ម៉ាកុស 8:27-36

ម៉ាកុស 8:27-36 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេស៊ូវ និង​ពួក​សិស្ស​បាន​បន្ត​ដំណើរ​ចេញ​ទៅ​ភូមិ​នានា នៅ​ស្រុក​សេសារា‌ភីលីព ហើយ​នៅ​តាម​ផ្លូវ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​សួរ​ពួក​សិស្ស​ថា៖ «តើ​មនុស្ស​ទាំង​ឡាយ​ថា​ខ្ញុំ​ជា​អ្នក​ណា?» គេ​ទូល​ឆ្លើយ​ទៅ​ព្រះ‌អង្គ​ថា៖ «ជា​យ៉ូហាន-បាទីស្ទ ខ្លះ​ថា​ជា​អេលី‌យ៉ា ហើយ​ខ្លះ​ទៀត​ថា​ជា​ហោរា​ណា​មួយ»។ ព្រះ‌អង្គ​សួរ​គេ​ថា៖ «ចុះ​អ្នក​រាល់​គ្នា​វិញ តើ​អ្នក​រាល់​គ្នា​ថា​ខ្ញុំ​ជា​អ្នក​ណា?» ពេត្រុស​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌អង្គ​ជា​ព្រះ‌គ្រីស្ទ»។ ពេល​នោះ ព្រះ‌អង្គ​ហាម​ផ្តាច់​មិន​ឲ្យ​គេ​ប្រាប់​អ្នក​ណា​អំពី​ព្រះ‌អង្គ​ឡើយ។ បន្ទាប់​មក ព្រះ‌អង្គ​ចាប់​ផ្ដើម​បង្រៀន​គេ​ថា៖ «កូន​មនុស្ស​ត្រូវ​រង​ទុក្ខ​ជា​ខ្លាំង ហើយ​ត្រូវ​ពួក​ចាស់​ទុំ ពួក​សង្គ្រាជ និង​ពួក​អាចារ្យ​បោះ‌បង់​ចោល ហើយ​សម្លាប់​លោក តែ​បី​ថ្ងៃ​ក្រោយ​មក លោក​នឹង​រស់​ឡើង​វិញ»។ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ពី​ដំណើរ​នេះ​ជា​ចំហ។ ពេល​នោះ ពេត្រុស​នាំ​ព្រះ‌អង្គ​ទៅ​ដាច់​ដោយ​ឡែក ហើយ​ចាប់​ផ្ដើម​បន្ទោស​ព្រះ‌អង្គ។ ប៉ុន្តែ ព្រះ‌អង្គ​ងាក​ទត​ទៅ​ពួក​សិស្ស ហើយ​បន្ទោស​ពេត្រុស​ថា៖ «នែ៎​សាតាំង! ចូរ​ថយ​ទៅ​ក្រោយ​យើង​ទៅ ដ្បិត​អ្នក​មិន​គិត​តាម​គំនិត​របស់​ព្រះ​ទេ គឺ​តាម​តែ​គំនិត​របស់​មនុស្ស​ប៉ុណ្ណោះ»។ ព្រះ‌អង្គ​ត្រាស់​ហៅ​បណ្ដាជន និង​ពួក​សិស្ស​ឲ្យ​ចូល​មក រួច​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «អ្នក​ណា​ដែល​ចង់​មក​តាម​ខ្ញុំ ត្រូវ​ឲ្យ​អ្នក​នោះ​លះ​កាត់​ចិត្ត​ខ្លួន​ឯង​ចោល ផ្ទុក​ឈើ​ឆ្កាង​របស់​ខ្លួន ហើយ​មក​តាម​ខ្ញុំ។ ដ្បិត​អ្នក​ណា​ដែល​ចង់​រក្សា​ជីវិត​ខ្លួន អ្នក​នោះ​នឹង​បាត់​ជីវិត​ទៅ តែ​អ្នក​ណា​ដែល​បាត់​ជីវិត​ដោយ​ព្រោះ​ខ្ញុំ និង​ដោយ​ព្រោះ​ដំណឹង​ល្អ នោះ​នឹង​បាន​ជីវិត​វិញ។ ដ្បិត​បើ​មនុស្ស​ម្នាក់​បានពិភព​លោក​ទាំង​មូល តែ​បាត់​បង់​ជីវិត តើ​នឹង​មាន​ប្រយោជន៍​អ្វី​ដល់​អ្នក​នោះ?

