ម៉ាកុស 5:1-15
ម៉ាកុស 5:1-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះយេស៊ូ និងពួកសិស្ស*បានទៅដល់ត្រើយម្ខាង ក្នុងតំបន់គេរ៉ាស៊ីន។ កាលព្រះអង្គយាងឡើងពីទូកភ្លាម បុរសម្នាក់មានវិញ្ញាណអាក្រក់ក្នុងខ្លួន ចេញពីទីបញ្ចុះសព ដើរតម្រង់មករកព្រះអង្គ។ បុរសនេះស្នាក់នៅតែតាមទីបញ្ចុះសព គ្មាននរណាអាចចងគាត់បានឡើយ សូម្បីតែយកច្រវាក់មកចងក៏មិនជាប់ដែរ។ គេដាក់ខ្នោះជើង និងយកច្រវាក់ចងគាត់ច្រើនដង ប៉ុន្តែ គាត់នៅតែកាច់បំបាក់ច្រវាក់ និងខ្នោះទាំងនោះជានិច្ច គ្មាននរណាអាចបង្ក្រាបគាត់ឡើយ។ គាត់រស់នៅតាមទីបញ្ចុះសព និងតាមភ្នំ ទាំងយប់ទាំងថ្ងៃ ហើយចេះតែស្រែក ព្រមទាំងយកថ្មមកអារសាច់ខ្លួនឯងថែមទៀតផង។ កាលគាត់ឃើញព្រះយេស៊ូពីចម្ងាយ ក៏រត់មកក្រាបថ្វាយបង្គំព្រះអង្គ ហើយស្រែកយ៉ាងខ្លាំងថា៖ «ឱព្រះយេស៊ូ ជាព្រះបុត្រារបស់ព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតអើយ តើព្រះអង្គចង់ធ្វើអ្វីទូលបង្គំ? ទូលបង្គំអង្វរព្រះអង្គក្នុងព្រះនាមព្រះជាម្ចាស់ សូមមេត្តាកុំធ្វើទុក្ខទោសទូលបង្គំអី!»។ វិញ្ញាណអាក្រក់និយាយដូច្នេះ ព្រោះព្រះយេស៊ូបានបញ្ជាវាថា៖ «នែ៎វិញ្ញាណអាក្រក់ ចូរចេញពីអ្នកនេះទៅ!»។ ព្រះយេស៊ូមានព្រះបន្ទូលទៅវិញ្ញាណអាក្រក់ថា៖ «ឯងឈ្មោះអី?» វិញ្ញាណអាក្រក់ឆ្លើយថា៖ «ទូលបង្គំឈ្មោះកងទ័ព ដ្បិតយើងខ្ញុំមានគ្នាច្រើន»។ វាទទូចអង្វរ សូមកុំឲ្យព្រះអង្គបណ្ដេញពួកវាចេញពីស្រុកនោះ។ នៅក្បែរនោះ មានជ្រូកមួយហ្វូងធំកំពុងរកស៊ីនៅតាមចង្កេះភ្នំ។ វិញ្ញាណអាក្រក់ទាំងនោះអង្វរព្រះយេស៊ូថា៖ «សូមបញ្ជូនយើងខ្ញុំឲ្យទៅចូលក្នុងជ្រូកទាំងនោះទៅ!»។ ព្រះយេស៊ូក៏យល់ព្រម។ វិញ្ញាណអាក្រក់ចេញពីបុរសនោះទៅចូលក្នុងជ្រូក ហ្វូងជ្រូកដែលមានចំនួនប្រមាណជាពីរពាន់ក្បាល ក៏បោលចុះតាមជម្រាលភ្នំ តម្រង់ទៅសមុទ្រ លង់ទឹកងាប់អស់។ ពួកអ្នកថែរក្សាហ្វូងជ្រូកយករឿងនេះរត់ទៅប្រាប់អ្នកនៅទីក្រុង និងអ្នកនៅស្រុកស្រែ មនុស្សម្នាក៏នាំគ្នាមកមើលហេតុការណ៍នោះ។ គេចូលមករកព្រះយេស៊ូ ឃើញបុរសដែលមានអារក្សចូលកាលពីមុន អង្គុយ មានសម្លៀកបំពាក់ ហើយដឹងស្មារតី នោះគេក៏នាំគ្នាកោតស្ញប់ស្ញែង។
