ម៉ាកុស 16:1-8

ម៉ាកុស 16:1-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​ផុត​ថ្ងៃ​សប្ប័ទ​ហើយ នាង​ម៉ារា​ជា​អ្នក​ស្រុក​ម៉ាក់‌ដាឡា នាង​ម៉ារា ជា​ម្តាយ​យ៉ាកុប និង​នាង​សាឡូ‌មេ បាន​ទិញ​គ្រឿង​ក្រអូប ដើម្បី​យក​ទៅ​អប់​ព្រះ‌សព​ព្រះ‌អង្គ។ នៅ​ព្រឹក​ព្រលឹម​នា​ថ្ងៃ​ទី​មួយ​ក្នុង​សប្ដាហ៍ ពេល​ថ្ងៃ​រះ ពួក​នាង​បាន​នាំ​គ្នា​ទៅ​ផ្នូរ។ ពួក​នាង​និយាយ​គ្នា​ថា៖ «តើ​មាន​អ្នក​ណា​នឹង​ប្រមៀល​ថ្ម​ចេញ​ពី​មាត់​ផ្នូរ​ឲ្យ​យើង?» ពេល​ពួក​នាង​ងើប​មុខ​ឡើង ឃើញ​ថ្ម​ដ៏​ធំ​នោះ​មាន​គេ​ប្រមៀល​ចេញ​ជា​ស្រេច។ ពេល​ពួក​នាង​ចូល​ទៅ​ក្នុង​ផ្នូរ ឃើញ​កំលោះ​ម្នាក់​ពាក់​អាវ​ស​អង្គុយ​នៅ​ខាង​ស្តាំ ពួក​នាង​ក៏​ភ័យ​ស្រឡាំង​កាំង។ តែ​អ្នក​នោះ​និយាយ​មក​កាន់​ពួក​នាង​ថា៖ «កុំ​ភ័យ​អី នាង​កំពុង​រក​ព្រះ‌យេស៊ូវ​ជា​អ្នក​ស្រុក​ណាសា‌រ៉ែត ដែល​ត្រូវ​គេ​ឆ្កាង ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​ហើយ ទ្រង់​មិន​គង់​នៅ​ទី​នេះ​ទេ មើល៍! នេះ​ហើយ​ជា​កន្លែង​ដែល​គេ​បាន​ដាក់​ព្រះ‌សព​ព្រះ‌អង្គ។ ចូរ​ទៅ​ប្រាប់​ពួក​សិស្ស​របស់​ព្រះ‌អង្គ និង​ពេត្រុស​ផង​ថា ព្រះ‌អង្គ​យាង​ទៅ​ស្រុក​កាលី‌ឡេ​មុន​អ្នក​រាល់​គ្នា​ហើយ នៅ​ទី​នោះ អ្នក​រាល់​គ្នា​នឹង​ឃើញ​ព្រះ‌អង្គ ដូច​ជា​ព្រះ‌អង្គ​បាន​មាន​ព្រះ​បន្ទូល​ទុក​ស្រាប់»។ ពួក​នាង​ក៏​រត់​ចេញ​ពី​ផ្នូរ​ទាំង​ភ័យ​ញ័រ ហើយ​ស្រឡាំង‌កាំង ក៏​មិន​បាន​និយាយ​អ្វី​ប្រាប់​អ្នក​ណា​សោះ ព្រោះ​ពួក​នាង​ភ័យ​ខ្លាច។

ចែក​រំលែក
អាន ម៉ាកុស 16

ម៉ាកុស 16:1-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លុះ​ផុត​ថ្ងៃ​សប្ប័ទ*​ហើយ នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដា‌ឡា នាង​ម៉ារី​ជា​ម្ដាយ​យ៉ាកុប និង​នាង​សាឡូ‌មេ បាន​ទិញ​គ្រឿង​ក្រអូប យក​ទៅ​អប់​ព្រះ‌សព​ព្រះ‌យេស៊ូ។ ព្រលឹម​ឡើង​ថ្ងៃ​អាទិត្យ នាង​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​កាន់​ផ្នូរ នៅ​ពេល​ថ្ងៃ​រះ។ ពួក​នាង​និយាយ​គ្នា​ថា៖ «តើ​បាន​នរណា​ជួយ​ប្រមៀល​ថ្ម​ចេញ​ពី​មាត់​ផ្នូរ​ឲ្យ​យើង?»។ ពេល​ស្ត្រី​ទាំង​នោះ​ងើប​មុខ​ឡើង ក៏​ឃើញ​ថ្ម​បាន​រមៀល​ចេញ​រួច​ស្រេច​ទៅ​ហើយ ថ្ម​នោះ​មាន​ទំហំ​ធំ​ណាស់។ នាង​ចូល​ទៅ​ក្នុង​ផ្នូរ ឃើញ​កំលោះ​ម្នាក់​អង្គុយ​ខាង​ស្ដាំ មាន​សម្លៀក‌បំពាក់​ពណ៌​ស ពួក​នាង​ភ័យ​ស្រឡាំង‌កាំង។ អ្នក​នោះ​ពោល​មក​កាន់​នាង​ថា៖ «កុំ​ភ័យ​ស្រឡាំង‌កាំង​ធ្វើ​អ្វី! នាង​នាំ​គ្នា​មក​រក​ព្រះ‌យេស៊ូ ជា​អ្នក​ភូមិ​ណាសា‌រ៉ែត​ដែល​គេ​បាន​ឆ្កាង តែ​ព្រះ‌ជាម្ចាស់​បាន​ប្រោស​ព្រះអង្គ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​ហើយ ព្រះអង្គ​មិន​នៅ​ទី​នេះ​ទេ មើល​ចុះ ទី​នេះ​ហើយ​ដែល​គេ​បាន​ដាក់​ព្រះ‌សព​ព្រះអង្គ។ ចូរ​នាង​ទៅ​ប្រាប់​សិស្ស​របស់​ព្រះអង្គ ព្រម​ទាំង​លោក​ពេត្រុស​ផង​ថា “ព្រះអង្គ​យាង​ទៅ​ស្រុក​កាលី‌ឡេ​មុន​អ្នក​រាល់​គ្នា។ នៅ​ទី​នោះ អ្នក​រាល់​គ្នា​នឹង​ឃើញ​ព្រះអង្គ ដូច​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទុក​ស្រាប់”»។ ស្ត្រី​ទាំង​នោះ​ក៏​ចាក​ចេញ​ពី​ផ្នូរ ហើយ​រត់​ទៅ​ទាំង​ញ័រ​រន្ធត់ ស្លុត​ស្មារតី។ នាង​ពុំ​បាន​និយាយ​រឿង​នេះ​ប្រាប់​អ្នក​ណា​សោះ ព្រោះ​នាង​ភ័យ​ខ្លាំង​ពេក។ [

