ម៉ាកុស 2:1-23
ម៉ាកុស 2:1-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប៉ុន្មានថ្ងៃក្រោយមក ព្រះយេស៊ូយាងត្រឡប់មកក្រុងកាពើណិមវិញ ហើយអ្នកស្រុកឮដំណឹងថា ព្រះអង្គគង់នៅក្នុងផ្ទះ។ មានមនុស្សយ៉ាងច្រើនមកមូលផ្ដុំគ្នាកកកុញ គ្មានសល់កន្លែងណាសោះឡើយ សូម្បីតែនៅមាត់ទ្វារផ្ទះក៏គ្មានសល់ដែរ។ ព្រះយេស៊ូថ្លែងព្រះបន្ទូលឲ្យគេស្ដាប់។ មានបុរសបួននាក់សែងមនុស្សខ្វិនដៃ ខ្វិនជើងម្នាក់មករកព្រះអង្គ។ ប៉ុន្តែ ដោយមានមនុស្សច្រើនពេក គេពុំអាចនាំមនុស្សខ្វិននោះទៅជិតព្រះយេស៊ូបានឡើយ។ ដូច្នេះ គេក៏ចោះដំបូលផ្ទះចំពីលើកន្លែងដែលព្រះអង្គគង់ ហើយសម្រូតមនុស្សខ្វិននៅលើគ្រែស្នែង ចុះតាមប្រឡោះមក។ កាលព្រះយេស៊ូឈ្វេងយល់ជំនឿរបស់អ្នកទាំងនោះ ព្រះអង្គមានព្រះបន្ទូលទៅកាន់អ្នកពិការថា៖ «កូនអើយ! ខ្ញុំអត់ទោសឲ្យអ្នកបានរួចពីបាបហើយ»។ ពួកអាចារ្យខ្លះដែលអង្គុយនៅទីនោះ រិះគិតក្នុងចិត្តថា៖ «ហេតុដូចម្ដេចបានជាអ្នកនេះហ៊ានប្រមាថព្រះជាម្ចាស់ ដោយពោលពាក្យស្មើនឹងព្រះអង្គបែបនេះ? ក្រៅពីព្រះជាម្ចាស់មួយព្រះអង្គ តើនរណាអាចអត់ទោសមនុស្សឲ្យរួចពីបាបបាន!»។ ព្រះយេស៊ូឈ្វេងយល់ចិត្តគំនិតរបស់គេភ្លាម ទ្រង់មានព្រះបន្ទូលទៅគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នារិះគិតដូច្នេះ? បើខ្ញុំប្រាប់អ្នកពិការនេះថា “ខ្ញុំអត់ទោសឲ្យអ្នករួចពីបាបហើយ” ឬថា “ចូរក្រោកឡើង យកគ្រែស្នែងរបស់អ្នកដើរទៅចុះ” តើឃ្លាមួយណាស្រួលនិយាយជាង? ប៉ុន្តែ ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា បុត្រមនុស្សមានអំណាចនឹងអត់ទោសឲ្យមនុស្សនៅលើផែនដីនេះ រួចពីបាបបាន»។ ព្រះអង្គងាកទៅរកអ្នកខ្វិន ហើយមានព្រះបន្ទូលថា៖ «ចូរក្រោកឡើង យកគ្រែស្នែងរបស់អ្នកដើរទៅផ្ទះវិញទៅ!»។ មនុស្សខ្វិនក៏ក្រោកឈរឡើងភ្លាម យកគ្រែស្នែងរបស់ខ្លួន ដើរកាត់មុខមនុស្សទាំងអស់ចេញទៅ ធ្វើឲ្យគេគ្រប់គ្នាស្ញប់ស្ញែងយ៉ាងខ្លាំង ហើយលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ទាំងពោលថា៖ «យើងមិនដែលឃើញការអស្ចារ្យណាមួយដូចពេលនេះឡើយ!»