ម៉ាកុស 4:1-9

ម៉ាកុស 4:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌អង្គ​ចាប់​ផ្ដើម​បង្រៀន​នៅ​មាត់​សមុទ្រ​ម្តង​ទៀត ហើយ​មាន​បណ្ដាជន​ច្រើន​កុះករ​ជួប​ជុំ​គ្នា​នៅ​ជុំ​វិញ​ព្រះ‌អង្គ ដូច្នេះ ព្រះ‌អង្គ​ក៏​យាង​ចុះ​ទៅ​គង់​លើ​ទូក ក្នុង​សមុទ្រ ហើយ​បណ្ដាជន​ទាំង​អស់ នៅ​លើ​គោក តាម​មាត់​សមុទ្រ។ ព្រះ‌អង្គ​ចាប់​ផ្ដើម​បង្រៀន​ពី​សេចក្តី​ជា​ច្រើន​ដល់​ពួក​គេ​ជា​រឿង​ប្រៀប‌ធៀប ហើយ​នៅ​ក្នុង​សេចក្ដី​បង្រៀន​របស់​ព្រះ‌អង្គ ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «ចូរ​ស្តាប់! មាន​បុរស​ម្នាក់ ចេញ​ទៅ​ព្រោះ​ពូជ។ ពេល​គាត់​ព្រោះ មាន​ពូជ​ខ្លះ​ធ្លាក់​ទៅ​លើ​ផ្លូវ ហើយ​សត្វ​ស្លាប​ហើរ​មក​ចឹក​ស៊ី​ពូជ​នោះ​អស់​ទៅ។ មាន​ពូជ​ខ្លះ​ធ្លាក់​ទៅ​លើកន្លែង​មាន​ថ្ម ដែល​មិន​សូវ​មាន​ដី ហើយ​ពូជ​នោះ​ក៏​ដុះ​ឡើង​ភ្លាម ព្រោះ​ដី​មិន​ជ្រៅ។ លុះ​ថ្ងៃ​រះ​ឡើង វា​ក៏​ក្រៀម​ស្វិត​អស់​ទៅ ព្រោះ​គ្មាន​ឫស។ ពូជ​ខ្លះ​ទៀត ធ្លាក់​ទៅ​ក្នុង​គុម្ព​បន្លា ហើយ​បន្លា​ក៏​ដុះ​ឡើង ខ្ទប់​ពូជ​នោះ​ជិត មិន​ឲ្យ​កើត​ផល​បាន។ តែ​ពូជ​ខ្លះ​ទៀត ធ្លាក់​ទៅ​លើ​ដី​ល្អ ហើយ​ដុះ​ឡើង​បង្កើត​ផល ក៏​ចម្រើន​ឡើង រួច​ឲ្យ​ផល ខ្លះ​បាន​មួយ​ជា​សាម​សិប ខ្លះ​បាន​មួយ​ជា​ហុក​សិប ហើយ​ខ្លះ​ទៀត​បាន​មួយ​ជា​មួយ​រយ»។ បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ថា៖ «អ្នក​ណា​មាន​ត្រចៀក ចូរ​ស្តាប់​ចុះ!»

