ម៉ាកុស 6:48-50
ម៉ាកុស 6:48-50 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអង្គទតឃើញសិស្សកំពុងតែអុំទូកយ៉ាងលំបាក ដ្បិតបញ្ច្រាសខ្យល់។ ពេលជិតភ្លឺ ព្រះអង្គយាងលើទឹកឆ្ពោះទៅរកពួកគេ ហើយធ្វើដូចជាចង់យាងបង្ហួស។ កាលពួកសិស្សឃើញព្រះអង្គយាងលើទឹកសមុទ្រដូច្នេះ គេស្មានថាខ្មោចលង ក៏នាំគ្នាស្រែក ដ្បិតគេបានឃើញព្រះអង្គគ្រប់ៗគ្នា ហើយភ័យរន្ធត់ជាខ្លាំង។ ព្រះយេស៊ូក៏មានព្រះបន្ទូលទៅគេភ្លាមថា៖ «ចូរតាំងចិត្តក្លាហានឡើង ខ្ញុំទេតើ កុំខ្លាចអី!»។
ម៉ាកុស 6:48-50 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលព្រះអង្គទតឃើញពួកសិស្សចែវទូកបញ្ច្រាសខ្យល់យ៉ាងលំបាក ព្រះអង្គក៏យាងលើទឹក ឆ្ពោះទៅរកពួកគេនៅពេលប្រហែលយាមបួនយប់។ ព្រះអង្គចង់យាងបង្ហួសពួកគេ។ ប៉ុន្តែ ពេលគេឃើញព្រះអង្គយាងលើទឹកដូច្នោះ គេស្មានថាខ្មោចលង ហើយក៏ស្រែកឡើង ដ្បិតគេឃើញព្រះអង្គគ្រប់គ្នា ហើយភ័យរន្ធត់ជាខ្លាំង។ ព្រះអង្គមានព្រះបន្ទូលទៅគេភ្លាមថា៖ «ចូរសង្ឃឹមឡើង គឺខ្ញុំទេតើ កុំភ័យអី!»
ម៉ាកុស 6:48-50 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទ្រង់ក៏ឃើញពួកសិស្សចែវទូកទាំងលំបាក ព្រោះច្រាសខ្យល់ លុះពេលប្រហែលជាយាម៤យប់ នោះទ្រង់យាងកាត់លើទឹកសមុទ្រទៅឯគេ ហើយធ្វើហាក់ដូចជាចង់យាងបង្ហួសទៅទៀត លុះកាលគេបានឃើញទ្រង់យាងលើទឹកសមុទ្រដូច្នេះ នោះគេនឹកស្មានថាជាខ្មោចលង ហើយក៏ស្រែកឡើង ដ្បិតគ្រប់គ្នាបានឃើញទ្រង់ ហើយក៏ភ័យស្លុត តែទ្រង់មានបន្ទូលទៅគេជា១រំពេចថា ចូរសង្ឃឹមឡើង គឺខ្ញុំទេតើ កុំភ័យអី