ម៉ាកុស 14:22-72
ម៉ាកុស 14:22-72 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលកំពុងបរិភោគ ព្រះយេស៊ូវយកនំបុ័ងមក ហើយអរព្រះគុណ រួចកាច់ប្រទានដល់ពួកគេ ដោយមានព្រះបន្ទូលថា៖ «ចូរបរិភោគចុះ នេះជារូបកាយខ្ញុំ»។ បន្ទាប់មក ព្រះអង្គយកពែងមក ហើយអរព្រះគុណ រួចប្រទានដល់ពួកគេ គេក៏ផឹកពីពែងនោះទាំងអស់គ្នា។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «នេះជាឈាមរបស់ខ្ញុំ ជាឈាមនៃសេចក្ដីសញ្ញា ដែលត្រូវបង្ហូរចេញសម្រាប់មនុស្សជាច្រើន។ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ខ្ញុំនឹងមិនផឹកពីផលផ្លែទំពាំងបាយជូរទៀតទេ រហូតដល់ថ្ងៃដែលខ្ញុំនឹងផឹកវាជាថ្មី នៅក្នុងព្រះរាជ្យរបស់ព្រះ»។ ក្រោយពីបានច្រៀងទំនុកតម្កើងមួយរួចហើយ គេក៏នាំគ្នាចេញទៅភ្នំដើមអូលីវ។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នានឹងរវាតចិត្តដោយព្រោះខ្ញុំ ដ្បិតមានសេចក្តីចែងទុកមកថា "យើងនឹងវាយគង្វាល ហើយហ្វូងចៀមនឹងត្រូវខ្ចាត់ខ្ចាយ" ប៉ុន្តែ ក្រោយពីខ្ញុំរស់ឡើងវិញ ខ្ញុំនឹងទៅស្រុកកាលីឡេមុនអ្នករាល់គ្នា»។ ពេត្រុសទូលព្រះអង្គថា៖ «ទោះបើមនុស្សទាំងអស់រវាតចិត្តចេញក៏ដោយ ក៏ទូលបង្គំមិនរវាតចិត្តជាដាច់ខាត»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំប្រាប់អ្នកជាប្រាកដថា នៅថ្ងៃនេះ គឺនៅយប់នេះឯង មុនមាន់រងាវពីរដង អ្នកនឹងប្រកែកបីដងថាមិនស្គាល់ខ្ញុំ»។ តែគាត់ប្រកែកកាន់តែខ្លាំងថា៖ «ទោះបើទូលបង្គំត្រូវស្លាប់ជាមួយព្រះអង្គក៏ដោយ ក៏ទូលបង្គំមិនប្រកែកថា មិនស្គាល់ព្រះអង្គជាដាច់ខាត»។ គេទាំងអស់និយាយដូចគ្នា។ គេមកដល់កន្លែងមួយឈ្មោះ សួនគែតសេម៉ានី ហើយព្រះអង្គមានព្រះបន្ទូលទៅពួកសិស្សព្រះអង្គថា៖ «ចូរអង្គុយនៅទីនេះចុះ ពេលខ្ញុំអធិស្ឋាន»។ ព្រះអង្គយកពេត្រុស យ៉ាកុប និងយ៉ូហានទៅជាមួយ ព្រះអង្គចាប់ផ្ដើមមានព្រះហឫទ័យតានតឹង ហើយតប់ប្រមល់ជាខ្លាំង។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំព្រួយចិត្តជាខ្លាំង សឹងតែនឹងស្លាប់ ចូរនៅទីនេះ ហើយចាំយាមចុះ»។ កាលយាងទៅមុខបន្តិច ព្រះអង្គក៏ក្រាបចុះព្រះភក្ត្រដល់ដី ហើយអធិស្ឋានសូមឲ្យពេលវេលានេះកន្លងផុតពីព្រះអង្គទៅ ប្រសិនបើបាន។ ព្រះអង្គមានព្រះបន្ទូលថា៖ «អ័ប្បា ព្រះវរបិតាអើយ! ព្រះអង្គអាចធ្វើគ្រប់ការទាំងអស់បាន សូមដកយកពែងនេះ ចេញពីទូលបង្គំទៅ ប៉ុន្តែ កុំតាមចិត្តទូលបង្គំឡើយ គឺតាមព្រះហឫទ័យព្រះអង្គវិញ»។ ព្រះអង្គត្រឡប់មកវិញ ឃើញពួកសិស្សកំពុងតែដេកលក់ ព្រះអង្គមានព្រះបន្ទូលទៅពេត្រុសថា៖ «ស៊ីម៉ូនអើយ អ្នកដេកលក់ដូច្នេះឬ? តើអ្នកទ្រាំចាំយាមតែមួយម៉ោងមិនបានទេឬ? ចូរចាំយាម ហើយអធិស្ឋានចុះ ដើម្បីកុំឲ្យធ្លាក់ក្នុងសេចក្តីល្បួង វិញ្ញាណប្រុងប្រៀបជាស្រេចមែន តែសាច់ឈាមខ្សោយទេ»។ ព្រះអង្គយាងចេញទៅអធិស្ឋានម្តងទៀត