ម៉ាកុស 8:22-38
ម៉ាកុស 8:22-38 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលព្រះអង្គ និងពួកសិស្សមកដល់ក្រុងបេតសៃដា ពេលនោះ មានគេនាំបុរសខ្វាក់ម្នាក់មកជួបព្រះអង្គ ទូលអង្វរសូមឲ្យព្រះអង្គពាល់គាត់។ ព្រះអង្គក៏ដឹកដៃបុរសខ្វាក់នោះ នាំចេញទៅក្រៅភូមិ ព្រះអង្គយកទឹកព្រះឱស្ឋដាក់លើភ្នែកគាត់ ហើយដាក់ព្រះហស្តលើ រួចសួរគាត់ថា៖ «តើអ្នកមើលឃើញអ្វីឬទេ?» បុរសនោះងើបភ្នែកឡើង ទូលថា៖ «ខ្ញុំឃើញមនុស្សដើរ មើលទៅដូចជាដើមឈើ»។ ព្រះយេស៊ូវដាក់ព្រះហស្តលើភ្នែកគាត់ម្តងទៀត គាត់ខំសម្លឹងមើល ភ្នែកគាត់ក៏ភ្លឺឡើង ហើយមើលឃើញអ្វីៗទាំងអស់យ៉ាងច្បាស់។ ព្រះអង្គឲ្យគាត់ត្រឡប់ទៅផ្ទះវិញ ដោយមានព្រះបន្ទូលថា៖ «កុំចូលទៅក្នុងភូមិនោះឲ្យសោះ»។ ព្រះយេស៊ូវ និងពួកសិស្សបានបន្តដំណើរចេញទៅភូមិនានា នៅស្រុកសេសារាភីលីព ហើយនៅតាមផ្លូវ ព្រះអង្គមានព្រះបន្ទូលសួរពួកសិស្សថា៖ «តើមនុស្សទាំងឡាយថាខ្ញុំជាអ្នកណា?» គេទូលឆ្លើយទៅព្រះអង្គថា៖ «ជាយ៉ូហាន-បាទីស្ទ ខ្លះថាជាអេលីយ៉ា ហើយខ្លះទៀតថាជាហោរាណាមួយ»។ ព្រះអង្គសួរគេថា៖ «ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាថាខ្ញុំជាអ្នកណា?» ពេត្រុសទូលព្រះអង្គថា៖ «ព្រះអង្គជាព្រះគ្រីស្ទ»។ ពេលនោះ ព្រះអង្គហាមផ្តាច់មិនឲ្យគេប្រាប់អ្នកណាអំពីព្រះអង្គឡើយ។ បន្ទាប់មក ព្រះអង្គចាប់ផ្ដើមបង្រៀនគេថា៖ «កូនមនុស្សត្រូវរងទុក្ខជាខ្លាំង ហើយត្រូវពួកចាស់ទុំ ពួកសង្គ្រាជ និងពួកអាចារ្យបោះបង់ចោល ហើយសម្លាប់លោក តែបីថ្ងៃក្រោយមក លោកនឹងរស់ឡើងវិញ»។ ព្រះអង្គមានព្រះបន្ទូលពីដំណើរនេះជាចំហ។ ពេលនោះ ពេត្រុសនាំព្រះអង្គទៅដាច់ដោយឡែក ហើយចាប់ផ្ដើមបន្ទោសព្រះអង្គ។ ប៉ុន្តែ ព្រះអង្គងាកទតទៅពួកសិស្ស ហើយបន្ទោសពេត្រុសថា៖ «នែ៎សាតាំង! ចូរថយទៅក្រោយយើងទៅ ដ្បិតអ្នកមិនគិតតាមគំនិតរបស់ព្រះទេ គឺតាមតែគំនិតរបស់មនុស្សប៉ុណ្ណោះ»។ ព្រះអង្គត្រាស់ហៅបណ្ដាជន និងពួកសិស្សឲ្យចូលមក រួចមានព្រះបន្ទូលទៅគេថា៖ «អ្នកណាដែលចង់មកតាមខ្ញុំ ត្រូវឲ្យអ្នកនោះលះកាត់ចិត្តខ្លួនឯងចោល