ម៉ាកុស 5:1-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពួកគេបានមកដល់ស្រុកគេរ៉ាស៊ីន នៅត្រើយសមុទ្រម្ខាង។ កាលព្រះអង្គយាងឡើងពីទូកភ្លាម បុរសម្នាក់ដែលមានវិញ្ញាណអាក្រក់ចូល ចេញពីផ្នូរខ្មោច មកជួបព្រះអង្គ។ បុរសនេះនៅតាមផ្នូរខ្មោច គ្មានអ្នកណាអាចចងគាត់ជាប់បានឡើយ ទោះចងនឹងច្រវាក់ក៏ដោយ ដ្បិតគេបានដាក់ខ្នោះ ដាក់ច្រវាក់គាត់ជាច្រើនដង ប៉ុន្តែ គាត់ផ្ដាច់ច្រវាក់ ហើយកាច់បំបាក់ខ្នោះខ្ទេចខ្ទី គ្មានអ្នកណាអាចបង្ក្រាបគាត់បានឡើយ។ គាត់ចេះតែស្រែកទាំងយប់ទាំងថ្ងៃ នៅតាមផ្នូរខ្មោច និងនៅតាមភ្នំ ហើយយកថ្មមកអារសាច់ខ្លួន។ កាលគាត់ឃើញព្រះយេស៊ូវពីចម្ងាយ ក៏រត់មកក្រាបថ្វាយបង្គំព្រះអង្គ ហើយស្រែកយ៉ាងខ្លាំងថា៖ «ព្រះយេស៊ូវ ជាព្រះរាជបុត្រារបស់ព្រះដ៏ខ្ពស់បំផុតអើយ! តើព្រះអង្គត្រូវធ្វើដូចម្តេចជាមួយទូលបង្គំ? ទូលបង្គំអង្វរព្រះអង្គនៅចំពោះព្រះថា សូមមេត្តាកុំធ្វើទុក្ខទោសទូលបង្គំឡើយ»។ វានិយាយដូច្នេះ ព្រោះព្រះអង្គមានព្រះបន្ទូលទៅវាថា៖ «នែ៎ វិញ្ញាណអាក្រក់ ចូរថយចេញពីបុរសនេះទៅ!» ព្រះយេស៊ូវសួរវាថា៖ «ឯងឈ្មោះអី?» វាទូលឆ្លើយថា៖ «ទូលបង្គំឈ្មោះកងទ័ព ដ្បិតយើងខ្ញុំមានគ្នាច្រើន»។ វាទទូចអង្វរព្រះអង្គយ៉ាងខ្លាំង សូមកុំឲ្យបណ្តេញពួកវាចេញពីស្រុកនោះ។ នៅទីនោះ មានជ្រូកមួយហ្វូងធំកំពុងរកស៊ីនៅចង្កេះភ្នំ ហើយវិញ្ញាណអាក្រក់ទាំងនោះ អង្វរព្រះអង្គថា៖ «សូមបញ្ជូនយើងឲ្យចូលក្នុងជ្រូកទាំងនោះទៅ!» ដូច្នេះ ព្រះអង្គក៏អនុញ្ញាតឲ្យពួកវា។ វិញ្ញាណអាក្រក់ទាំងនោះក៏ចេញទៅ រួចចូលទៅក្នុងជ្រូក ហើយហ្វូងជ្រូកដែលមានចំនួនប្រមាណជាពីរពាន់ក្បាល ក៏បោលចុះតាមជម្រាលភ្នំ ធ្លាក់ទៅក្នុងសមុទ្រ លង់ទឹកងាប់ទាំងអស់។ ពួកអ្នកឃ្វាលជ្រូកក៏រត់ទៅប្រាប់អ្នកនៅទីក្រុង និងអ្នកនៅជនបទពីរឿងនេះ ហើយមនុស្សម្នាក៏នាំគ្នាចេញមកមើលហេតុការណ៍ដែលបានកើតឡើង។ គេចូលមករកព្រះយេស៊ូវ ហើយឃើញបុរសដែលអារក្សចូលកាលពីមុនអង្គុយនៅទីនោះ ទាំងមានសម្លៀកបំពាក់ និងមានស្មារតីត្រឹមត្រូវ គេក៏ស្ញែងខ្លាច។
