ម៉ាកុស 15:1-20

ម៉ាកុស 15:1-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លុះ​ព្រឹក​ឡើង​ភ្លាម ពួក​សង្គ្រាជ​បាន​ជួប​ពិគ្រោះ​គ្នា​ជា​មួយ​ពួក​ចាស់​ទុំ ពួក​អាចារ្យ និង​ក្រុម‌ប្រឹក្សា​ទាំង​មូល។ គេ​ចង​ព្រះ‌យេស៊ូវ ហើយ​នាំ​ព្រះ‌អង្គ​ទៅ​ប្រគល់​ឲ្យ​លោក​ពីឡាត់។ លោក​ពីឡាត់​សួរ​ព្រះ‌អង្គ​ថា៖ «តើ​អ្នក​ជា​ស្តេច​សាសន៍​យូដា​ឬ?» ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ឆ្លើយ​ថា៖ «ត្រូវ​ដូច​លោក​មាន​ប្រសាសន៍​ហើយ»។ ពេល​នោះ ពួក​សង្គ្រាជ​បាន​យក​រឿង​ជា​ច្រើន​មក​ចោទ​ប្រកាន់​ព្រះ‌អង្គ។ លោក​ពីឡាត់​សួរ​ព្រះ‌អង្គ​ម្តង​ទៀត​ថា៖ «តើ​អ្នក​មិន​ឆ្លើយ​អ្វី​សោះ​ដូច្នេះ​ឬ? មើល​ចុះ គេ​យក​រឿង​ជា​ច្រើន​មក​ចោទ​ប្រកាន់​អ្នក»។ តែ​ព្រះ‌យេស៊ូវ​ពុំ​បាន​ឆ្លើយ​អ្វី​ទៀត​ឡើយ ធ្វើ​ឲ្យ​លោក​ពីឡាត់​ងឿង​ឆ្ងល់​ជា​ខ្លាំង។ រាល់​ពេល​បុណ្យ លោក​មាន​ទម្លាប់​ដោះ​លែង​អ្នក​ទោស​ម្នាក់​ឲ្យ​ពួក​គេ តាម​ដែល​គេ​សុំ។ មាន​បុរស​ម្នាក់​ឈ្មោះ​បារ៉ា‌បាស ជាប់​គុក​ជា​មួយ​ពួក​បះ‌បោរ គាត់​បាន​សម្លាប់​គេ​ក្នុង​ពេល​បះបោរ​នោះ។ បណ្ដាជន​ចាប់​ផ្ដើម​ឡើង​មក​សុំ​លោក​ពីឡាត់ ដើម្បី​ឲ្យ​លោក​ដោះ​លែង​អ្នក​ទោស​ម្នាក់ តាម​ទម្លាប់​ដែល​លោក​បាន​ធ្វើ​ដល់​ពួក​គេ។ លោក​ពីឡាត់​សួរ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ខ្ញុំ​ដោះ​លែង​ស្តេច​សាសន៍​យូដា ឲ្យ​អ្នក​រាល់​គ្នា​ឬ?» ដ្បិត​លោក​ជ្រាប​ថា ពួក​សង្គ្រាជ​បាន​បញ្ជូន​ព្រះ‌អង្គ​មក​នេះ ព្រោះ​តែ​សេចក្ដី​ច្រណែន។ ប៉ុន្តែ ពួក​សង្គ្រាជ​បាន​ញុះ‌ញង់​បណ្ដាជន សុំ​ឲ្យ​លោក​ដោះ​លែង​បារ៉ា‌បាស​វិញ។ លោក​ពីឡាត់​សួរ​គេ​ម្តង​ទៀត​ថា៖ «ដូច្នេះ តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ដល់​អ្នក​ដែល​អ្នក​រាល់​គ្នា​ហៅ​ថា