ដោយមានព្រះបន្ទូលជាពាក្យដដែល។ កាលព្រះអង្គយាងត្រឡប់មកវិញ ទ្រង់ឃើញគេដេកលក់ទៀត ដ្បិតភ្នែកគេធ្ងន់ជ្រប់ បើកមិនរួច ហើយគេមិនដឹងជាទូលព្រះអង្គដូចម្តេច។ ព្រះអង្គយាងមកជាលើកទីបី ហើយមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នានៅតែដេកលក់ ហើយសម្រាកទៀតឬ? ល្មមហើយ ពេលកំណត់មកដល់ហើយ កូនមនុស្សត្រូវបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់មនុស្សមានបាប។ ចូរក្រោកឡើង យើងនាំគ្នាទៅ មើល៍! អ្នកក្បត់ខ្ញុំមកជិតដល់ហើយ»។ កាលព្រះអង្គកំពុងមានព្រះបន្ទូលនៅឡើយ ស្រាប់តែយូដាស ជាម្នាក់ក្នុងចំណោមអ្នកទាំងដប់ពីរ មកដល់ភា្លម មានទាំងបណ្ដាជនមួយក្រុម កាន់ដាវ និងកាន់ដំបងមកជាមួយ។ អ្នកទាំងនោះមកពីពួកសង្គ្រាជ ពួកអាចារ្យ និងពួកចាស់ទុំ។ អ្នកដែលក្បត់ព្រះអង្គបានឲ្យសញ្ញាមួយដល់គេ ដោយប្រាប់ថា៖ «អ្នកណាដែលខ្ញុំថើប គឺអ្នកនោះហើយ ចូរចាប់គាត់ ហើយនាំទៅដោយប្រយ័ត្នប្រយែងចុះ»។ ពេលគាត់មកដល់ គាត់ចូលទៅរកព្រះអង្គភា្លម ដោយទូលថា៖ «រ៉ាប៊ី!» រួចគាត់ថើបព្រះអង្គ។ ពេលនោះ គេក៏លូកដៃមកចាប់ព្រះអង្គ។ ប៉ុន្តែ ក្នុងចំណោមពួកអ្នកដែលឈរជិត មានម្នាក់ហូតដាវកាប់បាវបម្រើរបស់សម្ដេចសង្ឃ ដាច់ស្លឹកត្រចៀក។ ពេលនោះ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «តើអ្នករាល់គ្នាបានចេញមកចាប់ខ្ញុំ ទាំងកាន់ដាវ កាន់ដំបង ដូចខ្ញុំនេះជាចោរឬ? ខ្ញុំនៅជាមួយអ្នករាល់គ្នារាល់ថ្ងៃ ទាំងបង្រៀននៅក្នុងព្រះវិហារផង ហើយអ្នករាល់គ្នាមិនបានចាប់ខ្ញុំទេ ប៉ុន្តែ បទគម្ពីរត្រូវតែបានសម្រេច»។ ពេលនោះ ពួកសិស្សបោះបង់ចោលព្រះអង្គ ហើយរត់គេចបាត់អស់។ មានកំលោះម្នាក់ដែលដើរតាមព្រះអង្គ មានតែសំពត់ទេសឯកមួយផ្ទាំងបិទបាំងខ្លួន។ គេបានចាប់គាត់ តែគាត់រត់ចោលសំពត់ទេសឯកនោះ ទៅតែខ្លួនទទេ។ គេនាំព្រះយេស៊ូវទៅជួបសម្ដេចសង្ឃ ហើយពួកសង្គ្រាជ ពួកចាស់ទុំ និងពួកអាចារ្យទាំងអស់ បានមកជួបជុំគ្នា។ ឯពេត្រុសដើរតាមព្រះអង្គពីចម្ងាយ រហូតដល់ខាងក្នុងទីលានរបស់សម្ដេចសង្ឃ ហើយអង្គុយអាំងភ្លើងជាមួយកងរក្សាព្រះវិហារ។ ពួកសង្គ្រាជ និងក្រុមប្រឹក្សាទាំងមូលនាំគ្នាស្វែងរកបន្ទាល់ទាស់នឹងព្រះយេស៊ូវ ដើម្បីសម្លាប់ព្រះអង្គ តែគេរកមិនបានសោះ។ មនុស្សជាច្រើនបានធ្វើបន្ទាល់ក្លែងក្លាយទាស់នឹងព្រះអង្គ តែបន្ទាល់របស់គេមិនស្របគ្នា។ អ្នកខ្លះឈឡើង ធ្វើបន្ទាល់ក្លែងក្លាយទាស់នឹងព្រះអង្គថា៖ «យើងខ្ញុំបានឮគាត់និយាយថា "ខ្ញុំនឹងបំផ្លាញព្រះវិហារដែលធ្វើដោយដៃមនុស្សនេះចោល ហើយក្នុងរវាងបីថ្ងៃ ខ្ញុំនឹងសង់មួយទៀត ដែលមិនមែនធ្វើដោយដៃមនុស្ស"»។ ប៉ុន្តែ ទោះជារឿងនេះក្តី ក៏បន្ទាល់របស់គេនៅតែមិនត្រូវគ្នាដដែល។ ពេលនោះ សម្ដេចសង្ឃក៏ឈរឡើងនៅកណ្តាលជំនុំ ហើយសួរព្រះយេស៊ូវថា៖ «តើអ្នកមិនឆ្លើយអ្វីសោះដូច្នេះឬ? ពាក្យដែលបុរសទាំងនេះចោទប្រកាន់អ្នក តើយ៉ាងដូចម្តេចដែរ?» តែព្រះអង្គនៅស្ងៀម មិនឆ្លើយអ្វីសោះ។ សម្ដេចសង្ឃសួរព្រះអង្គម្ដងទៀតថា៖ «តើអ្នកជាព្រះគ្រីស្ទ ជាព្រះរាជបុត្រារបស់ព្រះដ៏មានពរឬ?» ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «គឺខ្ញុំហ្នឹងហើយ អ្នករាល់គ្នានឹងឃើញកូនមនុស្សអង្គុយនៅខាងស្តាំនៃព្រះដ៏មានព្រះចេស្តា ហើយយាងមកក្នុងពពកនៅលើមេឃ »។ ពេលនោះ សម្ដេចសង្ឃក៏ហែកអាវរបស់ខ្លួន ហើយពោលថា៖ «តើយើងចាំបាច់ត្រូវការស្មរបន្ទាល់អ្វីទៀត? អ្នករាល់គ្នាបានឮពាក្យប្រមាថរបស់ជននេះស្រាប់ហើយ តើអ្នករាល់គ្នាសម្រេចដូចម្តេច?» គេទាំងអស់គ្នាកាត់ទោសព្រះអង្គថាសមនឹងស្លាប់។ អ្នកខ្លះចាប់ផ្ដើមស្តោះទឹកមាត់ដាក់ព្រះអង្គ គ្របព្រះភក្ត្ររបស់ព្រះអង្គ ហើយវាយព្រះអង្គ ទាំងពោលទៅព្រះអង្គថា៖ «ទាយមើល៍!» កងរក្សាព្រះវិហារក៏យកព្រះអង្គមកទះកំផ្លៀង។ ពេលពេត្រុសកំពុងតែនៅក្នុងទីលានខាងក្រោម ស្រីបម្រើម្នាក់របស់សម្ដេចសង្ឃក៏មកដល់។ ពេលនាងឃើញពេត្រុសកំពុងអាំងភ្លើង ក៏សម្លឹងមើលគាត់ ហើយពោលថា៖ «អ្នកក៏នៅជាមួយយេស៊ូវ ពីភូមិណាសារ៉ែតនេះដែរ»។ តែគាត់ប្រកែកថា៖ «ខ្ញុំមិនដឹង មិនយល់ថាអ្នកកំពុងនិយាយពីអ្វីទេ» រួចគាត់ចេញទៅទីធ្លាខាងក្រៅ ពេលនោះ មាន់ក៏រងាវឡើង។ ស្រីបម្រើនោះឃើញគាត់ម្តងទៀត ហើយចាប់ផ្ដើមប្រាប់ពួកអ្នកដែលឈរនៅទីនោះថា៖ «អ្នកនេះក៏ជាម្នាក់ក្នុងពួកគេដែរ»។ តែគាត់ប្រកែកម្តងទៀត។ បន្តិចក្រោយមក ពួកអ្នកដែលឈរនៅទីនោះ និយាយទៅពេត្រុសថា៖ «ប្រាកដហើយ អ្នកក៏ជាម្នាក់ក្នុងពួកគេដែរ ដ្បិតអ្នកជាអ្នកស្រុកកាលីឡេ»។ តែគាត់ចាប់ផ្ដើមយកខ្លួនស្បថស្បែថា៖ «ខ្ញុំមិនស្គាល់អ្នកដែលអ្នករាល់គ្នានិយាយនេះទេ»។ ភ្លាមនោះ មាន់ក៏រងាវឡើងជាលើកទីពីរ ពេត្រុសក៏នឹកឃើញពាក្យដែលព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «មុនមាន់រងាវពីរដង អ្នកនឹងប្រកែកបីដងថាមិនស្គាល់ខ្ញុំ»។ គាត់ក៏ក្តុកក្ដួល ហើយទ្រហោយំ។
ម៉ាកុស 14:22-72 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅពេលកំពុងបរិភោគ ព្រះយេស៊ូយកនំប៉័ងមកកាន់ ព្រះអង្គសរសើរតម្កើងព្រះជាម្ចាស់ ហើយកាច់ប្រទានឲ្យគេ ទាំងមានព្រះបន្ទូលថា៖ «សុំពិសាចុះ នេះជារូបកាយរបស់ខ្ញុំ»។ បន្ទាប់មក ព្រះអង្គយកពែងមកកាន់ អរព្រះគុណព្រះជាម្ចាស់ រួចប្រទានឲ្យពួកសិស្ស* ពួកសិស្សក៏បរិភោគទាំងអស់គ្នា។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «នេះជាលោហិតរបស់ខ្ញុំ គឺលោហិតនៃសម្ពន្ធមេត្រី ដែលត្រូវបង្ហូរសម្រាប់មនុស្សទាំងអស់។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ខ្ញុំនឹងមិនពិសាស្រាទំពាំងបាយជូរទៀតឡើយ រហូតដល់ថ្ងៃដែលខ្ញុំនឹងពិសាស្រាទំពាំងបាយជូរថ្មី នៅក្នុងព្រះរាជ្យព្រះជាម្ចាស់»។ ក្រោយពីបានច្រៀងទំនុកតម្កើង រួចហើយ ព្រះយេស៊ូយាងឆ្ពោះទៅភ្នំដើមអូលីវជាមួយពួកសិស្ស។ ព្រះយេស៊ូមានព្រះបន្ទូលទៅពួកសិស្ស*ថា៖ «អ្នកទាំងអស់គ្នានឹងបោះបង់ចោលខ្ញុំ ដ្បិតមានចែងទុកមកថា “យើងនឹងវាយសម្លាប់គង្វាល ហើយចៀមនឹងត្រូវខ្ចាត់ខ្ចាយ” ។ ក៏ប៉ុន្តែ ក្រោយពេលខ្ញុំមានជីវិតរស់ឡើងវិញ ខ្ញុំនឹងទៅស្រុកកាលីឡេមុនអ្នករាល់គ្នា»។ លោកពេត្រុសទូលព្រះអង្គថា៖ «ទោះបីអ្នកឯទៀតៗបោះបង់ចោលព្រះអង្គក៏ដោយ ក៏ទូលបង្គំមិនបោះបង់ចោលព្រះអង្គជាដាច់ខាត»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នកដឹងច្បាស់ថា នៅយប់នេះឯង មុនមាន់រងាវពីរដង អ្នកនឹងបដិសេធបីដងថា មិនស្គាល់ខ្ញុំ»។ ប៉ុន្តែ លោកពេត្រុសប្រកែករឹតតែខ្លាំងឡើងថា៖ «ទោះបីទូលបង្គំត្រូវស្លាប់ជាមួយព្រះអង្គក៏ដោយ ក៏ទូលបង្គំមិនបដិសេធថាមិនស្គាល់ព្រះអង្គជាដាច់ខាត»។ សិស្សឯទៀតៗក៏ទូលព្រះអង្គដូចលោកពេត្រុសដែរ។ ព្រះអង្គយាងទៅដល់កន្លែងមួយ ឈ្មោះកេតសេម៉ានី ជាមួយពួកសិស្ស*។ ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរអ្នករាល់គ្នាអង្គុយនៅទីនេះហើយ ចាំខ្ញុំអធិស្ឋាន*សិន»។ ព្រះអង្គនាំលោកពេត្រុស លោកយ៉ាកុប និងលោកយ៉ូហាន ទៅជាមួយ។ ពេលនោះ ព្រះអង្គចាប់ផ្ដើមភ័យតក់ស្លុត ព្រមទាំងចុកចាប់អន្ទះសាពន់ប្រមាណ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់អ្នកទាំងបីថា៖ «ខ្ញុំព្រួយចិត្តយ៉ាងខ្លាំងស្ទើរតែស្លាប់ អ្នករាល់គ្នានៅទីនេះសិនហើយ ចូរប្រុងស្មារតី »។ ព្រះអង្គយាងទៅមុខបន្តិច ក្រាបចុះដល់ដី ទូលអង្វរសូមឲ្យទុក្ខលំបាកនេះ ចេញឆ្ងាយពីព្រះអង្គទៅ បើសិនជាអាចកន្លងផុតទៅបាន។ ព្រះអង្គទូលថា៖ «អប្បា ឱព្រះបិតាអើយ! ព្រះអង្គអាចសម្រេចគ្រប់កិច្ចការទាំងអស់បាន សូមដកយកពែងនៃទុក្ខលំបាកនេះ ចេញឲ្យឆ្ងាយពីទូលបង្គំទៅ ប៉ុន្តែ សូមកុំតាមបំណងចិត្តទូលបង្គំឡើយ គឺសូមឲ្យបានសម្រេចតាមព្រះហឫទ័យព្រះអង្គវិញ»។ ព្រះអង្គយាងទៅរកពួកសិស្ស ឃើញគេកំពុងតែដេកលក់ ព្រះអង្គមានព្រះបន្ទូលទៅលោកពេត្រុសថា៖ «ស៊ីម៉ូនអើយ ម្ដេចក៏អ្នកដេកលក់ដូច្នេះ? អ្នកនៅស៊ូទ្រាំប្រុងស្មារតី សូម្បីតែមួយម៉ោងក៏មិនបានដែរឬ? ចូរប្រុងស្មារតី ហើយអធិស្ឋាន កុំឲ្យចាញ់ការល្បួង វិញ្ញាណរបស់មនុស្សប្រុងប្រៀបជាស្រេចមែន ប៉ុន្តែ គេនៅទន់ខ្សោយ ព្រោះនិស្ស័យលោកីយ៍»។ ព្រះអង្គយាងចេញទៅឆ្ងាយពីគេសាជាថ្មី ហើយទូលអង្វរដោយប្រើពាក្យដដែល។ ព្រះអង្គវិលត្រឡប់មករកពួកសិស្សម្ដងទៀត ឃើញគេដេកលក់ ដ្បិតគេងងុយពេក បើកភ្នែកមិនរួច មិនដឹងទូលព្រះអង្គដូចម្ដេច។ ព្រះយេស៊ូវិលមករកគេជាលើកទីបី មានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នានៅតែដេកលក់ អ្នករាល់គ្នាសម្រាកដល់អង្កាល់ទៀត? ប៉ុណ្ណឹងល្មមហើយ! ឥឡូវនេះ ពេលកំណត់មកដល់ហើយ បុត្រមនុស្សត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់មនុស្សបាប។ ចូរក្រោកឡើង យើងនាំគ្នាទៅ ដ្បិតអ្នកដែលនាំគេមកចាប់ខ្ញុំ មកជិតដល់ហើយ!»