ម៉ាកុស 13:1-23

ម៉ាកុស 13:1-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​ព្រះ‌យេស៊ូ​យាង​ចេញ​ពី​ព្រះ‌វិហារ*​ទៅ មាន​សិស្ស*​ម្នាក់​ទូល​ព្រះអង្គ​ថា៖ «ព្រះ‌គ្រូ សូម​មើល​ថ្ម​នុ៎ះ​ស្អាត​ណាស់! វិមាន​ទាំង​នេះ​ល្អ​វិសេស‌វិសាល​បំផុត»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​សិស្ស​នោះ​វិញ​ថា៖ «ថ្ងៃ​ក្រោយ វិមាន​ដ៏​ស្កឹម‌ស្កៃ​ដែល​អ្នក​ឃើញ​នេះ នឹង​ត្រូវ​រលំ​បាក់​បែក​អស់ លែង​មាន​ថ្ម​ត្រួត​ពី​លើ​ថ្ម​ទៀត​ហើយ»។ ព្រះអង្គ​គង់​នៅ​លើ​ភ្នំ​ដើម​អូលីវ​ទល់​មុខ​ព្រះ‌វិហារ*។ លោក​ពេត្រុស លោក​យ៉ាកុប លោក​យ៉ូហាន និង​លោក​អនទ្រេ ទូល​សួរ​ព្រះអង្គ​ដាច់​ឡែក​ពី​គេ​ថា៖ «សូម​ព្រះ‌គ្រូ​ប្រាប់​ឲ្យ​យើង​ខ្ញុំ​ដឹង​ផង ហេតុ‌ការណ៍​ទាំង​នេះ​នឹង​កើត​ឡើង​នៅ​ពេល​ណា? តើ​មាន​អ្វី​ជា​សម្គាល់​ឲ្យ​យើង​ខ្ញុំ​ដឹង​ថា ព្រឹត្តិ‌ការណ៍​ទាំង​នេះ​នឹង​ដល់​ទី​បញ្ចប់?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចូរ​ប្រុង​ប្រយ័ត្ន កុំ​បណ្ដោយ​នរណា​មក​បញ្ឆោត​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង​ឡើយ ដ្បិត​នឹង​មាន​មនុស្ស​ជា​ច្រើន​យក​ឈ្មោះ​ខ្ញុំ​មក​ប្រើ ដោយ​ពោល​ថា៖ “ខ្ញុំ​នេះ​ហើយ​ជា​ព្រះ‌គ្រិស្ត*!”។ គេ​នឹង​នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​វង្វេង។ កាល​ណា​អ្នក​រាល់​គ្នា​ឮ​គេ​និយាយ​អំពី​សង្គ្រាម និង​ឮ​ដំណឹង​ថា​មាន​សង្គ្រាម​ផ្ទុះ​ឡើង មិន​ត្រូវ​ជ្រួល‌ច្របល់​ឡើយ ដ្បិត​ហេតុ‌ការណ៍​ទាំង​នេះ​ត្រូវ​តែ​កើត​ឡើង ប៉ុន្តែ មិន​ទាន់​ដល់​អវសាន‌កាល​នៃ​ពិភព​លោក​នៅ​ឡើយ​ទេ។ ប្រជា‌ជាតិ​មួយ​នឹង​ធ្វើ​សង្គ្រាម​តទល់​នឹង​ប្រជា‌ជាតិ​មួយ​ទៀត ប្រទេស​មួយ​តទល់​នឹង​ប្រទេស​មួយ​ទៀត ។ នៅ​កន្លែង​ខ្លះ​នឹង​មាន​រញ្ជួយ​ផែនដី ព្រម​ទាំង​មាន​កើត​ទុរ្ភិក្ស​ផង។ ហេតុ‌ការណ៍​ទាំង​នេះ​ប្រៀប​បាន​នឹង​ការ​ឈឺ​ចាប់​ដើម​ដំបូង​របស់​ស្ត្រី ដែល​ហៀប​នឹង​សម្រាល​កូន។ ចូរ​អ្នក​រាល់​គ្នា​ប្រុង​ប្រយ័ត្ន​ខ្លួន​ឲ្យ​មែន​ទែន ដ្បិត​គេ​នឹង​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​កន្លែង​កាត់​ទោស