ម៉ាកុស 6:14-56

ម៉ាកុស 6:14-56 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដំណឹង​នោះ​ក៏​ឮ​ដល់​ព្រះ‌បាទ​ហេរ៉ូឌ ដ្បិត​ព្រះ‌នាម​របស់​ព្រះ‌យេស៊ូវ​បាន​ឮ​ល្បី​សុស‌សាយ។ អ្នក​ខ្លះ​និយាយ​ថា៖ «លោក​យ៉ូហាន-បាទីស្ទ​បាន​រស់​ពី​ស្លាប់​ឡើង​វិញ ហេតុ​នេះ​ហើយ​បាន​ជា​គាត់​មាន​អំណាច​ធ្វើ​ការ​អស្ចារ្យ​ដូច្នេះ»។ ប៉ុន្តែ អ្នក​ខ្លះ​និយាយ​ថា៖ «លោក​អេលី‌យ៉ា» ខ្លះ​ទៀត​ថា៖ «ជា​ហោរា ដូច​ជា​ហោរា​ឯ​ទៀតៗ​ពី​ជំនាន់​ដើម​ដែរ»។ ប៉ុន្តែ កាល​ព្រះ‌បាទ​ហេរ៉ូឌ​បាន​ឮ​ដូច្នេះ ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ «យ៉ូហាន​ដែល​យើង​បាន​កាត់​ក្បាល បាន​រស់​ពី​ស្លាប់​ឡើង​វិញ​ហើយ»។ ដ្បិត​គឺ​ព្រះ‌បាទ​ហេរ៉ូឌ​នេះ​ហើយ ដែល​បាន​បញ្ជា​ឲ្យ​គេ​ទៅ​ចាប់​ចង​លោក​យ៉ូហាន ហើយ​យក​លោក​ទៅ​ដាក់​គុក ដោយ​ព្រោះ​តែ​ព្រះ​នាង​ហេរ៉ូ‌ឌាស ជា​មហេសី​របស់​ភីលីព ជា​អនុជ ព្រោះ​ព្រះ‌បាទ​ហេរ៉ូឌ​បាន​យក​នាង​មក​ធ្វើ​ជា​មហេសី​របស់​ខ្លួន ហើយ​លោក​យ៉ូហាន​បាន​ទូល​ព្រះ‌បាទ​ហេរ៉ូឌ​ថា៖ «ព្រះ‌ករុណា​គ្មាន​ច្បាប់​នឹង​យក​មហេសី​របស់​អនុជ​ទ្រង់​ទេ»។ ឯ​ព្រះនាង​ហេរ៉ូ‌ឌាស​ក៏​ចង​គំនុំ ហើយ​ចង់​សម្លាប់​លោក តែ​ព្រះនាង​ពុំ​អាច​ធ្វើ​កើត ដ្បិត​ព្រះ‌បាទ​ហេរ៉ូឌ​ខ្លាច​លោក​យ៉ូហាន ព្រោះ​ទ្រង់​ជ្រាប​ថា លោក​ជា​មនុស្ស​សុចរិត ហើយ​បរិសុទ្ធ ដូច្នេះ ទ្រង់​ក៏​ការ‌ពារ​លោក។ កាល​ទ្រង់​បាន​ស្តាប់​លោក ទ្រង់​ក៏​មាន​ព្រះ‌ហឫ‌ទ័យ​រា‌រែក​ជា​ខ្លាំង ប៉ុន្តែ ទ្រង់​បាន​ស្តាប់​លោក​ដោយ​អំណរ។ លុះ​ឱកាស​ល្អ​មួយ​មក​ដល់ ជា​ថ្ងៃ​ចម្រើន​ព្រះ‌ជន្ម​របស់​ព្រះ‌បាទ​ហេរ៉ូឌ ទ្រង់​បាន​រៀប​ពិធី​ជប់​លៀង​ឲ្យ​ពួក​នាម៉ឺន​មន្ត្រី ពួក​មេ​ទ័ព និង​ពួក​អ្នក​មុខ​អ្នក​ការ​នៅ​ស្រុក​កាលី‌ឡេ។ ពេល​បុត្រី​របស់​ព្រះ​នាង​ហេរ៉ូ‌ឌាស​ចូល​មក​រាំ នាង​ធ្វើ​ឲ្យ​ព្រះ​បាទ​ហេរ៉ូឌ និង​ពួក​ភ្ញៀវ​ដែល​រួម​តុ​ជា​មួយ ពេញ​ចិត្ត​ជា​ខ្លាំង។ ស្ដេច​ក៏​មាន​រាជ‌ឱង្ការ​ទៅ​កាន់​នាង​ថា៖ «នាង​ចង់​បាន​អ្វី ចូរ​សូម​ពី​យើង​ចុះ យើង​នឹង​ឲ្យ​នាង»។ ស្ដេច​ស្បថ​នឹង​នាង​ថា៖ «អ្វី​ក៏​ដោយ​ដែល​នាង​សូម​ពី​យើង យើង​នឹង​ឲ្យ​នាង សូម្បី​តែ​នគរ​របស់​យើង​មួយ​ចំហៀង​ក៏​ដោយ»។ នាង​ក៏​ចេញ​ទៅ​សួរ​មាតា​ថា៖ «តើ​ខ្ញុំ​ម្ចាស់​ត្រូវ​សុំ​អ្វី?» មាតា​ឆ្លើយ​ថា៖ «ត្រូវ​សុំ​ក្បាល​របស់​យ៉ូហាន-បាទីស្ទ»។ នាង​ក៏​ប្រញាប់​ប្រញាល់​ចូល​ទៅ​គាល់​ស្តេច​ភ្លាម ហើយ​ទូល​ថា៖ «ខ្ញុំ​ម្ចាស់​ចង់​ឲ្យ​ព្រះ‌អង្គ​ប្រទាន​ក្បាល​របស់​យ៉ូហាន-បាទីស្ទ ដាក់​លើ​ថាស​ឲ្យ​ខ្ញុំ​ម្ចាស់​ឥឡូវ​នេះ!» ស្តេច​មាន​ព្រះ‌ហឫ‌ទ័យ​ព្រួយ​យ៉ាង​ខ្លាំង តែ​ដោយ​ព្រោះ​សម្បថ​របស់​ព្រះ‌អង្គ និង​ពួក​ភ្ញៀវ​ដែល​រួម​តុ​ជា​មួយ ទ្រង់​ក៏​មិន​ចង់​ប្រ‌កែក​នឹង​នាង។ ស្តេច​ក៏​ចាត់​ពេជ្ឈ‌ឃាដ​ម្នាក់​ទៅ​ភា្លម ដោយ​បញ្ជា​ឲ្យ​យក​ក្បាល​លោក​យ៉ូហាន​មក។ អ្នក​នោះ​ក៏​ចេញ​ទៅ ហើយ​កាត់​ក្បាល​លោក​នៅ​ក្នុង​គុក ដាក់​លើ​ថាស យក​មក​ប្រគល់​ឲ្យ​នាង រួច​នាង​យក​ទៅ​ថ្វាយ​មាតា។ កាល​ពួក​សិស្ស​របស់​លោក​បាន​ឮ​ដំណឹង​នេះ គេ​ក៏​នាំ​គ្នា​ចូល​មក​យក​សព​របស់​លោក ទៅ​បញ្ចុះ​ក្នុង​ផ្នូរ។ ពួក​សាវក​បាន​មក​ប្រជុំ​គ្នា​នៅ​ចំពោះ​ព្រះ‌យេស៊ូវ ហើយ​រៀប​រាប់​ទូល​ព្រះ‌អង្គ​ពី​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ដែល​គេ​បាន​ធ្វើ និង​បាន​បង្រៀន។ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ចេញ​ទៅ​កន្លែង​ស្ងាត់​ដាច់​ដោយ​ឡែក ហើយ​សម្រាក​បន្តិច​សិន»។ ដ្បិត​មាន​មនុស្ស​ជា​ច្រើន​ទៅ​មក ហើយ​គេ​រក​តែ​ពេល​បរិ‌ភោគ​ក៏​មិន​បាន។ ដូច្នេះ គេ​នាំ​គ្នា​ចុះ​ទូក​ចេញ​ទៅ​កន្លែង​មួយ​ស្ងាត់​ដាច់​ដោយ​ឡែក។ ប៉ុន្តែ មាន​មនុស្ស​ជា​ច្រើន​បាន​ឃើញ​ព្រះ‌អង្គ និង​ពួក​សិស្ស​ចេញ​ទៅ ហើយ​ដឹង​ពី​កន្លែង​ដែល​ព្រះ‌អង្គ និង​ពួក​សិស្ស​ទៅ គេ​ក៏​ប្រញាប់​ប្រញាល់​នាំ​គ្នា​រត់​ចេញ​ពី​ក្រុង​ទាំង​ប៉ុន្មាន ហើយ​ទៅ​ដល់​មុន។ កាល​ព្រះ‌យេស៊ូវ​បាន​ឡើង​ពី​ទូក​មក ឃើញ​មហាជន​ច្រើន​កុះ​ករ ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​ក្តួល​អាណិត​ដល់​គេ ព្រោះ​គេ​ដូច​ជា​ចៀម​ដែល​គ្មាន​គង្វាល ហើយ​ព្រះ‌អង្គ​ក៏​ចាប់​ផ្ដើម​បង្រៀន​គេ​ពី​សេចក្តី​ជា​ច្រើន។ លុះ​ពេល​ជ្រុល​ហើយ ពួក​សិស្ស​ចូល​មក​ទូល​ព្រះ‌អង្គ​ថា៖ «ទី​នេះ​ជា​កន្លែង​ស្ងាត់ ហើយ​ពេល​ក៏​ជ្រុល​ដែរ សូម​ព្រះ‌អង្គ​ឲ្យ​គេ​ទៅ​វិញ​ទៅ ដើម្បី​ឲ្យ​គេ​ទៅ​រក​ទិញ​អាហារ​បរិ‌ភោគ​នៅ​ស្រុក​ភូមិ​ជុំ​វិញ​នេះ​ចុះ»។ ប៉ុន្តែ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​តប​ទៅ​គេ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ឲ្យ​អាហារ​ពួក​គេ​បរិ‌ភោគ​ផង»។ គេ​ទូល​ព្រះ‌អង្គ​ថា៖ «តើ​យើង​យក​ប្រាក់​ពីរ​រយ​ដេណារី ទៅ​ទិញ​នំ​ប៉័ង​ឲ្យ​ពួក​គេ​បរិ‌ភោគ​ឬ?» ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​សួរ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​មាន​នំបុ័ង​ប៉ុន្មាន? ចូរ​ទៅ​មើល​មើល៍»។ កាល​បាន​ដឹង​ហើយ គេ​ទូល​ព្រះ‌អង្គ​ថា៖ «មាន​ប្រាំ​ដុំ និង​ត្រី​ពីរ​កន្ទុយ»។ ពេល​នោះ ព្រះ‌អង្គ​បង្គាប់​ពួក​សិស្ស​ឲ្យ​ប្រាប់​ពួក​គេ​អង្គុយ​ជា​ក្រុមៗ នៅ​លើ​ស្មៅ​ខៀវ​ខ្ចី។ ពួក​គេ​ក៏​អង្គុយ​ចុះ​ជា​ក្រុមៗ មាន​ក្រុម​ខ្លះ​មួយ​រយ​នាក់ និង​ក្រុម​ខ្លះ​ហាសិប​នាក់។ ព្រះ‌អង្គ​យក​នំបុ័ង​ប្រាំ​ដុំ និង​ត្រី​ពីរ​កន្ទុយ​នោះ​មក ងើប​ព្រះ​ភក្ត្រ​ទៅ​ស្ថាន​សួគ៌ អរ​ព្រះ​គុណ ហើយ​កាច់​នំបុ័ង​ប្រទាន​ឲ្យ​ពួក​សិស្ស ដើម្បី​ចែក​ឲ្យ​បណ្ដា​ជន ហើយ​ព្រះ‌អង្គ​ក៏​ចែក​ត្រី​ពីរ​កន្ទុយ​នោះ​ទៅ​គេ​ទាំង​អស់​គ្នា​ដែរ។ ពួក​គេ​បរិ‌ភោគ​ឆ្អែត​គ្រប់ៗ​គ្នា រួច​គេ​ប្រមូល​ចំណិត​នំបុ័ង និង​ត្រី​ទាំង​ប៉ុន្មាន​ដែល​នៅ​សល់ បាន​ពេញ​ដប់​ពីរ​កន្ត្រក។ អស់​អ្នក​ដែល​បាន​បរិ‌ភោគ​នំ​ប៉័ង​នោះ មាន​បុរស​ចំនួន​ប្រាំ​ពាន់​នាក់។ រំពេច​នោះ ព្រះ‌អង្គ​បង្ខំ​ពួក​សិស្ស​ឲ្យ​ចុះ​ទូក ឆ្លង​ទៅ​ក្រុង​បេត‌សៃដា នៅ​ត្រើយ​ម្ខាង​មុន​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ឲ្យ​បណ្ដាជន​វិល​ត្រឡប់​ទៅ​វិញ។ ក្រោយ​ពី​ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​លា​បណ្តាជន​ហើយ ព្រះ‌អង្គ​ក៏​យាង​ឡើង​ទៅ​លើ​ភ្នំ ដើម្បី​អធិស្ឋាន។ លុះ​ដល់​យប់ ទូក​បាន​ទៅ​ដល់​កណ្តាល​សមុទ្រ តែ​ព្រះ‌អង្គ​គង់​នៅ​លើ​គោក​តែ​មួយ​ព្រះ‌អង្គ​ឯង។ ពេល​ព្រះ‌អង្គ​ទត​ឃើញ​ពួក​សិស្ស​ចែវ​ទូក​បញ្ច្រាស​ខ្យល់​យ៉ាង​លំបាក ព្រះ‌អង្គ​ក៏​យាង​លើ​ទឹក ឆ្ពោះ​ទៅ​រក​ពួក​គេ​នៅ​ពេល​ប្រហែល​យាម​បួន​យប់។ ព្រះ‌អង្គ​ចង់​យាង​បង្ហួស​ពួក​គេ។ ប៉ុន្តែ ពេល​គេ​ឃើញ​ព្រះ‌អង្គ​យាង​លើ​ទឹក​ដូច្នោះ គេ​ស្មាន​ថា​ខ្មោច​លង ហើយ​ក៏​ស្រែក​ឡើង ដ្បិត​គេ​ឃើញ​ព្រះ‌អង្គ​គ្រប់​គ្នា ហើយ​ភ័យ​រន្ធត់​ជា​ខ្លាំង។ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ភ្លាម​ថា៖ «ចូរ​សង្ឃឹម​ឡើង គឺ​ខ្ញុំ​ទេ​តើ កុំ​ភ័យ​អី!» ពេល​នោះ ព្រះ‌អង្គ​យាង​ចូល​ទៅ​ក្នុង​ទូក​ជា​មួយ​ពួក​គេ ហើយ​ខ្យល់​ក៏​ស្ងប់​ឈឹង។ អ្នក​ទាំង​នោះ​នឹក​ប្លែក​ក្នុង​ចិត្ត​ជា​ពន់​ពេក ដ្បិត​គេ​មិន​បាន​យល់​អំពី​រឿង​នំបុ័ង​ទេ មក​ពី​គេ​មាន​ចិត្ត​រឹង‌រូស។ ពេល​គេ​ឆ្លង​ដល់​ត្រើយ​ម្ខាង មក​ដល់​ស្រុក​គេនេ‌សារ៉ែត គេ​ក៏​ចត​ទូក​នៅ​ទី​នោះ។ ពេល​គេ​ចេញ​ពី​ទូក ប្រជា‌ជន​ក៏​ស្គាល់​ព្រះ‌អង្គ​ភ្លាម ហើយ​រត់​ទៅ​គ្រប់​កន្លែង​ក្នុង​តំបន់​នោះ​ទាំង​មូល រួច​ចាប់​ផ្ដើម​នាំ​អ្នក​ជំងឺ​ដេក​លើកន្ទេល មក​កាន់​កន្លែង​ដែល​គេ​ឮ​ថា​ព្រះ‌អង្គ​គង់​នៅ។ កន្លែង​ណា​ដែល​ព្រះ‌អង្គ​យាង​ទៅ ទោះ​នៅ​ក្នុង​ភូមិ ក្នុង​ទី​ក្រុង ឬ​ស្រុក​ស្រែ​ក្តី គេ​ដាក់​អ្នក​ជំងឺ​នៅ​ទី​ប្រជុំ​ជន រួច​ទូល​អង្វរ​ព្រះ‌អង្គ​សុំ​ឲ្យ​គេ​បាន​គ្រាន់​តែ​ពាល់​ជាយ​ព្រះ‌ពស្ត្រ​ព្រះ‌អង្គ​ប៉ុណ្ណោះ។ អស់​អ្នក​ដែល​បាន​ពាល់​ព្រះ‌អង្គ បាន​ជា​សះ​ស្បើយ​គ្រប់​គ្នា ។

ចែក​រំលែក
អាន ម៉ាកុស 6

ម៉ាកុស 6:14-56 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌បាទ​ហេរ៉ូដ​បាន​ជ្រាប​អំពី​ហេតុ‌ការណ៍​ទាំង​អស់​នោះ ដ្បិត​ព្រះ‌កិត្តិនាម​របស់​ព្រះ‌យេស៊ូ​បាន​ល្បី​ឮ​ខ្ចរ‌ខ្ចាយ។ មាន​គេ​និយាយ​ថា៖ «លោក​យ៉ូហាន‌បាទីស្ដ​បាន​រស់​ឡើង​វិញ។ ហេតុ​នេះ​ហើយ​បាន​ជា​លោក​មាន​អំណាច​នឹង​ធ្វើ​ការ​អស្ចារ្យ​យ៉ាង​នេះ»។ អ្នក​ខ្លះ​ថា៖ «លោក​ជា​ព្យាការី​អេលីយ៉ា» ហើយ​ខ្លះ​ទៀត​ថា៖ «លោក​ជា​ព្យាការី*​ម្នាក់​ដូច​ព្យាការី​ឯ​ទៀតៗ​ពី​ជំនាន់​ដើម​ដែរ»។ រីឯ​ព្រះ‌បាទ​ហេរ៉ូដ​វិញ កាល​បាន​ជ្រាប​ដំណឹង​នេះ ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «អ្នក​នេះ​ពិត​ជា​លោក​យ៉ូហាន