ស្តេច​សាសន៍​យូដា​នេះ?» គេ​ស្រែក​ឡើង​ទៀត​ថា៖ «ចូរ​ឆ្កាង​វា​ទៅ!» លោក​ពីឡាត់​សួរ​គេ​ថា៖ «ហេតុ​អ្វី? តើ​គាត់​បាន​ប្រព្រឹត្ត​អាក្រក់​អ្វី?» តែ​គេ​ស្រែក​កាន់​តែ​ខ្លាំង​ឡើង​ថា៖ «ចូរ​ឆ្កាង​វា​ទៅ!» ដូច្នេះ ដោយ​លោក​ពីឡាត់​ចង់​បំពេញ​ចិត្ត​បណ្ដាជន ក៏​ដោះ​លែង​បារ៉ា‌បាស​ឲ្យ​ពួក​គេ។ កាល​បាន​វាយ​ព្រះ‌យេស៊ូវ​ដោយ​រំពាត់​រួច​ហើយ លោក​ក៏​ប្រគល់​ព្រះ‌អង្គ​ទៅ​ឲ្យ​គេ​ឆ្កាង។ ពួក​ទាហាន​បណ្ដើរ​ព្រះ‌អង្គ​ចូល​ទៅ​ក្នុង​ទីធ្លា​បន្ទាយ ដែល​ជា​កន្លែង​កាត់​ក្តី រួច​គេ​ហៅ​ទ័ព​ទាំង​អស់​មក​ជួប​ជុំ​គ្នា។ គេ​យក​អាវ​ពណ៌​ស្វាយ​មក​បំពាក់​ឲ្យ​ព្រះ‌អង្គ ហើយ​គេ​ក្រង​បន្លា​ធ្វើ​ជា​មកុដ​បំពាក់​លើ​ព្រះសិរ​ព្រះ‌អង្គ រួច​ចាប់​ផ្ដើម​គំនាប់​ព្រះ‌អង្គ​ថា៖ «សូម​ថ្វាយ​បង្គំ​ស្តេច​សាសន៍​យូដា!» គេ​យក​ដើម​ត្រែង​វាយ​ព្រះ‌សិរ​ព្រះ‌អង្គ ស្តោះ​ទឹក​មាត់​ដាក់​ព្រះ‌អង្គ ហើយ​លុត​ជង្គង់​ថ្វាយ​បង្គំ​ព្រះ‌អង្គ។ ក្រោយ​ពី​បាន​ប្រមាថ​មើល​ងាយ​ព្រះ‌អង្គ​ហើយ គេ​ក៏​ដោះ​អាវ​ពណ៌​ស្វាយ​ចេញ បំពាក់​ព្រះ‌ពស្ត្រ​របស់​ព្រះ‌អង្គ​វិញ ហើយ​បណ្ដើរ​ព្រះ‌អង្គ​យក​ទៅ​ឆ្កាង។

ចែក​រំលែក
អាន ម៉ាកុស 15

ម៉ាកុស 15:1-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លុះ​ព្រលឹម​ឡើង ពួក​នាយក​បូជា‌ចារ្យ*​ប្រជុំ​គ្នា​ជា​មួយ​ពួក​ព្រឹទ្ធា‌ចារ្យ* ពួក​អាចារ្យ* និង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់*​ទាំង​មូល។ គេ​បាន​ចង​ព្រះ‌យេស៊ូ ហើយ​បញ្ជូន​ព្រះអង្គ​ទៅ​លោក​ពីឡាត។ លោក​ពីឡាត​សួរ​ព្រះអង្គ​ថា៖ «តើ​អ្នក​ជា​ស្ដេច​យូដា​មែន​ឬ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «លោក​ទេ​តើ ដែល​មាន​ប្រសាសន៍​ដូច្នេះ!»