ចែក​រំលែក
អាន ម៉ាកុស 16

ម៉ាកុស 16:1-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​ផុត​ថ្ងៃ​ឈប់​សំរាក​ហើយ នោះ​ម៉ារា ជា​អ្នក​ស្រុក​ម៉ាក់‌ដាឡា ម៉ារា ជា​ម្តាយ​យ៉ាកុប នឹង​សាឡូ‌មេ​បាន​នាំ​គ្នា​ទិញ​គ្រឿង​ក្រអូប ដើម្បី​នឹង​ទៅ​អប់​ព្រះ‌សព​ទ្រង់ ដល់​ព្រលឹម​ឡើង នៅ​ថ្ងៃ​ទី​១​ក្នុង​អាទិត្យ​នោះ កាល​ថ្ងៃ​ទើប​នឹង​រះ​ឡើង គេ​ក៏​ទៅ​ឯ​ផ្នូរ ព្រម​ទាំង​និយាយ​គ្នា​បណ្តើរ​ថា តើ​មាន​អ្នក​ណា នឹង​ប្រមៀល​ថ្ម​ចេញ​ពី​មាត់​ផ្នូរ​ឲ្យ​យើង តែ​កាល​បាន​ងើប​មើល​ទៅ នោះ​ឃើញ​ថ្ម​បាន​ប្រមៀល​ចេញ​ហើយ (ថ្ម​នោះ​ធំ​ណាស់) លុះ​កាល​បាន​ចូល​ទៅ​ក្នុង​ផ្នូរ ក៏​ឃើញ​កំឡោះ​ម្នាក់ ពាក់​អាវ​ស​អង្គុយ​នៅ​ខាង​ស្តាំ ហើយ​ស្ត្រី​ទាំង​នោះ​មាន​សេចក្ដី​ភាំង​ស្លុត តែ​អ្នក​នោះ​និយាយ​ថា កុំ​ឲ្យ​ភ័យ​ឡើយ អ្នក​រាល់​គ្នា​មក​រក​ព្រះ‌យេស៊ូវ ពី​ណា‌សារ៉ែត ដែល​ត្រូវ​ឆ្កាង ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​ហើយ ទ្រង់​មិន​គង់​នៅ​ទី​នេះ​ទេ មើល នេះ​ជា​កន្លែង​ដែល​គេ​បាន​ផ្តេក​ព្រះ‌សព​ទ្រង់ ចូរ​អ្នក​រាល់​គ្នា​ទៅ​ប្រាប់​ពួក​សិស្ស​ទ្រង់ ព្រម​ទាំង​ពេត្រុស​ផង​ថា ទ្រង់​យាង​ទៅ​ឯ​ស្រុក​កាលី‌ឡេ​មុន​អ្នក​រាល់​គ្នា​ហើយ អ្នក​រាល់​គ្នា​នឹង​ឃើញ​ទ្រង់​នៅ​ស្រុក​នោះ ដូច​ជា​ទ្រង់​បាន​ប្រាប់​ទុក នោះ​គេ​ប្រញាប់‌ប្រញាល់​ចេញ​ទៅ​ក្រៅ រត់​ចោល​ផ្នូរ​ទៅ​ដោយ​កើត​មាន​សេចក្ដី​ភ័យ​ញ័រ ទាំង​ស្រឡាំង‌កាំង គេ​មិន​បាន​និយាយ​អ្វី​ប្រាប់​ដល់​អ្នក​ណា​ឡើយ ព្រោះ​គេ​ខ្លាច។

ចែក​រំលែក
អាន ម៉ាកុស 16