។ ព្រះយេស៊ូយាងតាមឆ្នេរសមុទ្រកាលីឡេម្ដងទៀត។ បណ្ដាជនទាំងមូលនាំគ្នាមករកព្រះអង្គ ព្រះអង្គក៏បង្រៀនពួកគេ។ កាលព្រះអង្គយាងកាត់តាមនោះ ព្រះអង្គទតឃើញលោកលេវី ជាកូនរបស់លោកអាល់ផាយ អង្គុយនៅកន្លែងយកពន្ធ។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សុំអញ្ជើញមកតាមខ្ញុំ»។ លោកលេវីក៏ក្រោកឡើង ដើរតាមព្រះអង្គទៅ។ បន្ទាប់មក ព្រះយេស៊ូសោយព្រះស្ងោយនៅផ្ទះលោកលេវី។ មានអ្នកទារពន្ធ* ព្រមទាំងមនុស្សបាបជាច្រើន មករួមតុជាមួយព្រះអង្គ និងពួកសិស្ស*។ មានមនុស្សប្រភេទនោះច្រើននាក់បានមកតាមព្រះអង្គ។ ពួកអាចារ្យពីគណៈផារីស៊ី*ឃើញព្រះយេស៊ូសោយព្រះស្ងោយជាមួយអ្នកទាំងនោះ គេនិយាយទៅកាន់ពួកសិស្សថា៖ «ហេតុអ្វីបានជាលោកបរិភោគជាមួយអ្នកទារពន្ធ និងជាមួយមនុស្សបាប?»។ ព្រះយេស៊ូបានឮគេនិយាយដូច្នេះ ក៏មានព្រះបន្ទូលថា៖ «មនុស្សមានសុខភាពល្អមិនត្រូវការគ្រូពេទ្យឡើយ មានតែអ្នកជំងឺប៉ុណ្ណោះដែលត្រូវការ។ ខ្ញុំមិនមែនមករកមនុស្សសុចរិតទេ គឺខ្ញុំមករកមនុស្សបាបវិញ»។ ថ្ងៃមួយ ពួកសិស្សរបស់លោកយ៉ូហានបាទីស្ដ និងពួកសិស្សខាងគណៈផារីស៊ី នាំគ្នាតមអាហារ។ ពួកគេមកទូលសួរព្រះយេស៊ូថា៖ «សិស្សរបស់លោកយ៉ូហាន និងសិស្សខាងគណៈផារីស៊ី* តមអាហារ ចុះហេតុដូចម្ដេចបានជាសិស្សរបស់លោកមិនតមដូច្នេះ?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ក្នុងពិធីមង្គលការ នៅពេលកូនកំលោះនៅជាមួយ តើភ្ញៀវអាចតមអាហារកើតឬ? ទេ! ដរាបណាកូនកំលោះនៅជាមួយ គេមិនអាចតមអាហារឡើយ។ ថ្ងៃក្រោយ ពេលគេចាប់ស្វាមីយកទៅ ទើបភ្ញៀវទាំងនោះតមអាហារ។ ពុំដែលមាននរណាយកក្រណាត់ថ្មីមកប៉ះសម្លៀកបំពាក់ចាស់ឡើយ បើធ្វើដូច្នេះ ក្រណាត់ថ្មីនឹងបណ្ដាលឲ្យសម្លៀកបំពាក់ចាស់រហែកលើសដើមទៅទៀត។ ពុំដែលមាននរណាច្រកស្រាទំពាំងបាយជូរថ្មីទៅក្នុងថង់ស្បែកចាស់ឡើយ បើធ្វើដូច្នោះ ស្រានឹងធ្វើឲ្យថង់ស្បែកនោះធ្លាយ បណ្ដាលឲ្យខូចទាំងស្រា ទាំងថង់ស្បែកជាមិនខាន។ ត្រូវច្រកស្រាថ្មីទៅក្នុងថង់ស្បែកថ្មី»។ មានថ្ងៃមួយជាថ្ងៃសប្ប័ទ* ព្រះយេស៊ូយាងកាត់វាលស្រែ សិស្ស*របស់ព្រះអង្គនាំគ្នាដើរបណ្ដើរ បូតកួរស្រូវបណ្ដើរ។