ដែល​យើង​បាន​ឲ្យ​គេ​កាត់​ក​មែន ឥឡូវ​នេះ គាត់​រស់​ឡើង​វិញ»។ ព្រះ‌បាទ​ហេរ៉ូដ​បាន​បញ្ជា​ឲ្យ​គេ​ចាប់​លោក​យ៉ូហាន​ដាក់​ច្រវាក់​យក​ទៅ​ឃុំ‌ឃាំង ដោយ​ស្ដេច​ជឿ​តាម​ព្រះ‌នាង​ហេរ៉ូ‌ឌាស ដែល​ត្រូវ​ជា​មហេសី​របស់​ស្ដេច​ភីលីព ជា​អនុជ ហើយ​ព្រះអង្គ​យក​មក​ធ្វើ​ជា​មហេសី។ លោក​យ៉ូហាន​បាន​បន្ទោស​ស្ដេច​ហេរ៉ូដ​ថា៖ «ព្រះ‌ករុណា​គ្មាន​សិទ្ធិ​នឹង​យក​មហេសី​របស់​អនុជ​មក​ធ្វើ​ជា​មហេសី​ទេ»។ ព្រះ‌នាង​ហេរ៉ូ‌ឌាស​ចង​គំនុំ ប៉ង​សម្លាប់​លោក​យ៉ូហាន តែ​រក​សម្លាប់​ពុំ​កើត ដ្បិត​ព្រះ‌បាទ​ហេរ៉ូដ​ខ្លាច​លោក​យ៉ូហាន ព្រោះ​ស្ដេច​ជ្រាប​ថា លោក​ជា​មនុស្ស​សុចរិត* និង​ជា​អ្នក​ដ៏វិសុទ្ធ*។ ដូច្នេះ ស្ដេច​ការពារ​លោក។ កាល​ស្ដេច​ព្រះ‌សណ្ដាប់​ពាក្យ​លោក​យ៉ូហាន ស្ដេច​សព្វ​ព្រះ‌ហឫទ័យ​ជា​ខ្លាំង តែ​ស្ដេច​រារែក​មិន​ដឹង​ជា​ត្រូវ​គិត​យ៉ាង​ណា។ មាន​ថ្ងៃ​មួយ ក្នុង​ឱកាស​បុណ្យ​ចម្រើន​ព្រះ‌ជន្ម​របស់​ព្រះ‌បាទ​ហេរ៉ូដ ស្ដេច​បាន​រៀបចំ​ពិធី​ជប់‌លៀង ដោយ​អញ្ជើញ​អស់​លោក​មន្ត្រី មេ‌ទ័ព និង​នាម៉ឺន​ធំៗ ក្នុង​ស្រុក​កាលី‌ឡេ​មក​ចូល​រួម។ ពេល​នោះ ជា​ឱកាស​ល្អ​ដល់​ព្រះ‌នាង​ហេរ៉ូ‌ឌាស។ បុត្រី​របស់​ព្រះ‌នាង​ក៏​ចូល​មក​រាំ ធ្វើ​ឲ្យ​ស្ដេច​ហេរ៉ូដ និង​ភ្ញៀវ​ទាំង​អស់​ពេញ​ចិត្ត​ណាស់។ ស្ដេច​ក៏​មាន​រាជ‌ឱង្ការ​ទៅ​កាន់​នាង​ថា៖ «បើ​នាង​ចង់​បាន​អ្វី ចូរ​សុំ​ពី​យើង​ចុះ យើង​នឹង​ឲ្យ​នាង»។ បន្ទាប់មក ស្ដេច​ស្បថ​នឹង​នាង​ថា៖ «អ្វីៗ​ដែល​នាង​សុំ​ពី​យើង យើង​នឹង​ឲ្យ​នាង ទោះ​បី​នគរ​មួយ​ចំហៀង​ក៏​ដោយ»។ នាង​ក៏​ចេញ​ទៅ​សួរ​មាតា​ថា៖ «តើ​ខ្ញុំ​ម្ចាស់​ត្រូវ​សុំ​អ្វី?»។ មាតា​ឆ្លើយ​ថា៖ «ត្រូវ​សុំ​ក្បាល​របស់​យ៉ូហាន‌បាទីស្ដ!»។ នាង​ក៏​ប្រញាប់​ត្រឡប់​ទៅ​គាល់​ស្ដេច​វិញ​ភ្លាម រួច​ទូល​ថា៖ «ខ្ញុំ​ម្ចាស់​ចង់​បាន​ក្បាល​របស់​យ៉ូហាន‌បាទីស្ដ​ដាក់​លើ​ថាស​ឥឡូវ​នេះ!»។ ស្ដេច​ព្រួយ​ព្រះ‌ហឫទ័យ​ក្រៃ‌លែង តែ​មិន​ហ៊ាន​បដិសេធ​ឡើយ ព្រោះ​ព្រះអង្គ​បាន​ស្បថ​នៅ​មុខ​ភ្ញៀវ​ទាំង​អស់​គ្នា។ ស្ដេច​បញ្ជា​ទាហាន​ម្នាក់​ឲ្យ​ទៅ​យក​ក្បាល​លោក​យ៉ូហាន​មក​ភ្លាម។ ទាហាន​ទៅ​គុក​កាត់ ក​លោក​យ៉ូហាន យក​ក្បាល​ដាក់​លើ​ថាស​មួយ មក​ប្រគល់​ឲ្យ​នាង ហើយ​នាង​យក​ទៅ​ថ្វាយ​មាតា។ កាល​ពួក​សិស្ស​របស់​លោក​យ៉ូហាន​បាន​ឮ​ដំណឹង​នេះ គេ​នាំ​គ្នា​មក​យក​សព​របស់​លោក​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ។ ពួក​សាវ័ក*​វិល​ត្រឡប់​មក​គាល់​ព្រះ‌យេស៊ូ​វិញ រៀប​រាប់​ទូល​ព្រះអង្គ​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​គេ​បាន​ធ្វើ និង​សេចក្ដី​ទាំង​អស់​ដែល​គេ​បាន​បង្រៀន។ មនុស្ស​ជា​ច្រើន​ធ្វើ​ដំណើរ​ទៅ​មក ធ្វើ​ឲ្យ​ព្រះ‌យេស៊ូ និង​ពួក​សិស្ស* រក​ពេល​បរិ‌ភោគ​ពុំ​បាន​សោះ។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ពួក​សិស្ស​ថា៖ «ចូរ​នាំ​គ្នា​មក​រក​កន្លែង​ស្ងាត់​ដាច់​ឡែក​ពី​បណ្ដា‌ជន សម្រាក​បន្តិច​សិន»។ ព្រះ‌យេស៊ូ​ក៏​យាង​ចុះ​ទូក​ជា​មួយ​ពួក​សិស្ស ឆ្ពោះ​ទៅ​កាន់​កន្លែង​មួយ​ស្ងាត់​ដាច់​ឡែក។ ប៉ុន្តែ មាន​មនុស្ស​ជា​ច្រើន​បាន​ឃើញ​ព្រះ‌យេស៊ូ និង​ពួក​សិស្ស​ចេញ​ដំណើរ​ទៅ គេ​ក៏​ស្គាល់​ព្រះអង្គ និង​សិស្ស ហើយ​នាំ​គ្នា​រត់​ចេញ​ពី​ទីក្រុង​នានា​ទៅ​មុន។ កាល​ព្រះ‌យេស៊ូ​យាង​ឡើង​ពី​ទូក​មក ទត​ឃើញ​មហា‌ជន​ច្រើន​យ៉ាង​នេះ ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​អាណិត​អាសូរ​គេ​ពន់​ពេក​ណាស់ ព្រោះ​អ្នក​ទាំង​នោះ​ប្រៀប‌បី​ដូច​ជា​ចៀម ដែល​គ្មាន​គង្វាល​ថែ​ទាំ។ ព្រះអង្គ​ក៏​បង្រៀន​គេ​អំពី​សេចក្ដី​ផ្សេងៗ​ជា​ច្រើន។ ពេល​នោះ ថ្ងៃ​កាន់​តែ​ជ្រេ​ណាស់​ហើយ សិស្ស​នាំ​គ្នា​ចូល​មក​គាល់​ព្រះ‌យេស៊ូ ទូល​ព្រះអង្គ​ថា៖ «ទី​នេះ​ស្ងាត់​ណាស់ ថ្ងៃ​ក៏​ជិត​លិច​ផង សូម​ប្រាប់​អ្នក​ទាំង​នេះ​ឲ្យ​ត្រឡប់​ទៅ​វិញ ទៅ​រក​ទិញ​ម្ហូប​អាហារ​បរិ‌ភោគ​តាម​ផ្ទះ តាម​ភូមិ​ជិតៗ​នេះ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​វិញ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​យក​ម្ហូប​អាហារ​ឲ្យ​គេ​បរិ‌ភោគ​ទៅ!»។ គេ​ទូល​ព្រះអង្គ​ថា៖ «តើ​យើង​ត្រូវ​យក​ប្រាក់​ពីរ​រយ​ដួង* ទៅ​ទិញ​ម្ហូប​អាហារ​ឲ្យ​គេ​បរិ‌ភោគ​ឬ?»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​សួរ​គេ​ថា៖ «ទៅ​មើល​មើល៍ អ្នក​រាល់​គ្នា​មាន​នំប៉័ង​ប៉ុន្មាន​ដុំ?»។ កាល​បាន​ដឹង​ហើយ គេ​ទូល​ព្រះអង្គ​ថា៖ «យើង​ខ្ញុំ​មាន​នំប៉័ង​ប្រាំ​ដុំ និង​ត្រី‌ងៀត​ពីរ​កន្ទុយ»។ ព្រះ‌យេស៊ូ​បង្គាប់​ពួក​សិស្ស​ឲ្យ​ប្រាប់​បណ្ដា‌ជន អង្គុយ​ជា​ក្រុមៗ នៅ​លើ​ស្មៅ​ខៀវ​ខ្ចី។ គេ​អង្គុយ​ជា​ជួរ ជួរ​ខ្លះ​មាន​មួយ​រយ​នាក់ ជួរ​ខ្លះ​មាន​ហា‌សិប​នាក់។ ព្រះ‌យេស៊ូ​យក​នំប៉័ង​ទាំង​ប្រាំ​ដុំ និង​ត្រី​ពីរ​កន្ទុយ​នោះ​មក​កាន់ ព្រះអង្គ​ងើប​ព្រះ‌ភ័ក្ត្រ​ឡើង សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់ ហើយ​កាច់​នំប៉័ង​ប្រទាន​ឲ្យ​ពួក​សិស្ស ដើម្បី​ឲ្យ​គេ​ចែក​បណ្ដា‌ជន​បរិ‌ភោគ ព្រះអង្គ​ក៏​ចែក​ត្រី​ពីរ​កន្ទុយ​នោះ​ឲ្យ​គេ​ទាំង​អស់​គ្នា​ដែរ។ អ្នក​ទាំង​នោះ​បរិ‌ភោគ​ឆ្អែត​គ្រប់ៗ​គ្នា។ ពួក​សិស្ស*​ប្រមូល​នំប៉័ង និង​ត្រី​ដែល​នៅ​សល់ ដាក់​បាន​ពេញ​ដប់‌ពីរ​ល្អី។ ក្នុង​ចំណោម​អ្នក​ដែល​បរិ‌ភោគ​នំប៉័ង មាន​ប្រុសៗ​ចំនួន​ប្រាំ​ពាន់​នាក់។ រំពេច​នោះ ព្រះ‌យេស៊ូ​បញ្ជា​ពួក​សិស្ស*​ឲ្យ​ចុះ​ទូក​ឆ្លង​ទៅ​ត្រើយ​ម្ខាង ឆ្ពោះ​ទៅ​ភូមិ​បេតសៃ‌ដា​មុន​ព្រះអង្គ ហើយ​ព្រះអង្គ​ប្រាប់​បណ្ដា‌ជន​ឲ្យ​ត្រឡប់​ទៅ​វិញ។ កាល​ឲ្យ​បណ្ដា‌ជន​ចេញ​ផុត​អស់​ហើយ ព្រះ‌យេស៊ូ​យាង​ទៅ​អធិស្ឋាន​នៅ​លើ​ភ្នំ។ លុះ​ដល់​យប់ ទូក​បាន​ទៅ​ដល់​កណ្ដាល​សមុទ្រ រីឯ​ព្រះ‌យេស៊ូ​វិញ ព្រះអង្គ​គង់​នៅ​លើ​គោក​តែ​មួយ​ព្រះអង្គ​ឯង។ ព្រះអង្គ​ទត​ឃើញ​សិស្ស​កំពុង​តែ​អុំ​ទូក​យ៉ាង​លំបាក ដ្បិត​បញ្ច្រាស​ខ្យល់។ ពេល​ជិត​ភ្លឺ ព្រះអង្គ​យាង​លើ​ទឹក​ឆ្ពោះ​ទៅ​រក​ពួក​គេ ហើយ​ធ្វើ​ដូច​ជា​ចង់​យាង​បង្ហួស។ កាល​ពួក​សិស្ស​ឃើញ​ព្រះអង្គ​យាង​លើ​ទឹក​សមុទ្រ​ដូច្នេះ គេ​ស្មាន​ថា​ខ្មោច​លង ក៏​នាំ​គ្នា​ស្រែក ដ្បិត​គេ​បាន​ឃើញ​ព្រះអង្គ​គ្រប់ៗ​គ្នា ហើយ​ភ័យ​រន្ធត់​ជា​ខ្លាំង។ ព្រះ‌យេស៊ូ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ភ្លាម​ថា៖ «ចូរ​តាំង​ចិត្ត​ក្លា‌ហាន​ឡើង ខ្ញុំ​ទេ​តើ កុំ​ខ្លាច​អី!»។ បន្ទាប់​មក ព្រះអង្គ​យាង​ចូល​ក្នុង​ទូក​ជា​មួយ​គេ ហើយ​ខ្យល់​ក៏​ស្ងប់។ ពួក​សិស្ស​ងឿង‌ឆ្ងល់​ពន់‌ពេក​ណាស់ ដ្បិត​គេ​ពុំ​ទាន់​បាន​យល់​អំពី​រឿង​នំប៉័ង មក​ពី​គេ​មាន​ចិត្ត​រឹង‌រូស។ កាល​ព្រះ‌យេស៊ូ និង​ពួក​សិស្ស*​បាន​ឆ្លង​ទៅ​ដល់​ត្រើយ​ម្ខាង​ក្នុង​ស្រុក​គេនេ‌សារ៉ែត​ហើយ គេ​ក៏​នាំ​គ្នា​ចត​ទូក។ ព្រះអង្គ​យាង​ឡើង​លើ​គោក​ជា​មួយ​សិស្ស* ពេល​នោះ មនុស្ស‌ម្នា​ស្គាល់​ព្រះអង្គ​ភ្លាម។ គេ​រត់​ទៅ​គ្រប់​កន្លែង​ក្នុង​តំបន់ ហើយ​នាំ​គ្នា​សែង​អ្នក​ជំងឺ​ទៅ​កន្លែង ដែល​គេ​ឮ​ថា​ព្រះអង្គ​គង់​នៅ។ គ្រប់​កន្លែង​ដែល​ព្រះ‌យេស៊ូ​យាង​ទៅ ទោះ​បី​នៅ​ក្នុង​ភូមិ​ក្នុង​ក្រុង ឬ​តាម​ស្រុក​ស្រែ​ក្ដី គេ​យក​អ្នក​ជំងឺ​មក​ដាក់​នៅ​តាម​ទី‌ផ្សារ ទូល‌អង្វរ​សុំ​គ្រាន់​តែ​ពាល់​ជាយ​ព្រះ‌ពស្ដ្រ​ព្រះអង្គ​ប៉ុណ្ណោះ អស់​អ្នក​ដែល​ពាល់​ព្រះអង្គ បាន​ជា​សះ‌ស្បើយ គ្រប់ៗ​គ្នា។

ចែក​រំលែក
អាន ម៉ាកុស 6

ម៉ាកុស 6:14-56 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដំណឹង​នោះ​ក៏​ឮ​ដល់​ស្តេច​ហេរ៉ូឌ ដ្បិត​ព្រះ‌នាម​ទ្រង់​កាន់​តែ​ល្បី​សុស‌សាយ​ទៅ ហើយ​ស្តេច​មាន​បន្ទូល​ថា ច្បាស់​ជា​យ៉ូហាន-បាទីស្ទ បាន​រស់​ពី​ស្លាប់​ឡើង​វិញ​ហើយ បាន​ជា​មាន​ការ​ឫទ្ធិ‌បារមី​សំដែង​មក ដោយ‌សារ​គាត់​ដូច្នេះ តែ​អ្នក​ខ្លះ​ថា​ជា​អេលីយ៉ា ខ្លះ​ទៀត​ថា​ជា​ហោរា ឬ​ដូច​ជា​ហោរា​ណា​មួយ ប៉ុន្តែ​កាល​ស្តេច​ហេរ៉ូឌ​បាន​ឮ នោះ​ទ្រង់​មាន​បន្ទូល​ថា នោះ​គឺ​ជា​យ៉ូហាន​ដែល​យើង​បាន​កាត់​ក្បាល​ទេ គាត់​បាន​រស់​ពី​ស្លាប់​ឡើង​វិញ​ហើយ ដ្បិត​គឺ​ស្តេច​ហេរ៉ូឌ​នេះ​ឯង ដែល​បាន​ប្រើ​គេ​ទៅ​ចាប់​ចង​លោក​យ៉ូហាន​ដាក់​គុក ដោយ​ព្រោះ​ហេរ៉ូ‌ឌាស ជា​ភរិយា​របស់​ភីលីព អនុជ​ទ្រង់ ព្រោះ​ស្តេច​បាន​យក​នាង​នោះ​មក​ធ្វើ​ជា​ភរិយា​របស់​ខ្លួន​វិញ ហើយ​លោក​យ៉ូហាន​បាន​ទូល​ទាស់​ថា ទ្រង់​គ្មាន​ច្បាប់​នឹង​យក​ភរិយា​របស់​អនុជ​ទ្រង់​ទេ ឯ​នាង​ហេរ៉ូ‌ឌាស ក៏​ចង​គំនុំ​ចង់​សំឡាប់​លោក តែ​មិន​បាន​ឱកាស​សោះ ព្រោះ​ស្តេច​ហេរ៉ូឌ​កោត‌ខ្លាច​លោក​យ៉ូហាន ដោយ​ជ្រាប​ថា លោក​ជា​មនុស្ស​សុចរិត ហើយ​បរិសុទ្ធ ទ្រង់​ក៏​ការ‌ពារ​ទុក​វិញ កាល​ទ្រង់​បាន​ស្តាប់​លោក នោះ​ក៏​មាន​ព្រះ‌ទ័យ​រា‌រែក​ជា​ខ្លាំង