ម៉ាកុស 14:1-9
ម៉ាកុស 14:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឥឡូវនេះ នៅពីរថ្ងៃទៀតដល់ថ្ងៃបុណ្យរំលង និងបុណ្យនំបុ័ងឥតដំបែ។ ពួកសង្គ្រាជ និងពួកអាចារ្យបានរិះរកមធ្យោបាយ ដោយប្រើកលល្បិច ដើម្បីចាប់ព្រះយេស៊ូវយកទៅធ្វើគុត។ ដ្បិតគេនិយាយថា៖ «កុំធ្វើក្នុងពេលបុណ្យឡើយ ក្រែងកើតមានចលាចលក្នុងចំណោមប្រជាជន»។ ពេលព្រះអង្គកំពុងគង់នៅតុអាហារឯភូមិបេថានី ក្នុងផ្ទះស៊ីម៉ូន ជាមនុស្សឃ្លង់ នោះមានស្ត្រីម្នាក់ចូលមក ទាំងកាន់ដបថ្មកែវមួយ ដាក់ប្រេងទេព្វិរូសុទ្ធដ៏មានតម្លៃបំផុត ហើយនាងបំបែកដបនោះ ចាក់ប្រេងលើព្រះសិរព្រះយេស៊ូវ។ ប៉ុន្តែ មានអ្នកខ្លះនៅទីនោះទាស់ចិត្ត ហើយនិយាយគ្នាថា៖ «ហេតុអី្វក៏យកប្រេងមកបង្ខាតចោលដូច្នេះ? ដ្បិតប្រេងនេះអាចលក់បានជាងបីរយដេណារី ហើយយកប្រាក់ចែកទានដល់អ្នកក្របាន»។ អ្នកទាំងនោះស្ដីបន្ទោសដល់នាង។ ប៉ុន្តែ ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ទុកឲ្យនាងធ្វើតាមចិត្តចុះ ហេតុអ្វីបានជាអ្នករាល់គ្នារករឿងនាង? នាងបានធ្វើការដ៏ល្អចំពោះខ្ញុំ។ ដ្បិតអ្នករាល់គ្នាមានអ្នកក្រនៅជាមួយរហូត ហើយអ្នករាល់គ្នាចង់ធ្វើគុណនឹងគេនៅពេលណាក៏បាន តែឯខ្ញុំវិញ ខ្ញុំមិននៅជាមួយអ្នករាល់គ្នារហូតទេ។ នាងបានធ្វើអ្វីដែលនាងអាចធ្វើបាន គឺនាងបានចាក់ប្រេងលើរូបកាយខ្ញុំជាមុន សម្រាប់ពិធីបញ្ចុះសពខ្ញុំ។ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នៅក្នុងពិភពលោកទាំងមូល ទីណាដែលដំណឹងល្អនេះប្រកាសទៅដល់ នោះគេនឹងតំណាលពីការដែលនាងបានធ្វើ ជាការរំឭកអំពីនាង»។
ម៉ាកុស 14:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅពីរថ្ងៃមុនបុណ្យចម្លង* និងបុណ្យនំប៉័ងឥតមេ* ក្រុមនាយកបូជាចារ្យ* និងពួកអាចារ្យ* នាំគ្នារកមធ្យោបាយ ដើម្បីចាប់ព្រះយេស៊ូដោយកលល្បិចយកទៅធ្វើគុត។ ប៉ុន្តែ គេនិយាយគ្នាថា៖ «កុំចាប់ក្នុងពេលបុណ្យនេះឡើយ ក្រែងកើតចលាចលក្នុងចំណោមប្រជាជន»។ ព្រះយេស៊ូគង់នៅភូមិបេតថានី ក្នុងផ្ទះបុរសម្នាក់ឈ្មោះស៊ីម៉ូន ជាមនុស្សឃ្លង់។ ពេលព្រះអង្គកំពុងសោយព្រះស្ងោយ មានស្ត្រីម្នាក់ចូលមក ទាំងកាន់ដបថ្មកែវផង។ នៅក្នុងដបនោះមានប្រេងទេព្វិរូសុទ្ធដ៏មានតម្លៃលើសលុប។ នាងបំបែកដបថ្មកែវ ហើយចាក់ប្រេងក្រអូបលើព្រះសិរសារបស់ព្រះយេស៊ូ។ មានអ្នកខ្លះនៅទីនោះទាស់ចិត្តយ៉ាងខ្លាំង