ម៉ាកុស 5:35-42
ម៉ាកុស 5:35-42 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលព្រះយេស៊ូកំពុងតែមានព្រះបន្ទូលនៅឡើយ មានគេមកពីផ្ទះលោកយ៉ៃរូស ជម្រាបគាត់ថា៖ «កូនស្រីលោកផុតដង្ហើមទៅហើយ ម្ដេចក៏នៅរំខានលោកគ្រូធ្វើអ្វី?»។ ព្រះយេស៊ូមិនយកព្រះហឫទ័យទុកដាក់នឹងពាក្យរបស់អ្នកទាំងនោះឡើយ តែព្រះអង្គមានព្រះបន្ទូលទៅលោកយ៉ៃរូសថា៖ «កុំខ្លាចអី គ្រាន់តែជឿប៉ុណ្ណោះបានហើយ»។ ព្រះអង្គមិនអនុញ្ញាតឲ្យអ្នកណាទៅតាមព្រះអង្គឡើយ លើកលែងតែលោកពេត្រុស លោកយ៉ាកុប និងលោកយ៉ូហានជាប្អូនរបស់គាត់។ កាលទៅដល់ផ្ទះលោកយ៉ៃរូស ជាអ្នកទទួលខុសត្រូវលើសាលាប្រជុំ ព្រះយេស៊ូទតឃើញមនុស្សម្នាជ្រួលច្របល់ ព្រមទាំងទ្រហោយំជាខ្លាំងផង។ ព្រះអង្គយាងចូលទៅក្នុងផ្ទះ មានព្រះបន្ទូលទៅគេថា៖ «ហេតុដូចម្ដេចបានជាអ្នករាល់គ្នាជ្រួលច្របល់ ហើយទ្រហោយំដូច្នេះ? ក្មេងនេះមិនស្លាប់ទេ នាងគ្រាន់តែដេកលក់ទេតើ!»។ គេនាំគ្នាចំអកដាក់ព្រះអង្គ ព្រះអង្គក៏ដេញគេឲ្យចេញទៅក្រៅទាំងអស់គ្នា រួចព្រះអង្គនាំតែឪពុកម្ដាយក្មេង និងសិស្សទាំងបីរូប ចូលទៅក្នុងបន្ទប់ដែលក្មេងស្រីនោះដេក។ ព្រះអង្គចាប់ដៃក្មេងស្រីនោះ ទាំងមានព្រះបន្ទូលថា៖ «តាលីថាគូមី!» (ប្រែថា “នាងតូចអើយ ខ្ញុំប្រាប់នាងថា ចូរក្រោកឡើង!”)។ ក្មេងស្រីក៏ក្រោកឡើងដើរមួយរំពេច ដ្បិតនាងមានអាយុដប់ពីរឆ្នាំហើយ។ គេងឿងឆ្ងល់ពន់ប្រមាណ
ម៉ាកុស 5:35-42 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលព្រះអង្គកំពុងមានព្រះបន្ទូលនៅឡើយ នោះមានមនុស្សមកពីផ្ទះលោកយ៉ៃរ៉ុស ជម្រាបថា៖ «កូនស្រីរបស់លោកស្លាប់ហើយ តើនៅរំខានលោកគ្រូធ្វើអ្វីទៀត?» ប៉ុន្តែ កាលព្រះយេស៊ូវបានឮពាក្យដែលគេនិយាយ ព្រះអង្គក៏មានព្រះបន្ទូលទៅមេដឹកនាំសាលាប្រជុំនោះថា៖ «កុំខ្លាចអី ចូរគ្រាន់តែជឿប៉ុណ្ណោះ»។ ព្រះអង្គមិនអនុញ្ញាតឲ្យអ្នកណាទៅតាមព្រះអង្គឡើយ លើកលែងតែពេត្រុស យ៉ាកុប និងយ៉ូហាន