ផ្ទុកឈើឆ្កាងរបស់ខ្លួន ហើយមកតាមខ្ញុំ។ ដ្បិតអ្នកណាដែលចង់រក្សាជីវិតខ្លួន អ្នកនោះនឹងបាត់ជីវិតទៅ តែអ្នកណាដែលបាត់ជីវិតដោយព្រោះខ្ញុំ និងដោយព្រោះដំណឹងល្អ នោះនឹងបានជីវិតវិញ។ ដ្បិតបើមនុស្សម្នាក់បានពិភពលោកទាំងមូល តែបាត់បង់ជីវិត តើនឹងមានប្រយោជន៍អ្វីដល់អ្នកនោះ? តើគេអាចយកអ្វីមកប្ដូរនឹងជីវិតរបស់ខ្លួនបាន? អ្នកណាដែលមានសេចក្តីខ្មាសដោយព្រោះខ្ញុំ និងដោយព្រោះពាក្យខ្ញុំ នៅក្នុងជំនាន់មនុស្សផិតក្បត់ ហើយមានបាបនេះ កូនមនុស្សក៏នឹងមានសេចក្តីខ្មាស ដោយព្រោះអ្នកនោះដែរ ពេលលោកយាងមកក្នុងសិរីល្អរបស់ព្រះវរបិតារបស់លោក ជាមួយពួកទេវតាបរិសុទ្ធ»។
ម៉ាកុស 8:22-38 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះយេស៊ូ និងពួកសិស្ស*ធ្វើដំណើរមកដល់ភូមិបេតសៃដា។ នៅពេលនោះ មានគេនាំមនុស្សខ្វាក់ម្នាក់មកគាល់ព្រះអង្គ ហើយទូលអង្វរសូមឲ្យព្រះអង្គពាល់គាត់។ ព្រះយេស៊ូក៏ដឹកដៃមនុស្សខ្វាក់នោះ នាំចេញទៅខាងក្រៅភូមិ ព្រះអង្គយកទឹកព្រះឱស្ឋដាក់លើភ្នែកគាត់ ហើយដាក់ព្រះហស្ដលើគាត់ ទាំងមានព្រះបន្ទូលសួរថា៖ «តើអ្នកមើលឃើញអ្វីខ្លះទេ?» បុរសនោះបើកភ្នែកឡើងទូលថា៖ «ខ្ញុំឃើញមនុស្សដើរស្ទុងៗ មើលទៅដូចជាដើមឈើ»។ ព្រះយេស៊ូក៏ដាក់ព្រះហស្ដលើភ្នែកគាត់ម្ដងទៀត។ បុរសនោះមើលឃើញច្បាស់ទាំងអស់ ភ្នែកគាត់បានជា។ ព្រះយេស៊ូប្រាប់គាត់ឲ្យវិលត្រឡប់ទៅផ្ទះវិញ ដោយមានព្រះបន្ទូលថា៖ «កុំចូលទៅក្នុងភូមិឲ្យសោះ»។ ព្រះយេស៊ូចេញទៅតាមភូមិនានា ដែលនៅជិតក្រុងសេសារា-ភីលីពជាមួយពួកសិស្ស*។ នៅតាមផ្លូវ ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «តើមនុស្សទាំងឡាយថាខ្ញុំជានរណា?»។ ពួកសិស្សទូលឆ្លើយថា៖ «អ្នកខ្លះថាលោកជាលោកយ៉ូហានបាទីស្ដ អ្នកខ្លះថាលោកជាព្យាការី*អេលីយ៉ា ហើយអ្នកខ្លះទៀតថាលោកជាព្យាការីមួយរូប»។ ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាថាខ្ញុំជានរណាដែរ?»