ម៉ាកុស 2:1-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្មានថ្ងៃក្រោយមក ព្រះអង្គយាងត្រឡប់មកក្រុងកាពើណិមវិញ ហើយគេឮថា ព្រះអង្គគង់នៅក្នុងផ្ទះ។ មានមនុស្សប្រមូលផ្ដុំគ្នាជាច្រើន រហូតដល់គ្មានសល់កន្លែងណាទៀតសោះ សូម្បីនៅមាត់ទ្វារក៏គ្មានដែរ ហើយព្រះអង្គប្រកាសព្រះបន្ទូលឲ្យគេស្ដាប់។ ពេលនោះ មានបុរសបួននាក់ សែងអ្នកស្លាប់ដៃស្លាប់ជើងម្នាក់មករកព្រះអង្គ។ គេពុំអាចនាំគាត់ចូលទៅជិតព្រះអង្គបាន ដោយព្រោះមហាជន គេក៏បើកដំបូលផ្ទះចំពីលើកន្លែងដែលព្រះអង្គគង់។ កាលទម្លុះរួចហើយ គេក៏សម្រូតគ្រែដែលអ្នកស្លាប់ដៃស្លាប់ជើងដេកនោះចុះមកក្រោម។ កាលព្រះយេស៊ូវឃើញជំនឿរបស់គេ ព្រះអង្គមានព្រះបន្ទូលទៅអ្នកស្លាប់ដៃស្លាប់ជើងថា៖ «កូនអើយ ខ្ញុំអត់ទោសឲ្យអ្នកបានរួចពីបាបហើយ»។ មានអាចារ្យខ្លះអង្គុយនៅទីនោះ រិះគិតក្នុងចិត្តថា៖ «ហេតុអ្វីបានជាអ្នកនេះនិយាយដូច្នេះ? ពាក្យនេះប្រមាថដល់ព្រះទេតើ! ក្រៅពីព្រះមួយអង្គ តើមានអ្នកណាអាចអត់ទោសបាបបាន?» ព្រះយេស៊ូវជ្រាបក្នុងវិញ្ញាណព្រះអង្គភ្លាមពីការរិះគិតនៅក្នុងចិត្តរបស់គេ ហើយព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នារិះគិតនៅក្នុងចិត្តដូច្នេះ? ដ្បិតដែលនិយាយទៅអ្នកស្លាប់ដៃស្លាប់ជើងនេះថា "ខ្ញុំអត់ទោសឲ្យអ្នកបានរួចពីបាបហើយ" ឬថា "ចូរក្រោកឡើង ហើយយកគ្រែស្នែងរបស់អ្នកដើរទៅ" តើពាក្យណាងាយថាជាជាង? ប៉ុន្តែ ដើម្បីឲ្យអ្នករាល់គ្នាដឹងថា នៅផែនដីនេះ កូនមនុស្សមានអំណាចនឹងអត់ទោសបាបបាន»។ ព្រះអង្គមានព្រះបន្ទូលទៅអ្នកស្លាប់ដៃស្លាប់ជើងនោះថា៖ «ខ្ញុំនិយាយទៅកាន់អ្នក ចូរក្រោកឡើង យកគ្រែស្នែងរបស់អ្នក ហើយទៅផ្ទះទៅ!» គាត់ក៏ក្រោកឡើងភា្លម យកគ្រែស្នែងដើរចេញទៅនៅមុខមនុស្សទាំងអស់ ធ្វើឲ្យគេគ្រប់គ្នាមានសេចក្តីអស្ចារ្យ ហើយសរសើរតម្កើងដល់ព្រះ ដោយពោលថា៖ «យើងមិនដែលបានឃើញអ្វីដូច្នេះសោះ!» ព្រះយេស៊ូវយាងចេញទៅឆ្នេរសមុទ្រម្តងទៀត។ បណ្ដាជនទាំងអស់នាំគ្នាចូលមករកព្រះអង្គ ហើយព្រះអង្គបង្រៀនពួកគេ។ កាលព្រះអង្គយាងហួសពីនោះទៅ ទ្រង់ទតឃើញលេវី ជាកូនអាល់ផាយ កំពុងអង្គុយនៅកន្លែងយកពន្ធ ហើយព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «ចូរមកតាមខ្ញុំ»។ គាត់ក៏ក្រោកឡើង ហើយដើរតាមព្រះអង្គ។ កាលព្រះយេស៊ូវគង់នៅតុក្នុងផ្ទះរបស់លេវី មានអ្នកទារពន្ធ ព្រមទាំងមនុស្សបាបជាច្រើន មកអង្គុយរួមតុជាមួយព្រះអង្គ និងពួកសិស្ស ដ្បិតមានមនុស្សជាច្រើន ដែលមកតាមព្រះអង្គ។ កាលពួកអាចារ្យខាងពួកផារិស៊ីឃើញព្រះអង្គសោយជាមួយពួកអ្នកទារពន្ធ និងមនុស្សបាបដូច្នេះ គេក៏សួរពួកសិស្សរបស់ព្រះអង្គថា៖ «ហេតុអ្វីបានជាលោកបរិភោគជាមួយពួកអ្នកទារពន្ធ និងពួកមនុស្សបាបដូច្នេះ?» ពេលព្រះយេស៊ូវឮដូច្នោះ ទ្រង់មានព្រះបន្ទូលថា៖ «ពួកអ្នកដែលមានសុខភាពល្អ គេមិនត្រូវការគ្រូពេទ្យទេ មានតែអ្នកជំងឺប៉ុណ្ណោះ ដែលត្រូវការ។ ខ្ញុំមិនបានមកដើម្បីហៅមនុស្សសុចរិតទេ គឺមកហៅមនុស្សមានបាប[ឲ្យប្រែចិត្ត]វិញ»។ ពេលនោះ ពួកសិស្សរបស់លោកយ៉ូហាន និងពួកផារិស៊ី គេកំពុងតមអាហារ ហើយមានមនុស្សមកទូលសួរព្រះអង្គថា៖ «ហេតុអ្វីបានជាសិស្សរបស់លោកយ៉ូហាន និងសិស្សរបស់ពួកផារិស៊ីតមអាហារ តែពួកសិស្សរបស់លោកមិនតមដូច្នេះ?» ព្រះយេស៊ូវមានព្រះបន្ទូលតបថា៖ «ពេលកូនកំលោះកំពុងនៅជាមួយគ្នា តើអាចឲ្យភ្ញៀវតមអាហារបានឬ? ដរាបណាកូនកំលោះនៅជាមួយពួកគេនៅឡើយ គេមិនអាចតមអាហារបានទេ។ ប៉ុន្តែ នឹងមានថ្ងៃមកដល់ ដែលកូនកំលោះនឹងត្រូវដកយកចេញពីគេទៅ ហើយនៅពេលនោះ គេនឹងតមអាហារវិញ។ គ្មានអ្នកណាយកក្រណាត់ថ្មីមកប៉ះលើសម្លៀកបំពាក់ចាស់ឡើយ បើធ្វើដូច្នោះ បំណាស់ថ្មីនឹងទាញសម្លៀកបំពាក់ចាស់ ហើយរឹតតែធ្វើឲ្យរហែកលើសដើម។ ក៏គ្មានអ្នកណាដាក់ស្រាទំពាំងបាយជូរថ្មី ទៅក្នុងថង់ស្បែកចាស់ដែរ បើធ្វើដូច្នោះ ស្រាទំពាំងបាយជូរថ្មីនឹងធ្វើឲ្យថង់ស្បែកធ្លុះ ហើយហូរស្រាចេញអស់ ឯថង់ស្បែកក៏ត្រូវខូចខាតដែរ គេតែងតែដាក់ស្រាទំពាំងបាយជូរថ្មីទៅក្នុងថង់ស្បែកថ្មីវិញ»។ នៅថ្ងៃមួយ ព្រះអង្គបានយាងកាត់វាលស្រែ ហើយពេលកំពុងធ្វើដំណើរ ពួកសិស្សរបស់ព្រះអង្គបានចាប់ផ្ដើមបូតគួរស្រូវ។