។ ព្រះអង្គកំពុងតែមានព្រះបន្ទូលនៅឡើយ ស្រាប់តែយូដាសជាសិស្សម្នាក់ ក្នុងចំណោមសិស្សទាំងដប់ពីររូបមកដល់ ដោយមានបណ្ដាជនមួយក្រុមកាន់ដាវ កាន់ដំបង មកជាមួយផង។ ពួកនាយកបូជាចារ្យ*ពួកអាចារ្យ* និងពួកព្រឹទ្ធាចារ្យ* បានចាត់អ្នកទាំងនោះឲ្យមក។ យូដាសដែលនាំគេមកចាប់ព្រះយេស៊ូ បានសន្មតជាមួយអ្នកទាំងនោះនូវសញ្ញាមួយថា៖ «ខ្ញុំថើបអ្នកណា គឺអ្នកនោះហើយ សុំចាប់គាត់នាំយកទៅ ដោយប្រយ័ត្នប្រយែងឲ្យមែនទែន»។ កាលមកដល់ភ្លាម យូដាសដើរតម្រង់មករកព្រះយេស៊ូ ពោលថា៖ «លោកគ្រូ!» រួចគាត់ថើបព្រះអង្គ ពួកគេនាំគ្នាចាប់ព្រះយេស៊ូ។ មានម្នាក់ដែលនៅទីនោះហូតដាវកាប់អ្នកបម្រើរបស់មហាបូជាចារ្យ ដាច់ស្លឹកត្រចៀកម្ខាង។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំជាចោរព្រៃឬ បានជាអស់លោកកាន់ដាវ កាន់ដំបង មកចាប់ខ្ញុំដូច្នេះ? ជារៀងរាល់ថ្ងៃ ខ្ញុំនៅក្នុងព្រះវិហារ*ជាមួយអស់លោកទាំងបង្រៀនផង តែអស់លោកពុំបានចាប់ខ្ញុំទេ។ ការណ៍ទាំងនេះកើតឡើង ដើម្បីឲ្យបានស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរ»។ ពេលនោះ ពួកសិស្សបោះបង់ចោលព្រះយេស៊ូ ហើយរត់បាត់អស់ទៅ។ មានកំលោះម្នាក់ដែលបានទៅតាមព្រះអង្គ មានតែសំពត់មួយផ្ទាំងបិទបាំងកាយប៉ុណ្ណោះ គេបានចាប់គាត់ដែរ តែគាត់ចោលសំពត់រត់ទៅខ្លួនទទេ។ គេបណ្ដើរព្រះយេស៊ូនាំយកទៅដល់ដំណាក់របស់លោកមហាបូជាចារ្យ*។ ពួកនាយកបូជាចារ្យ ពួកព្រឹទ្ធាចារ្យ* និងពួកអាចារ្យ* មកជួបជុំទាំងអស់គ្នានៅទីនោះ។ លោកពេត្រុសដើរតាមព្រះអង្គពីចម្ងាយ រហូតដល់ខាងក្នុងទីធ្លាដំណាក់មហាបូជាចារ្យ ហើយអង្គុយអាំងភ្លើងជាមួយកងរក្សាព្រះវិហារ*។ ពួកនាយកបូជាចារ្យ និងក្រុមប្រឹក្សាជាន់ខ្ពស់*ទាំងមូល នាំគ្នារកពាក្យចោទប្រកាន់ព្រះយេស៊ូ ដើម្បីកាត់ទោសប្រហារជីវិតព្រះអង្គ តែរកមិនបានសោះ។ មនុស្សជាច្រើនបានប្រឌិតរឿងក្លែងក្លាយចោទប្រកាន់ព្រះអង្គ ប៉ុន្តែ ពាក្យចោទទាំងនោះមិនស្របគ្នាឡើយ។ មានអ្នកខ្លះក្រោកឈរឡើង ពោលរឿងក្លែងក្លាយ ចោទប្រកាន់ព្រះអង្គថា៖ «យើងបានឮអ្នកនេះពោលថា “ខ្ញុំនឹងរុះព្រះវិហារដែលសង់ឡើងដោយដៃមនុស្សចោល ហើយក្នុងរវាងបីថ្ងៃ ខ្ញុំនឹងសង់ព្រះវិហារមួយផ្សេងទៀត ដែលមិនមែនសង់ដោយដៃមនុស្សទេ”»។ ប៉ុន្តែ ទោះបីក្នុងរឿងនេះក៏ដោយ ក៏ពាក្យរបស់គេនៅតែពុំស្របគ្នាដដែល។ ពេលនោះ លោកមហាបូជាចារ្យក្រោកឈរឡើងនៅមុខក្រុមប្រឹក្សាជាន់ខ្ពស់ សួរព្រះយេស៊ូថា៖ «ម្ដេចក៏អ្នកមិនឆ្លើយនឹងពាក្យចោទប្រកាន់របស់លោកទាំងនេះ?» ព្រះយេស៊ូនៅស្ងៀម ពុំឆ្លើយតបទាល់តែសោះ។ លោកមហាបូជាចារ្យសួរព្រះអង្គម្ដងទៀតថា៖ «តើអ្នកពិតជាព្រះគ្រិស្ត ជាព្រះបុត្រារបស់ព្រះ ដែលយើងសរសើរតម្កើងមែនឬ?»។ ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖ «មែន គឺខ្ញុំហ្នឹងហើយ។ អស់លោកនឹងឃើញ បុត្រមនុស្ស*គង់នៅខាងស្ដាំព្រះដ៏មានឫទ្ធានុភាព ហើយនឹងយាងមកជាមួយពពក*នៅលើមេឃ» ។ លោកមហាបូជាចារ្យឮដូច្នេះ ក៏ហែកអាវរបស់លោក ហើយមានប្រសាសន៍ថា៖ «យើងមិនបាច់រកសាក្សីឯណាទៀតទេ អស់លោកឮជននេះពោលពាក្យប្រមាថព្រះជាម្ចាស់ស្រាប់ហើយ តើអស់លោកគិតដូចម្ដេច?»។ គេបានសម្រេចចិត្តទាំងអស់គ្នា កាត់ទោសប្រហារជីវិតព្រះយេស៊ូ។ អ្នកខ្លះនាំគ្នាស្ដោះទឹកមាត់ដាក់ព្រះអង្គ គេគ្របព្រះភ័ក្ត្រព្រះអង្គ វាយតប់ព្រះអង្គ ហើយសួរថា៖ «ទាយមើល៍!»។ កងរក្សាព្រះវិហារយកព្រះយេស៊ូមកទះកំផ្លៀង។ ពេលលោកពេត្រុសនៅក្នុងទីធ្លា មានស្ត្រីបម្រើម្នាក់របស់លោកមហាបូជាចារ្យមកដល់។ នាងឃើញលោកពេត្រុសកំពុងអាំងភ្លើង ក៏សម្លឹងមើលមុខគាត់ឲ្យបានច្បាស់ រួចពោលថា៖ «អ្នកឯងក៏ជាបក្សពួករបស់យេស៊ូ ជាអ្នកភូមិណាសារ៉ែតដែរ!»។ ប៉ុន្តែ លោកប្រកែកឡើងថា៖ «ខ្ញុំមិនដឹងទេ ខ្ញុំមិនយល់ថានាងចង់និយាយអំពីរឿងអ្វីឡើយ»។ លោកពេត្រុសក៏ចេញពីទីនោះ ឆ្ពោះទៅខ្លោងទ្វារខាងក្រៅ ពេលនោះ មាន់រងាវឡើង។ ស្ត្រីបម្រើឃើញលោកពេត្រុស ក៏ប្រាប់អស់អ្នកដែលនៅទីនោះម្ដងទៀតថា៖ «អ្នកនេះជាបក្សពួកគេដែរ»។ លោកពេត្រុសប្រកែកសាជាថ្មី។ បន្តិចក្រោយមក អស់អ្នកដែលនៅទីនោះនិយាយទៅលោកពេត្រុសទៀតថា៖ «អ្នកឯងប្រាកដជាបក្សពួកអ្នកទាំងនោះមែន ព្រោះអ្នកឯងជាអ្នកស្រុកកាលីឡេដូចគ្នា»។ លោកពេត្រុសក៏និយាយឡើងថា៖ «បើខ្ញុំកុហក សូមឲ្យព្រះជាម្ចាស់ដាក់ទោសខ្ញុំចុះ ខ្ញុំសុំស្បថថា ខ្ញុំមិនដែលស្គាល់អ្នកនោះទាល់តែសោះ»។ ភ្លាមនោះ មាន់រងាវឡើងជាលើកទីពីរ លោកពេត្រុសក៏នឹកឃើញព្រះបន្ទូលរបស់ព្រះយេស៊ូ ដែលថា “មុនមាន់រងាវពីរដង អ្នកនឹងបដិសេធបីដងថាមិនស្គាល់ខ្ញុំ” គាត់ក៏ទ្រហោយំ។
ម៉ាកុស 14:22-72 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលកំពុងតែបរិភោគ នោះព្រះយេស៊ូវទ្រង់យកនំបុ័ងប្រទានពរឲ្យ រួចកាច់ប្រទានដល់គេ ដោយបន្ទូលថា ចូរយកបរិភោគចុះ នេះហើយជារូបកាយខ្ញុំ នោះទ្រង់យកពែងមកអរព្រះគុណ រួចប្រទានដល់គេ ហើយគេក៏ផឹកគ្រប់គ្នា ទ្រង់មានបន្ទូលថា នេះហើយជាឈាមខ្ញុំ គឺជាឈាមនៃសញ្ញាថ្មី ដែលត្រូវច្រួចសំរាប់មនុស្សជាច្រើន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ខ្ញុំមិនផឹកពីផលផ្លែទំពាំងបាយជូរទៀតទេ ដរាបដល់ថ្ងៃណាដែលខ្ញុំនឹងផឹកជាថ្មី នៅក្នុងនគរព្រះ។ រួចកាលបានច្រៀងទំនុក១ហើយ នោះក៏ចេញទៅឯភ្នំដើមអូលីវ ព្រះយេស៊ូវមានបន្ទូលថា នៅវេលាយប់នេះឯង អ្នករាល់គ្នានឹងរវាតចិត្តដោយព្រោះខ្ញុំ ដ្បិតមានសេចក្ដីចែងទុកថា «អញនឹងវាយអ្នកគង្វាល ហើយហ្វូងចៀមនឹងត្រូវខ្ចាត់ខ្ចាយទៅ» ប៉ុន្តែកាលណាខ្ញុំបានរស់ឡើងវិញ នោះខ្ញុំនឹងទៅឯស្រុកកាលីឡេ មុនអ្នករាល់គ្នា តែពេត្រុសទូលទ្រង់ថា ទោះបើមនុស្សទាំងអស់រវាតចិត្តចេញក៏ដោយ គង់តែទូលបង្គំមិនដូច្នោះទេ ព្រះយេស៊ូវទ្រង់មានបន្ទូលទៅគាត់ថា