ម៉ាកុស 5:25-34

ម៉ាកុស 5:25-34 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ពេល​នោះ មាន​ស្ត្រី​ម្នាក់​កើត​ជំងឺ​ធ្លាក់​ឈាម​ដប់‌ពីរ​ឆ្នាំ​មក​ហើយ។ គ្រូ​ពេទ្យ​ជា​ច្រើន​បាន​ព្យាបាល​នាង តែ​នាង​ឈឺ​ចុក​ចាប់​រឹត​តែ​ខ្លាំង។ នាង​បាន​ចំណាយ​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​នាង​មាន តែ​ជំងឺ​របស់​នាង​នៅ​តែ​មិន​បាន​ធូរ​ស្រាល​ទេ ផ្ទុយ​ទៅ​វិញ នាង​កាន់​តែ​ឈឺ​ខ្លាំង​ឡើងៗ។ នាង​បាន​ឮ​គេ​និយាយ​អំពី​ព្រះ‌យេស៊ូ ក៏​ចូល​ក្នុង​ចំណោម​បណ្ដា‌ជន ពាល់​ព្រះ‌ពស្ដ្រ​របស់​ព្រះអង្គ​ពី​ខាង​ក្រោយ ដ្បិត​នាង​នឹក​ក្នុង​ចិត្ត​ថា៖ «បើ​ខ្ញុំ​បាន​ពាល់​អាវ​របស់​លោក ខ្ញុំ​មុខ​ជា​ទទួល​ការ​សង្គ្រោះ​មិន​ខាន»។ រំពេច​នោះ ឈាម​ឈប់​ធ្លាក់​ភ្លាម ហើយ​នាង​ដឹង​ថា​ខ្លួន​នាង​បាន​ជា​សះ‌ស្បើយ​ពី​រោគា។ នៅ​ពេល​នោះ ព្រះ‌យេស៊ូ​ជ្រាប​ភ្លាម​ថា មាន​ឫទ្ធា‌នុភាព​មួយ​ចេញ​ពី​ព្រះអង្គ ព្រះអង្គ​បែរ​ទៅ​រក​បណ្ដា‌ជន មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​ណា​ពាល់​អាវ​ខ្ញុំ?»។ ពួក​សិស្ស*​ទូល​ព្រះអង្គ​ថា៖ «ព្រះ‌គ្រូ​ឃើញ​ស្រាប់​ហើយ បណ្ដា‌ជន​ប្រជ្រៀត​ប៉ះ​នឹង​ព្រះ‌គ្រូ​គ្រប់​គ្នា ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​ព្រះ‌គ្រូ​សួរ​ថា អ្នក​ណា​ពាល់​ព្រះ‌គ្រូ​ដូច្នេះ?»។ ព្រះ‌យេស៊ូ​ទត​មើល​ជុំ‌វិញ ដើម្បី​ឲ្យ​ដឹង​ថា អ្នក​ណា​បាន​ពាល់​ព្រះអង្គ។ ស្ត្រី​នោះ​ភ័យ​ញ័រ​រន្ធត់ ព្រោះ​នាង​ដឹង​អំពី​ហេតុ​ដែល​កើត​ដល់​ខ្លួន​នាង។ នាង​មក​ក្រាប​ទៀប​ព្រះ‌បាទា​ព្រះ‌យេស៊ូ ហើយ​ទូល​ការ​ពិត​ទាំង​អស់​ថ្វាយ​ព្រះអង្គ។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «កូន​ស្រី​អើយ! ជំនឿ​របស់​នាង​បាន​សង្គ្រោះ​នាង​ហើយ សូម​អញ្ជើញ​ទៅ​ឲ្យ​បាន​សុខ‌សាន្ត ហើយ​សូម​ឲ្យ​នាង​ជា​សះ‌ស្បើយ​ពី​ជំងឺ​ចុះ!»។