។ ពួក​នាយក​បូជា‌ចារ្យ​បាន​យក​រឿង​ជា​ច្រើន​មក​ចោទ​ប្រកាន់​ព្រះ‌យេស៊ូ។ លោក​ពីឡាត​សួរ​ព្រះអង្គ​ម្ដង​ទៀត​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​មិន​ឆ្លើយ​អ្វី​សោះ​ដូច្នេះ? អ្នក​មិន​ឮ​ពាក្យ​ទាំង​ប៉ុន្មាន​ដែល​គេ​ចោទ​ប្រកាន់​អ្នក​ទេ​ឬ?»។ ព្រះ‌យេស៊ូ​ពុំ​ឆ្លើយ​តប​ទៀត​ឡើយ ជា​ហេតុ​នាំ​ឲ្យ​លោក​ពីឡាត​ងឿង‌ឆ្ងល់​ជា​ខ្លាំង។ ជា​រៀង​រាល់​ឆ្នាំ ក្នុង​ឱកាស​បុណ្យ​ចម្លង លោក​ពីឡាត​តែង​លែង​អ្នក​ទោស​ម្នាក់​តាម​ពាក្យ​សុំ​របស់​បណ្ដា‌ជន។ មាន​បុរស​ម្នាក់​ឈ្មោះ បារ៉ា‌បាស ជាប់​ឃុំ‌ឃាំង​ជា​មួយ​ពួក​បះ‌បោរ ដែល​សម្លាប់​មនុស្ស​ម្នាក់​នៅ​ពេល​កើត​ចលាចល។ បណ្ដា‌ជន​នាំ​គ្នា​ឡើង​ទៅ​ជួប​លោក​ពីឡាត សុំ​ឲ្យ​លោក​ដោះ​លែង​អ្នក​ទោស​ម្នាក់ តាម​ទម្លាប់​ដែល​លោក​ធ្លាប់​អនុ‌គ្រោះ​ដល់​គេ។ លោក​ពីឡាត​មាន​ប្រសាសន៍​សួរ​ថា៖ «តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ខ្ញុំ​ដោះ​លែង​ស្ដេច​យូដា​ឬ?»។ លោក​មាន​ប្រសាសន៍​ដូច្នេះ មក​ពី​លោក​ជ្រាប​ថា ពួក​នាយក​បូជា‌ចារ្យ​បញ្ជូន​ព្រះ‌យេស៊ូ​មក​លោក ព្រោះ​ពួក​គេ​មាន​ចិត្ត​ច្រណែន។ ពួក​នាយក​បូជា‌ចារ្យ*​នាំ​គ្នា​បញ្ចុះ‌បញ្ចូល​បណ្ដា‌ជន​សុំ​ឲ្យ​លោក​ពីឡាត​ដោះ​លែង​បារ៉ា‌បាស​វិញ។ លោក​ពីឡាត​មាន​ប្រសាសន៍​ទៅ​គេ​ម្ដង​ទៀត​ថា៖ «បើ​ដូច្នេះ តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ដល់​អ្នក​ដែល​អ្នក​រាល់​គ្នា​ហៅ​ថា ស្ដេច​យូដា​នេះ?»។ គេ​ស្រែក​ឡើង​ថា៖ «ឆ្កាង​ទៅ!»។ លោក​ពីឡាត​សួរ​ថា៖ «តើ​អ្នក​នេះ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​អ្វី?»។ ប៉ុន្តែ គេ​នាំ​គ្នា​ស្រែក​កាន់​តែ​ខ្លាំង​ឡើងៗ​ថា៖ «ឆ្កាង​ទៅ!»