ចែក​រំលែក
អាន ម៉ាកុស 4

ម៉ាកុស 4:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌យេស៊ូ​ចាប់​ផ្ដើម​បង្រៀន​បណ្ដា‌ជន​នៅ​តាម​ឆ្នេរ​សមុទ្រ​ម្ដង​ទៀត។ មាន​បណ្ដា‌ជន​ច្រើន​កុះ‌ករ​នាំ​គ្នា​មក​រក​ព្រះអង្គ ព្រះអង្គ​ក៏​យាង​ចុះ​ទៅ​គង់​ក្នុង​ទូក​មួយ នៅ​ក្បែរ​មាត់​ច្រាំង រីឯ​បណ្ដា‌ជន​អង្គុយ​នៅ​លើ​គោក តាម​ឆ្នេរ​សមុទ្រ។ ព្រះអង្គ​ប្រើ​ពាក្យ​ប្រស្នា​បង្រៀន​គេ​អំពី​សេចក្ដី​ជា​ច្រើន។ ព្រះអង្គ​បង្រៀន​គេ​ថា៖ «ចូរ​ស្ដាប់ មាន​បុរស​ម្នាក់​ចេញ​ទៅ​ព្រោះ​ស្រូវ។ ពេល​គាត់​ព្រោះ មាន​គ្រាប់​ពូជ​ខ្លះ​ធ្លាក់​ទៅ​លើ​ផ្លូវ ហើយ​សត្វ​មក​ចឹក​ស៊ី​អស់​ទៅ។ មាន​គ្រាប់​ពូជ​ខ្លះ​ទៀត​ធ្លាក់​ទៅ​លើ​កន្លែង​មាន​ថ្ម​ពុំ​សូវ​មាន​ដី គ្រាប់​ពូជ​ក៏​ដុះ​ឡើង​ភ្លាម ព្រោះ​ដី​មិន​ជ្រៅ។ លុះ​ដល់​ថ្ងៃ​ក្ដៅ ពន្លក​ដែល​ដុះ​ឡើង​នោះ​ក៏​ក្រៀម​ស្វិត​អស់​ទៅ ព្រោះ​ឫស​ចាក់​មិន​ជ្រៅ។ មាន​គ្រាប់​ពូជ​ខ្លះ​ទៀត​ធ្លាក់​ទៅ​លើ​ដី​ដែល​មាន​បន្លា។ បន្លា​ក៏​ដុះ​ឡើង​រួប​រឹត​ស្រូវ មិន​ឲ្យ​បង្កើត​ផល​ឡើយ។ គ្រាប់​ពូជ​ឯ​ទៀតៗ​ធ្លាក់​ទៅ​លើ​ដី​មាន​ជី‌ជាតិ​ល្អ គ្រាប់​ពូជ​ក៏​ដុះ​ឡើង ហើយ​លូត‌លាស់​បង្កើត​ផល ខ្លះ​ឲ្យ​ផល​មួយ​ជា​សាម‌សិប ខ្លះ​ទៀត​ឲ្យ​មួយ​ជា​ហុក‌សិប និង​ខ្លះ​ទៀត​មួយ​ជា​មួយ​រយ»។ បន្ទាប់​មក ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «អស់​អ្នក​ដែល​ឮ​ពាក្យ​នេះ សូម​យក​ទៅ​ពិចារណា​ចុះ!»។

ចែក​រំលែក
អាន ម៉ាកុស 4

ម៉ាកុស 4:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ខណ​នោះ ទ្រង់​តាំង​បង្រៀន នៅ​ត្រង់​មាត់​សមុទ្រ​ម្តង​ទៀត ហើយ​មាន​មនុស្ស​ទាំង​ហ្វូង​មូល​គ្នា មក​ឯ​ទ្រង់ ដល់​ម៉្លេះ​បាន​ជា​ទ្រង់​យាង​ចុះ​ទៅ​គង់​ក្នុង​ទូក នៅ​សមុទ្រ​វិញ ហើយ​មនុស្ស​ទាំង​អស់​នៅ​លើ​គោក តាម​មាត់​ច្រាំង ទ្រង់​បង្រៀន​សេចក្ដី​ជា​ច្រើន​ដល់​គេ ដោយ​ពាក្យ​ប្រៀប‌ធៀប ក៏​មាន​បន្ទូល​ក្នុង​ន័យ​ដែល​ទ្រង់​បង្រៀន​ថា ចូរ​ស្តាប់​ចុះ មើល មាន​អ្នក​ព្រោះ​ពូជ​ម្នាក់​ចេញ​ទៅ​ព្រោះ កំពុង​ដែល​ព្រោះ មាន​ខ្លះ​ធ្លាក់​ចុះ​តាម​ផ្លូវ ហើយ​សត្វ​ហើរ​លើ​អាកាស​ក៏​មក​ចឹក​ស៊ី ខ្លះ​ទៀត​ធ្លាក់​ទៅ​ក្នុង​កន្លែង​ថ្ម ដែល​មិន‌សូវ​មាន​ដី​ប៉ុន្មាន ហើយ​ក៏​ដុះ​ឡើង​ភ្លាម ពី​ព្រោះ​គ្មាន​ដី​ជ្រៅ តែ​កាល​ថ្ងៃ​រះ​ឡើង នោះ​ក្រៀម​ខ្លោច​ទៅ​វិញ ពី​ព្រោះ​គ្មាន​ឫស ខ្លះ​ទៀត​ធ្លាក់​ទៅ​ក្នុង​បន្លា បន្លា​ក៏​ដុះ​ឡើង​ខ្ទប់ ហើយ​គ្រាប់​នោះ​មិន​កើត​ផល​សោះ តែ​ខ្លះ​ទៀត​ធ្លាក់​ទៅ​ក្នុង​ដី​ល្អ ក៏​កើត​ផល​ចំរើន​កាន់​តែ​ច្រើន​ឡើង គ្រាប់​១​បង្កើត​បាន​៣០ មួយ​បាន​៦០ ហើយ​មួយ​បាន​១​រយ រួច​ទ្រង់​មាន​បន្ទូល​ថា អ្នក​ណា​ដែល​មាន​ត្រចៀក​សំរាប់​ស្តាប់ ឲ្យ​ស្តាប់​ចុះ។

ចែក​រំលែក
អាន ម៉ាកុស 4