ចែក​រំលែក
អាន ម៉ាកុស 5

ម៉ាកុស 5:25-34 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​ពេល​នោះ មាន​ស្ត្រី​ម្នាក់​កើត​ជំងឺ​ធ្លាក់​ឈាម​អស់​រយៈ​ពេល​ដប់​ពីរ​ឆ្នាំ​មក​ហើយ នាង​បាន​រង​ទុក្ខ​យ៉ាង​ខ្លាំង ក្រោម​ការ​ព្យាបាល​ពី​គ្រូ‌ពេទ្យ​ជា​ច្រើន ហើយ​បាន​ចំណាយ​ទ្រព្យ‌សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​នាង​មាន តែ​មិន​បាន​គ្រាន់​បើ​សោះ ផ្ទុយ​ទៅ​វិញ ជំងឺ​នោះ​កាន់​តែ​ខ្លាំង​ឡើង។ ក្រោយ​ពី​នាង​បាន​ឮ​អំពី​ព្រះ‌យេស៊ូវ នាង​ក៏​ចូល​មក​ក្នុង​ចំណោម​បណ្តាជន ហើយ​ពាល់​ព្រះ‌ពស្ត្រ​ព្រះ‌អង្គ​ពី​ខាង​ក្រោយ ដ្បិត​នាង​គិត​ថា៖ «បើ​ខ្ញុំ​គ្រាន់​តែ​ពាល់​ព្រះ‌ពស្ត្រ​ព្រះ‌អង្គ​ប៉ុណ្ណោះ ខ្ញុំ​នឹង​បាន​ជា​មិន​ខាន»។ រំពេច​នោះ ជំងឺ​ធ្លាក់​ឈាម​ក៏​បាត់​ភ្លាម ហើយ​នាង​បាន​ដឹង​ក្នុង​ខ្លួន​ថា នាង​បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​នោះ​ហើយ។ នៅ​ពេល​នោះ ព្រះ‌យេស៊ូវ​ជ្រាប​ភ្លាម​ថា មាន​ព្រះ‌ចេស្តា​ចេញ​ពី​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ក៏​ងាក​បែរ​ទៅ​បណ្ដាជន ទាំង​សួរ​ថា៖ «អ្នក​ណា​ពាល់​អាវ​ខ្ញុំ?» ពួក​សិស្ស​ទូល​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ​ឃើញ​ហើយ​ថា បណ្ដាជន​ប្រជ្រៀត​គ្នា​ជុំ​វិញ​លោក​គ្រូ ម្តេច​បាន​ជា​លោក​គ្រូ​សួរ​ថា អ្នក​ណា​ពាល់​ខ្ញុំ​ដូច្នេះ?» ព្រះ‌អង្គ​ទត​មើល​ជុំ​វិញ រក​មើល​អ្នក​ណា​ដែល​បាន​ពាល់​ព្រះ‌អង្គ។ ប៉ុន្តែ ស្ត្រី​នោះ​ដឹង​ពី​ហេតុ​ដែល​បាន​កើត​ឡើង​ចំពោះ​នាង នាង​ក៏​ចូល​មក ហើយ​ក្រាប​ចុះ​នៅ​ចំពោះ​ព្រះ‌អង្គ​ទាំង​ភ័យ​ញ័រ រួច​ទូល​ការ​ពិត​ទាំង​អស់​ថ្វាយ​ព្រះ‌អង្គ។ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​នាង​ថា៖ «កូន​ស្រី​អើយ ជំនឿ​របស់​នាង​បាន​ធ្វើ​ឲ្យ​នាង​ជា​សះ​ស្បើយ​ហើយ ចូរ​ទៅ​ដោយ​សុខ​សាន្ត ហើយ​ចូរ​ឲ្យ​បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​របស់​នាង​ចុះ!»។

ចែក​រំលែក
អាន ម៉ាកុស 5

ម៉ាកុស 5:25-34 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​មាន​ស្ត្រី​ម្នាក់​ឈឺ​ធ្លាក់​ឈាម អស់ ១២​ឆ្នាំ​មក​ហើយ នាង​បាន​ឈឺ​សន្ធឹក នៅ​ដៃ​គ្រូ‌ពេទ្យ​ជា​ច្រើន ហើយ​បាន​ចំណាយ​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មានៗ តែ​មិន​បាន​គ្រាន់​បើ​សោះ ជំងឺ​នោះ​កាន់​តែ​ខ្លាំង​ឡើង​វិញ នាង​បាន​ឮ​និយាយ​ពី​ព្រះ‌យេស៊ូវ ក៏​ចូល​មក​ក្នុង​ហ្វូង​មនុស្ស​ពី​ក្រោយ ទៅ​ពាល់​ព្រះ‌ពស្ត្រ​ទ្រង់ ដោយ​គិត​ថា បើ​គ្រាន់​តែ​ពាល់​ព្រះ‌ពស្ត្រ​ទ្រង់​ប៉ុណ្ណោះ នោះ​នឹង​បាន​ជា​ហើយ ឯ​ជំងឺ​ធ្លាក់​ឈាម ក៏​បាត់​ក្នុង​ខណ​១​រំពេច​នោះ ហើយ​នាង​បាន​ដឹង​ក្នុង​ខ្លួន​ថា នាង​រួច​ពី​សេចក្ដី​វេទនា​នោះ​ហើយ នោះ​ស្រាប់​តែ​ព្រះ‌យេស៊ូវ​ជ្រាប​ក្នុង​ព្រះ‌អង្គ​ទ្រង់​ថា មាន​ព្រះ‌ចេស្តា​ចេញ​ពី​ទ្រង់ ក៏​ងាក​បែរ​ព្រះ‌អង្គ​ក្នុង​ហ្វូង​មនុស្ស​សួរ​ថា អ្នក​ណា​ពាល់​អាវ​ខ្ញុំ ពួក​សិស្ស​ទូល​ថា ទ្រង់​ឃើញ​ថា​ហ្វូង​មនុស្ស​ប្រជ្រៀត​ទ្រង់​ដែរ ម្តេច​ឡើយ​ក៏​មាន​បន្ទូល​ថា អ្នក​ណា​ពាល់​ទ្រង់​ដូច្នេះ ទ្រង់​ងាក​ទត​ទី​ជុំ‌វិញ នឹង​រក​អ្នក​ណា​ដែល​បាន​ធ្វើ​ការ​នោះ ឯ​ស្ត្រី​នោះ​នាង​ដឹង​ការ​ដែល​កើត​មក​ក្នុង​ខ្លួន​ហើយ ក៏​មក​ទាំង​ភ័យ​ញ័រ ទំលាក់​ខ្លួន​ក្រាប​ចុះ​នៅ​ចំពោះ​ទ្រង់ ទូល​តាម​ត្រង់​ទាំង​អស់ ទ្រង់​មាន​បន្ទូល​ទៅ​នាង​ថា កូន​ស្រី​អើយ សេចក្ដី​ជំនឿ​នាង បាន​ជួយ​សង្គ្រោះ​នាង​ហើយ ចូរ​ទៅ​ឲ្យ​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​ចុះ ហើយ​ឲ្យ​នាង​បាន​រួច​ពី​សេចក្ដី​វេទនា​របស់​នាង​ទៅ។

ចែក​រំលែក
អាន ម៉ាកុស 5