។ លោក​ពីឡាត​ចង់​បំពេញ​ចិត្ត​បណ្ដា‌ជន ក៏​ដោះ​លែង​បារ៉ា‌បាស។ បន្ទាប់​ពី​បញ្ជា​ឲ្យ​គេ​វាយ​ព្រះ‌យេស៊ូ​នឹង​រំពាត់​រួច​ហើយ លោក​ប្រគល់​ទៅ​ឲ្យ​គេ​ឆ្កាង។ ពួក​ទាហាន​បណ្ដើរ​ព្រះ‌យេស៊ូ​ទៅ​ក្នុង​ទីធ្លា​បន្ទាយ ហើយ​ហៅ​កង​ទាហាន​ទាំង​មូល​មក។ គេ​យក​អាវ​ពណ៌​ក្រហម​ទុំ​មក​ពាក់​ឲ្យ​ព្រះអង្គ រួច​យក​បន្លា​មក​ក្រង​ធ្វើ​ភួង បំពាក់​ជា​មកុដ​លើ​ព្រះ‌សិរសា​ព្រះអង្គ។ គេ​ក៏​នាំ​គ្នា​សំពះ​ព្រះអង្គ ទាំង​ពោល​ថា៖ «សូម​គោរព​ថ្វាយ‌បង្គំ​ស្ដេច​យូដា!»។ គេ​យក​ផ្ដៅ​វាយ​ព្រះ‌សិរសា​ព្រះអង្គ គេ​ស្ដោះ​ទឹក​មាត់​ដាក់​ព្រះអង្គ ព្រម​ទាំង​លុត​ជង្គង់​ថ្វាយ‌បង្គំ​ព្រះអង្គ​ថែម​ទៀត​ផង។ ក្រោយ​ពី​បាន​ប្រមាថ​មើល‌ងាយ​ព្រះអង្គ​រួច​ហើយ ពួក​គេ​ដោះ​អាវ​ពណ៌​ក្រហម​ចេញ យក​ព្រះ‌ពស្ដ្រ​របស់​ព្រះអង្គ​មក​ពាក់​ថ្វាយ​ព្រះអង្គ​វិញ ហើយ​បណ្ដើរ​យក​ទៅ​ឆ្កាង។

ចែក​រំលែក
អាន ម៉ាកុស 15

ម៉ាកុស 15:1-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដល់​ព្រឹក​ឡើង កាល​ពួក​សង្គ្រាជ ពួក​ចាស់‌ទុំ នឹង​ពួក​អាចារ្យ ព្រម​ទាំង​ក្រុម‌ជំនុំ​ទាំង​អស់​បាន​ប្រជុំ​ពិគ្រោះ​គ្នា នោះ​ក៏​ចង​ព្រះ‌យេស៊ូវ នាំ​បញ្ជូន​ទៅ​ឯ​លោក​ពីឡាត់ លោក​ពីឡាត់​ពិចារណា​សួរ​ទ្រង់​ថា តើ​អ្នក​ជា​ស្តេច​របស់​សាសន៍​យូដា​ឬ​អី ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា ត្រូវ​ដូច​លោក​មាន​ប្រសាសន៍​ហើយ ឯ​ពួក​សង្គ្រាជ គេ​ចោទ​ប្រកាន់​ទ្រង់​ខ្លាំង​ណាស់ នោះ​លោក​ពីឡាត់​ក៏​ពិចារណា​សួរ​ទ្រង់​ម្តង​ទៀត ដោយ​ពាក្យ​ថា តើ​អ្នក​មិន​ព្រម​ឆ្លើយ​សោះ​ទេ​ឬ​អី មើល រឿង​ជា​ច្រើន​ទាំង​ម៉្លេះ ដែល​គេ​ធ្វើ​បន្ទាល់​ទាស់​នឹង​អ្នក តែ​ព្រះ‌យេស៊ូវ​ទ្រង់​ឥត​មាន​ឆ្លើយ​អ្វី​ទៀត​សោះ បាន​ជា​លោក​ពីឡាត់​ក៏​អស្ចារ្យ​ក្នុង​ចិត្ត។ រីឯ​នៅ​បុណ្យ​នោះ លោក​តែង​ធ្លាប់​លែង​អ្នក​ទោស​ម្នាក់​ឲ្យ​ដល់​គេ​តាម​ដែល​គេ​សូម