ចែក​រំលែក
អាន ម៉ាកុស 8

ម៉ាកុស 8:27-36 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌យេស៊ូ​ចេញ​ទៅ​តាម​ភូមិ​នានា ដែល​នៅ​ជិត​ក្រុង​សេសារា-ភីលីព​ជា​មួយ​ពួក​សិស្ស*។ នៅ​តាម​ផ្លូវ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​សួរ​គេ​ថា៖ «តើ​មនុស្ស​ទាំង‌ឡាយ​ថា​ខ្ញុំ​ជា​នរណា?»។ ពួក​សិស្ស​ទូល​ឆ្លើយ​ថា៖ «អ្នក​ខ្លះ​ថា​លោក​ជា​លោក​យ៉ូហាន‌បាទីស្ដ អ្នក​ខ្លះ​ថា​លោក​ជា​ព្យាការី*​អេលីយ៉ា ហើយ​អ្នក​ខ្លះ​ទៀត​ថា​លោក​ជា​ព្យាការី​មួយ​រូប»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​សួរ​គេ​ថា៖ «ចុះ​អ្នក​រាល់​គ្នា​វិញ តើ​អ្នក​រាល់​គ្នា​ថា​ខ្ញុំ​ជា​នរណា​ដែរ?»។ លោក​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «លោក​ជា​ព្រះ‌គ្រិស្ត»។ ព្រះ‌យេស៊ូ​ហាម‌ប្រាម​សិស្ស*​មិន​ឲ្យ​និយាយ​ប្រាប់​គេ​អំពី​ព្រះអង្គ​ឡើយ។ បន្ទាប់​មក ព្រះ‌យេស៊ូ​ក៏​ចាប់​ផ្ដើម​បង្រៀន​ពួក​សិស្ស​ថា បុត្រ​មនុស្ស*​ត្រូវ​រង‌ទុក្ខ​លំបាក​យ៉ាង​ខ្លាំង។ ពួក​ព្រឹទ្ធា‌ចារ្យ* ពួក​នាយក​បូជា‌ចារ្យ* ពួក​អាចារ្យ*​នឹង​បោះ‌បង់​ព្រះអង្គ​ចោល ថែម​ទាំង​ធ្វើ​គុត​ព្រះអង្គ​ទៀត​ផង តែ​បី​ថ្ងៃ​ក្រោយ​មក ព្រះអង្គ​នឹង​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​បញ្ជាក់​ប្រាប់​គេ ដោយ​ឥត​លាក់‌លៀម។ លោក​ពេត្រុស​យាង​ព្រះអង្គ​ចេញ​ទៅ​ឆ្ងាយ​ពី​គេ​បន្តិច ហើយ​បន្ទោស​ព្រះអង្គ។ ព្រះ‌យេស៊ូ​ងាក​ទត​ទៅ​ពួក​សិស្ស*​ឯ​ទៀតៗ ហើយ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​បន្ទោស​លោក​ពេត្រុស​វិញ​ថា៖ «នែ៎! មារ​សាតាំង​ថយ​ទៅ​ក្រោយ​ខ្ញុំ​ទៅ ដ្បិត​គំនិត​អ្នក​មិន​មែន​ជា​គំនិត​របស់​ព្រះ‌ជាម្ចាស់​ទេ គឺ​ជា​គំនិត​របស់​មនុស្ស​សុទ្ធ‌សាធ»។ បន្ទាប់​មក ព្រះអង្គ​ត្រាស់​ហៅ​បណ្ដា‌ជន និង​សិស្ស​រួច​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «បើ​អ្នក​ណា​ចង់​មក​តាម​ក្រោយ​ខ្ញុំ ត្រូវ​លះ‌បង់​ខ្លួន​ឯង​ចោល ត្រូវ​លី​ឈើ​ឆ្កាង​របស់​ខ្លួន ហើយ​មក​តាម​ខ្ញុំ​ចុះ។ ដ្បិត​អ្នក​ណា​ចង់​បាន​រួច​ជីវិត អ្នក​នោះ​នឹង​បាត់‌បង់​ជីវិត​ពុំ‌ខាន រីឯ​អ្នក​ដែល​បាត់​បង់​ជីវិត ព្រោះ​តែ​ខ្ញុំ និង​ព្រោះ​តែ​ដំណឹង‌ល្អ* នឹង​បាន​ជីវិត​វិញ។ បើ​មនុស្ស​ម្នាក់​បាន​លោកីយ៍​ទាំង​មូល មក​ធ្វើ​ជា​សម្បត្តិ​របស់​ខ្លួន តែ​បាត់‌បង់​ជីវិត​នោះ​នឹង​មាន​ប្រយោជន៍​អ្វី?