ម៉ាកុស 2:1-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រំលងពីរបីថ្ងៃក្រោយមក ទ្រង់យាងចូលមកក្នុងក្រុងកាពើណិមវិញទៀត ហើយគេឮថា ទ្រង់គង់នៅផ្ទះ ស្រាប់តែមានគេប្រជុំគ្នាជាច្រើន ដល់ម៉្លេះបានជាគ្មានកន្លែងណាទៀតសោះ សូម្បីនៅមាត់ទ្វារក៏គ្មានដែរ ទ្រង់ក៏សំដែងព្រះបន្ទូលឲ្យគេស្តាប់ គ្រានោះ មាន៤នាក់សែងមនុស្សស្លាប់ដៃស្លាប់ជើងម្នាក់មកឯទ្រង់ តែពុំអាចនឹងចូលទៅជិតទ្រង់បានឡើយ ដោយព្រោះហ្វូងមនុស្ស បានជាគេបើកដំបូលផ្ទះត្រង់កន្លែងដែលទ្រង់គង់នៅ កាលទំលុះរួចហើយ នោះក៏សំរូតគ្រែដែលមនុស្សស្លាប់ដៃស្លាប់ជើងដេកនោះចុះទៅ ព្រះយេស៊ូវក៏ឃើញសេចក្ដីជំនឿរបស់អ្នកទាំងនោះ ហើយទ្រង់មានបន្ទូលទៅអ្នកស្លាប់ដៃស្លាប់ជើងថា កូនអើយ បាបរបស់ឯងបានអត់ទោសឲ្យឯងហើយ នៅទីនោះ មានអាចារ្យខ្លះអង្គុយរិះគិតក្នុងចិត្តថា ហេតុអ្វីបានជាមនុស្សនេះពោលពាក្យប្រមាថដល់ព្រះដូច្នេះ ក្រៅពីព្រះតែ១ តើមានអ្នកណាអាចនឹងអត់ទោសបាបបាន តែព្រះយេស៊ូវទ្រង់ជ្រាបក្នុងវិញ្ញាណទ្រង់ជា១រំពេចថា គេរិះគិតក្នុងចិត្តយ៉ាងដូច្នោះ ទើបទ្រង់មានបន្ទូលទៅគេថា ហេតុអ្វីបានជាអ្នករាល់គ្នាមានគំនិតក្នុងចិត្តយ៉ាងដូច្នេះ ដ្បិតដែលនិយាយនឹងមនុស្សស្លាប់ដៃស្លាប់ជើងនេះថា បាបឯងបានអត់ទោសឲ្យឯងហើយ ឬថា ឲ្យក្រោកឡើង យកគ្រែឯងដើរទៅ នោះតើពាក្យណាងាយថាជាជាង ប៉ុន្តែ ដើម្បីឲ្យអ្នករាល់គ្នាដឹងថា នៅផែនដីនេះ កូនមនុស្សមានអំណាចនឹងអត់ទោសបាបបាន (នោះទ្រង់មានបន្ទូល ទៅមនុស្សស្លាប់ដៃស្លាប់ជើងថា) អញប្រាប់ឲ្យឯងក្រោកឡើង យកគ្រែឯងដើរទៅផ្ទះទៅ គាត់ក៏ក្រោកឡើងភ្លាម យកគ្រែចេញទៅ នៅមុខអ្នកទាំងអស់គ្នា បានជាគ្រប់គ្នាមានសេចក្ដីអស្ចារ្យ ហើយពណ៌នាសរសើរដំកើងដល់ព្រះ ដោយពាក្យថា យើងមិនដែលឃើញយ៉ាងដូច្នេះឡើយ។ ទ្រង់យាងចេញទៅតាមឆ្នេរសមុទ្រម្តងទៀត ឯហ្វូងមនុស្សទាំងអស់ ក៏មកឯទ្រង់ ហើយទ្រង់បង្រៀនគេ លុះទ្រង់យាងហួសពីនោះទៅ ក៏ទតឃើញលេវី ជាកូនអាល់ផាយ អង្គុយនៅត្រង់កន្លែងយកពន្ធ រួចមានបន្ទូលទៅគាត់ថា ចូរមកតាមខ្ញុំ នោះគាត់ក៏ក្រោកឡើងដើរតាមទ្រង់ កាលព្រះយេស៊ូវទ្រង់គង់នៅតុក្នុងផ្ទះគាត់ នោះមានមនុស្សយកពន្ធ នឹងមនុស្សបាបជាច្រើន មកអង្គុយនៅតុជាមួយនឹងទ្រង់ ហើយនឹងពួកសិស្ស ដ្បិតមានគ្នាច្រើនណាស់ ដែលតាមទ្រង់មក ឯពួកអាចារ្យនឹងពួកផារិស៊ី កាលគេឃើញទ្រង់សោយជាមួយនឹងពួកអ្នកយកពន្ធ នឹងមនុស្សមានបាបដូច្នេះ ក៏សួរពួកសិស្សទ្រង់ថា ហេតុអ្វីបានជាលោកបរិភោគជាមួយនឹងពួកអ្នកយកពន្ធ ហើយនឹងមនុស្សមានបាបដូច្នេះ លុះព្រះយេស៊ូវបានឮ នោះទ្រង់មានបន្ទូលថា ពួកអ្នកដែលជាសុខសប្បាយ គេមិនត្រូវការនឹងគ្រូពេទ្យទេ គឺជាមនុស្សដែលមានជំងឺវិញទេតើ ខ្ញុំមិនបានមក ដើម្បីហៅមនុស្សសុចរិតទេ គឺមកហៅតែមនុស្សមានបាបប៉ុណ្ណោះ ដើម្បីឲ្យគេប្រែចិត្តឡើង។ រីឯពួកសិស្សយ៉ូហាន នឹងពួកផារិស៊ី គេកំពុងតែតម ក៏មកទូលសួរទ្រង់ថា ហេតុអ្វីបានជាសិស្សរបស់យ៉ូហាន នឹងសិស្សពួកផារិស៊ីគេតម តែពួកសិស្សរបស់លោកមិនតមសោះ ព្រះយេស៊ូវទ្រង់មានបន្ទូលតបថា កំពុងដែលប្ដីថ្មោងថ្មីនៅជាមួយគ្នា តើពួកសំឡាញ់គាត់នឹងតមអាហារបានឬទេ កាលប្ដីនៅជាមួយនៅឡើយ នោះតមអាហារពុំបានទេ តែនឹងមានថ្ងៃមកដល់ ដែលប្ដីនឹងត្រូវយកចេញពីពួកមិត្រសំឡាញ់ទៅ នៅគ្រានោះគេនឹងតមវិញ គ្មានអ្នកណាដែលយកកំណាត់សំពត់ថ្មីមកប៉ះអាវចាស់ទេ បើធ្វើដូច្នោះ កំណាត់សំពត់ថ្មីនឹងហែកអាវចាស់ ធ្វើឲ្យរំហែកនោះរឹងរឹតតែអាក្រក់ជាងទៅទៀត ក៏គ្មានអ្នកណាយកស្រាទំពាំងបាយជូរថ្មី ដាក់ក្នុងថង់ស្បែកចាស់ដែរ បើធ្វើដូច្នោះ ស្រាទំពាំងបាយជូរថ្មីនឹងទំលាយថង់ស្បែកហូរចេញអស់ហើយ ឯថង់ស្បែកក៏ត្រូវខូចខាតដែរ តោងតែដាក់ស្រាទំពាំងបាយជូរថ្មីក្នុងថង់ស្បែកថ្មីវិញ។ មានកាល១ថ្ងៃ ជាថ្ងៃឈប់សំរាក ទ្រង់បានយាងកាត់ស្រែ ហើយពួកសិស្សទ្រង់តាំងចាប់បូតគួរស្រូវបណ្តើរ