។ លោកពេត្រុសទូលព្រះអង្គថា៖ «លោកជាព្រះគ្រិស្ត»។ ព្រះយេស៊ូហាមប្រាមសិស្ស*មិនឲ្យនិយាយប្រាប់គេអំពីព្រះអង្គឡើយ។ បន្ទាប់មក ព្រះយេស៊ូក៏ចាប់ផ្ដើមបង្រៀនពួកសិស្សថា បុត្រមនុស្ស*ត្រូវរងទុក្ខលំបាកយ៉ាងខ្លាំង។ ពួកព្រឹទ្ធាចារ្យ* ពួកនាយកបូជាចារ្យ* ពួកអាចារ្យ*នឹងបោះបង់ព្រះអង្គចោល ថែមទាំងធ្វើគុតព្រះអង្គទៀតផង តែបីថ្ងៃក្រោយមក ព្រះអង្គនឹងមានព្រះជន្មរស់ឡើងវិញ។ ព្រះអង្គមានព្រះបន្ទូលបញ្ជាក់ប្រាប់គេ ដោយឥតលាក់លៀម។ លោកពេត្រុសយាងព្រះអង្គចេញទៅឆ្ងាយពីគេបន្តិច ហើយបន្ទោសព្រះអង្គ។ ព្រះយេស៊ូងាកទតទៅពួកសិស្ស*ឯទៀតៗ ហើយព្រះអង្គមានព្រះបន្ទូលបន្ទោសលោកពេត្រុសវិញថា៖ «នែ៎! មារសាតាំងថយទៅក្រោយខ្ញុំទៅ ដ្បិតគំនិតអ្នកមិនមែនជាគំនិតរបស់ព្រះជាម្ចាស់ទេ គឺជាគំនិតរបស់មនុស្សសុទ្ធសាធ»។ បន្ទាប់មក ព្រះអង្គត្រាស់ហៅបណ្ដាជន និងសិស្សរួចមានព្រះបន្ទូលទៅគេថា៖ «បើអ្នកណាចង់មកតាមក្រោយខ្ញុំ ត្រូវលះបង់ខ្លួនឯងចោល ត្រូវលីឈើឆ្កាងរបស់ខ្លួន ហើយមកតាមខ្ញុំចុះ។ ដ្បិតអ្នកណាចង់បានរួចជីវិត អ្នកនោះនឹងបាត់បង់ជីវិតពុំខាន រីឯអ្នកដែលបាត់បង់ជីវិត ព្រោះតែខ្ញុំ និងព្រោះតែដំណឹងល្អ* នឹងបានជីវិតវិញ។ បើមនុស្សម្នាក់បានលោកីយ៍ទាំងមូល មកធ្វើជាសម្បត្តិរបស់ខ្លួន តែបាត់បង់ជីវិតនោះនឹងមានប្រយោជន៍អ្វី? តើមនុស្សអាចយកអ្វីមកប្ដូរនឹងជីវិតរបស់ខ្លួនបាន? នៅក្នុងចំណោមមនុស្សដែលក្បត់ព្រះជាម្ចាស់ និងក្នុងចំណោមមនុស្សមានបាបនាសម័យនេះ បើអ្នកណាអៀនខ្មាស មិនហ៊ានទទួលស្គាល់ខ្ញុំ មិនហ៊ានទទួលស្គាល់ពាក្យរបស់ខ្ញុំ លុះដល់បុត្រមនុស្សយាងមកប្រកបដោយសិរីរុងរឿងរបស់ព្រះបិតាព្រះអង្គ និងទេវតា*ដ៏វិសុទ្ធ ព្រះអង្គក៏នឹងខ្មាសអៀន មិនហ៊ានទទួលស្គាល់អ្នកនោះវិញដែរ»។
ម៉ាកុស 8:22-38 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទ្រង់ក៏យាងមកដល់ក្រុងបេតសៃដា រួចមានគេនាំមនុស្សខ្វាក់ម្នាក់មកទូលអង្វរឲ្យទ្រង់ពាល់គាត់ ទ្រង់ក៏ចាប់ដៃមនុស្សខ្វាក់នោះនាំចេញទៅក្រៅភូមិ រួចស្តោះដាក់ភ្នែកគាត់ ហើយដាក់ព្រះហស្តលើ ព្រមទាំងសួរបើគាត់ឃើញអ្វីឬទេ គាត់ក៏ងើបភ្នែកឡើងទូលឆ្លើយថា ខ្ញុំឃើញមនុស្សដើរ មើលទៅដូចជាដើមឈើ នោះទ្រង់ដាក់ព្រះហស្តលើភ្នែកគាត់ម្តងទៀត ប្រាប់ឲ្យងើបឡើងមើល ស្រាប់តែភ្នែកគាត់បានភ្លឺឡើង ឃើញច្បាស់ទាំងអស់ ទ្រង់ឲ្យគាត់ទៅផ្ទះវិញ ទាំងហាមថា កុំឲ្យចូលទៅក្នុងភូមិ ឬប្រាប់អ្នកណានៅក្នុងភូមិឡើយ។ ព្រះយេស៊ូវ នឹងពួកសិស្ស ក៏ចេញទៅឯភូមិទាំងប៉ុន្មាន នៅស្រុកសេសារា-ភីលីព ទ្រង់មានបន្ទូលសួរពួកសិស្សតាមផ្លូវថា តើមនុស្សទាំងឡាយ គេថាខ្ញុំជាអ្នកណា ពួកសិស្សទូលឆ្លើយថា ជាយ៉ូហាន-បាទីស្ទ ខ្លះថាជាអេលីយ៉ា ហើយខ្លះទៀតថាជាហោរាណាមួយ ទ្រង់សួរថា ចុះឯអ្នករាល់គ្នា តើថាខ្ញុំជាអ្នកណា នោះពេត្រុសឆ្លើយឡើងថា ទ្រង់ជាព្រះគ្រីស្ទ ទ្រង់ក៏ហាមផ្តាច់ មិនឲ្យគេប្រាប់អ្នកណាពីដំណើរទ្រង់សោះ រួចទ្រង់ចាប់តាំងបង្រៀនគេថា កូនមនុស្សត្រូវរងទុក្ខជាច្រើន ហើយត្រូវពួកចាស់ទុំ ពួកសង្គ្រាជ នឹងពួកអាចារ្យ បោះបង់ចោល ហើយសំឡាប់លោក រួច៣ថ្ងៃក្រោយដែលលោកស្លាប់ទៅ នោះលោកនឹងរស់ឡើងវិញ ទ្រង់មានបន្ទូលពីដំណើរនោះយ៉ាងច្បាស់លាស់ នោះពេត្រុសនាំទ្រង់ទៅចាប់តាំងនិយាយជំទាស់ដល់ទ្រង់ តែទ្រង់បែរមកទតឃើញពួកសិស្ស ក៏បន្ទោសពេត្រុសថា សាតាំងអើយ ចូរថយទៅក្រោយអញទៅ ដ្បិតឯងមិនគិតតាមគំនិតរបស់ព្រះសោះ គឺតាមតែគំនិតរបស់មនុស្សលោកវិញ។ កាលទ្រង់បានហៅហ្វូងមនុស្ស នឹងពួកសិស្សមក នោះក៏មានបន្ទូលទៅគេថា អ្នកណាដែលចង់មកតាមខ្ញុំ ត្រូវឲ្យអ្នកនោះលះកាត់ចិត្តខ្លួនឯងចោល ទាំងផ្ទុកឈើឆ្កាងខ្លួនមកតាមខ្ញុំចុះ ដ្បិតអ្នកណាដែលចង់ឲ្យរួចជីវិត នោះនឹងបាត់ជីវិតទៅ តែអ្នកណាដែលបាត់ជីវិតដោយព្រោះយល់ដល់ខ្ញុំ ហើយនឹងដំណឹងល្អ នោះនឹងបានជីវិតវិញ ដ្បិតបើមនុស្សណានឹងបានលោកីយទាំងមូល តែបាត់ព្រលឹងទៅ នោះតើមានប្រយោជន៍អ្វីដល់អ្នកនោះ ឬតើមនុស្សនឹងយកអ្វីទៅដូរឲ្យបានព្រលឹងខ្លួនវិញ ដ្បិតអ្នកណាដែលមានសេចក្ដីខ្មាស ដោយព្រោះខ្ញុំ នឹងពាក្យខ្ញុំ នៅក្នុងដំណមនុស្សកំផិត ហើយមានបាបនេះ នោះកូនមនុស្សនឹងមានសេចក្ដីខ្មាស ដោយព្រោះអ្នកនោះដែរ ក្នុងកាលដែលលោកមកក្នុងសិរីល្អរបស់ព្រះវរបិតា ជាមួយនឹងពួកទេវតាបរិសុទ្ធ។