គេ​នឹង​យក​រំពាត់​វាយ​អ្នក​រាល់​គ្នា​នៅ​ក្នុង​សាលា​ប្រជុំ* គេ​នឹង​នាំ​អ្នក​រាល់​គ្នា​ទៅ​ឲ្យ​ទេសា‌ភិបាល និង​ឲ្យ​ស្ដេច​កាត់​ទោស ព្រោះ​តែ​អ្នក​រាល់​គ្នា​តាម​ខ្ញុំ។ ប៉ុន្តែ ជា​ឱកាស​សម្រាប់​អ្នក​រាល់​គ្នា​ផ្ដល់​សក្ខីភាព​ឲ្យ​គេ​ដឹង​ឮ។ ត្រូវ​ប្រកាស​ដំណឹង‌ល្អ*​ឲ្យ​មនុស្ស​គ្រប់​ជាតិ​គ្រប់​សាសន៍​បាន​ឮ​ជា​មុន​សិន។ ពេល​គេ​ចាប់​អ្នក​រាល់​គ្នា​បញ្ជូន​ទៅ​កាត់​ទោស កុំ​ភ័យ​បារម្ភ​ជា​មុន​នឹង​រក​ពាក្យ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​និយាយ​នោះ​ឡើយ ត្រូវ​និយាយ​តាម​តែ​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​និយាយ នៅ​ពេល​នោះ ដ្បិត​មិន​មែន​អ្នក​រាល់​គ្នា​ទេ​ដែល​និយាយ គឺ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​ទេ​តើ ដែល​នឹង​មាន​ព្រះ‌បន្ទូល។ បងប្អូន​នឹង​ចាប់​បញ្ជូន​គ្នា​ទៅ​ឲ្យ​គេ​សម្លាប់ ឪពុក​នឹង​ចាប់​បញ្ជូន​កូន​ទៅ​ឲ្យ​គេ​សម្លាប់ ហើយ​កូនៗ​លើក​គ្នា​ប្រឆាំង​នឹង​ឪពុក​ម្ដាយ ព្រម​ទាំង​បញ្ជូន​ទៅ​ឲ្យ​គេ​សម្លាប់​ទៀត​ផង។ មនុស្ស​គ្រប់​រូប​នឹង​ស្អប់​អ្នក​រាល់​គ្នា ព្រោះ​តែ​ឈ្មោះ​ខ្ញុំ។ ប៉ុន្តែ អ្នក​ណា​ស៊ូ​ទ្រាំ​រហូត​ដល់​ទី​បញ្ចប់ ព្រះ‌ជាម្ចាស់​នឹង​សង្គ្រោះ​អ្នក​នោះ»។ «ពេល​ណា​អ្នក​រាល់​គ្នា​ឃើញ​ ជន​ចង្រៃ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម ឈរ​នៅ​កន្លែង​ដែល​មិន​ត្រូវ​ឈរ - សូម​ឲ្យ​អ្នក​អាន​យល់​ពាក្យ​នេះ​ចុះ - ពេល​នោះ អស់​អ្នក​ដែល​រស់​ក្នុង​ស្រុក​យូដា​ត្រូវ​នាំ​គ្នា​រត់​ទៅ​ជ្រក​នៅ​តាម​ភ្នំ។ រីឯ​អ្នក​នៅ​លើ​ដំបូល​ផ្ទះ មិន​ត្រូវ​ចុះ​មក​យក​របស់​អ្វី​ដែល​នៅ​ក្នុង​ផ្ទះ​ឡើយ ហើយ​អ្នក​ដែល​នៅ​ឯ​ចម្ការ ក៏​មិន​ត្រូវ​វិល​ទៅ​ផ្ទះ​យក​អាវ​ធំ​របស់​ខ្លួន​ដែរ។ គ្រា​នោះ ស្ត្រី​មាន​ផ្ទៃ​ពោះ និង​ស្ត្រី​បំបៅ​កូន មុខ​ជា​វេទនា​ពុំ‌ខាន។ ចូរ​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់ សូម​កុំ​ឲ្យ​ហេតុ‌ការណ៍​ទាំង​នេះ​កើត​ឡើង​នៅ​រដូវ​ត្រជាក់​ឡើយ ដ្បិត​ពេល​នោះ ជា​ពេល​មាន​ ទុក្ខ​វេទនា​យ៉ាង​ខ្លាំង តាំង​ពី​ដើម​កំណើត​ពិភព​លោក​មក គឺ​ចាប់​ពី​ពេល​ដែល​ព្រះ‌ជាម្ចាស់​បង្កើត​អ្វីៗ​ទាំង​អស់​មក​ទល់​សព្វ​ថ្ងៃ ហើយ​ទោះ​ជា​ទៅ​ថ្ងៃ​មុខ​ទៀត ក៏​ពុំ​ដែល​មាន​ទុក្ខ​លំបាក​ខ្លាំង​យ៉ាង​នេះ​ដែរ ។ ប្រសិន​បើ​ព្រះ‌អម្ចាស់​មិន​បន្ថយ​ចំនួន​ថ្ងៃ​ទាំង​នោះ​ទេ មុខ​ជា​គ្មាន​មនុស្ស​ណា​រួច​ជីវិត​ឡើយ ប៉ុន្តែ ព្រះអង្គ​បន្ថយ​ចំនួន​ថ្ងៃ​ទាំង​នោះ ដោយ​យោគ‌យល់​ដល់​ពួក​អ្នក​ដែល​ព្រះអង្គ​បាន​ជ្រើស‌រើស។ ប្រសិន​បើ​មាន​គេ​ប្រាប់​អ្នក​រាល់​គ្នា​ថា “ព្រះ‌គ្រិស្ត*​គង់​នៅ​ទី​នេះ ឬ​នៅ​ទី​នោះ” កុំ​ជឿ​គេ​ឡើយ ដ្បិត​នឹង​មាន​មនុស្ស​ក្លែង​ខ្លួន​ធ្វើ​ជា​ព្រះ‌គ្រិស្ត ព្រម​ទាំង​មាន​ព្យាការី​ក្លែង‌ក្លាយ នាំ​គ្នា​សម្តែង​ទី​សម្គាល់​ដ៏​អស្ចារ្យ និង​ឫទ្ធិ​បាដិ‌ហារិយ៍​ផ្សេងៗ ដើម្បី​បញ្ឆោត​មនុស្ស​រហូត​ដល់​ទៅ​នាំ​ពួក​អ្នក​ដែល​ព្រះអង្គ​ជ្រើស‌រើស​ឲ្យ​វង្វេង​ថែម​ទៀត​ផង ប្រសិន​បើ​គេ​អាច​ធ្វើ​បាន។ ចូរ​ប្រុង​ប្រយ័ត្ន ដ្បិត​ខ្ញុំ​និយាយ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ជា​មុន​សព្វ​គ្រប់​ហើយ»។

ចែក​រំលែក
អាន ម៉ាកុស 13

ម៉ាកុស 13:1-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​ព្រះ‌យេស៊ូវ​យាង​ចេញ​ពី​ព្រះ‌វិហារ សិស្ស​ព្រះ‌អង្គ​ម្នាក់​ទូល​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ មើល​ហ្ន៎ ថ្ម និង​អាគារ​ទាំង​នេះ​ល្អៗ​ណាស់!» ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​គាត់​ថា៖ «តើ​អ្នក​ឃើញ​អាគារ​ធំៗ​ទាំង​នេះ​ឬ​ទេ? នឹង​គ្មាន​ថ្ម​ណា​មួយ​នៅ​ត្រួត​លើ​គ្នា​ទៀត​ឡើយ ទាំង​អស់​នឹង​ត្រូវ​ទម្លាក់​ចុះ»។ កាល​ព្រះ‌អង្គ​គង់​លើ​ភ្នំ​ដើម​អូលីវ ទល់​មុខ​ព្រះ‌វិហារ នោះ​ពេត្រុស យ៉ាកុប យ៉ូហាន និង​អនទ្រេ ទូល​សួរ​ព្រះ‌អង្គ​ដោយ​ឡែក​ថា៖ «សូម​ប្រាប់​យើង​ខ្ញុំ​ផង តើ​ការ​នេះ​នឹង​កើត​ឡើង​នៅ​ពេល​ណា? តើ​នឹង​មាន​ទី​សម្គាល់​អ្វី​ឲ្យ​ដឹង​ពី​ការ​ទាំង​អស់​នេះ ដែល​បម្រុង​នឹង​បាន​សម្រេច?» ព្រះ‌យេស៊ូវ​ចាប់​ផ្ដើម​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «ចូរ​ប្រយ័ត្ន