ម៉ាកុស 7:14-37

ម៉ាកុស 7:14-37 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បន្ទាប់​មក ព្រះ‌អង្គ​ហៅ​បណ្តាជន​មក​ម្ដង​ទៀត ហើយ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «ចូរ​អ្នក​ទាំង​អស់​គ្នា​ស្តាប់​ខ្ញុំ ហើយ​ឲ្យ​យល់​ចុះ គ្មាន​អ្វី​ពី​ខាង​ក្រៅ ចូល​ទៅ​ក្នុង​ខ្លួន​មនុស្ស អាច​ធ្វើ​ឲ្យ​មនុស្ស​មិន​បរិសុទ្ធ​នោះ​ឡើយ គឺ​អ្វីៗ​ដែល​ចេញ​ពី​មនុស្ស​មក​នោះ​វិញ ដែល​ធ្វើ​ឲ្យ​មនុស្ស​មិន​បរិសុទ្ធ អ្នក​ណា​មាន​ត្រចៀក ចូរ​ស្តាប់​ចុះ!»។ កាល​ព្រះ‌អង្គ​យាង​ចេញ​ពី​បណ្ដា​ជន ចូល​ទៅ​ក្នុង​ផ្ទះ ពួក​សិស្ស​ទូល​សួរ​ព្រះ‌អង្គ​អំពី​រឿង​ប្រៀប​ធៀប​នោះ។ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ថា៖ «ដូច្នេះអ្នក​រាល់​គ្នា​ក៏​មិន​យល់​ដែរ​ឬ? អ្នក​រាល់​គ្នា​មិន​យល់​ទេ​ឬ​ថា អ្វីៗ​ពី​ខាង​ក្រៅ​ចូល​ក្នុង​មនុស្ស ពុំ​អាច​ធ្វើ​ឲ្យ​គេ​ទៅ​ជា​មិន​បរិសុទ្ធ​នោះ​ឡើយ ដ្បិត​អ្វីៗ​ទាំង​នោះ​មិន​ចូល​ទៅ​ក្នុង​ចិត្ត​ទេ គឺ​ចូល​ទៅ​ក្នុង​ពោះ រួច​ចេញ​ទៅ​ក្នុង​បង្គន់​ទេ​តើ!» (ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ដូច្នេះ បញ្ជាក់​ថា អាហារ​ទាំង​អស់​សុទ្ធ​តែ​ស្អាត)។ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៀត​ថា៖ «មាន​តែ​អ្វី​ដែល​ចេញ​ពី​មនុស្ស​មក​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​គេ​មិន​បរិសុទ្ធ ដ្បិត​ខាង​ក្នុង ពី​ក្នុង​ចិត្ត​របស់​មនុស្ស ចេញ​មក​ជា​គំនិត​អាក្រក់ សហាយ​ស្មន់ លួច​ប្លន់ សម្លាប់​មនុស្ស ផិត​ក្បត់ លោភ​លន់ ចិត្ត​អាក្រក់ បោក​ប្រាស់ អាស‌អាភាស ច្រណែន​ឈ្នានីស ជេរ​ប្រមាថ អំនួត និង​ឆ្កួត​លេលា។ សេចក្តី​អាក្រក់​ទាំង​នេះ​ហើយ​ដែល​ចេញ​ពី​ខាង​ក្នុង​មក ហើយ​ធ្វើ​ឲ្យ​មនុស្ស​មិន​បរិសុទ្ធ»។ ព្រះ‌អង្គ​ក្រោក​ឡើង ហើយ​យាង​ចេញ​ពី​ទី​នោះ ទៅ​កាន់​កន្លែង​មួយ​ជិត​ក្រុង​ទីរ៉ុស និង​ក្រុង​ស៊ីដូន។ ព្រះ‌អង្គ​យាង​ចូល​ទៅ​ក្នុង​ផ្ទះ​មួយ ហើយ​មិន​ចង់​ឲ្យ​អ្នក​ណា​ដឹង​ថា​ទ្រង់​គង់​នៅ​ទី​នោះ​ឡើយ តែ​ព្រះ‌អង្គ​ពុំ​អាច​លាក់​បាន ដ្បិត​ស្ត្រី​ម្នាក់​ដែល​កូន​ស្រី​មាន​វិញ្ញាណ​អាក្រក់​ចូល បាន​ឮ​គេ​និយាយ​អំពី​ព្រះ‌អង្គ​ភ្លាម ក៏​ចូល​មក​ក្រាប​នៅ​ទៀប​ព្រះ‌បាទ​ព្រះ‌អង្គ។ ស្ត្រី​នោះ ជា​សាសន៍​ក្រិក ដើម​កំណើត​ស៊ីរ៉ូ‌ភេនីស។ នាង​ទូល​អង្វរ​សូម​ឲ្យ​ព្រះ‌អង្គ​ដេញ​អារក្ស​ចេញ​ពី​កូន​ស្រី​របស់​នាង តែ​ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​នាង​ថា៖ «ត្រូវ​ឲ្យ​កូន​បរិ‌ភោគ​ឆ្អែត​ជា​មុន​សិន ដ្បិត​មិន​គួរ​យក​នំប៉័ង​របស់​កូន បោះ​ទៅ​ឲ្យ​ឆ្កែ​ឡើយ»។ នាង​ទូល​ឆ្លើយ​ថា៖ «មែន​ហើយ ព្រះ‌អម្ចាស់ សូម្បី​តែ​ឆ្កែ​នៅ​ក្រោម​តុ​ក៏​ស៊ី​កម្ទេច​អាហារ​ដែល​ជ្រុះ​ពី​កូន​នោះ​មក​ដែរ»។ ពេល​នោះ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​នាង​ថា៖ «ដោយ​សារ​ពាក្យ​នេះ ចូរ​នាង​ទៅ​ចុះ អារក្ស​បាន​ចេញ​ពី​កូន​ស្រី​នាង​ហើយ»។ នាង​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ ឃើញ​ក្មេង​នោះ​ដេក​នៅ​លើ​គ្រែ ដ្បិត​អារក្ស​បាន​ចេញ​បាត់​ហើយ។ បន្ទាប់​មក ព្រះ‌អង្គ​យាង​ត្រឡប់​ពី​តំបន់​ក្រុង​ទីរ៉ុស យាង​កាត់​ក្រុង​ស៊ីដូន ឆ្ពោះ​ទៅ​កាន់​សមុទ្រ​កាលី‌ឡេ ក្នុង​តំបន់​ស្រុក​ដេ​កា​ប៉ូល។ គេ​នាំ​បុរស​ថ្លង់​ម្នាក់ ដែល​និយាយ​ទាំង​ពិបាក​មក​ជួប​ព្រះ‌អង្គ ហើយ​គេ​ទូល​អង្វរ​សូម​ឲ្យ​ព្រះ‌អង្គ​ដាក់​ព្រះ‌ហស្ត​លើ​គាត់។ ព្រះ‌អង្គ​នាំ​គាត់​ចេញ​ទៅ​ដោយ​ឡែក ដាច់​ពី​បណ្តាជន ទ្រង់​ដាក់​ព្រះ​អង្គុលី​ក្នុង​ត្រចៀក​គាត់ រួច​ស្តោះ​ទឹក​ព្រះ‌ឱស្ឋ ហើយ​ពាល់​អណ្តាត​គាត់។ បន្ទាប់​មក