ប៉ុន្តែ​បាន​ស្តាប់​លោក​ដោយ​អំណរ លុះ​ថ្ងៃ​១​ជា​ថ្ងៃ​មាន​ឱកាស​ស្រួល គឺ​ថ្ងៃ​ចំរើន​ព្រះ‌ជន្ម​ស្តេច​ហេរ៉ូឌ កាល​ទ្រង់​រៀប​ជប់‌លៀង​ពួក​មន្ត្រី ពួក​មេ​ទ័ព​ធំ នឹង​ពួក​អ្នក​មុខ​អ្នក​ការ​នៅ​ស្រុក​កាលី‌ឡេ នោះ​កូន​ស្រី​របស់​ហេរ៉ូ‌ឌាស​បាន​ចូល​មក​រាំ ជា​ទី​នាំ​ឲ្យ​គាប់​ព្រះ‌ទ័យ​ដល់​ស្តេច​ហេរ៉ូឌ នឹង​ពួក​ភ្ញៀវ​ណាស់ ទ្រង់​ក៏​មាន​បន្ទូល​ថា របស់​អ្វី​ដែល​នាង​ចង់​បាន ចូរ​សូម​ពី​យើង​ចុះ យើង​នឹង​ឲ្យ ទ្រង់​ក៏​ស្បថ​នឹង​នាង​ទៀត​ថា របស់​អ្វី​ក៏​ដោយ​ដែល​នាង​សូម នោះ​យើង​នឹង​ឲ្យ​ដោយ​ពិត ទោះ​បើ​ដល់​នគរ​១​ចំហៀង​ផង នាង​ក៏​ចេញ​ទៅ​សួរ​មាតា​ថា តើ​ត្រូវ​ឲ្យ​ខ្ញុំ​ម្ចាស់​សូម​អ្វី មាតា​ឆ្លើយ​ថា ឲ្យ​សូម​ក្បាល​យ៉ូហាន-បាទីស្ទ​វិញ រួច​នាង​ក៏​ប្រញាប់‌ប្រញាល់​ចូល​ទៅ​ឯ​ស្តេច​ភ្លាម ទូល​ថា ខ្ញុំ​ម្ចាស់​ចង់​បាន​ក្បាល​យ៉ូហាន-បាទីស្ទ ដាក់​លើ​ថាស​មក​ឥឡូវ​នេះ ពាក្យ​នោះ​ជា​ហេតុ​នាំ​ឲ្យ​ស្តេច​មាន​ព្រះ‌ទ័យ​ព្រួយ​ខ្លាំង​ណាស់ តែ​ដោយ​ព្រោះ​សម្បថ​របស់​ទ្រង់ ហើយ​នឹង​ពួក​ភ្ញៀវ បាន​ជា​ទ្រង់​មិន​ប្រកែក​ឡើយ ទ្រង់​ចាត់​ពេជ្ឃ‌ឃាត​ម្នាក់​ទៅ​ភ្លាម ដោយ​បង្គាប់​ឲ្យ​ទៅ​យក​ក្បាល​លោក​មក អ្នក​នោះ​ក៏​ទៅ​កាត់​ក្បាល​លោក​នៅ​ក្នុង​គុក ដាក់​លើ​ថាស​មក​ជូន​នាង នាង​ក៏​ថ្វាយ​ដល់​មាតា កាល​ពួក​សិស្ស​របស់​លោក​បាន​ឮ នោះ​គេ​មក​យក​សព​លោក​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​ទៅ។ ឯ​ពួក​សាវក ក៏​ប្រជុំ​គ្នា​ឯ​ព្រះ‌យេស៊ូវ រ៉ាយ​រឿង​ទូល​ទ្រង់​ពី​ការ​ដែល​ខ្លួន​បាន​ធ្វើ​ទាំង​ប៉ុន្មាន ហើយ​ពី​សេចក្ដី​ដែល​បាន​បង្រៀន​ដែរ រួច​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា ចូរ​អ្នក​រាល់​គ្នា​មក​ឯ​ទី​ស្ងាត់​ដោយ‌ឡែក នឹង​ឈប់​សំរាក​បន្តិច​សិន ពី​ព្រោះ​មាន​គេ​ដើរ​ទៅ​ដើរ​មក​ច្រើន​ណាស់ ដល់​ម៉្លេះ​បាន​ជា​រក​ពេល​គ្រាន់​តែ​បរិភោគ​ក៏​មិន​បាន​ផង នោះ​ក៏​នាំ​គ្នា​ចុះ​ទូក​ចេញ​ទៅ​ឯ​ទី​ស្ងាត់​ដោយ‌ឡែក​ទៅ ឯ​ហ្វូង​មនុស្ស​គេ​ឃើញ​ទ្រង់​ចេញ​ទៅ ហើយ​មាន​គ្នា​ច្រើន​បាន​ស្គាល់​ទ្រង់ បាន​ជា​មាន​មនុស្ស​ពី​គ្រប់​ក្រុង​ទាំង​ប៉ុន្មាន នាំ​គ្នា​រត់​ទៅ​មុន ប្រជុំ​គ្នា​ឯ​ទ្រង់។ កាល​ព្រះ‌យេស៊ូវ​បាន​ឡើង​ពី​ទូក​មក នោះ​ទ្រង់​ឃើញ​ហ្វូង​មនុស្ស​ជា​ធំ ក៏​មាន​ព្រះ‌ហឫទ័យ​ក្តួល​អាណិត​ដល់​គេ ពី​ព្រោះ​គេ​ធៀប​ដូច​ជា​ចៀម​ដែល​គ្មាន​អ្នក​គង្វាល រួច​ទ្រង់​ចាប់​តាំង​បង្រៀន​គេ​ពី​សេចក្ដី​ជា​ច្រើន លុះ​ពេល​ជ្រុល​ហើយ នោះ​ពួក​សិស្ស​មក​ទូល​ទ្រង់​ថា ទី​នេះ​ជា​ទី​ស្ងាត់ ហើយ​ពេល​ក៏​ជ្រុល​ផង សូម​ទ្រង់​ឲ្យ​គេ​ទៅ​រក​ទិញ​អាហារ​នៅ​ស្រុក​ស្រែ ហើយ​ក្នុង​ភូមិ​នៅ​ជុំ‌វិញ​ចុះ ដ្បិត​គេ​គ្មាន​អ្វី​បរិភោគ​សោះ តែ​ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា ចូរ​អ្នក​រាល់​គ្នា​ឲ្យ​គេ​បរិភោគ​ទៅ ប៉ុន្តែ​ពួក​សិស្ស​ទូល​ថា