ក្រែង​អ្នក​ណា​នាំ​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង ដ្បិត​នឹង​មាន​មនុស្ស​ជា​ច្រើន​យក​ឈ្មោះ​ខ្ញុំ​មក​និយាយ​ថា "គឺ​ខ្ញុំ​នេះ​ហើយ" ហើយ​គេ​នឹង​នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​វង្វេង។ កាល​ណា​អ្នក​រាល់​គ្នា​ឮ​អំពី​សង្គ្រាម និង​ដំណឹង​អំពី​សង្គ្រាម មិន​ត្រូវ​ច្រួល​ច្របល់​ឡើយ ដ្បិត​ហេតុ‌ការណ៍​ទាំង​នេះ​ត្រូវ​តែ​កើត​ឡើង តែ​ពុំ​ទាន់​ដល់​ចុង​បំផុត​នៅ​ឡើយ​ទេ។ ដ្បិត​សាសន៍​មួយ​នឹង​លើក​គ្នា​ទាស់​នឹង​សាសន៍​មួយ នគរ​មួយ​ទាស់​នឹង​នគរ​មួយ ។ នឹង​មាន​រញ្ជួយ​ផែន​ដី​នៅ​កន្លែង​ផ្សេងៗ ព្រម​ទាំង​មាន​អំណត់​កើត​ឡើង​ផង។ ការ​នេះ​ប្រៀប​បាន​នឹង​ការ​ចាប់​ផ្ដើម​របស់​ស្ត្រី​ដែល​ឈឺ​ចាប់​ហៀប​នឹង​សម្រាល​កូន»។ «ប៉ុន្តែ ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត្ន​ខ្លួន ដ្បិត​គេ​នឹង​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​ឲ្យ​ក្រុម​ប្រឹក្សា គេ​នឹង​វាយ​អ្នក​រាល់​គ្នា​នៅ​ក្នុង​សាលា​ប្រជុំ ហើយ​អ្នក​រាល់​គ្នា​នឹង​ឈរ​នៅ​ចំពោះ​ទេសា‌ភិបាល និង​ស្តេច ដោយ​ព្រោះ​ខ្ញុំ ដើម្បី​ធ្វើ​បន្ទាល់​ដល់​អស់​លោក​ទាំង​នោះ។ ប៉ុន្តែ ដំណឹង​ល្អ ត្រូវ​តែ​ប្រកាស​ប្រាប់​ដល់​គ្រប់​ទាំង​សាសន៍​ជា​មុន​សិន។ ពេល​គេ​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​កាត់​ទោស កុំ​ព្រួយ​បារម្ភ​ជា​មុន​អំពី​ពាក្យ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​និយាយ​ឡើយ ត្រូវ​និយាយ​តែ​សេចក្តី​ណា​ដែល​ព្រះ​ប្រទាន​មក​អ្នក​រាល់​គ្នា នៅ​វេលា​នោះ​ចុះ ដ្បិត​មិន​មែន​អ្នក​រាល់​គ្នា​ទេ​ដែល​និយាយ គឺ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​វិញ​ទេ​តើ។ បង‌ប្អូន​នឹង​បញ្ជូន​បង‌ប្អូន​របស់​ខ្លួន​ទៅ​ឲ្យ​គេ​សម្លាប់ ហើយ​ឪពុក​នឹង​បញ្ជូន​កូន កូន​លើក​គ្នា​ទាស់​នឹង​ឪពុក‌ម្តាយ ហើយ​ប្រគល់​ឲ្យ​គេ​សម្លាប់​ទៀត​ផង។ មនុស្ស​ទាំង​អស់​នឹង​ស្អប់​អ្នក​រាល់​គ្នា ព្រោះ​តែ​ឈ្មោះ​ខ្ញុំ តែ​អ្នក​ណា​ដែល​ស៊ូ​ទ្រាំ​ដល់​ចុង​បញ្ចប់ នោះ​នឹង​បាន​សង្គ្រោះ»។ «កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​វត្ថុ​ដ៏​ចង្រៃ គួរ​ឲ្យ​ស្អប់​ខ្ពើម ឈរ​នៅ​កន្លែង​ដែល​មិន​គួរ​ឈរ (ចូរ​ឲ្យ​អ្នក​អាន​យល់​សេចក្ដី​នេះ​ចុះ) ពេល​នោះ អស់​អ្នក​ដែល​នៅ​ស្រុក​យូដា ត្រូវ​រត់​ចេញ​ទៅ​ជ្រក​តាម​ភ្នំ។ អ្នក​នៅ​លើ​ដំបូល​ផ្ទះ​មិន​ត្រូវ​ចុះ​មក​ក្រោម ឬ​ចូល​ទៅ​យក​អ្វី​ចេញ​ពី​ក្នុង​ផ្ទះ​ឡើយ ហើយ​អ្នក​ដែល​នៅ​ឯ​ចម្ការ ក៏​មិន​ត្រូវ​ត្រឡប់​មក​យក​អាវ​របស់​ខ្លួន​វិញ​ដែរ។ នៅ​គ្រា​នោះ ស្ត្រី​ណា​ដែល​មាន​ផ្ទៃ​ពោះ និង​ស្ត្រី​ណា​ដែល​បំបៅ​កូន នឹង​វេទនា​ណាស់។ ចូរ​អធិស្ឋាន​សូម​កុំ​ឲ្យ​ហេតុ‌ការណ៍​នេះ​កើត​ឡើង​នៅ​រដូវ​រងា​ឡើយ ដ្បិត​នៅ​គ្រា​នោះ នឹង​មាន​សេចក្តី​វេទនា​យ៉ាង​ខ្លាំង ដែល​តាំង​ពី​កំណើត​ពិភព​លោក​មក គឺ​តាំង​ពី​ព្រះ​បាន​បង្កើត រហូត​មក​ដល់​សព្វ​ថ្ងៃ មិន​ដែល​មាន​ដូច្នោះ​ឡើយ ហើយ​ទៅ​មុខ​ក៏​មិន​ដែល​មាន​ដែរ ។ ប្រសិន‌បើ​ព្រះ‌អម្ចាស់​មិន​បាន​បន្ថយ​ថ្ងៃ​ទាំង​នោះ​ឲ្យ​ខ្លី​ទេ នោះ​គ្មាន​មនុស្ស​ណា​បាន​សង្គ្រោះ​ឡើយ ប៉ុន្តែ ព្រះ‌អង្គ​បាន​បន្ថយ​ថ្ងៃ​ទាំង​នោះ​ឲ្យ​ខ្លី ដោយ​យល់​ដល់​ពួក​រើស​តាំង គឺ​ពួក​អ្នក​ដែល​ព្រះ‌អង្គ​ជ្រើស​រើស។ ពេល​នោះ បើ​មាន​អ្នក​ណា​ប្រាប់​អ្នក​រាល់​គ្នា​ថា "មើល៍! ព្រះ‌គ្រីស្ទ​គង់​នៅ​ទី​នេះ!" ឬ​ថា "មើល៍! ព្រះ‌អង្គ​គង់​នៅ​ទី​នោះ!" កុំ​ជឿ​គេ​ឡើយ ដ្បិត​នឹង​មាន​ព្រះ‌គ្រីស្ទ​ក្លែង​ក្លាយ និង​ហោរា​ក្លែង​ក្លាយ​លេច​មក ហើយ​សម្តែង​ទី​សម្គាល់ និង​ការ​អស្ចារ្យ​ផេ្សងៗ ដើម្បី​នាំ​ពួក​អ្នក​រើស​តាំង​ឲ្យ​វង្វេង ប្រសិន‌បើ​គេ​អាច​ធ្វើ​បាន។ ចូរ​ប្រុង​ប្រយ័ត្ន! ដ្បិត​ខ្ញុំ​បាន​ប្រាប់​អី្វៗ​ទាំង​អស់​ដល់​អ្នក​រាល់​គ្នា​ជា​មុន​ហើយ»។

ចែក​រំលែក
អាន ម៉ាកុស 13

ម៉ាកុស 13:1-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​កំពុង​តែ​ចេញ​ពី​ព្រះ‌វិហារ​មក នោះ​ពួក​សិស្ស​ទ្រង់​ម្នាក់​ទូល​ថា លោក​គ្រូ មើល​ន៏ ថ្ម ហើយ​នឹង​មន្ទីរ​ល្អ​ណាស់​ហ្ន៎ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ថា តើ​ឃើញ​មន្ទីរ​ធំ​ទាំង​នេះ​ឬ​ទេ បន្តិច​ទៀត នឹង​គ្មាន​ថ្ម​នៅ​ត្រួត​លើ​ថ្ម ដែល​មិន​ត្រូវ​ទំលាក់​ចុះ​នោះ​ទេ រួច​កាល​ទ្រង់​គង់​លើ​ភ្នំ​ដើម​អូលីវ ទល់​មុខ​នឹង​ព្រះ‌វិហារ នោះ​ពេត្រុស យ៉ាកុប យ៉ូហាន នឹង​អនទ្រេ គេ​មក​ទូល​សួរ​ទ្រង់​ដោយ‌ឡែក​ថា សូម​ប្រាប់​យើង​ខ្ញុំ តើ​កាល​ណា​បាន​ការ​ទាំង​នេះ​នឹង​មក​ដល់ តើ​មាន​ទី​សំគាល់​ណា​ឲ្យ​ដឹង ក្នុង​កាល​ដែល​ការ​ទាំង​នេះ​ជិត​កើត​មក ព្រះ‌យេស៊ូវ​ចាប់​តាំង​មាន​បន្ទូល​ឆ្លើយ​ទៅ​គេ​ថា ចូរ​ប្រយ័ត ក្រែង​អ្នក​ណា​នាំ​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង ដ្បិត​នឹង​មាន​មនុស្ស​ជា​ច្រើន​យក​ឈ្មោះ​ខ្ញុំ​មក​និយាយ​ថា គឺ​ខ្ញុំ​នេះ​ហើយ គេ​ក៏​នឹង​នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​វង្វេង​ផង កាល​ណា​អ្នក​រាល់​គ្នា​ឮ​និយាយ​ពី​ចំបាំង ហើយ​ពី​សូរ​ចំបាំង នោះ​កុំ​ឲ្យ​អ្នក​រាល់​គ្នា​មាន​ចិត្ត​ថប់​បារម្ភ​ឡើយ ដ្បិត​ការ​ទាំង​នោះ​ត្រូវ​តែ​មក​ដល់ តែ​ពុំ​ទាន់​ដល់​ចុង​បំផុត​នៅ​ឡើយ​ទេ ពី​ព្រោះ​សាសន៍​១​នឹង​លើក​គ្នា​ទាស់​នឹង​សាសន៍​១ នគរ​១​ទាស់​នឹង​នគរ​១ ក៏​នឹង​មាន​កក្រើក​ដី​នៅ​កន្លែង​ផ្សេងៗ ហើយ​នឹង​មាន​អំណត់ នឹង​ចលាចល​កើត​ឡើង នេះ​ជា​ដើម​ចម​នៃ​សេចក្ដី​ទុក្ខ​វេទនា​ទេ ប៉ុន្តែ ឲ្យ​អ្នក​រាល់​គ្នា​ប្រយ័ត​ខ្លួន ពី​ព្រោះ​គេ​នឹង​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​ឯ​ក្រុម‌ជំនុំ គេ​នឹង​វាយ​អ្នក​រាល់​គ្នា នៅ​ក្នុង​សាលា​ប្រជុំ ហើយ​នាំ​ទៅ​ចំពោះ​ចៅហ្វាយ​ខេត្ត នឹង​ស្តេច ដោយ​ព្រោះ​ខ្ញុំ ទុក​ជា​ទី​បន្ទាល់​ដល់​លោក​ទាំង​នោះ ឯ​ដំណឹង​ល្អ​នឹង​ត្រូវ​ផ្សាយ​ដល់​គ្រប់​សាសន៍​ជា​មុន​សិន ប៉ុន្តែ​កាល​ណា​គេ​នាំ​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ នោះ​កុំ​ឲ្យ​ថប់​ព្រួយ​ជា​មុន​ពី​បែប​និយាយ ឬ​ពី​ពាក្យ​ដែល​ត្រូវ​ថា​ឡើយ ត្រូវ​និយាយ​តែ​សេចក្ដី​ណា ដែល​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា នៅ​វេលា​នោះ​ឯង ដ្បិត​មិន​មែន​ជា​អ្នក​រាល់​គ្នា​ដែល​ត្រូវ​និយាយ​ទេ គឺ​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ទេ​តើ បង​ប្អូន​នឹង​បញ្ជូន​គ្នា​ឲ្យ​ត្រូវ​ស្លាប់ ហើយ​ឪពុក​នឹង​បញ្ជូន​កូន កូន​នឹង​លើក​គ្នា​ទាស់​នឹង​ឪពុក​ម្តាយ ហើយ​នឹង​សំឡាប់​គាត់​បង់ មនុស្ស​ទាំង​អស់​នឹង​ស្អប់​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ឈ្មោះ​ខ្ញុំ តែ​អ្នក​ណា​ដែល​កាន់​ខ្ជាប់ ដរាប​ដល់​ចុង​បំផុត នោះ​នឹង​បាន​សង្គ្រោះ​ពិត។ កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​សេចក្ដី​ស្អប់​ខ្ពើម​ដែល​បង្ខូច​បំផ្លាញ ឈរ​នៅ​កន្លែង​ដែល​មិន​គួរ​ឲ្យ​ឈរ (អ្នក​ណា​ដែល​មើល ឲ្យ​យល់​ចុះ) នោះ​ត្រូវ​ឲ្យ​ពួក​អ្នក​នៅ​ស្រុក​យូដា​រត់​ទៅ​ឯ​ភ្នំ​ទៅ កុំ​ឲ្យ​អ្នក​ណា​ដែល​នៅ​លើ​ដំបូល​ផ្ទះ​ចុះ​មក​ក្នុង​ផ្ទះ ឬ​ចូល​ទៅ​យក​អ្វី​ចេញ​ពី​ផ្ទះ ក៏​កុំ​ឲ្យ​អ្នក​ដែល​នៅ​ស្រែ​ចំការ​ត្រឡប់​មក​វិញ នឹង​យក​សំលៀក‌បំពាក់​ខ្លួន​ឡើយ នៅ​គ្រា​នោះ ស្ត្រី​ណា​ដែល​មាន​ផ្ទៃ​ពោះ នឹង​ស្ត្រី​ណា​ដែល​បំបៅ​កូន នឹង​វេទនា​ណាស់ ត្រូវ​ឲ្យ​អធិស្ឋាន​សូម​កុំ​ឲ្យ​ត្រូវ​រត់​នៅ​រដូវ​រងា​ឡើយ ដ្បិត​នៅ​គ្រា​នោះ នឹង​មាន​សេចក្ដី​វេទនា​ខ្លាំង​ណាស់ ដល់​ម៉្លេះ​បាន​ជា​តាំង​ពី​កំណើត​លោកីយ ដែល​ព្រះ‌ទ្រង់​បាន​បង្កើត ដរាប​ដល់​សព្វ​ថ្ងៃ​នេះ មិន​ដែល​មាន​យ៉ាង​ដូច្នោះ​ទេ ហើយ​ទៅ​មុខ​ក៏​មិន​ដែល​មាន​ផង បើ​ព្រះ‌អម្ចាស់​មិន​បាន​បន្ថយ​ថ្ងៃ​ទាំង​នោះ​ឲ្យ​ខ្លី នោះ​គ្មាន​មនុស្ស​ណា​បាន​សង្គ្រោះ​ទេ ប៉ុន្តែ​ទ្រង់​បាន​បន្ថយ​ថ្ងៃ​ទាំង​នោះ ដោយ​ព្រោះ​ពួក​អ្នក​ដែល​ទ្រង់​បាន​រើស​តាំង នៅ​គ្រា​នោះ បើ​មាន​អ្នក​ណា​ប្រាប់​អ្នក​រាល់​គ្នា​ថា មើល ព្រះ‌គ្រីស្ទ​គង់​នៅ​ទី​នេះ ឬ​ថា មើល ទ្រង់​គង់​នៅ​ទី​នុ៎ះ នោះ​កុំ​ឲ្យ​ជឿ​ឡើយ ដ្បិត​នឹង​មាន​ព្រះ‌គ្រីស្ទ​ក្លែង ហើយ​ហោរា​ក្លែង​កើត​ឡើង គេ​នឹង​ធ្វើ​ទី​សំគាល់​ព្រម​ទាំង​ការ​អស្ចារ្យ ដើម្បី​នឹង​នាំ​ទាំង​ពួក​អ្នក​រើស​តាំង​ឲ្យ​វង្វេង​ផង បើ​សិន​ជា​បាន ចូរ​អ្នក​រាល់​គ្នា​ប្រុង​ប្រយ័ត​ឲ្យ​មែន‌ទែន មើល ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​គ្រប់​ទាំង​អស់​ជា​មុន​ហើយ

ចែក​រំលែក
អាន ម៉ាកុស 13