គេនិយាយគ្នាថា៖ «ម្ដេចក៏ខ្ជះខ្ជាយប្រេងក្រអូបដូច្នេះ! បើយកប្រេងនេះទៅលក់ មុខជាបានប្រាក់ជាងបីរយដួង* ហើយចែកទានដល់ជនក្រីក្រវិញ»។ អ្នកទាំងនោះខឹងនឹងនាងណាស់។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ទុកឲ្យនាងធ្វើតាមចិត្តនាងទៅ! ហេតុអ្វីបានជារករឿងនាង? នាងបានធ្វើអំពើដ៏ល្អចំពោះខ្ញុំ។ អ្នករាល់គ្នាមានអ្នកក្រីក្រនៅជាមួយរហូត អ្នករាល់គ្នាអាចធ្វើទានដល់គេ តាមតែចិត្តអ្នករាល់គ្នាចង់ រីឯខ្ញុំវិញ ខ្ញុំមិននៅជាមួយអ្នករាល់គ្នារហូតទេ។ ស្ត្រីនេះបានធ្វើតាមសមត្ថភាពរបស់នាង គឺនាងលាបប្រេងក្រអូបលើរូបកាយខ្ញុំទុកជាមុនសម្រាប់យកទៅបញ្ចុះក្នុងផ្នូរ។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា នៅគ្រប់ទីកន្លែងក្នុងពិភពលោកទាំងមូល កាលណាគេប្រកាសដំណឹងល្អ* គេក៏នឹងតំណាលអំពីកិច្ចការដែលនាងបានធ្វើនេះដែរ ដើម្បីរំឭកអំពីនាង»។
ម៉ាកុស 14:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ក្រោយ២ថ្ងៃមក នោះជាបុណ្យរំលង នឹងបុណ្យនំបុ័ងឥតដំបែ ឯពួកសង្គ្រាជ នឹងពួកអាចារ្យ គេរកឱកាសនឹងចាប់ទ្រង់ ដោយឧបាយកល ដើម្បីនឹងសំឡាប់ទ្រង់ចោល តែគេថា កុំឲ្យធ្វើក្នុងរវាងបុណ្យឡើយ ក្រែងបណ្តាជនកើតកោលាហល។ កំពុងដែលទ្រង់គង់នៅតុ ក្នុងផ្ទះស៊ីម៉ូន ជាមនុស្សឃ្លង់ នៅភូមិបេថានី នោះមានស្ត្រីម្នាក់កាន់ដបថ្មកែវ ដាក់ប្រេងទេព្វិរូសុទ្ធ មានដំឡៃណាស់ យកមកបំបែកដបនោះចាក់ប្រេងលើព្រះសិរព្រះយេស៊ូវ មានអ្នកខ្លះនឹកតូចចិត្ត ហើយថា តើមានប្រយោជន៍អ្វីនឹងធ្វើបង្ខាតប្រេងនេះដូច្នេះ ដ្បិតប្រេងនេះនឹងលក់បានជាង៦០រៀល ដើម្បីចែកទានដល់ពួកអ្នកទ័លក្រវិញ គេក៏រទូរទាំនឹងនាង ប៉ុន្តែទ្រង់មានបន្ទូលថា កុំធ្វើនាង ហេតុអ្វីបានជានាំបង្អាក់ចិត្តនាងដូច្នេះ នាងបានធ្វើការនេះ ជាការល្អដល់ខ្ញុំណាស់ ពីព្រោះអ្នករាល់គ្នាមានពួកអ្នកក្រនៅជាមួយជាដរាប ហើយកាលណាអ្នករាល់គ្នាចង់ធ្វើគុណនឹងគេ នោះចេះតែធ្វើបាន តែចំណែកខ្ញុំ មិននៅជាមួយជាដរាបទេ នាងបានធ្វើការអ្វីដែលនាងធ្វើបាន គឺបានមកមុនពេលកំណត់ នឹងលាបខ្លួនខ្ញុំ ជាការសំរាប់កប់ខ្មោចខ្ញុំ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា កន្លែងណាដែលគេនឹងផ្សាយដំណឹងល្អនេះទួទៅ គ្រប់ក្នុងលោកីយទាំងមូល នោះគេតែងនឹងដំណាលពីការដែលនាងបានធ្វើហើយនេះ ទុកសំរាប់ជាកេរ្តិ៍នាងតទៅ។