គ្រា​នោះ មាន​ម្នាក់​ឈ្មោះ​បារ៉ា‌បាស ជាប់​គុក​ជា​មួយ​នឹង​ពួក​អ្នក​បះ‌បោរ ជា​អ្នក​ដែល​បាន​សំឡាប់​គេ​ក្នុង​វេលា​បះ​នោះ ហ្វូង​មនុស្ស​ក៏​ចាប់​តាំង​ស្រែក​ឡើង សូម​លោក​បើក​ឲ្យ​ដល់​គេ ដូច​ជា​លោក​តែង​ធ្លាប់​ធ្វើ​មក លោក​ពីឡាត់​សួរ​គេ​ថា តើ​ចង់​ឲ្យ​ខ្ញុំ​លែង​ស្តេច​សាសន៍​យូដា ឲ្យ​ដល់​អ្នក​រាល់​គ្នា​ឬ​អី នេះ​ដ្បិត​លោក​ជ្រាប​ថា ពួក​សង្គ្រាជ​បាន​បញ្ជូន​ទ្រង់ ដោយ​ឈ្នានីស​ទេ តែ​ពួក​សង្គ្រាជ​បាន​ញុះ‌ញង់​ហ្វូង​មនុស្ស ឲ្យ​សូម​ឲ្យ​លោក​លែង​បារ៉ា‌បាស​វិញ លោក​ពីឡាត់​ក៏​សួរ​គេ​ម្តង​ទៀត​ថា ដូច្នេះ តើ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​នឹង​អ្នក​ដែល​អ្នក​រាល់​គ្នា​ហៅ​ថា ស្តេច​សាសន៍​យូដា​នេះ គេ​ស្រែក​ឡើង​ទៀត​ថា ចូរ​ឆ្កាង​វា​ទៅ លោក​ពីឡាត់​សួរ​គេ​ថា ដូច្នេះ តើ​គាត់​បាន​ធ្វើ​ខុស​អ្វី នោះ​គេ​ស្រែក​កាន់​តែ​ខ្លាំង​ឡើង​ថា ចូរ​ឆ្កាង​វា​ទៅ ឯ​ពីឡាត់ លោក​ចង់​ធ្វើ​បំពេញ​ដល់​ចិត្ត​ហ្វូង​មនុស្ស​ដែរ បាន​ជា​លែង​បារ៉ា‌បាស​ដល់​គេ រួច​កាល​បាន​វាយ​ព្រះ‌យេស៊ូវ​ដោយ​រំពាត់​ហើយ នោះ​ក៏​បញ្ជូន​ទៅ​ឲ្យ​គេ​ឆ្កាង​ទ្រង់។ ចំណែក​ពួក​ទាហាន ក៏​នាំ​ទ្រង់​ទៅ​ឯ​ទីធ្លា ជា​ទី​កាត់​ក្តី រួច​គេ​ហៅ​ពួក​កង​ទាហាន​ទាំង​អស់ ឲ្យ​មូល​គ្នា​មក ក៏​យក​អាវ​ពណ៌​ស្វាយ​បំពាក់​ទ្រង់ ហើយ​ក្រង​ភួង​បន្លា​បំពាក់​លើ​ព្រះ‌សិរ រួច​ចាប់​តាំង​សំពះ​ទូល​ទ្រង់​ថា ថ្វាយ‌បង្គំ​ស្តេច​សាសន៍​យូដា គេ​ក៏​យក​ដើម​ត្រែង​វាយ​ព្រះ‌សិរ ស្តោះ​ដាក់​ទ្រង់ ហើយ​លុត​ជង្គង់​ថ្វាយ‌បង្គំ​ទ្រង់​ផង កាល​បាន​ចំអក​មើល‌ងាយ​ទ្រង់​ស្រេច​ហើយ នោះ​គេ​ដោះ​អាវ​ពណ៌​ស្វាយ​ចេញ ក៏​បំពាក់​ព្រះ‌ពស្ត្រ​ទ្រង់​វិញ រួច​នាំ​ចេញ​ទៅ​ឆ្កាង

ចែក​រំលែក
អាន ម៉ាកុស 15