ចែក​រំលែក
អាន ម៉ាកុស 8

ម៉ាកុស 8:27-36 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេស៊ូវ នឹង​ពួក​សិស្ស ក៏​ចេញ​ទៅ​ឯ​ភូមិ​ទាំង​ប៉ុន្មាន នៅ​ស្រុក​សេសារា-ភីលីព ទ្រង់​មាន​បន្ទូល​សួរ​ពួក​សិស្ស​តាម​ផ្លូវ​ថា តើ​មនុស្ស​ទាំង‌ឡាយ គេ​ថា​ខ្ញុំ​ជា​អ្នក​ណា ពួក​សិស្ស​ទូល​ឆ្លើយ​ថា ជា​យ៉ូហាន-បាទីស្ទ ខ្លះ​ថា​ជា​អេលីយ៉ា ហើយ​ខ្លះ​ទៀត​ថា​ជា​ហោរា​ណា​មួយ ទ្រង់​សួរ​ថា ចុះ​ឯ​អ្នក​រាល់​គ្នា តើ​ថា​ខ្ញុំ​ជា​អ្នក​ណា នោះ​ពេត្រុស​ឆ្លើយ​ឡើង​ថា ទ្រង់​ជា​ព្រះ‌គ្រីស្ទ ទ្រង់​ក៏​ហាម​ផ្តាច់ មិន​ឲ្យ​គេ​ប្រាប់​អ្នក​ណា​ពី​ដំណើរ​ទ្រង់​សោះ រួច​ទ្រង់​ចាប់​តាំង​បង្រៀន​គេ​ថា កូន​មនុស្ស​ត្រូវ​រង​ទុក្ខ​ជា​ច្រើន ហើយ​ត្រូវ​ពួក​ចាស់‌ទុំ ពួក​សង្គ្រាជ នឹង​ពួក​អាចារ្យ បោះ​បង់​ចោល ហើយ​សំឡាប់​លោក រួច​៣​ថ្ងៃ​ក្រោយ​ដែល​លោក​ស្លាប់​ទៅ នោះ​លោក​នឹង​រស់​ឡើង​វិញ ទ្រង់​មាន​បន្ទូល​ពី​ដំណើរ​នោះ​យ៉ាង​ច្បាស់‌លាស់ នោះ​ពេត្រុស​នាំ​ទ្រង់​ទៅ​ចាប់​តាំង​និយាយ​ជំទាស់​ដល់​ទ្រង់ តែ​ទ្រង់​បែរ​មក​ទត​ឃើញ​ពួក​សិស្ស ក៏​បន្ទោស​ពេត្រុស​ថា សាតាំង​អើយ ចូរ​ថយ​ទៅ​ក្រោយ​អញ​ទៅ ដ្បិត​ឯង​មិន​គិត​តាម​គំនិត​របស់​ព្រះ​សោះ គឺ​តាម​តែ​គំនិត​របស់​មនុស្ស​លោក​វិញ។ កាល​ទ្រង់​បាន​ហៅ​ហ្វូង​មនុស្ស នឹង​ពួក​សិស្ស​មក នោះ​ក៏​មាន​បន្ទូល​ទៅ​គេ​ថា អ្នក​ណា​ដែល​ចង់​មក​តាម​ខ្ញុំ ត្រូវ​ឲ្យ​អ្នក​នោះ​លះ​កាត់​ចិត្ត​ខ្លួន​ឯង​ចោល ទាំង​ផ្ទុក​ឈើ​ឆ្កាង​ខ្លួន​មក​តាម​ខ្ញុំ​ចុះ ដ្បិត​អ្នក​ណា​ដែល​ចង់​ឲ្យ​រួច​ជីវិត នោះ​នឹង​បាត់​ជីវិត​ទៅ តែ​អ្នក​ណា​ដែល​បាត់​ជីវិត​ដោយ​ព្រោះ​យល់​ដល់​ខ្ញុំ ហើយ​នឹង​ដំណឹង​ល្អ នោះ​នឹង​បាន​ជីវិត​វិញ ដ្បិត​បើ​មនុស្ស​ណា​នឹង​បាន​លោកីយ​ទាំង​មូល តែ​បាត់​ព្រលឹង​ទៅ នោះ​តើ​មាន​ប្រយោជន៍​អ្វី​ដល់​អ្នក​នោះ

ចែក​រំលែក
អាន ម៉ាកុស 8