ព្រះ‌អង្គ​ងើប​ព្រះ‌ភក្ត្រ​ទត​ទៅ​លើ​មេឃ ដក​ដង្ហើម​ធំ ហើយ​មាន​ព្រះ​បន្ទូល​ទៅ​គាត់​ថា៖ «អិបផាថា» មាន​ន័យ​ថា «ចូរ​បើក​ឡើង»។ រំពេច​នោះ​ស្រាប់​តែ​ត្រចៀក​គាត់​បើក​ឡើង អណ្តាត​គាត់​ក៏​គ្រលាស់​បាន ហើយ​គាត់​និយាយ​បាន​យ៉ាង​ច្បាស់។ ពេល​នោះ ព្រះ‌អង្គ​ហាម​គេ​មិន​ឲ្យ​ប្រាប់​អ្នក​ណា​ឡើយ ប៉ុន្តែ ព្រះ‌អង្គ​ហាម​គេ​ខ្លាំង​យ៉ាង​ណា គេ​រឹត​តែ​ប្រកាស​ពី​ហេតុ‌ការណ៍​នោះ​កាន់​តែ​ខ្លាំង​យ៉ាង​នោះ​ដែរ។ គេ​នឹក​ប្លែក​ក្នុង​ចិត្ត​ជា​ខ្លាំង​ពន់​ពេក ដោយ​ពាក្យ​ថា៖ «លោក​បាន​ធ្វើ​ការ​ទាំង​អស់​សុទ្ធ​តែ​ល្អ គឺ​លោក​បាន​ប្រោស​ទាំង​មនុស្ស​ថ្លង់​ឲ្យ​ស្តាប់​ឮ ហើយ​មនុស្ស​គ​ឲ្យ​និយាយ​បាន»។

ចែក​រំលែក
អាន ម៉ាកុស 7

ម៉ាកុស 7:14-37 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បន្ទាប់​មក ព្រះ‌យេស៊ូ​ត្រាស់​ហៅ​បណ្ដា‌ជន​មក​ម្ដង​ទៀត រួច​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចូរ​ស្ដាប់​ខ្ញុំ​ទាំង​អស់​គ្នា ហើយ​យល់​ឲ្យ​ច្បាស់​ថា អ្វីៗ​ពី​ខាង​ក្រៅ ចូល​ទៅ​ក្នុង​មនុស្ស ពុំ​អាច​ធ្វើ​ឲ្យ​មនុស្ស​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធ*​ឡើយ ផ្ទុយ​ទៅ​វិញ មាន​តែ​អ្វីៗ​ចេញ​ពី​មនុស្ស​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​មិន​បរិសុទ្ធ [អ្នក​ណា​ឮ​ពាក្យ​នេះ​ហើយ ចូរ​យក​ទៅ​ពិចារណា​ចុះ]»។ កាល​ព្រះ‌យេស៊ូ​យាង​ចេញ​ពី​បណ្ដា‌ជន ចូល​ទៅ​ក្នុង​ផ្ទះ ពួក​សិស្ស*​នាំ​គ្នា​ទូល​សួរ​ព្រះអង្គ​អំពី​ប្រស្នា​នេះ។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​ក៏​គ្មាន​ប្រាជ្ញា​ដូច​ពួក​គេ​ដែរ​ឬ? អ្នក​រាល់​គ្នា​ត្រូវ​យល់​ថា អ្វីៗ​ពី​ខាង​ក្រៅ​ចូល​ទៅ​ក្នុង​មនុស្ស ពុំ​អាច​ធ្វើ​ឲ្យ​គេ​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធ​ឡើយ ដ្បិត​អ្វីៗ​ទាំង​នោះ​មិន​ចូល​ទៅ​ក្នុង​ចិត្ត​ទេ គឺ​ចូល​ទៅ​ក្នុង​ពោះ រួច​ចេញ​មក​ធ្លាក់​ទៅ​ទី​បន្ទោរ​បង់»។ ព្រះអង្គ​បញ្ជាក់​ថា​គ្រប់​អាហារ​សុទ្ធ​តែ​បរិសុទ្ធ​ទាំង​អស់។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «មាន​តែ​អ្វីៗ​ចេញ​ពី​មនុស្ស​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​គេ​មិន​បរិសុទ្ធ ដ្បិត​គំនិត​អាក្រក់​ទាំង​ប៉ុន្មាន​សុទ្ធ​តែ​ចេញ​មក​ពី​ខាង​ក្នុង​ចិត្ត​របស់​មនុស្ស គឺ​គំនិត​ដែល​នាំ​ឲ្យ​ប្រព្រឹត្ត​កាម‌គុណ​ថោក​ទាប លួច​ប្លន់ កាប់​សម្លាប់ ផិត​ក្បត់ លោភ‌លន់​ចង់​បាន​ទ្រព្យ​គេ កាច​សាហាវ បោក​ប្រាស់​គេ ប្រព្រឹត្ត​អបាយ‌មុខ ច្រណែន‌ឈ្នានីស អំនួត និង​គំនិត‌លេលា។ ការ‌អាក្រក់​ទាំង​នេះ​ហើយ ដែល​ចេញ​ពី​ខាង​ក្នុង​មនុស្ស​មក ធ្វើ​ឲ្យ​គេ​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធ*»។ ព្រះ‌យេស៊ូ​យាង​ចាក​ចេញ​ពី​ទី​នោះ​ឆ្ពោះ​ទៅ​កាន់​តំបន់​ជិត​ក្រុង​ទីរ៉ុស។ ព្រះអង្គ​យាង​ចូល​ក្នុង​ផ្ទះ​មួយ ព្រះអង្គ​ពុំ​ចង់​ឲ្យ​នរណា​ដឹង​ថា​ព្រះអង្គ​គង់​នៅ​ទី​នោះ​ឡើយ តែ​លាក់​មិន​ជិត។ ភ្លាម​នោះ ស្ត្រី​ម្នាក់​ដែល​កូន​ស្រី​មាន​វិញ្ញាណ​អាក្រក់​ចូល បាន​ឮ​គេ​និយាយ​អំពី​ព្រះ‌យេស៊ូ នាង​មក​ក្រាប​ទៀប​ព្រះ‌បាទា​របស់​ព្រះអង្គ។ ស្ត្រី​នោះ​ជា​សាសន៍​ក្រិក​មាន​កំណើត​នៅ​ភេនីស​ក្នុង​ស្រុក​ស៊ីរី។ នាង​ទូល​សូម​ព្រះ‌យេស៊ូ​ដេញ​អារក្ស​ចេញ​ពី​កូន​នាង។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «ត្រូវ​ទុក​ឲ្យ​កូន​ចៅ​បរិ‌ភោគ​ឆ្អែត​ជា​មុន​សិន មិន​គួរ​យក​អាហារ​របស់​កូន​ចៅ​បោះ​ទៅ​ឲ្យ​កូន​ឆ្កែ​ស៊ី​ឡើយ»។ នាង​ទូល​ព្រះអង្គ​ថា៖ «ពិត​មែន​ហើយ​លោក​ម្ចាស់! ប៉ុន្តែ កូន​ឆ្កែ​នៅ​ក្រោម​តុ វា​ស៊ី​កម្ទេច​អាហារ​ដែល​កូន​ក្មេង​ធ្វើ​ឲ្យ​ជ្រុះ​នោះ​បាន»។ ពេល​នោះ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «ដោយ​នាង​និយាយ​ដូច្នេះ ចូរ​នាង​វិល​ត្រឡប់​ទៅ​វិញ​ចុះ អារក្ស​បាន​ចេញ​ពី​កូន​នាង​ហើយ»។ ពេល​ស្ត្រី​នោះ​មក​ដល់​ផ្ទះ នាង​ឃើញ​កូន​ស្រី​ដេក​នៅ​លើ​គ្រែ ដ្បិត​អារក្ស​បាន​ចេញ​ពី​ក្មេង​នោះ​ហើយ។ ព្រះ‌យេស៊ូ​យាង​ចេញ​ពី​តំបន់​ក្រុង​ទីរ៉ុស កាត់​តាម​តំបន់​ក្រុង​ស៊ីដូន និង​តំបន់​ស្រុក​ដេកា‌ប៉ូល ឆ្ពោះ​ទៅ​សមុទ្រ​កាលី‌ឡេ​វិញ។ គេ​នាំ​បុរស​ថ្លង់​ម្នាក់​មក​គាល់​ព្រះអង្គ។ ម្យ៉ាង​ទៀត បុរស​នោះ​ពុំ​អាច​និយាយ​បាន​ស្រួល​ដូច​ធម្មតា​ផង។ គេ​ទូល‌អង្វរ​សូម​ឲ្យ​ព្រះអង្គ​ដាក់​ព្រះ‌ហស្ដ​លើ​គាត់។ ព្រះអង្គ​នាំ​គាត់​ចេញ​ទៅ​ដោយ​ឡែក​ដាច់​ពី​បណ្ដា‌ជន ព្រះអង្គ​ដាក់​ព្រះអង្គុលី​ក្នុង​ត្រចៀក​គាត់ ហើយ​ស្ដោះ​ទឹក​ព្រះ‌ឱស្ឋ​យក​ទៅ​ផ្ដិត​លើ​អណ្ដាត​គាត់ រួច​ព្រះអង្គ​ងើប​ព្រះ‌ភ័ក្ត្រ​ឡើង ទត​ទៅ​លើ​មេឃ ដក​ដង្ហើម​ធំ ហើយ​មាន​ព្រះ‌បន្ទូល​ថា «អិប‌ផា‌ថា» (ប្រែ​ថា: ចូរ​បើក​ឡើង)។ រំពេច​នោះ ស្រាប់​តែ​ត្រចៀក​របស់​បុរស​នោះ​អាច​ស្ដាប់​ឮ អណ្ដាត​របស់​គាត់​ក៏​គ្រលាស់​បាន ហើយ​គាត់​ក៏​និយាយ​ស្ដី​ច្បាស់​លាស់។ ព្រះ‌យេស៊ូ​បាន​ហាម‌ប្រាម​ពួក​គេ មិន​ឲ្យ​និយាយ​ហេតុ‌ការណ៍​នេះ​ប្រាប់​នរណា​សោះ​ឡើយ។ ប៉ុន្តែ ទោះ​បី​ព្រះអង្គ​ហាម‌ប្រាម​យ៉ាង​ណា​ក៏​ដោយ គេ​រឹត​តែ​ប្រកាស​ខ្លាំង​ឡើងៗ។ មនុស្ស‌ម្នា​ងឿង‌ឆ្ងល់​ពន់‌ពេក​ណាស់ ហើយ​ពោល​ថា៖ «គ្រប់​កិច្ចការ​ដែល​លោក​ធ្វើ​សុទ្ធ​តែ​ល្អ​ទាំង​អស់ សូម្បី​តែ​មនុស្ស​ថ្លង់​ក៏​លោក​ធ្វើ​ឲ្យ​ឮ​បាន មនុស្ស​គ​ក៏​លោក​ធ្វើ​ឲ្យ​និយាយ​បាន​ដែរ»។

ចែក​រំលែក
អាន ម៉ាកុស 7

