ម៉ាកុស 15:40-47
ម៉ាកុស 15:40-47 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មានស្ត្រីៗខ្លះទៀតមើលពីចម្ងាយ ក្នុងចំណោមស្ត្រីទាំងនោះ មាននាងម៉ារីជាអ្នកស្រុកម៉ាដាឡា នាងម៉ារីជាម្ដាយរបស់យ៉ាកុបតូច និងយ៉ូសេ ព្រមទាំងនាងសាឡូមេផង។ ស្ត្រីទាំងនោះមកជាមួយ ហើយបម្រើព្រះអង្គតាំងពីព្រះអង្គនៅស្រុកកាលីឡេម៉្លេះ។ មានស្ត្រីឯទៀតៗជាច្រើនបានឡើងមកក្រុងយេរូសាឡឹមជាមួយព្រះអង្គដែរ។ ថ្ងៃនោះជាថ្ងៃដែលគេរៀបចំបុណ្យចម្លង* គឺមួយថ្ងៃមុនថ្ងៃសប្ប័ទ*។ លុះដល់ល្ងាច លោកយ៉ូសែបជាអ្នកស្រុកអើរីម៉ាថេមកដល់ លោកជាសមាជិកដែលមានកេរ្តិ៍ឈ្មោះល្អ ក្នុងក្រុមប្រឹក្សាជាន់ខ្ពស់* ហើយលោកក៏រង់ចាំព្រះរាជ្យ*របស់ព្រះជាម្ចាស់ដែរ។ លោកមានចិត្តក្លាហានហ៊ានទៅជួបលោកពីឡាត សុំយកព្រះសពព្រះយេស៊ូ។ លោកពីឡាតនឹកឆ្ងល់ណាស់ ដោយឮថាព្រះយេស៊ូសោយទិវង្គតយ៉ាងឆាប់ដូច្នេះ។ លោកហៅនាយទាហានមកសួរឲ្យដឹងថា ព្រះយេស៊ូសោយទិវង្គតយូរហើយឬ។ បន្ទាប់ពីបានទទួលសេចក្ដីរាយការណ៍ពីនាយទាហានរួចហើយ លោកក៏អនុញ្ញាតឲ្យគេប្រគល់ព្រះសពទៅលោកយ៉ូសែប។ លោកយ៉ូសែបទិញក្រណាត់ផាឌិប លោកយកព្រះសពព្រះយេស៊ូចុះពីឈើឆ្កាង ហើយរុំនឹងក្រណាត់ រួចដាក់ក្នុងរូងថ្មមួយដែលគេដាប់ធ្វើជាផ្នូរ។ បន្ទាប់មក លោកប្រមៀលថ្មមួយដុំបិទមាត់ផ្នូរ។ នាងម៉ារីជាអ្នកស្រុកម៉ាដាឡា និងនាងម៉ារីជាម្ដាយយ៉ូសេ នាំគ្នាមើលកន្លែងដែលគេបញ្ចុះព្រះសពព្រះអង្គ។
ម៉ាកុស 15:40-47 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មានស្ត្រីខ្លះឈរមើលពីចម្ងាយ ក្នុងចំណោមស្ត្រីទាំងនោះ មាននាងម៉ារា ជាអ្នកស្រុកម៉ាក់ដាឡា នាងម៉ារាជាម្ដាយយ៉ាកុបតូច និងជាម្ដាយយ៉ូសេ ព្រមទាំងនាងសាឡូមេដែរ។ ស្ត្រីទាំងនោះធ្លាប់តាមបម្រើព្រះអង្គ ពេលព្រះអង្គគង់នៅស្រុកកាលីឡេ ក៏មានស្ត្រីឯទៀតជាច្រើន ដែលបានឡើងមកក្រុងយេរូសាឡិមជាមួយព្រះអង្គ។ លុះដល់ល្ងាច ដោយព្រោះថ្ងៃនោះជាថ្ងៃរៀបចំ គឺមួយថ្ងៃមុនថ្ងៃសប្ប័ទ លោកយ៉ូសែប