ខ្ញុំប្រាប់អ្នកជាប្រាកដថា នៅថ្ងៃនេះ គឺនៅក្នុងពេលយប់នេះឯង មុនដែលមាន់រងាវ២ដង នោះអ្នកនឹងប្រកែកគ្រប់៣ដងថា មិនស្គាល់ខ្ញុំ តែគាត់ប្រកែកយ៉ាងខ្លាំងលើសទៅទៀតថា ទោះបើទូលបង្គំត្រូវស្លាប់ជាមួយនឹងទ្រង់ក្តី គង់តែមិនព្រមថា មិនស្គាល់ទ្រង់ដូច្នេះនោះឡើយ ហើយទាំងអស់ក៏ថាដូចគ្នា។ នោះក៏មកដល់កន្លែងហៅថា ច្បារគែតសេម៉ានី ហើយទ្រង់មានបន្ទូលទៅពួកសិស្សថា ចូរអង្គុយនៅទីនេះសិន ចាំខ្ញុំទៅអធិស្ឋាន ទ្រង់ក៏យកពេត្រុស យ៉ាកុប នឹងយ៉ូហានទៅជាមួយដែរ ទ្រង់ចាប់តាំងមានព្រះហឫទ័យភាំងជាខ្លាំង ហើយតប់ប្រមល់ណាស់ ក៏មានបន្ទូលទៅគេថា ចិត្តខ្ញុំព្រួយជាខ្លាំងសឹងតែនឹងស្លាប់ ចូរនៅទីនេះចាំយាមចុះ រួចកាលទ្រង់បានយាងទៅមុខបន្តិច នោះទ្រង់ទំលាក់ព្រះអង្គ ផ្កាប់ព្រះភក្ត្រចុះអធិស្ឋាន សូមឲ្យពេលវេលានេះបានកន្លងហួសពីទ្រង់ទៅ បើសិនជាបាន ទ្រង់មានបន្ទូលថា ឱអ័ប្បា ព្រះវរបិតាអើយ ទ្រង់អាចនឹងធ្វើការទាំងអស់កើត សូមយកពែងនេះចេញពីទូលបង្គំផង ប៉ុន្តែកុំតាមចិត្តទូលបង្គំឡើយ សូមសំរេចតាមព្រះហឫទ័យទ្រង់វិញ ទ្រង់ត្រឡប់មកវិញ ឃើញពួកសិស្សកំពុងតែដេកលក់ ក៏មានបន្ទូលទៅពេត្រុសថា អ្នកដេកលក់ឬអី តើនឹងនៅចាំយាមតែ១ម៉ោងមិនបានឬ ចូរឲ្យចាំយាម ហើយអធិស្ឋានចុះ ដើម្បីកុំឲ្យកើតមានសេចក្ដីល្បួងនាំចិត្តឡើយ វិញ្ញាណប្រុងស្រេចមែន តែសាច់ឈាមខ្សោយទេ រួចទ្រង់ចេញទៅអធិស្ឋានម្តងទៀត ដោយបន្ទូលជាសេចក្ដីដដែល កាលទ្រង់បានយាងត្រឡប់មកវិញ នោះក៏ឃើញគេកំពុងដេកលក់ទៀត ដ្បិតភ្នែកគេធ្ងន់ជ្រប់ គេមិនដឹងខ្លួនជាទូលឆ្លើយនឹងទ្រង់ថាដូចម្តេចទេ ទ្រង់បានយាងមកជាគំរប់៣ដង មានបន្ទូលថា ឥឡូវនេះ នៅតែដេកលក់ ហើយសំរាកកំឡាំងទៀតឬ ប៉ុណ្ណឹងចុះ កំណត់ដល់ហើយ មើល កូនមនុស្សត្រូវបញ្ជូនទៅក្នុងកណ្តាប់ដៃនៃមនុស្សមានបាប ចូរក្រោកឡើង យើងទៅ ន៏ អ្នកដែលបញ្ជូនខ្ញុំ វាជិតមកដល់ហើយ។ កំពុងដែលទ្រង់មានបន្ទូលនៅឡើយ ស្រាប់តែយូដាសជាម្នាក់ក្នុងពួក១២ ក៏មកដល់ភ្លាម នាំទាំងហ្វូងមនុស្សដ៏ធំ ពីពួកសង្គ្រាជ ពួកអាចារ្យ នឹងពួកចាស់ទុំ មកជាមួយផង ព្រមទាំងកាន់ដាវ កាន់ដំបង អ្នកដែលបញ្ជូនទ្រង់ ក៏ប្រាប់ទីសំគាល់នេះដល់គេថា អ្នកណាដែលខ្ញុំថើប គឺអ្នកនោះហើយ ចូរចាប់វានាំទៅដោយប្រយ័តប្រយែងចុះ កាលគេបានមកដល់ នោះវាចូលទៅឯទ្រង់ភ្លាម ដោយទូលថា លោកគ្រូៗអើយ ហើយក៏ថើបទ្រង់ នោះគេលូកដៃទៅចាប់ទ្រង់ តែមានម្នាក់ឈរជិតខាង គាត់ហូតដាវកាប់ដាច់ស្លឹកត្រចៀករបស់បាវសំដេចសង្ឃម្នាក់ ព្រះយេស៊ូវទ្រង់មានបន្ទូលទៅគេថា តើអ្នករាល់គ្នាបានចេញមកចាប់ខ្ញុំ ទាំងកាន់ដាវ កាន់ដំបងដូចជាមកចាប់ចោរឬអី ខ្ញុំបាននៅជាមួយនឹងអ្នករាល់គ្នា ព្រមទាំងបង្រៀនក្នុងព្រះវិហាររាល់តែថ្ងៃផង តែអ្នករាល់គ្នាមិនបានចាប់ខ្ញុំសោះ ប៉ុន្តែ នេះដើម្បីនឹងធ្វើឲ្យសំរេចតាមបទគម្ពីរទេ នោះពួកសិស្សក៏រត់ចោលទ្រង់ទាំងអស់គ្នាទៅ មានមនុស្សកំឡោះម្នាក់ដែលដើរតាមទ្រង់ មានតែសំពត់ទេសឯកព័ទ្ធនឹងខ្លួន គេក៏ចាប់គាត់ តែគាត់រត់រួចចោលសំពត់នោះ នៅតែខ្លួនទទេ។ គេក៏នាំព្រះយេស៊ូវទៅដល់សំដេចសង្ឃ ឯពួកសង្គ្រាជ ពួកចាស់ទុំ ហើយពួកអាចារ្យទាំងអស់គ្នា ក៏ប្រជុំគ្នាឯលោក ចំណែកពេត្រុស គាត់តាមទ្រង់ទៅពីចំងាយ រហូតដល់ខាងក្នុងព្រះលានសំដេចសង្ឃ ក៏អង្គុយអាំងភ្លើងជាមួយនឹងពួកអាជ្ញា។ ពួកសង្គ្រាជ នឹងពួកក្រុមជំនុំទាំងអស់គ្នា គេប្រឹងរកទីបន្ទាល់ទាស់នឹងព្រះយេស៊ូវ ដើម្បីនឹងសំឡាប់ទ្រង់បង់ តែរកមិនបានសោះ ក៏មានមនុស្សជាច្រើន មកធ្វើបន្ទាល់ក្លែងទាស់នឹងទ្រង់ដែរ តែសេចក្ដីបន្ទាល់របស់គេមិនត្រូវគ្នាសោះ នោះមានខ្លះឈរឡើង ធ្វើបន្ទាល់ក្លែងទាស់នឹងទ្រង់ថា យើងខ្ញុំបានឮវាថា ខ្ញុំនឹងបំផ្លាញព្រះវិហារនេះ ដែលបានធ្វើដោយដៃមនុស្ស ហើយក្នុងរវាង៣ថ្ងៃ ខ្ញុំនឹងសង់១ទៀត ដែលមិនមែនធ្វើដោយដៃមនុស្សទេ យ៉ាងនោះ គង់តែសេចក្ដីបន្ទាល់របស់គេមិនត្រូវគ្នាទៀត ឯសំដេចសង្ឃ ក៏ឈរឡើងនៅកណ្តាលជំនុំ ដណ្តឹងសួរព្រះយេស៊ូវថា តើឯងមិនព្រមឆ្លើយសោះឬអី សេចក្ដីដែលគេចោទប្រកាន់ឯងទាំងប៉ុន្មាននេះ តើយ៉ាងដូចម្តេច តែទ្រង់នៅតែស្ងៀម មិនបានឆ្លើយអ្វីសោះ រួចសំដេចសង្ឃពិចារណាសួរទ្រង់ទៀតថា តើឯងជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានពរឬអី ព្រះយេស៊ូវមានបន្ទូលថា គឺខ្ញុំនេះហើយ មួយទៀត អ្នករាល់គ្នានឹងឃើញកូនមនុស្ស អង្គុយនៅខាងស្តាំនៃព្រះចេស្តា ហើយទាំងមកក្នុងពពកនៅលើមេឃផង នោះសំដេចសង្ឃក៏ហែកព្រះពស្ត្រលោក ដោយពាក្យថា តើយើងចាំបាច់ត្រូវការនឹងទីបន្ទាល់ណាទៀត អ្នករាល់គ្នាបានឮពាក្យប្រមាថនេះហើយ ចុះតើគិតដូចម្តេច អ្នកទាំងអស់គ្នាក៏កាត់ទោសទ្រង់ថា គួរស្លាប់ហើយ អ្នកខ្លះចាប់តាំងស្តោះដាក់ទ្រង់ ក៏ខ្ទប់ព្រះភក្ត្រ ហើយវាយទ្រង់ រួចទូលប្រាប់ថា ចូរទាយចុះ ឯពួកអាជ្ញា ក៏ទះទ្រង់ដែរ។ រីឯពេត្រុស គាត់នៅក្នុងព្រះលានឰដ៏ខាងក្រោម ហើយមានបាវស្រីរបស់សំដេចសង្ឃម្នាក់មក ឃើញពេត្រុសកំពុងតែអាំងភ្លើង ក៏សំឡឹងមើលគាត់ ហើយនិយាយថា អ្នកបាននៅជាមួយនឹងយេស៊ូវ ពីណាសារ៉ែតនេះដែរ តែគាត់ប្រកែកថា ខ្ញុំមិនដឹង មិនយល់ជាអ្នកនិយាយអ្វីទេ រួចគាត់ចេញទៅឯទីធ្លាខាងក្រៅ នោះមាន់តាំងរងាវឡើង បាវស្រីនោះក៏ឃើញគាត់ម្តងទៀត ហើយចាប់តាំងប្រាប់ដល់ពួកអ្នក ដែលឈរនៅទីនោះថា អ្នកនេះជាពួកគេដែរ គាត់ប្រកែកម្តងទៀត រួចក្រោយបន្តិចមក ពួកអ្នកឈរនៅទីនោះនិយាយទៅពេត្រុសថា ឯងប្រាកដជាពួកគេដែរ ដ្បិតឯងជាអ្នកស្រុកកាលីឡេ តែគាត់តាំងប្រមាថ ហើយស្បថថា ខ្ញុំមិនស្គាល់មនុស្សនោះដែលអ្នករាល់គ្នានិយាយទេ នោះមាន់ក៏រងាវឡើងជាគំរប់២ដង ពេត្រុសក៏នឹកឃើញពីព្រះបន្ទូល ដែលព្រះយេស៊ូវបានប្រាប់គាត់ថា មុនដែលមាន់រងាវ២ដង នោះអ្នកនឹងប្រកែក៣ដងថា មិនស្គាល់ខ្ញុំ កាលគាត់បានគិតពីសេចក្ដីនោះហើយ នោះក៏យំ។