ម៉ាកុស 14:34-36
ម៉ាកុស 14:34-36 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំព្រួយចិត្តជាខ្លាំង សឹងតែនឹងស្លាប់ ចូរនៅទីនេះ ហើយចាំយាមចុះ»។ កាលយាងទៅមុខបន្តិច ព្រះអង្គក៏ក្រាបចុះព្រះភក្ត្រដល់ដី ហើយអធិស្ឋានសូមឲ្យពេលវេលានេះកន្លងផុតពីព្រះអង្គទៅ ប្រសិនបើបាន។ ព្រះអង្គមានព្រះបន្ទូលថា៖ «អ័ប្បា ព្រះវរបិតាអើយ! ព្រះអង្គអាចធ្វើគ្រប់ការទាំងអស់បាន សូមដកយកពែងនេះ ចេញពីទូលបង្គំទៅ ប៉ុន្តែ កុំតាមចិត្តទូលបង្គំឡើយ គឺតាមព្រះហឫទ័យព្រះអង្គវិញ»។
ម៉ាកុស 14:34-36 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអង្គមានព្រះបន្ទូលទៅកាន់អ្នកទាំងបីថា៖ «ខ្ញុំព្រួយចិត្តយ៉ាងខ្លាំងស្ទើរតែស្លាប់ អ្នករាល់គ្នានៅទីនេះសិនហើយ ចូរប្រុងស្មារតី »។ ព្រះអង្គយាងទៅមុខបន្តិច ក្រាបចុះដល់ដី ទូលអង្វរសូមឲ្យទុក្ខលំបាកនេះ ចេញឆ្ងាយពីព្រះអង្គទៅ បើសិនជាអាចកន្លងផុតទៅបាន។ ព្រះអង្គទូលថា៖ «អប្បា ឱព្រះបិតាអើយ! ព្រះអង្គអាចសម្រេចគ្រប់កិច្ចការទាំងអស់បាន សូមដកយកពែងនៃទុក្ខលំបាកនេះ ចេញឲ្យឆ្ងាយពីទូលបង្គំទៅ ប៉ុន្តែ សូមកុំតាមបំណងចិត្តទូលបង្គំឡើយ គឺសូមឲ្យបានសម្រេចតាមព្រះហឫទ័យព្រះអង្គវិញ»។
ម៉ាកុស 14:34-36 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ក៏មានបន្ទូលទៅគេថា ចិត្តខ្ញុំព្រួយជាខ្លាំងសឹងតែនឹងស្លាប់ ចូរនៅទីនេះចាំយាមចុះ រួចកាលទ្រង់បានយាងទៅមុខបន្តិច នោះទ្រង់ទំលាក់ព្រះអង្គ ផ្កាប់ព្រះភក្ត្រចុះអធិស្ឋាន សូមឲ្យពេលវេលានេះបានកន្លងហួសពីទ្រង់ទៅ បើសិនជាបាន ទ្រង់មានបន្ទូលថា ឱអ័ប្បា ព្រះវរបិតាអើយ ទ្រង់អាចនឹងធ្វើការទាំងអស់កើត សូមយកពែងនេះចេញពីទូលបង្គំផង ប៉ុន្តែកុំតាមចិត្តទូលបង្គំឡើយ សូមសំរេចតាមព្រះហឫទ័យទ្រង់វិញ