ម៉ាកុស 15:22-32

ម៉ាកុស 15:22-32 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

គេ​នាំ​ព្រះ‌យេស៊ូវ​ទៅ​កន្លែង​មួយ​ឈ្មោះ «គាល់‌កូថា» ដែល​ប្រែ​ថា «ភ្នំ​លលាដ៍​ក្បាល»។ គេ​យក​ស្រា​ទំពាំង​បាយ​ជូរ លាយ​ជា​មួយ​ជ័រ​ល្វីង‌ទេស មក​ថ្វាយ​ព្រះ‌អង្គ​សោយ តែ​ព្រះ‌អង្គ​មិន​បាន​សោយ​ទេ។ គេ​ក៏​ឆ្កាង​ព្រះ‌អង្គ ហើយ​យក​ព្រះ‌ពស្ត្រ​ព្រះ‌អង្គ​មក​ចាប់​ឆ្នោត​ចែក​គ្នា ដើម្បី​ឲ្យ​ដឹង​ថា​អ្នក​ណា​ត្រូវ​បាន​អ្វី។ គេ​ឆ្កាង​ព្រះ‌អង្គ​នៅ​វេលា​ម៉ោង​ប្រាំ​បួន​ព្រឹក។ គេ​សរសេរ​ប្រកាស​កាត់​ទោស​ព្រះ‌អង្គ​ថា «ស្តេច​សាសន៍​យូដា»។ គេ​ឆ្កាង​ចោរ​ពីរ​នាក់​ជា​មួយ​ព្រះ‌អង្គ ម្នាក់​នៅ​ខាង​ស្តាំ ម្នាក់​នៅ​ខាង​ឆ្វេង។ [ដូច្នេះ​ក៏​បាន​សម្រេច​តាម​បទ​គម្ពីរ​ដែល​ចែង​ថា៖ «គេ​បាន​រាប់​បញ្ចូល​ព្រះ‌អង្គ​ជា​មួយ​ពួក​ទទឹង​ច្បាប់» ។] ពួក​អ្នក​ដែល​ដើរ​កាត់​តាម​ទី​នោះ ចំ​អក​មើល​ងាយ​ព្រះ‌អង្គ ទាំង​គ្រវី​ក្បាល ហើយ​ពោល​ថា៖ «ឱ​អ្នក​បំផ្លាញ​ព្រះ‌វិហារ ហើយ​សង់​ឡើង​វិញ​ក្នុង​រវាង​បី​ថ្ងៃ​អើយ! ចូរ​សង្គ្រោះ​ខ្លួន​ឯង ហើយ​ចុះ​ពី​ឈើ​ឆ្កាង​មក»។ ពួក​សង្គ្រាជ និង​ពួក​អាចារ្យ ក៏​ចំអក​មើល​ងាយ​ព្រះ‌អង្គ​ដូច​គ្នា ទាំង​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «គាត់​សង្គ្រោះ​អ្នក​ដទៃ​បាន តែ​មិន​អាច​សង្គ្រោះ​ខ្លួន​ឯង​បាន​ទេ។ សូម​ព្រះ‌គ្រីស្ទ ជា​ស្តេច​សាសន៍​អ៊ីស្រា‌អែល ចុះ​ពី​ឈើ​ឆ្កាង​មក​ឥឡូវ​នេះ​មក ដើម្បី​ឲ្យ​យើង​ឃើញ ហើយ​ជឿ​ផង!» អ្នក​ដែល​ជាប់​ឆ្កាង​ជា​មួយ​ព្រះ‌អង្គ គេ​ក៏​ម្រមាថ​មើល​ងាយ​ព្រះ‌អង្គ​ដែរ។

ចែក​រំលែក
អាន ម៉ាកុស 15

ម៉ាកុស 15:22-32 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

គេ​បណ្ដើរ​ព្រះ‌យេស៊ូ​មក​ដល់​កន្លែង​មួយ​ឈ្មោះ “គាល់‌កូថា” ដែល​ប្រែ​ថា “ភ្នំ​លលាដ៍​ក្បាល”។ គេ​យក​ស្រា​ទំពាំង‌បាយជូរ​លាយ​ជា​មួយ​គ្រឿង‌ញៀន​ម្យ៉ាង មក​ថ្វាយ​ព្រះអង្គ​សោយ ប៉ុន្តែ ព្រះអង្គ​ពុំ​បាន​សោយ​ទេ។ គេ​ក៏​ឆ្កាង​ព្រះអង្គ ហើយ​យក​សម្លៀក‌បំពាក់​របស់​ព្រះអង្គ​មក​ចាប់​ឆ្នោត​ចែក​គ្នា។ គេ​ឆ្កាង​ព្រះអង្គ​នៅ​ម៉ោង​ប្រាំ​បួន​ព្រឹក។ គេ​សរសេរ​ប្រកាស​អំពី​ហេតុ​ដែល​គេ​ធ្វើ​ទោស​ព្រះអង្គ​ថា«ស្ដេច​ជន‌ជាតិ​យូដា»។ គេ​ក៏​បាន​ឆ្កាង​ចោរ​ព្រៃ​ពីរ​នាក់​ជា​មួយ​ព្រះ‌យេស៊ូ​ដែរ ម្នាក់​នៅ​ខាង​ស្ដាំ​ព្រះអង្គ ម្នាក់​ទៀត​នៅ​ខាង​ឆ្វេង​ព្រះអង្គ។ [ ហេតុ‌ការណ៍​នេះ​កើត​ឡើង ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ថា «ព្រះអង្គ​ត្រូវ​គេ​រាប់​បញ្ចូល​ជា​មួយ​មនុស្ស​អាក្រក់» ។] មនុស្ស‌ម្នា​ដើរ​កាត់​តាម​នោះ​ប្រមាថ​មើល‌ងាយ​ព្រះអង្គ ទាំង​គ្រវី​ក្បាល​ដាក់​ព្រះអង្គ និង​ពោល​ថា៖ «នែ៎ អ្នក​រុះ​ព្រះ‌វិហារ* ហើយ​សង់​ឡើង​វិញ​តែ​បី​ថ្ងៃ​អើយ សង្គ្រោះ​ខ្លួន​ឯង​ទៅ អញ្ជើញ​ចុះ​ពី​ឈើ​ឆ្កាង​មក!»។ រីឯ​ពួក​នាយក​បូជា‌ចារ្យ និង​ពួក​អាចារ្យ* ក៏​និយាយ​គ្នា​ចំអក​ឲ្យ​ព្រះអង្គ​ដូច​គេ​ដែរ ពួក​គេ​ពោល​ថា៖ «គាត់​បាន​សង្គ្រោះ​អ្នក​ឯ​ទៀតៗ តែ​មិន​អាច​សង្គ្រោះ​ខ្លួន​ឯង​ទេ!។ សូម​ព្រះ‌គ្រិស្ត ជា​ស្ដេច​អ៊ីស្រា‌អែល អញ្ជើញ​ចុះ​ពី​ឈើ​ឆ្កាង​ឥឡូវ​នេះ​មក ដើម្បី​ឲ្យ​យើង​ឃើញ និង​ជឿ​ផង!»។ អ្នក​ដែល​ជាប់​ឆ្កាង​ជា​មួយ​ព្រះ‌យេស៊ូ ក៏​ជេរ​ប្រមាថ​ព្រះអង្គ​ដែរ។

ចែក​រំលែក
អាន ម៉ាកុស 15

ម៉ាកុស 15:22-32 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គេ​នាំ​ទ្រង់​ទៅ​ដល់​កន្លែង​ហៅ​ថា «គាល់‌កូថា» ដែល​ស្រាយ​ថា ភ្នំ​រលា​ក្បាល នោះ​គេ​យក​ស្រា​ទំពាំង‌បាយ‌ជូរ លាយ​នឹង​ជ័រ​ល្វីង‌ទេស ថ្វាយ​ទ្រង់​សោយ តែ​ទ្រង់​មិន​សោយ​ទេ កាល​បាន​ឆ្កាង​ទ្រង់​រួច​ហើយ នោះ​គេ​ក៏​យក​ព្រះ‌ពស្ត្រ​ទ្រង់​ចាប់​ឆ្នោត​ចែក​គ្នា ដើម្បី​ឲ្យ​ដឹង​ជា​អ្នក​ណា​ត្រូវ​បាន​អ្វី ពេល​ដែល​គេ​ឆ្កាង​ទ្រង់ គឺ​ជា​ពេល​ម៉ោង​៩​ព្រឹក គេ​សរសេរ​ប្រកាស​កត់​ទោស​ទ្រង់​ថា «នេះ​ស្តេច​សាសន៍​យូដា» ហើយ​ក៏​ឆ្កាង​ចោរ​២​នាក់​ជា​មួយ​នឹង​ទ្រង់ ម្នាក់​ខាង​ស្តាំ ម្នាក់​ខាង​ឆ្វេង នោះ​បាន​សំរេច​តាម​បទ​គម្ពីរ​ដែល​ថា «គេ​បាន​រាប់​ទ្រង់​ជា​ពួក​អ្នក​ទទឹង​ច្បាប់»។ ពួក​អ្នក​ដែល​ដើរ​តាម​ទី​នោះ ក៏​ជេរ​ទ្រង់ ទាំង​គ្រវី​ក្បាល ហើយ​និយាយ​ថា អើ ឯង​ដែល​បំផ្លាញ​ព្រះ‌វិហារ ហើយ​សង់​ឡើង​វិញ​ក្នុង​រវាង​៣​ថ្ងៃ ឥឡូវ ចូរ​ជួយ​សង្គ្រោះ​ខ្លួន​ឯង ដោយ​ចុះ​ពី​ឈើ​ឆ្កាង​មក ពួក​សង្គ្រាជ​នឹង​ពួក​អាចារ្យ ក៏​ចំអក​ឲ្យ​ទ្រង់​បែប​ដូច​គ្នា ទាំង​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា វា​ជួយ​សង្គ្រោះ​ដល់​មនុស្ស​ឯ​ទៀត​បាន តែ​ពុំ​អាច​នឹង​សង្គ្រោះ​ចំពោះ​ខ្លួន​ឯង​បាន​ទេ ចូរ​ឲ្យ​ព្រះ‌គ្រីស្ទ ជា​ស្តេច​នៃ​សាសន៍​អ៊ីស្រាអែល ចុះ​ពី​ឈើ​ឆ្កាង​មក​ឥឡូវ​ចុះ ឲ្យ​យើង​បាន​ឃើញ ហើយ​ជឿ​ផង ឯ​២​នាក់​ដែល​ជាប់​ឆ្កាង​ជា​មួយ​នឹង​ទ្រង់ គេ​ក៏​ដៀល​ត្មះ​ទ្រង់​ដែរ។

ចែក​រំលែក
អាន ម៉ាកុស 15