ជាអ្នកស្រុកអើរីម៉ាថេ ជាសមាជិកដែលមានកេរ្ដិ៍ឈ្មោះល្អម្នាក់ក្នុងក្រុមប្រឹក្សា ហើយក៏ជាអ្នករង់ចាំព្រះរាជ្យរបស់ព្រះដែរ លោកទៅជួបលោកពីឡាត់ដោយក្លាហាន ដើម្បីសុំព្រះសពព្រះយេស៊ូវ។ លោកពីឡាត់នឹកឆ្ងល់ ដោយឮថាព្រះអង្គសុគតផុតទៅហើយ លោកក៏ហៅមេទ័ពមកសួរឲ្យដឹងថា ព្រះអង្គសុគតមែន ឬមិនមែន។ ពេលលោកបានដឹងពីមេទ័ពនោះថាព្រះអង្គសុគតមែន លោកក៏ប្រគល់ព្រះសពព្រះអង្គដល់លោកយ៉ូសែប។ លោកទិញសំពត់ទេសឯក យកព្រះសពព្រះអង្គចុះ រុំនឹងសំពត់ទេសឯកនោះ បញ្ចុះទៅក្នុងផ្នូរដែលបានដាប់នៅក្នុងថ្ម រួចប្រមៀលថ្មមួយផ្ទាំង បិទមាត់ផ្នូរ។ នាងម៉ារាជាអ្នកស្រុកម៉ាក់ដាឡា និងនាងម៉ារា ជាម្តាយយ៉ូសេ បានឃើញកន្លែងដែលគេបញ្ចុះព្រះសពព្រះអង្គ។
ម៉ាកុស 15:40-47 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ក៏មានស្ត្រីខ្លះដែលបានតាមបំរើព្រះយេស៊ូវ ក្នុងគ្រាដែលទ្រង់គង់នៅស្រុកកាលីឡេនៅឡើយ គេឈរមើលពីចំងាយ ក្នុងពួកស្ត្រីទាំងនោះ គឺម៉ារា ពីស្រុកម៉ាក់ដាឡា១ នឹងម៉ារា ជាម្តាយយ៉ាកុបតូច នឹងយ៉ូសេ១ ហើយនឹងសាឡូមេ១ ក៏មានស្ត្រីឯទៀតជាច្រើន ដែលបានឡើងមកឯក្រុងយេរូសាឡិមជាមួយនឹងទ្រង់ដែរ។ មានម្នាក់ឈ្មោះយ៉ូសែបនៅស្រុកអើរីម៉ាថេ ដែលមានកេរ្តិ៍ឈ្មោះក្នុងពួកក្រុមជំនុំ ជាអ្នករង់ចាំនគរព្រះដែរ អ្នកនោះបានមកដល់ ក៏ចូលទៅឯលោកពីឡាត់ ដោយចិត្តក្លាហាន សូមព្រះសពព្រះយេស៊ូវ ដោយព្រោះជាថ្ងៃរៀបចំហើយ គឺជាថ្ងៃមុនថ្ងៃឈប់សំរាក ហើយក៏ល្ងាចណាស់ផង ឯលោកពីឡាត់ មានសេចក្ដីឆ្ងល់ពីទ្រង់ ដែលសុគតជាឆាប់ម៉្លេះ ក៏ហៅមេទ័ពមកសួរបញ្ជាក់ បើទ្រង់សុគតជាយូរមកហើយ ឬដូចម្តេច កាលមេទ័ពបានជំរាបឲ្យលោកជ្រាបហើយ នោះលោកក៏អនុញ្ញាតឲ្យព្រះសពដល់យ៉ូសែប គាត់ក៏ទិញសំពត់ទេសឯក រួចដាក់ព្រះសពទ្រង់ចុះមក រុំនឹងសំពត់នោះ នាំទៅបញ្ចុះក្នុងផ្នូរដែលបានដាប់នៅក្នុងថ្ម រួចប្រមៀលថ្ម១មក សន្ធប់ខ្ទប់មាត់ផ្នូរជិត ឯម៉ារា ជាអ្នកស្រុកម៉ាក់ដាឡា នឹងម៉ារា ជាម្តាយយ៉ូសេ គេក៏ឃើញកន្លែងដែលបញ្ចុះព្រះសពទ្រង់ដែរ។