បាន​ឃើញ​ទ្រង់ ស្រាប់​តែ​កើត​មាន​សេចក្ដី​ស្រឡាំង‌កាំង រួច​រត់​ទៅ​ទទួល​ទ្រង់​ដោយ​គោរព ទ្រង់​មាន​បន្ទូល​សួរ​ពួក​អាចារ្យ​ថា តើ​អ្នក​រាល់​គ្នា​ជជែក​ពី​រឿង​អ្វី​នឹង​អ្នក​ទាំង​នេះ នោះ​មាន​ម្នាក់​ក្នុង​ហ្វូង​មនុស្ស​ទូល​កាត់​ឆ្លើយ​ថា លោក​គ្រូ​អើយ ខ្ញុំ​បាន​នាំ​កូន​ខ្ញុំ​មក​ឯ​លោក ព្រោះ​វា​មាន​អារក្ស​គ​ចូល នៅ​កន្លែង​ណា​ដែល​អារក្ស​ជាន់​វា​ម្តងៗ នោះ​ក៏​ធ្វើ​ឲ្យ​វា​ប្រកាច់​ជា​ខ្លាំង វា​បែក​ពពុះ​មាត់ ព្រម​ទាំង​សង្កៀត​ធ្មេញ ហើយ​ចេះ​តែ​ហេវ​ទៅៗ ខ្ញុំ​បាន​សូម​ពួក​សិស្ស​លោក ឲ្យ​ដេញ​អារក្ស​នោះ​ដែរ តែ​គេ​ពុំ​អាច​នឹង​ដេញ​ចេញ​បាន​ទេ ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា ឱ​ដំណ​មនុស្ស​ដែល​មិន​ជឿ​អើយ តើ​ត្រូវ​ឲ្យ​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ដល់​កាល​ណា តើ​ត្រូវ​ឲ្យ​ខ្ញុំ​ទ្រាំ​នឹង​អ្នក​រាល់​គ្នា​ដល់​កាល​ណា​ទៀត ចូរ​នាំ​វា​មក​ឯ​ខ្ញុំ គេ​ក៏​នាំ​វា​ទៅ កាល​បាន​ឃើញ​ទ្រង់ នោះ​ស្រាប់​តែ​អារក្ស​ជាន់​វា ឲ្យ​ប្រកាច់​ដួល​ននៀល​នៅ​ដី ទាំង​បែក​ពពុះ​មាត់ ទ្រង់​មាន​បន្ទូល​សួរ​ឪពុក​ថា វា​បាន​ឈឺ​ដូច្នេះ​ជា​យូរ​ប៉ុន្មាន​មក​ហើយ គាត់​ទូល​ឆ្លើយ​ថា តាំង​តែ​ពី​តូច​មក ជួន‌កាល​ក៏​បោះ​វា​ទៅ​ក្នុង​ភ្លើង​ក្នុង​ទឹក​ជា​ញយៗ ដើម្បី​នឹង​បំផ្លាញ​វា​ទៅ ប៉ុន្តែ​បើ​លោក​អាច​នឹង​ជួយ​បាន នោះ​សូម​អាណិត​មេត្តា​ជួយ​យើង​ខ្ញុំ​ផង ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គាត់​ថា បើ​អាច​នឹង​ជឿ​បាន នោះ​ការ​ទាំង​អស់​នឹង​សំរេច​បាន ដល់​អ្នក​ណា​ដែល​ជឿ ស្រាប់​តែ​ឪពុក​របស់​កូន​នោះ ក៏​បន្លឺ​វាចា​ឡើង​ទាំង​ទឹក​ភ្នែក​ថា ខ្ញុំ​ជឿ​ហើយ លោក​ម្ចាស់​អើយ សូម​ជួយ​ចំពោះ​សេចក្ដី​ណា​ដែល​ខ្ញុំ​មិន​ជឿ​ផង កាល​ព្រះ‌យេស៊ូវ​ឃើញ​មនុស្ស​សន្ធឹក​កំពុង​តែ​រត់​មក នោះ​ទ្រង់​កំហែង​ទៅ​អារក្ស‌អសោចិ៍​ថា នែ អារក្ស​គ​ថ្លង់​អើយ អញ​បង្គាប់​ឲ្យ​ឯង​ចេញ​ពី​វា​ទៅ កុំ​ឲ្យ​ចូល​វា​ទៀត​ឡើយ វា​ក៏​ស្រែក​ឡើង ទាំង​ជាន់​ក្មេង​នោះ​ឲ្យ​ប្រកាច់​ជា​ខ្លាំង រួច​ក៏​ចេញ​ទៅ ក្មេង​នោះ​ត្រឡប់​ដូច​ជា​ស្លាប់ ដល់​ម៉្លេះ​បាន​ជា​មនុស្ស​ជា​ច្រើន​បាន​ថា វា​ស្លាប់​ហើយ ប៉ុន្តែ​ព្រះ‌យេស៊ូវ​ទ្រង់​ចាប់​ដៃ​លើក​វា​ឡើង ហើយ​វា​ក៏​ក្រោក​ឈរ។ លុះ​ទ្រង់​បាន​យាង​ចូល​ទៅ​ក្នុង​ផ្ទះ នោះ​ពួក​សិស្ស​ទូល​សួរ​ទ្រង់​ដោយ‌ឡែក​ថា ហេតុ​អ្វី​បាន​ជា​យើង​ខ្ញុំ​ដេញ​អារក្ស​នេះ​ពុំ​បាន ទ្រង់​មាន​បន្ទូល​ថា ដែល​នឹង​ដេញ​អារក្ស​បែប​យ៉ាង​នេះ​បាន នោះ​គឺ​ដោយ‌សារ​តែ​អធិស្ឋាន​ហើយ​នឹង​តម​ទេ។ កាល​ចេញ​ពី​ទី​នោះ ក៏​យាង​កាត់​ស្រុក​កាលី‌ឡេ​ទៅ ហើយ​ទ្រង់​មិន​ចង់​ឲ្យ​អ្នក​ណា​ដឹង​សោះ ដ្បិត​ទ្រង់​កំពុង​តែ​បង្រៀន​ពួក​សិស្ស​ថា កូន​មនុស្ស​ត្រូវ​បញ្ជូន​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​មនុស្ស​លោក គេ​នឹង​សំឡាប់​លោក រួច​ដល់​៣​ថ្ងៃ​ក្រោយ​ដែល​គេ​សំឡាប់ នោះ​លោក​នឹង​រស់​ឡើង​វិញ តែ​អ្នក​ទាំង​នោះ​មិន​បាន​យល់​សេចក្ដី​នោះ​ទេ ក៏​ខ្លាច​មិន​ហ៊ាន​ទូល​សួរ​ទ្រង់​ផង។ លុះ​ទៅ​ដល់​កាពើ‌ណិម កាល​កំពុង​តែ​នៅ​ក្នុង​ផ្ទះ នោះ​ទ្រង់​មាន​បន្ទូល​សួរ​ពួក​សិស្ស​ថា តើ​រឿង​អ្វី​ដែល​អ្នក​រាល់​គ្នា​ជជែក​គ្នា​តាម​ផ្លូវ​មក​នោះ តែ​គេ​នៅ​តែ​ស្ងៀម ពី​ព្រោះ​តាម​ផ្លូវ គេ​បាន​ជជែក​គ្នា អំពី​អ្នក​ណា​ដែល​ធំ​ជាង ទ្រង់​ក៏​គង់​ចុះ រួច​ហៅ​ពួក​១២​មក​មាន​បន្ទូល​ថា បើ​អ្នក​ណា​ចង់​ធ្វើ​លេខ​១ នោះ​ត្រូវ​ទៅ​ជា​ចុង​បង្អស់​វិញ ហើយ​ត្រូវ​បំរើ​គេ​ទាំង​អស់​ដែរ ទ្រង់​ក៏​យក​កូន​តូច​១ ដាក់​នៅ​កណ្តាល​ជំនុំ រួច​ទ្រង់​បី​វា មាន​បន្ទូល​ទៅ​គេ​ថា អ្នក​ណា​ដែល​ទទួល​កូន​តូច​១ ដូច​ជា​កូន​នេះ ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ក៏​ឈ្មោះ​ថា​ទទួល​ខ្ញុំ ហើយ​អ្នក​ណា​ដែល​ទទួល​ខ្ញុំ នោះ​មិន​មែន​ទទួល​ខ្ញុំ​ទេ គឺ​ឈ្មោះ​ថា​ទទួល​ព្រះ​ដែល​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​វិញ។ យ៉ូហាន​ក៏​ទូល​ទ្រង់​ថា លោក​គ្រូ យើង​ខ្ញុំ​បាន​ឃើញ​មនុស្ស​ម្នាក់ ដែល​មិន​ដើរ​តាម​យើង​ខ្ញុំ គេ​កំពុង​តែ​ដេញ​អារក្ស ដោយ​នូវ​ឈ្មោះ​លោក ហើយ​យើង​ខ្ញុំ​បាន​ហាម​ឃាត់​គេ ពី​ព្រោះ​គេ​មិន​ដើរ​ជា​មួយ​នឹង​យើង​ខ្ញុំ​ទេ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ថា