ម៉ាកុស 5:1-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះក៏មកដល់ស្រុកគេរ៉ាស៊ីន នៅត្រើយសមុទ្រម្ខាង កាលទ្រង់បានយាងឡើងពីទូក ស្រាប់តែមានមនុស្សម្នាក់ដែលមានអារក្សអសោចិ៍ចូល វាចេញពីក្នុងផ្នូរខ្មោចមកចួបនឹងទ្រង់ វានៅតែក្នុងផ្នូរខ្មោច ឥតមានអ្នកណាអាចនឹងចងវាជាប់ទៀតបានទេ ទោះបើយកច្រវាក់ទៅដាក់ ក៏ពុំបានផង ដ្បិតគេបានដាក់ខ្នោះដាក់ច្រវាក់វាជាច្រើនដងហើយ ប៉ុន្តែវាចេះតែកាច់ច្រវាក់បំបាក់ខ្នោះចោលអស់ ហើយគ្មានអ្នកណាអាចនឹងកំរាបវាបានដែរ វានៅក្នុងផ្នូរនៅលើភ្នំ ទាំងស្រែក ហើយយកថ្មមកអារសាច់ខ្លួន ទាំងយប់ទាំងថ្ងៃជានិច្ច កាលវាឃើញព្រះយេស៊ូវពីចំងាយ ក៏រត់ទៅក្រាបសំពះទ្រង់ ស្រែកដោយសំរែកជាខ្លាំងថា ឱព្រះយេស៊ូវ ជាព្រះរាជបុត្រាព្រះដ៏ខ្ពស់បំផុតអើយ តើទ្រង់ហើយនឹងទូលបង្គំមានរឿងអ្វីនឹងគ្នា ទូលបង្គំសូមទ្រង់ឲ្យស្បថដោយព្រះថា មិនធ្វើទុក្ខទូលបង្គំទេ វាទូលដូច្នោះ ពីព្រោះទ្រង់កំពុងតែមានបន្ទូលថា ម្នាល អារក្សអសោចិ៍ ចូរថយចេញពីមនុស្សនេះទៅ រួចទ្រង់សួរវាថា ឯងឈ្មោះអី វាទូលឆ្លើយថា ទូលបង្គំឈ្មោះ «កងទ័ព» ពីព្រោះយើងខ្ញុំមានគ្នាច្រើន នោះវាទទូចអង្វរសូមកុំឲ្យទ្រង់បណ្តេញវារាល់គ្នាចេញពីស្រុកនោះឡើយ រីឯនៅទីនោះ មានហ្វូងជ្រូកយ៉ាងធំ កំពុងតែរកស៊ីនៅចង្កេះភ្នំ ហើយអារក្សទាំងនោះទូលអង្វរទ្រង់ថា សូមឲ្យយើងរាល់គ្នាទៅជ្រក នៅក្នុងជ្រូកទាំងនោះចុះ នោះទ្រង់ក៏អនុញ្ញាតឲ្យភ្លាម រួចកាលវិញ្ញាណអារក្សអសោចិ៍ទាំងនោះបានចេញហើយ វាក៏ចូលទៅក្នុងជ្រូក ហើយហ្វូងជ្រូកប្រហែល២ពាន់រូប ក៏បោលម្នីម្នាតាមភ្នំចោត ធ្លាក់ទៅក្នុងសមុទ្រ លង់ទឹកស្លាប់ទាំងអស់ទៅ ឯពួកអ្នកគង្វាលជ្រូក គេរត់ទៅក្នុងទីក្រុង ហើយក្នុងស្រុកស្រែសាសព្ទប្រាប់រឿងនោះ រួចមនុស្សទាំងអស់ចេញមកមើលការដែលបានកើតឡើង គេមកឯព្រះយេស៊ូវ ហើយឃើញមនុស្សដែលពីដើមមានអារក្សចូល កំពុងតែអង្គុយទាំងស្លៀកពាក់ មានស្មារតីដឹងខ្លួនឡើង គឺជាអ្នកដែលមានអារក្សទាំងកងចូលនោះឯង រួចគេស្ញែងខ្លាច