ម៉ាកុស 14:43-50

ម៉ាកុស 14:43-50 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះអង្គ​កំពុង​តែ​មាន​ព្រះ‌បន្ទូល​នៅ​ឡើយ ស្រាប់​តែ​យូដាស​ជា​សិស្ស​ម្នាក់ ក្នុង​ចំណោម​សិស្ស​ទាំង​ដប់‌ពីរ​រូប​មក​ដល់ ដោយ​មាន​បណ្ដា‌ជន​មួយ​ក្រុម​កាន់​ដាវ កាន់​ដំបង មក​ជា​មួយ​ផង។ ពួក​នាយក​បូជា‌ចារ្យ*​ពួក​អាចារ្យ* និង​ពួក​ព្រឹទ្ធា‌ចារ្យ* បាន​ចាត់​អ្នក​ទាំង​នោះ​ឲ្យ​មក។ យូដាស​ដែល​នាំ​គេ​មក​ចាប់​ព្រះ‌យេស៊ូ បាន​សន្មត​ជា​មួយ​អ្នក​ទាំង​នោះ​នូវ​សញ្ញា​មួយ​ថា៖ «ខ្ញុំ​ថើប​អ្នក​ណា គឺ​អ្នក​នោះ​ហើយ សុំ​ចាប់​គាត់​នាំ​យក​ទៅ ដោយ​ប្រយ័ត្ន‌ប្រយែង​ឲ្យ​មែន​ទែន»។ កាល​មក​ដល់​ភ្លាម យូដាស​ដើរ​តម្រង់​មក​រក​ព្រះ‌យេស៊ូ ពោល​ថា៖ «លោក​គ្រូ!» រួច​គាត់​ថើប​ព្រះអង្គ ពួក​គេ​នាំ​គ្នា​ចាប់​ព្រះ‌យេស៊ូ។ មាន​ម្នាក់​ដែល​នៅ​ទី​នោះ​ហូត​ដាវ​កាប់​អ្នក​បម្រើ​របស់​មហា​បូជា‌ចារ្យ ដាច់​ស្លឹក​ត្រចៀក​ម្ខាង។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​ជា​ចោរ​ព្រៃ​ឬ បាន​ជា​អស់​លោក​កាន់​ដាវ កាន់​ដំបង មក​ចាប់​ខ្ញុំ​ដូច្នេះ? ជា​រៀង​រាល់​ថ្ងៃ ខ្ញុំ​នៅ​ក្នុង​ព្រះ‌វិហារ*​ជា​មួយ​អស់​លោក​ទាំង​បង្រៀន​ផង តែ​អស់​លោក​ពុំ​បាន​ចាប់​ខ្ញុំ​ទេ។ ការណ៍​ទាំង​នេះ​កើត​ឡើង ដើម្បី​ឲ្យ​បាន​ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ»។ ពេល​នោះ ពួក​សិស្ស​បោះ‌បង់​ចោល​ព្រះ‌យេស៊ូ ហើយ​រត់​បាត់​អស់​ទៅ។

ចែក​រំលែក
អាន ម៉ាកុស 14

ម៉ាកុស 14:43-50 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​ព្រះ‌អង្គ​កំពុង​មាន​ព្រះ​បន្ទូល​នៅ​ឡើយ ស្រាប់​តែ​យូដាស ជា​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​ដប់​ពីរ មក​ដល់​ភា្លម មាន​ទាំង​បណ្ដាជន​មួយ​ក្រុម កាន់​ដាវ និង​កាន់​ដំបង​មក​ជា​មួយ។ អ្នក​ទាំង​នោះ​មក​ពី​ពួក​សង្គ្រាជ ពួក​អាចារ្យ និង​ពួក​ចាស់​ទុំ។ អ្នក​ដែល​ក្បត់​ព្រះ‌អង្គ​បាន​ឲ្យ​សញ្ញា​មួយ​ដល់​គេ ដោយ​ប្រាប់​ថា៖ «អ្នក​ណា​ដែល​ខ្ញុំ​ថើប គឺ​អ្នក​នោះ​ហើយ ចូរ​ចាប់​គាត់ ហើយ​នាំ​ទៅ​ដោយ​ប្រយ័ត្ន‌ប្រយែង​ចុះ»។ ពេល​គាត់​មក​ដល់ គាត់​ចូល​ទៅ​រក​ព្រះ‌អង្គ​ភា្លម ដោយ​ទូល​ថា៖ «រ៉ាប៊ី!» រួច​គាត់​ថើប​ព្រះ‌អង្គ។ ពេល​នោះ គេ​ក៏​លូក​ដៃ​មក​ចាប់​ព្រះ‌អង្គ។ ប៉ុន្តែ ក្នុង​ចំណោម​ពួក​អ្នក​ដែល​ឈរ​ជិត មាន​ម្នាក់​ហូត​ដាវ​កាប់​បាវ​បម្រើ​របស់​សម្ដេច​សង្ឃ ដាច់​ស្លឹក​ត្រចៀក។ ពេល​នោះ ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​បាន​ចេញ​មក​ចាប់​ខ្ញុំ ទាំង​កាន់​ដាវ កាន់​ដំបង ដូច​ខ្ញុំ​នេះ​ជា​ចោរ​ឬ? ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​រាល់​ថ្ងៃ ទាំង​បង្រៀន​នៅ​ក្នុង​ព្រះ‌វិហារ​ផង ហើយ​អ្នក​រាល់​គ្នា​មិន​បាន​ចាប់​ខ្ញុំ​ទេ ប៉ុន្តែ បទ​គម្ពីរ​ត្រូវ​តែ​បាន​សម្រេច»។ ពេល​នោះ ពួក​សិស្ស​បោះ‌បង់​ចោល​ព្រះ‌អង្គ ហើយ​រត់​គេច​បាត់​អស់។

ចែក​រំលែក
អាន ម៉ាកុស 14

ម៉ាកុស 14:43-50 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កំពុង​ដែល​ទ្រង់​មាន​បន្ទូល​នៅ​ឡើយ ស្រាប់​តែ​យូដាស​ជា​ម្នាក់​ក្នុង​ពួក​១២ ក៏​មក​ដល់​ភ្លាម នាំ​ទាំង​ហ្វូង​មនុស្ស​ដ៏​ធំ ពី​ពួក​សង្គ្រាជ ពួក​អាចារ្យ នឹង​ពួក​ចាស់‌ទុំ មក​ជា​មួយ​ផង ព្រម​ទាំង​កាន់​ដាវ កាន់​ដំបង អ្នក​ដែល​បញ្ជូន​ទ្រង់ ក៏​ប្រាប់​ទី​សំគាល់​នេះ​ដល់​គេ​ថា អ្នក​ណា​ដែល​ខ្ញុំ​ថើប គឺ​អ្នក​នោះ​ហើយ ចូរ​ចាប់​វា​នាំ​ទៅ​ដោយ​ប្រយ័ត‌ប្រយែង​ចុះ កាល​គេ​បាន​មក​ដល់ នោះ​វា​ចូល​ទៅ​ឯ​ទ្រង់​ភ្លាម ដោយ​ទូល​ថា លោក​គ្រូៗ​អើយ ហើយ​ក៏​ថើប​ទ្រង់ នោះ​គេ​លូក​ដៃ​ទៅ​ចាប់​ទ្រង់ តែ​មាន​ម្នាក់​ឈរ​ជិត​ខាង គាត់​ហូត​ដាវ​កាប់​ដាច់​ស្លឹក​ត្រចៀក​របស់​បាវ​សំដេច​សង្ឃ​ម្នាក់ ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា តើ​អ្នក​រាល់​គ្នា​បាន​ចេញ​មក​ចាប់​ខ្ញុំ ទាំង​កាន់​ដាវ កាន់​ដំបង​ដូច​ជា​មក​ចាប់​ចោរ​ឬ​អី ខ្ញុំ​បាន​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ព្រម​ទាំង​បង្រៀន​ក្នុង​ព្រះ‌វិហារ​រាល់​តែ​ថ្ងៃ​ផង តែ​អ្នក​រាល់​គ្នា​មិន​បាន​ចាប់​ខ្ញុំ​សោះ ប៉ុន្តែ នេះ​ដើម្បី​នឹង​ធ្វើ​ឲ្យ​សំរេច​តាម​បទ​គម្ពីរ​ទេ នោះ​ពួក​សិស្ស​ក៏​រត់​ចោល​ទ្រង់​ទាំង​អស់​គ្នា​ទៅ

ចែក​រំលែក
អាន ម៉ាកុស 14