កុំ​ឃាត់​គេ​ឡើយ ដ្បិត​គ្មាន​អ្នក​ណា​អាច​នឹង​ធ្វើ​ការ​ឫទ្ធិ‌បារមី ដោយ​នូវ​ឈ្មោះ​ខ្ញុំ រួច​និយាយ​អាក្រក់​ពី​ខ្ញុំ​ភ្លាម​១​រំពេច​បាន​ទេ ដ្បិត​អ្នក​ណា​ដែល​មិន​ទាស់​នឹង​យើង នោះ​កាន់​ខាង​យើង​វិញ អ្នក​ណា​ដែល​ឲ្យ​ទឹក​១​កែវ ទៅ​អ្នក​រាល់​គ្នា​ផឹក ដោយ​នូវ​ឈ្មោះ​ខ្ញុំ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​ជា​របស់​ផង​ព្រះ‌គ្រីស្ទ នោះ​ខ្ញុំ​ប្រាប់​ជា​ប្រាកដ​ថា អ្នក​នោះ​មិន​បាត់​រង្វាន់​ខ្លួន​ឡើយ តែ​អ្នក​ណា​ដែល​ធ្វើ​ឲ្យ​កូន​ណា​មួយ ដែល​ជឿ​ដល់​ខ្ញុំ​នេះ រវាត​ចិត្ត​ចេញ នោះ​បើ​គេ​យក​ថ្ម​ត្បាល់​កិន​យ៉ាង​ធំ ចង​ក​អ្នក​នោះ ហើយ​ទំលាក់​ចុះ​ទៅ​ក្នុង​សមុទ្រ យ៉ាង​នោះ​មាន​ប្រយោជន៍​ដល់​អ្នក​នោះ​ជា​ជាង បើ​ដៃ​អ្នក​នាំ​ឲ្យ​គេ​រវាត​ចិត្ត នោះ​ចូរ​កាត់​វា​ចោល​ទៅ ស៊ូ​ឲ្យ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត​កំបុត​ដៃ​វិញ ជា​ជាង​មាន​ដៃ​ទាំង​២ ហើយ​ធ្លាក់​ទៅ​នរក​នៅ​ក្នុង​ភ្លើង​ដែល​ពន្លត់​មិន​បាន ជា​កន្លែង​ដែល​មាន​ដង្កូវ​មិន​ដែល​ស្លាប់ ហើយ​ភ្លើង​មិន​ដែល​រលត់​ឡើយ បើ​ជើង​អ្នក​នាំ​ឲ្យ​គេ​រវាត​ចិត្ត នោះ​ចូរ​កាត់​វា​ចោល​ទៅ ស៊ូ​ឲ្យ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត​កំបុត​ជើង​វិញ ជា​ជាង​មាន​ជើង​ទាំង​២ ហើយ​ត្រូវ​បោះ​ចោល​ទៅ​នរក នៅ​ក្នុង​ភ្លើង​ដែល​ពន្លត់​មិន​បាន ជា​កន្លែង​ដែល​មាន​ដង្កូវ​មិន​ដែល​ស្លាប់ ហើយ​ភ្លើង​មិន​ដែល​រលត់​ឡើយ ហើយ​បើ​ភ្នែក​អ្នក​នាំ​ឲ្យ​គេ​រវាត​ចិត្ត នោះ​ចូរ​ខ្វេះ​ចោល​ទៅ ស៊ូ​ឲ្យ​អ្នក​ចូល​ក្នុង​នគរ​ព្រះ​មាន​ភ្នែក​តែ​១ ជា​ជាង​មាន​ភ្នែក​ទាំង​២ ហើយ​ត្រូវ​បោះ​ចោល​ទៅ​ក្នុង​ភ្លើង​នរក​វិញ ជា​កន្លែង​ដែល​មាន​ដង្កូវ​មិន​ដែល​ស្លាប់ ហើយ​ភ្លើង​មិន​ដែល​រលត់​ឡើយ ដ្បិត​គ្រប់​គ្នា​ត្រូវ​បំប្រៃ​នឹង​ភ្លើង ហើយ​គ្រប់​ទាំង​យញ្ញ‌បូជា​ត្រូវ​បំប្រៃ​នឹង​អំបិល អំបិល​ជា​របស់​ល្អ តែ​បើ​បាត់​ជាតិ​ប្រៃ​ហើយ តើ​នឹង​យក​អ្វី​ដើម្បី​ឲ្យ​ប្រៃ​ឡើង​វិញ​បាន

ចែក​រំលែក
អាន ម៉ាកុស 9