ជាប្អូនយ៉ាកុបប៉ុណ្ណោះ។ ពេលមកដល់ផ្ទះមេដឹកនាំសាលាប្រជុំ ព្រះអង្គទតឃើញមនុស្សច្រួលច្របល់ ហើយយំស្រែកជាខ្លាំង។ ព្រះអង្គក៏យាងចូលទៅ ហើយមានព្រះបន្ទូលទៅគេថា៖ «ហេតុអ្វីបានជានាំគ្នាច្រួលច្របល់ ហើយយំដូច្នេះ? កូននេះមិនស្លាប់ទេ គឺនាងដេកលក់ទេតើ!» គេក៏សើចចំអកឲ្យព្រះអង្គ តែព្រះអង្គដេញគេទាំងអស់គ្នាឲ្យចេញក្រៅ រួចយកឪពុកម្តាយរបស់ក្មេងនោះ និងពួកអ្នកដែលនៅជាមួយព្រះអង្គ ចូលទៅកន្លែងដែលក្មេងនោះដេក។ ព្រះអង្គចាប់ដៃក្មេងស្រីនោះ ហើយមានព្រះបន្ទូលទៅនាងថា៖ «តាលីថាគូមី» មានន័យថា «នាងតូចអើយ ខ្ញុំប្រាប់នាងថា ចូរក្រោកឡើង!» ក្មេងស្រីនោះក៏ក្រោកឡើងភ្លាមមួយរំពេច ហើយដើរចុះឡើង ដ្បិតនាងមានអាយុដប់ពីរឆ្នាំ ហើយគេក៏មានសេចក្តីអស្ចារ្យជាខ្លាំងភ្លាមៗនោះដែរ។
ម៉ាកុស 5:35-42 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កំពុងដែលទ្រង់នៅមានបន្ទូលនៅឡើយ នោះមានមនុស្សមកពីផ្ទះមេសាលាប្រជុំ ជំរាបថា កូនស្រីលោកស្លាប់ហើយ នៅតែរំខានចិត្តលោកគ្រូធ្វើអ្វីទៀត កាលព្រះយេស៊ូវបានឮពាក្យគេប្រាប់ ស្រាប់តែទ្រង់មានបន្ទូលទៅមេសាលាប្រជុំថា កុំខ្លាចអី ឲ្យគ្រាន់តែជឿប៉ុណ្ណោះ ទ្រង់មិនឲ្យអ្នកណាឯទៀតទៅជាមួយឡើយ លើកតែពេត្រុស យ៉ាកុប នឹងយ៉ូហាន ជាប្អូនយ៉ាកុបប៉ុណ្ណោះ លុះដល់ផ្ទះមេសាលាប្រជុំ ក៏ឃើញមនុស្សកំពុងតែយំស្រែក កើតវឹកវរជាខ្លាំង ទ្រង់ក៏យាងចូលទៅ មានបន្ទូលថា ហេតុអ្វីបានជាកើតវឹកវរ ហើយយំដូច្នេះ កូននេះមិនមែនស្លាប់ទេ គឺវាដេកលក់ទេតើ គេក៏សើចឡកឲ្យទ្រង់ តែទ្រង់ដេញគេទៅក្រៅអស់ ទុកតែឪពុកម្តាយនៃកូននោះ នឹងពួកអ្នកដែលនៅជាមួយនឹងទ្រង់ នាំគ្នាចូលទៅឯដំណេកវា រួចទ្រង់ចាប់ដៃវាមានបន្ទូលថា «តាលីថាគូមី» ស្រាយថា កូនស្រីអើយ អញប្រាប់ឲ្យឯងក្រោកឡើង ស្រាប់តែកូនស្រីនោះក៏ក្រោកឡើងដើរទៅ ដ្បិតមានអាយុ១២ឆ្នាំហើយ ឯមនុស្សរាល់គ្នា គេមានសេចក្ដីអស្ចារ្យជាខ្លាំងក្រៃលែង