តើ​ឲ្យ​យើង​រាល់​គ្នា​ទៅ​ទិញ​នំបុ័ង​ចំនួន​៤០​រៀល ឲ្យ​គេ​បរិភោគ​ឬ​អី ទ្រង់​មាន​បន្ទូល​សួរ​ថា តើ​អ្នក​រាល់​គ្នា​មាន​នំបុ័ង​ប៉ុន្មាន ចូរ​ទៅ​មើល​សិន កាល​បាន​ដឹង​ហើយ ក៏​ទូល​ឆ្លើយ​ថា មាន​៥​ដុំ​នឹង​ត្រី​២​ទេ នោះ​ទ្រង់​បង្គាប់​ឲ្យ​ពួក​សិស្ស​ប្រាប់​គេ ឲ្យ​អង្គុយ​លើ​ស្មៅ​ខ្ចី​ដោយ​ពួកៗ គេ​ក៏​អង្គុយ​ដោយ​ជួរ ក្នុង​១​ជួរ​៥០​នាក់ ទាំង​អស់​មាន​១០០​ជួរ រួច​ទ្រង់​យក​នំបុ័ង​៥ នឹង​ត្រី​២​នោះ ងើប​ទត​ទៅ​លើ​មេឃ​ប្រទាន​ពរ ហើយ​កាច់​នំបុ័ង​ប្រទាន​ដល់​ពួក​សិស្ស ឲ្យ​លើក​ទៅ​ឲ្យ​គេ ក៏​បែង​ភាគ​ត្រី​២​នោះ ចែក​ទៅ​មនុស្ស​ទាំង​អស់​ដែរ គេ​បាន​បរិភោគ​ឆ្អែត​គ្រប់​គ្នា រួច​ប្រមូល​ចំណិត​នំបុ័ង នឹង​ត្រី​ទាំង​ប៉ុន្មាន ដែល​សល់​នៅ បាន​១២​កន្ត្រក ឯ​ពួក​អ្នក​ដែល​បាន​បរិភោគ នោះ​មាន​ប្រុសៗ​៥​ពាន់​នាក់។ ស្រាប់​តែ​ទ្រង់​បង្ខំ​ពួក​សិស្ស ឲ្យ​ចុះ​ទូក​ឆ្លង​ទៅ​ឯ​បេត‌សៃដា នៅ​ត្រើយ​ម្ខាង​ជា​មុន ដរាប​ដល់​ទ្រង់​ឲ្យ​ហ្វូង​មនុស្ស​ទៅ​វិញ​អស់ កាល​ទ្រង់​បាន​ឲ្យ​គេ​ទៅ​អស់​ហើយ នោះ​ក៏​យាង​ឡើង​ទៅ​លើ​ភ្នំ ដើម្បី​នឹង​អធិស្ឋាន លុះ​ពេល​ព្រលប់ នោះ​ទូក​នៅ​កណ្តាល​សមុទ្រ តែ​ទ្រង់​គង់​នៅ​លើ​គោក​តែ​១​ព្រះ‌អង្គ​ទ្រង់ ទ្រង់​ក៏​ឃើញ​ពួក​សិស្ស​ចែវ​ទូក​ទាំង​លំបាក ព្រោះ​ច្រាស​ខ្យល់ លុះ​ពេល​ប្រហែល​ជា​យាម​៤​យប់ នោះ​ទ្រង់​យាង​កាត់​លើ​ទឹក​សមុទ្រ​ទៅ​ឯ​គេ ហើយ​ធ្វើ​ហាក់​ដូច​ជា​ចង់​យាង​បង្ហួស​ទៅ​ទៀត លុះ​កាល​គេ​បាន​ឃើញ​ទ្រង់​យាង​លើ​ទឹក​សមុទ្រ​ដូច្នេះ នោះ​គេ​នឹក​ស្មាន​ថា​ជា​ខ្មោច​លង ហើយ​ក៏​ស្រែក​ឡើង ដ្បិត​គ្រប់​គ្នា​បាន​ឃើញ​ទ្រង់ ហើយ​ក៏​ភ័យ​ស្លុត តែ​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ជា​១​រំពេច​ថា ចូរ​សង្ឃឹម​ឡើង គឺ​ខ្ញុំ​ទេ​តើ កុំ​ភ័យ​អី នោះ​ទ្រង់​យាង​ឡើង​ទៅ​ឯ​គេ​នៅ​ក្នុង​ទូក រួច​ខ្យល់​ក៏​ស្ងប់​ឈឹង អ្នក​ទាំង​នោះ​មាន​សេចក្ដី​អស្ចារ្យ​ជា​ខ្លាំង​ពន់‌ពេក ព្រម​ទាំង​វិល‌វល់​ក្នុង​ចិត្ត គេ​មិន​បាន​យល់​ដោយ‌សារ​ការ​ដែល​បាន​ចំរើន​នំបុ័ង​ទេ ដ្បិត​គេ​មាន​ចិត្ត​រឹង‌រូស។ លុះ​បាន​ឆ្លង​ទៅ​ដល់​ស្រុក​គេនេ‌សារ៉ែត ត្រើយ​ខាង​នាយ​ហើយ នោះ​ក៏​ឈប់​ចត​ទូក កាល​បាន​ឡើង​ពី​ទូក នោះ​មនុស្ស​ទាំង‌ឡាយ​បាន​ស្គាល់​ទ្រង់​ជា​១​រំពេច ហើយ​រត់​ទៅ​គ្រប់​ក្នុង​ស្រុក​ជុំ‌វិញ តាំង​សែង​មនុស្ស​ជំងឺ​ដេក​លើ​ពូក​មក​ឯ​ទ្រង់ នៅ​កន្លែង​ត្រង់​ណា​ដែល​គេ​ឮ​ថា​ទ្រង់​គង់​នៅ ហើយ​កន្លែង​ណា​ក៏​ដោយ ដែល​ទ្រង់​យាង​ចូល ទោះ​ក្នុង​ភូមិ ក្នុង​ទី​ក្រុង ឬ​ស្រុក​ស្រែ​ក្តី គេ​ក៏​បាន​ដាក់​មនុស្ស​ជំងឺ​ទាំង​ប៉ុន្មាន​នៅ​ទី​ផ្សារ រួច​ទូល​អង្វរ​ទ្រង់​ឲ្យ​គេ​បាន​គ្រាន់​តែ​ពាល់​ជាយ​ព្រះ‌ពស្ត្រ​របស់​ទ្រង់​តែ​ប៉ុណ្ណោះ ហើយ​អស់​អ្នក​ណា​ដែល​បាន​ពាល់​ទ្រង់ នោះ​ក៏​បាន​ជា​ទាំង​អស់​គ្នា។

ចែក​រំលែក
អាន ម៉ាកុស 6