ម៉ាកុស 7:14-37 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រួច​ទ្រង់​ហៅ​ហ្វូង​មនុស្ស​ទាំង​អស់​មក​មាន​បន្ទូល​ទៅ​គេ​ថា ចូរ​អ្នក​ទាំង​អស់​គ្នា​ស្តាប់​ខ្ញុំ​សិន ហើយ​ឲ្យ​យល់​ចុះ គ្មាន​អ្វី​ពី​ខាង​ក្រៅ ចូល​ទៅ​ក្នុង​ខ្លួន​មនុស្ស ដែល​អាច​នឹង​ធ្វើ​ឲ្យ​ស្មោក‌គ្រោក​បាន​ទេ គឺ​ជា​សេចក្ដី​ដែល​ចេញ​ពី​មនុស្ស​មក​ទេ​តើ ដែល​ធ្វើ​ឲ្យ​ស្មោក‌គ្រោក​វិញ បើ​អ្នក​ណា​មាន​ត្រចៀក​សំរាប់​ស្តាប់ ឲ្យ​ស្តាប់​ចុះ។ កាល​ទ្រង់​បាន​ថយ​ពី​ហ្វូង​មនុស្ស យាង​ចូល​ទៅ​ក្នុង​ផ្ទះ​វិញ នោះ​ពួក​សិស្ស​ទូល​សួរ​ទ្រង់​ពី​ពាក្យ​ប្រៀប​ប្រដូច​នោះ ទ្រង់​មាន​បន្ទូល​ថា តើ​អ្នក​រាល់​គ្នា​នៅ​តែ​មិន​យល់​ដែរ​ឬ​អី តើ​អ្នក​រាល់​គ្នា​នឹក​មិន​ឃើញ​ទេ​ឬ​អី​ថា របស់​អ្វី​ពី​ខាង​ក្រៅ​ដែល​ចូល​ក្នុង​មនុស្ស នោះ​ពុំ​អាច​នឹង​ធ្វើ​ឲ្យ​ស្មោក‌គ្រោក​បាន​ទេ ដ្បិត​របស់​នោះ​មិន​បាន​ចូល​ទៅ​ក្នុង​ចិត្ត គឺ​ចូល​ទៅ​តែ​ក្នុង​ពោះ​ប៉ុណ្ណោះ រួច​ចេញ​ទៅ​ក្នុង​បង្គន់ ដូច្នេះ អស់​ទាំង​អាហារ​ឈ្មោះ​ថា ជា​របស់​ស្អាត​វិញ ទ្រង់​ក៏​មាន​បន្ទូល​ថា គឺ​ជា​សេចក្ដី​ដែល​ចេញ​ពី​មនុស្ស​មក​ទេ​តើ ដែល​ធ្វើ​ឲ្យ​ស្មោក‌គ្រោក​នោះ ដ្បិត​នៅ​ពី​ខាង​ក្នុង ពី​ក្នុង​ចិត្ត​របស់​មនុស្ស មាន​ចេញ​អស់​ទាំង​គំនិត​អាក្រក់​យ៉ាង​នេះ គឺ​សេចក្ដី​កំផិត សហាយ‌ស្មន់ កាប់​សំឡាប់​គេ លួច​ប្លន់ លោភោ ខិល‌ខូច ឧបាយ‌កល អាស‌អាភាស ភ្នែក​អាក្រក់ ជេរ​ប្រមាថ ឆ្មើង‌ឆ្មៃ នឹង​សេចក្ដី​ចំកួត គឺ​សេចក្ដី​អាក្រក់​ទាំង​នេះ​ហើយ ដែល​ចេញ​ពី​ខាង​ក្នុង​មក ហើយ​ធ្វើ​ឲ្យ​មនុស្ស​ស្មោក‌គ្រោក​វិញ។ ទ្រង់​ក្រោក​ឡើង​យាង​ចេញ​ពី​ទី​នោះ ទៅ​ឯ​ប្រទល់​ដែន​ស្រុក​ទីរ៉ុស នឹង​ស្រុក​ស៊ីដូន រួច​ចូល​ទៅ​ក្នុង​ផ្ទះ​១ មិន​ចង់​ឲ្យ​អ្នក​ណា​ដឹង​សោះ តែ​ទ្រង់​នៅ​កំបាំង​ពុំ​បាន ដ្បិត​មាន​ស្ត្រី​ម្នាក់​មាន​កូន​ស្រី​១ ដែល​អារក្ស‌អសោចិ៍​ចូល នាង​បាន​ឮ​និយាយ​ពី​ទ្រង់ ក៏​មក​ទំលាក់​ខ្លួន​ក្រាប​នៅ​ទៀប​ព្រះ‌បាទ​ទ្រង់ (រីឯ​ស្ត្រី​នោះ ជា​សាសន៍​ក្រេក កូន​កាត់​ស៊ីរ៉ូ-ភេនីស) នាង​ក៏​ទូល​អង្វរ​ឲ្យ​ទ្រង់​ដេញ​អារក្ស​ពី​កូន​ស្រី​នាង​ចេញ តែ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​នាង​ថា ទុក​ឲ្យ​កូន​ក្មេង​ស៊ី​ឆ្អែត​ជា​មុន​សិន ព្រោះ​មិន​គួរ​នឹង​យក​នំបុ័ង​របស់​កូន​ក្មេង​បោះ​ទៅ​ឲ្យ​ឆ្កែ​ស៊ី​ទេ នាង​ទូល​ឆ្លើយ​ថា មែន​ហើយ ព្រះ‌អម្ចាស់ ប៉ុន្តែ​ឆ្កែ​នៅ​ក្រោម​តុ​វា​ស៊ី​កំទេច​ពី​កូន​ក្មេង​ដែរ នោះ​ទ្រង់​មាន​បន្ទូល​ថា ដោយ​ព្រោះ​ពាក្យ​នោះ ចូរ​នាង​ទៅ​ចុះ អារក្ស​បាន​ចេញ​ពី​កូន​នាង​ហើយ រួច​កាល​នាង​បាន​ទៅ​ដល់​ផ្ទះ​វិញ ក៏​ឃើញ​កូន​ដេក​នៅ​លើ​គ្រែ អារក្ស​បាន​ចេញ​ស្រេច​ហើយ។ លំដាប់​ពី​នោះ​មក ទ្រង់​ចេញ​ពី​ព្រំ‌ដែន​ស្រុក​ទីរ៉ុស នឹង​ស៊ីដូន ក៏​យាង​កាត់​ស្រុក​ដេកា‌ប៉ូល មក​ដល់​សមុទ្រ​កាលី‌ឡេ​វិញ នោះ​មាន​គេ​នាំ​មនុស្ស​ថ្លង់​ម្នាក់ ដែល​និយាយ​ទាំង​ពិបាក មក​ឯ​ទ្រង់ ក៏​ទូល​អង្វរ​ឲ្យ​ទ្រង់​ដាក់​ព្រះ‌ហស្ត​លើ​គាត់ ទ្រង់​ក៏​នាំ​គាត់​ចេញ​ពី​ហ្វូង​មនុស្ស​ទៅ​ដោយ‌ឡែក យក​អង្គុលី​ព្រះ‌ហស្ត​ដាក់​ក្នុង​ត្រចៀក​គាត់ រួច​ស្តោះ​ទឹក​ព្រះ‌ឱស្ឋ ហើយ​ពាល់​អណ្តាត​គាត់ កាល​ទ្រង់​បាន​ងើប​ទត​ទៅ​លើ​មេឃ​ហើយ នោះ​ទ្រង់​ថ្ងូរ រួច​មាន​បន្ទូល​ទៅ​គាត់​ថា «អិប‌ផាថា» គឺ​ថា ឲ្យ​បើក​ឡើង ស្រាប់​តែ​ត្រចៀក​ក៏​បើក សរសៃ​អណ្តាត​បាន​ធូរ នោះ​គាត់​និយាយ​បាន​យ៉ាង​ច្បាស់ ទ្រង់​ហាម​មិន​ឲ្យ​គេ​ប្រាប់​ឲ្យ​អ្នក​ណា​ដឹង​ឡើយ ប៉ុន្តែ​ដែល​ទ្រង់​ហាម​ប៉ុណ្ណា នោះ​គេ​ចេះ​តែ​ប្រកាស​ប្រាប់​រឹត‌តែ​ច្រើន​ឡើង​ប៉ុណ្ណោះ​ទៀត គេ​នឹក​ប្លែក​ក្នុង​ចិត្ត​ជា​ខ្លាំង​ពន់‌ពេក ដោយ​ពាក្យ​ថា លោក​បាន​ធ្វើ​ការ​ទាំង​អស់​សុទ្ធ​តែ​ល្អ គឺ​បាន​ប្រោស​ទាំង​មនុស្ស​ថ្លង់​ឲ្យ​ស្តាប់​ឮ ហើយ​មនុស្ស​គ​ឲ្យ​និយាយ​បាន។

ចែក​រំលែក
អាន ម៉ាកុស 7